

ពលរដ្ឋ អ្នកឃ្លាំមើល និងបក្សប្រឆាំងអំពាវនាវឱ្យរដ្ឋាភិបាលភ្នំពេញនៃក្រុមគ្រួសារត្រកូលហ៊ុន បើកផ្លូវឱ្យមានការផ្សះផ្សាបង្រួបបង្រួមជាតិ រួមគ្នាពង្រឹងវិស័យការពារជាតិ និងដោះស្រាយវិបត្តិជាតិ ដែលកំពុងប្រឈម ក្នុងឆ្នាំថ្មី២០២៦។
២០២៥ ដែលទើបតែកន្លងផុត គឺជាឆ្នាំដែលពោរពេញដោយវិបត្តិសម្រាប់កម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលភ្នំពេញនៃក្រុមគ្រួសារត្រកូលហ៊ុន និងបន្ទាប់ពីលើកលោក ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្ត្រី ។ កាលពីដើមឆ្នាំ២០២៥ កម្ពុជាផ្ទុះឡើងកាន់តែខ្លាំង នូវវិបត្តិបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ដែលពាក់ព័ន្ធនឹងសមាជិកគ្រួសារហ៊ុន ជាមួយបក្ខពួក ជាឧកញ៉ា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទាំងក្នុងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់ អាវុធ រហូតដល់សហរដ្ឋអាមេរិក បង្កកប្រាក់ ១៥ពាន់លានដុល្លារ ពីលោក ចេន ហ្ស៊ី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។

ខណៈវិបត្តិនៃការបែកបាក់ជាតិ នៅពុំទាន់មានគន្លឹះដោះស្រាយចេញ កម្ពុជាក្នុងឆ្នាំ២០២៥ ក៏ត្រូវជួបប្រទះវិនាសកម្មសង្គ្រាម ដែលថៃឈ្លានពានកម្ពុជាចំនួនពីលើក នៅក្នុងខែកក្កដា និងក្នុងខែធ្នូ ដែលមានបុព្វហេតុពីជម្លោះគ្រួសារហ៊ុន និងគ្រួសារលោក ថាក់ស៊ីន។ វិបត្តិសង្គ្រាមនេះ បន្សល់ទុកនូវពលរដ្ឋខ្មែរភៀសសឹកជាងកន្លះលាននាក់ ការបាត់ជីវិតពលរដ្ឋជាង ៣០នាក់ របួសជិត ១០០នាក់ ការបាត់ជីវិតយុទ្ធជនក្រីក្រជាច្រើននាក់ ដែលសាកសពខ្លះមិនទាន់ត្រូវបានប្រមូលមកធ្វើបុណ្យ ភាពខ្ទេចខ្ទាំនៃប្រាសាទបុរាណ វត្ត ស្ពាន និងសម្បត្តិកម្ពុជា និងចំណាកស្រុកនៃពលរដ្ឋជាង១លាននាក់ចូលកម្ពុជា ដែលត្រូវប្រឈមបញ្ហាជីវភាព និងអត់ការងារ។ ប្រជាពលរដ្ឋខ្មែរ កំពុងសម្ដែងការឈឺចាប់ ដោយសារទឹកដីកម្ពុជាច្រើនកន្លែង ត្រូវបានយោធាថៃឈរជើង បន្ទាប់ពីការប្រយុទ្ធគ្នាដ៏បង្ហូរឈាមទាំងពីរលើក។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣១ ខែធ្នូ ថា ថៃនឹងមិនឱ្យកម្ពុជាយើងបានសុខទេ បើកម្ពុជាយើងមិនខ្លាំង។ ដូច្នេះ លោកថា រដ្ឋាភិបាលត្រូវផ្ដោតការយកចិត្តទុកដាក់ធ្វើទំនើបកម្មយោធាឱ្យខ្លាំង និងផ្ដល់សេវាសង្គមកិច្ចគ្រប់គ្រាន់ដល់យោធា។ លោកពន្យល់ថា ដើម្បីរៀបចំប្រព័ន្ធ ការពារជាតិឱ្យខ្លាំងបាន លុះត្រាតែកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចរឹងមាំ។ យ៉ាងណា លោកថា សេដ្ឋកិច្ចជាតិកម្ពុជាសព្វថ្ងៃ ពុំមានមូលដ្ឋានគ្រឹះរឹងមាំទេ ដោយសារអំពើ ពុករលួយ និងបក្ខពួកនិយម។
បណ្ឌិត មាស នី កត់សម្គាល់ថា មេរៀនក្នុងគ្រាដែលថៃឈ្លានពានកម្ពុជានេះ ឃើញមានភាគច្រើនតែយុទ្ធជនគ្រួសារក្រីក្រ ទៅប្រយុទ្ធក្នុងសមរភូមិ ដោយសារ តែបញ្ហានៃអំពើពុករលួយ និង បក្ខពួកនិយម ។ ហេតុនេះ លោកថា រដ្ឋាភិបាលត្រូវ កម្ចាត់អំពើពុករលួយ និងប្រព័ន្ធបក្ខពួកគ្រួសារនិយម ។ លោកបណ្ឌិត មាស នី បានអះអាងថា ការសម្រេចបានគោលដៅទាំងនេះ ចាំបាច់ត្រូវផ្ដើមចេញពីការផ្សះផ្សា បង្រួមបង្រួមជាតិ គឺមិនមែនការបង្ហាញអំនួតទេ។
បណ្ឌិត មាស នី៖ «សាច់ស្អុយដែលរដ្ឋាភិបាល ត្រូវតែបេះឬកាត់ចេញ បើមិន អ៊ីចឹងទេ ទោះបីជាយើងមានសេដ្ឋកិច្ចប៉ុណ្ណាក៏ដោយ ប៉ុន្តែបើអំពើពុករលួយ នៅតែមានជាពិសេសនៅជួរកងទ័ព អាហ្នឹងកងទ័ពយើងក៏មិនខ្លាំងដែរ។ យើងសំខាន់ ចុងក្រោយត្រូវរៀបចំយ៉ាងម៉េច ដើម្បីឲ្យយើងមានឯកភាពជាតិ ព្រោះកាលណា យើងនៅតែបែកបាក់គ្នា សត្រូវសងខាងគេនៅតែមើលងាយយើងអ៊ីចឹង»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី៣១ ខែធ្នូ នេះ។
ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងបែកបាក់ខ្លាំង ពេញមួយឆ្នាំ២០២៥ វិបត្តិចាស់ថ្មី ក្លាយជាគំនរបញ្ហាដោះស្រាយមិនចេញ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ច បញ្ហាអត់ការងារ ឧស្សាហកម្មកាត់ដេរបិទបណ្ដើរៗកាន់តែច្រើន អាជីវករស្ងាត់ អតិថិជន បញ្ហាវិស័យកសិកម្ម អំពើឆបោកក្នុងវិស័យសំណង់និងហិរញ្ញវត្ថុ ការធ្លាក់កំណើនទេសចរណ៍ បញ្ហាបំណុលវ័ណ្ឌកទាំងរដ្ឋ និងពលរដ្ឋជាដើម នៅតែបន្តរអិលក្នុងវិបត្តិ។
ពលរដ្ឋម្នាក់រស់នៅភ្នំពេញ គឺលោកស្រី សុខ រតនា លើកឡើងថា ក្រៅពីសង្គ្រាមថៃ ឈ្លានពានកម្ពុជា កម្មករ កសិករ និង អាជីវករ គ្រប់វិស័យ ប្រឈមនឹងវិបត្តិជីវភាព ដោយសារបញ្ហាសេដ្ឋកិច្ចជាតិ និង អយុត្តិធម៌សង្គម ។ លោកស្រីថា បញ្ហាកូដករ ណាហ្គាវើលដ៍ និងកម្មករក្រុមហ៊ុនផ្សេងៗទៀត ត្រូវរដ្ឋាភិបាលទុកចោល កសិផល របស់កសិករ ធ្លាក់តម្លៃថោកខុសប្រក្រតី ខណៈអាជីវករវិញ ស្ងាត់អតិថិជន។ លោកស្រីថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាទាំងនេះ ក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងកម្លាំងជាតិ។
ចំពោះករណីដែលថៃឈ្លានពានកម្ពុជាវិញ លោកស្រី សុខ រតនា ចង់ឃើញរដ្ឋាភិបាលត្រូវយកសំណុំរឿងជម្លោះនេះ ទៅប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងឆ្នាំថ្មី ២០២៦ ដើម្បីរារាំងភាគីថៃ កុំឱ្យចេះតែគឃ្លើនទៀត។
លោកស្រី សុខ រតនា៖ «បើសិនជារាជរដ្ឋាភិបាលយើង គាត់នៅតែមិនមានជំហរប្ដឹងទេ បញ្ហាហ្នឹងនៅតែកើត ២០ទៅ៣០ ទៅ៤០ ទៅ៥០ឆ្នាំទៀត គឺថៃនៅតែឈ្លានពាន យើងដែរទេ ព្រោះយើងមានបទពិសោធន៍ហើយ កាលពីជំនាន់ឪជំនាន់តាអីហ្នឹង ឥឡូវមកជំនាន់ខ្ញុំទៀត។ ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាល ស្នើសុំដាក់ពាក្យបណ្ដឹងទៅ ICJ ទៅបានបញ្ហាបញ្ចប់ដោយសន្តិវិធី ហើយក៏វាមិនអាចកើតសង្គ្រាមទៅថ្ងៃក្រោយ ទៀតដែរ អាហ្នឹងរឿងដែលខ្ញុំចង់ឃើញយូរអង្វែងទៀត មិនមែនតែត្រឹម ឆ្នាំ ២០២៦ទេ»។
បន្ទាប់ពីភាពស្ងប់ស្ងាត់ នៃការបាញ់ប្រហាររបស់យោធាថៃលើទឹកដីនៃប្រទេសកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបើកយុទ្ធនាការផ្សព្វផ្សាយនូវទ្រឹស្ដី «សាមគ្គីភាព ឬ ការបង្រួបបង្រួមជាតិ» និង «សន្តិភាព» ។ ប៉ុន្តែ កូដករណាហ្គា វើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន ទទូចឱ្យរដ្ឋាភិបាលធ្វើនយោបាយសាមគ្គីជាតិមិនក្លែងក្លាយ នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីប្រមូលកម្លាំងជាតិឱ្យរឹងមាំ និងរួមគ្នាការពារ ទឹកដី និងដោះស្រាយវិបត្តិអយុត្តិធម៌ក្នុងសង្គម ដែលគរដូចភ្នំដូចសព្វថ្ងៃ។ អ្នកនាង សំណូមពរឱ្យរដ្ឋាភិបាល ប្រើប្រាស់ពាក្យ «សន្តិភាព» ជាផលប្រយោជន៍ ឱ្យបានសេចក្ដីសុខចម្រើនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ គឺពុំមែន ងាកទៅឆ្វេង ក៏ឃើញអយុត្តិធម៌ ហើយងាកទៅស្ដាំ ក៏ឃើញតែអយុត្តិធម៌នោះទេ។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «ឆ្នាំណាក៏ដូចឆ្នាំណាដែរ វាអត់ទាន់មានអីផ្លាស់ប្ដូរសោះ ហើយ សង្ឃឹមថា ឆ្នាំ២០២៦ហ្នឹង សង្ឃឹមថា រដ្ឋាភិបាលនឹងកំណែទម្រង់សាមគ្គីគ្នា ជាធ្លុងមួយ។ ខ្ញុំចង់ឃើញអាហ្នឹង ព្រោះខ្ញុំឃើញអ្នកក្រៅស្រុកតែងតែត្រៀមខ្លួនរួចជាស្រេចមកដើម្បីសាមគ្គី។ អ៊ីចឹងខ្ញុំសង្ឃឹមថា ឆ្នាំថ្មីនឹងរដ្ឋាភិបាលនឹងបើក ចិត្តផ្សះផ្សាគ្នា ខ្ញុំចង់ឃើញរូបភាពនឹងមែនទែន»។
ដូចប្រជាពលរដ្ឋ កម្មករ អ្នកឃ្លាំមើល និងអ្នកវិភាគដែរ ភាគីប្រឆាំងនៅក្រៅប្រទេស ឲ្យតម្លៃលើការចាប់ផ្ដើមផ្សះផ្សាបង្រួបបង្រួមជាតិ គឺជាការចាំបាច់ ដើម្បីរួមគ្នាដោះស្រាយវិបត្តិគ្រប់វិស័យរបស់ជាតិកម្ពុជា។
អនុប្រធានស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃរដ្ឋាភិបាលកម្ពុជា ឯករាជ្យ ២៣តុលា លោក ទេព មនោរម្យ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ភាគីរដ្ឋាភិបាលក្រៅប្រទេស និង គណបក្សប្រឆាំងប្រកាសត្រៀមខ្លួនជានិច្ច ក្នុងការចរចាផ្សះផ្សា និងបង្រួមបង្រួមជាត ដោយឈរលើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ លោកថា កាលៈទេសៈនេះ គឺកាន់តែចាំបាច់ទៅទៀត ដែល រដ្ឋាភិបាល ភ្នំពេញ បើកផ្លូវឱ្យមានការបង្រួបបង្រួមខ្មែរ ដើម្បីរួមគ្នាពិនិត្យ ដោះស្រាយបញ្ហាជាតិ ដូចជា ការរកវិធីប្ដឹងថៃឱ្យសងការខូចខាតដល់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ការយកចិត្តទុកដាក់យុទ្ធជនដែលបានពលីពិការក្នុងសមរភូមិ និងគ្រួសារ រួមទាំងវិបត្តិសេដ្ឋកិច្ច និងអយុត្តិធម៌ក្នុងសង្គមកម្ពុជាទាំងមូល។
លោក ទេព មនោរម្យ៖ «ត្រូវតែធ្វើការបង្រួបបង្រួមជាតិមួយ ដែលមានលក្ខណៈ ស្មោះត្រង់ចំពោះជាតិ ព្រោះយើងដឹងថា សង្គ្រាមគេឈ្លានពានយើងនេះ ដោយសារយើងខ្សោយ យើងបែកបាក់ជាតិ អ៊ីចឹង ដើម្បីឲ្យជាតិយើង រឹងមាំមានការសាមគ្គីជាតិ យើងត្រូវតែបង្រួបបង្រួមជាតិ។ យើងឃើញថៃទោះបី ជាសាហាវព្រៃផ្សៃ ប៉ុន្តែថៃនៅតែដោះលែងកងទ័ព ហើយយើងមកដល់ពេលនេះ មិនទាន់ ឃើញដោះលែងអ្នកទោសមនសិការ ដោះលែងសកម្មជនបរិស្ថានអីនៅឡើយទេ»។
អ្នកវិភាគលើកឡើងថា កូនសោរផ្សះផ្សាបង្រួបបង្រួមជាតិ នៅក្នុងដៃរបស់លោក ហ៊ុន សែន ខណៈខ្មែរគ្រប់និន្នាការ ទាំងប្រជាពលរដ្ឋ និងទាំងអ្នកនយោបាយ បង្ហាញជំហរបង្រួមបង្រួមជាតិហើយ។ អ្នកវិភាគថា បើលោក ហ៊ុន សែន នៅតែបន្តល្បែងនយោបាយបំបាក់ខ្មែរដូចគ្នា ហើយធ្វើឱ្យបរាជ័យបង្រួបបង្រួមជាតិ គឺលោក ហ៊ុន សែន និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវ ទាំងអស់៕









