អូស្ត្រាលី​ផ្តល់ជំនួយ​២៥​ម៉ឺន​ដុល្លារ​ដល់​ជនភៀសសឹក​ខ្មែរ ខណៈ​ចិន​ជួយ​ជិត​៣លាន​ដុល្លារ

0
27
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា

រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ២​សែន ៥​ម៉ឺន​(២៥០.០០០)​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជា​ជនភៀសសឹក​កម្ពុជា​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ភ្លើងសង្គ្រាម​តាម​ព្រំដែន​រវាង​ខ្មែរ និង​ថៃ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដែល​បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​១ ខែ​មករា។

ស្ថានទូត​អូស្ត្រាលី បញ្ជាក់​ថា តាមរយៈ​អង្គការ​អុកស្វាម (Oxfam) គឺ​អូស្ត្រាលី កំពុង​ផ្តល់​ទឹក​ស្អាត សម្ភារៈ​អនាម័យ អាហារ​កញ្ចប់​សម្ភារៈ​ចាំបាច់​សម្រាប់​ស្ត្រី និង​កុមារី និង​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​អូស្ត្រាលី សង្ឃឹមថា ពលរដ្ឋ​ភៀស​សឹក​នៅ​សងខាង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន​ឆាប់រហ័ស។

ដោយឡែក រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃទី​២៨ ធ្នូ បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ក្នុង​ទឹកប្រាក់​ចំនួន​២០​លាន​យ័នចិន ឬ​ស្មើ​ប្រមាណ​ជិត ៣​លាន​ដុល្លារ​អាមេរិក​។ ជំនួយ​នេះ​បូក​បញ្ចូល​ទាំង​សម្ភារៈ​ជំនួយ​ដំបូង​ដែល​ត្រូវ​បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ធ្នូ រួមមាន តង់ ភួយ និង​អាហារ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនពិន (Wang Wenbin) ជឿជាក់​ថា ជំនួយសម្ភារៈ​ទាំងនេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពលរដ្ឋ​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ លើក​កំពស់​ជីវភាព​រស់នៅ និង​សម្រួល​ការ​លំបាក​ក្នុង​ពេល​បច្ចុប្បន្ន​។ បើ​តាម​លោក វ៉ាង វិនពិន ចាប់​តាំងពី​មាន​ការ​ផ្ទុះឡើង​នៃ​ជម្លោះព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មក ប្រទេស​ចិន​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ហើយក៏​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាងគេ។

ក្នុង​សង្គ្រាម​រយៈពេល​២១​ថ្ងៃ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ប្រមាណ​ជាង​កន្លះ​លាន​នាក់ បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១ ខែមករា មាន​ជនភៀសសឹក​ជាង ១​សែន​(១០៣,១៧៧) នាក់ បាន​វិល​ទៅ​ទីលំនៅ​វិញ ខណៈ​នៅ​សល់​ជនភៀសសឹក​សរុប​ជាង​៤​សែន​(៤០៩,១៨៦) នាក់​ទៀត ក្នុង​នោះ​រួម​ទាំង​ស្ត្រី​និង​កុមារ​ប្រមាណ​ជាង ៣​សែន​នាក់។

ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ខ្លះ ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ភៀស​សឹក​រាប់ពាន់​គ្រួសារ​ទៀត កំពុង​រស់នៅ​បៀម​ទុក្ខសោក និង​គ្មាន​សង្ឃឹមថា ពួកគាត់ អាច​វិល​ទៅ​រស់នៅ​ក្នុង​ផ្ទះ​សម្បែង​របស់​ពួកគាត់​បាន​វិញ​នោះ​ទេ។ ពួកគាត់​គ្មាន​សង្ឃឹម​បែបនេះ ដោយសារ​ផ្ទះសម្បែង និង​ដី​ភូមិ​របស់​ពួកគាត់ ត្រូវ​បាន​យោធា ឈូស​ឆាយ​កម្ទេច និង​កំពុង​ពង្រាយ​កម្លាំង​ឈរជើង​គ្រប់​នៅ​តំបន់​ទាំងនោះ ដូចជា​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ តំបន់​បឹង​ត្រកួន តំបន់​ថ្មដា តំបន់​អូ​ស្មាច់ និង​តំបន់​អានសេះ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ