

មន្ត្រីគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា រកវិធីទាមទារទឹកដីដែលយោធាថៃចូលកាន់កាប់នៅតាមព្រំដែន ជាជាងការវាយប្រហារខ្មែរគ្នាឯង ដែលនៅក្រៅប្រទេស។ ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរដ្ឋាភិបាលដែលបានចោទថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួន គឺជាអ្នកបម្រើសង្គ្រាមចិត្តសាស្ត្រឱ្យយោធាថៃ ក្នុងចេតនាបំបែកកម្លាំងសាមគ្គីរបស់ខ្មែរ។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុន នៅតែឆ្លៀតវាយប្រហារមកលើក្រុមអ្នកប្រឆាំង បើទោះបីជាក្នុងស្ថានភាព ដែលបូរណភាពទឹកដីកម្ពុជា ត្រូវបានក្រុមយោធាថៃចូលឈ្លានពាន និងកាន់កាប់ទឹកដីជាច្រើនទីតាំងនៅតាមបណ្ដោយព្រំដែនក៏ដោយ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែមករា ថា តួនាទីរបស់រដ្ឋាភិបាលនៅពេលនេះ គឺត្រូវរកមធ្យោបាយទាមទារទឹកដី ដែលយោធាថៃចូលកាន់កាប់ដោយខុសច្បាប់នោះមកវិញ គឺមិនមែនមកលាបពណ៌ ដើម្បីទម្លាក់កំហុសឱ្យខ្មែរនៅក្រៅស្រុកនោះឡើយ។ លោកសង្កេតឃើញថា មេដឹកនាំកម្ពុជា ហាក់គ្មានគោលជំហររឹងមាំ ក្នុងការទាមទារទឹកដីពីយោធាថៃមកវិញនោះទេ ទោះបីកម្ពុជា មានប្លង់រឹង គឺផែនទី ដែលជាមរតករបស់អាណានិគមបារាំងក៏ដោយ។
លោក អ៊ុំ សំអាន៖ «គាត់(លោក ប៉ែន បូណា) និយាយអ៊ីចឹង ដោយសារគាត់វង្វេងសមរភូមិ គាត់មិនទៅតតាំង និងទប់ស្កាត់ការឈ្លានពានរបស់ថៃ មិនប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ បែរជាមកឈ្លោះខ្មែរ នឹងខ្មែរគ្នាឯងទៅវិញ»។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៤ ខែមករា ដោយចោទថា ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលមាននិន្នាការប្រឆាំងមួយចំនួន បានធ្វើខ្លួនជាអ្នកបម្រើយ៉ាងសកម្ម ឱ្យសង្គ្រាមចិត្តសាស្ត្ររបស់យោធាថៃ ដើម្បីបំបែកកម្លាំងសាមគ្គីរបស់ពលរដ្ឋខ្មែរ និងឈ្លានពានទឹកដីកម្ពុជា។
លោក ប៉ែន បូណា៖ «ប៉ុន្តែជាភ័ព្វសំណាង ដែលបងប្អូនយើងចេះបែងចែកអាក្រក់នឹងល្អ សនឹងខ្មៅ ហើយបានផាត់ចោលភ្លាមៗជាស្វ័យប្រវត្តិនូវសង្គ្រាមចិត្តសាស្ត្រនេះ មិនឱ្យចូលមកបំពុលសតិអារម្មណ៍បងប្អូនឡើយ»។

ទន្ទឹមគ្នានេះ លោក ប៉ែន បូណា បានអំពាវនាវឱ្យប្រជាពលរដ្ឋឱ្យទុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាល និងមេដឹកនាំគ្រួសារត្រកូលហ៊ុន ដែលលោកឧទ្ទេសនាមឱ្យថា ជាមានភាពចាស់ទុំក្នុងផ្នែកនយោបាយ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈផ្លូវការទូតទន់ភ្លន់ និងម៉ឺងម៉ាត់ និងច្បាប់អន្តរជាតិ។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលយល់ឃើញថា មូលហេតុដែលកម្ពុជាបានចាញ់សង្គ្រាមឈ្លានពានរបស់យោធាថៃ ក៏ដោយសារគ្រួសារមេដឹកនាំត្រកូលហ៊ុននេះហើយ ដែលបានដឹកនាំប្រទេសបង្កើតឱ្យមានអំពើពុករលួយ បណ្ដាលឱ្យវិស័យការពារជាតិចុះទន់ខ្សោយ និងរកស៊ីជាមួយក្រុមឧក្រិដ្ឋជនឆបោក ធ្វើឱ្យកម្ពុជា ក្លាយជាអាណាចក្រឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលយោធាថៃ បានប្រើលេសមួយនេះ ដើម្បីចូលឈ្លានពានកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ដកហូតមេរៀនពីប្រវត្តិសាស្ត្រនេះសម្រាប់តាក់តែងយុទ្ធសាស្ត្រការពារជាតិមួយ ស្រុកទាំងឡាយរបស់ខ្មែរ ដែលស្ថិតនៅជាប់ព្រំដែន គួរមាននាយទាហានជាន់ខ្ពស់ កាន់តួនាទីជាអភិបាលស្រុក និងផ្ដល់សិទ្ធិជ្រើសតាំងអភិបាលខេត្ត និងមន្ត្រីមូលដ្ឋាន»។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «អ្នកស្រុកក្នុងឃុំទាំងនោះ គួរតែចូលរួមហ្វឹកហ្វឺនឱ្យទៅជាជីវពលប្រដាប់អាវុធ និងមានភារកិច្ចជាជំនួយការ ដល់កងទ័ពការពារព្រំដែន ក្នុងនោះរដ្ឋាភិបាលគូរតែអភិវឌ្ឍតំបន់ព្រំដែន តាមរយៈការទាក់ទាញអ្នកស្រុក ដែលគ្មានដីប្រកបអាជីវកម្ម ទៅរស់នៅតំបន់លំហ ឬមានមនុស្សនៅតិច»។
លោក ឡៅ ម៉ុងហៃ បន្តទៀតថា កងទ័ពខ្មែរ គួរតែទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រាក់ខែសមរម្យ និងស្បៀងគ្រប់គ្រាន់នៅពេលចេញទៅច្បាំងនៅសមរភូមិ ដោយមិនចាំបាច់រស់ដោយសារទានពីសប្បុរសជននោះឡើយ ហើយដើម្បីសម្រេចនូវយុទ្ធសាស្ត្រខាងលើនេះ កម្ពុជាត្រូវមានវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ។
ពាក់ព័ន្ធនឹងរឿងព្រំដែននេះដែរ អ្នកនាំពាក្យយោធាថៃ លោក វីនថៃ ស៊ូវារីន (Winthai Suvari) បានអះអាងថា យោធាថៃមិនបានឈ្លានពានលើទឹកដីកម្ពុជាទេ ដោយលោកចោទថា មកពីប្រជាពលរដ្ឋកម្ពុជាបានចូលមករស់នៅលើទឹកដី ដែលលោកអះអាងថា ជារបស់ថៃ អស់រយៈពេលយូរមកហើយ ដែលនាំឱ្យមានការយល់ច្រឡំ។ លោកអះអាងថា ក្នុងករណីនេះ ថៃធ្លាប់បានដាក់ពាក្យបណ្ដឹងរាប់រយដងមកហើយជាមួយកម្ពុជាតាមរយៈយន្តការ អនុស្សរណៈយោគយល់គ្នា ឬMOU 43។
ទោះជាបែបនេះក្ដី ក្រសួងការបរទេសកម្ពុជា បានអះអាងថា ទីតាំងដែលយោធាថៃ ដណ្ដើមកាន់កាប់ពីកម្ពុជានោះ គឺលើសពីដែនអធិបតេយ្យ នៅក្នុងផែនទីខុសច្បាប់ ដែលថៃបានគូសជាឯកតោភាគីទៅទៀត។ ក្នុងនោះយោធាថៃ ក៏បានបានប្ដឹងកម្ពុជា ទាមទារទឹកដី ដែលថៃអះអាងថា ជារបស់ខ្លួន តាមយន្តការច្បាប់អន្តរជាតិនោះឡើយ។
ផ្ទុយទៅវិញ យោធាថៃ ដែលតែងតែអះអាងថា ជាជនរងគ្រោះ និងបានយកលេសប្រើសិទ្ធិការពារខ្លួននោះ បានវាយប្រហារមកលើកម្ពុជាទាំងកំរោល រហូតមានបទឈប់បាញ់ ក៏ប៉ុន្តែយោធាថៃ បានឆ្លៀតឱកាសនេះ ចូលដោតទង់ជាតិ ដំឡើងទូកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជា។ ក្នុងនោះក្រុមទាហានថៃ បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដោយបានប្លន់យកទ្រព្យសម្បត្តិ និងឈូសកម្ទេចផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ដោយគ្មានភាពខ្មាសអៀននោះឡើយ។
ជាការឆ្លើយតបក្នុងស្ថានការណ៍នេះ យោធាថៃបានចេញបម្រាម មិនឱ្យយោធាខ្លួនបង្ហោះវីដេអូ ឬរូបភាពនៃការប្រមូលយកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរនោះឡើយ ជាពិសេសការបង្ហោះខ្លឹមសារដែលចំអក ឬវាយប្រហារមកលើទាហាន និងជនស៊ីវិលកម្ពុជា ដោយសារតែខ្លឹមសារនេះ អាចត្រូវបានប្រើជាភស្តុតាងនៅក្នុងវេទិកាអន្តរជាតិ និងត្រូវបានបកស្រាយថា ជាការរំលោភលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ។
យ៉ាងណាក៏ដោយចុះ មន្ត្រីបក្សប្រឆាំង លើកឡើងថា អ្វីដែលក្រុមយោធាថៃ បានប្រព្រឹត្តិនោះ គឺត្រូវបានសហគមន៍អន្តរជាតិ មើលឃើញអស់ហើយ ដូច្នេះ គឺនៅសល់តែឆន្ទៈរបស់មេដឹកនាំកម្ពុជា ដាក់ពាក្យបណ្ដឹងប្ដឹងភាគីថៃតែមួយប៉ុណ្ណោះ ដើម្បីរកខុសត្រូវក្នុងសង្គ្រាមព្រំដែនមួយនេះ៕









