
បទវិភាគ៖ តើរបបដឹកនាំវេណេហ្ស៊យអេឡា និងត្រកូលហ៊ុន ដូច និងខុសគ្នាដូចម្ដេច?
ក្រោយពីសហរដ្ឋអាមេរិកចាប់ខ្លួនមេដឹកនាំប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) ទាំងកណ្ដាលអាធ្រាត្រ ដល់ក្នុងផ្ទះ ពិភពលោកបានបង្វែរការចាប់អារម្មណ៍ទៅកាន់ប្រទេសអាមេរិកឡាទីន ដែលជាស្ដេចប្រេងកាតដ៏ធំមួយនេះភ្លាមៗ។ ចំណែក ពលរដ្ឋខ្មែរក៏មិនខុសនឹងពលរដ្ឋលើពិភពលោកនោះទេ។ ពួកគេបានចែករំលែក និងផ្ទុះការវែកញែករៀងខ្លួន ដោយខ្លះសាទរ ខ្លះខឹងសម្បារ ហើយខ្លះទៀតប្រៀបធៀប តែមិនហ៊ានចេញចំឈ្មោះមេដឹកនាំត្រកូលហ៊ុន ដែលមានសកម្មភាពដូចគ្នាជាច្រើន ដើម្បីក្រាញអំណាចតពូជ។ តើរបបដឹកនាំនៃប្រទេសទាំងពីរនេះ ដូចនិងខុសគ្នាដូចម្ដេចខ្លះ?
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីភាពជោគជ័យរបស់ខ្លួនដែលបានវាយឆ្មក់ចូលចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយា បញ្ជូនទៅទីក្រុងញូវយ៉ក នៅថ្ងៃទី៣ មករា។ ក្រៅពីការចាប់ខ្លួនមេដឹកនាំប្រទេសនេះ កងទ័ពអាកាសអាមេរិកក៏បានវាយប្រហារបំផ្លាញមូលដ្ឋានការពារដែនអាកាសមួយចំនួននៅកណ្ដាលទីក្រុងការ៉ាកាស (Caracas) ដើម្បីកុំឱ្យមានការរំខាន ក្នុងយុទ្ធនាការពិសេសជិត ៩០នាទី។
នៅថ្ងៃបន្ទាប់ ពលរដ្ឋវេណេហ្ស៊ុយអេឡារាប់ពាននាក់បានដើរចេញតាមដងផ្លូវ ស្រែកអបអរសាទរនូវការដួលរំលំនៃរបបផ្ដាច់ការ បក្ខពួកនិយម និងពុករលួយមួយនេះ។ ពលរដ្ឋរស់នៅប្រទេសនេះ ភាគច្រើនបានធ្លាក់ខ្លួនក្រីក្រ លំបាកវេទនា ខណៈមេដឹកនាំរស់នៅលើភាពមានបាន ចាយលុយមិនខ្វះ សប្បាយហ៊ឺហា ក្រោមដំបូលសន្តិភាពក្លែងក្លាយ និងចាប់ចងចោទប្រកាន់ស្រេចចិត្តលើគណបក្សជំទាស់ និងពលរដ្ឋណាដែលហ៊ានងើបរិះគន់ខ្លួន។
នៅស្រុកខ្មែរឯណេះវិញ ពលរដ្ឋជាច្រើនបានចែករំលែកនូវដំណឹងនេះ ដោយភ្ជាប់សំណេរអបអរសាទរ និងហាក់អរគុណអាមេរិកដែលបានជួយអន្តរាគមន៍ចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដែលពួកគេអះអាងថា ជាមេដឹកនាំផ្ដាច់ការ ដែលហាក់ចង់សំដៅដល់មេដឹកនាំត្រកូលហ៊ុន ដែលកំពុងក្រាញអំណាចជាង ៤០ឆ្នាំ និងបន្តផ្ទេរមកកូន ហើយក្ដោបក្ដាប់អំណាចចាក់ស្រេះយ៉ាងមាំក្នុងប្រទេស។
អំណាចលើសលប់ដែលមេដឹកនាំផ្ដាច់ការទាំងពីរបានប្រើដូចគ្នា មានដូចជា ច្បាប់អញនិយម ការគ្រប់គ្រងយោធា ស្ថាប័នបោះឆ្នោត ប្រព័ន្ធតុលាការ និងសភាទាំងមូលនៅក្នុងដៃយ៉ាងណែន។ លើសពីនេះ ពួកគេតែងប្រើច្បាប់រំលោភបំពានសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងចាប់ចង ក្រោមលេសចោទប្រកាន់គ្រប់រូបភាពដោយឥតអៀនខ្មាស ដើម្បីបំបាក់គូប្រកួតមិនឱ្យតដៃបាន។
សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ពីអំពើពុករលួយរបស់ក្រុមមេដឹកនាំប្រទេសវេណេហ្ស៊ុយអេឡា ដែលជាប្រទេសមានធនធានប្រេងកាតនៅក្រោមដីច្រើនជាងគេលើពិភពលោក ហើយធ្លាប់ជាប្រទេសមានកំណើនសេដ្ឋកិច្ច ឬGDP លេខ៤លើពិភពលោក។ តែយ៉ាងណាក្រោមការដឹកនាំប្រទេសដែលគ្មានតម្លាភាព និងចេះតែបូមប្រេងលក់ចាយហ៊ឺហា មិនបានធ្វើប្រជាជនវេណេហ្ស៊ុយអេឡា សោយសុខលើគំនរលុយកាក់វាល់លាននោះទេ។ ទន្ទឹមនឹងប្រទេសនេះមិនបានយកគំរូតាមប្រទេសប្រជាធិបតេយ្យ ដោយបន្តប្រើមធ្យោបាយដឹកនាំប្រទេសបែបផ្ដាច់ការ ដើម្បីការពារអំណាចរបស់ខ្លួន។
ផុងខ្លួននឹងសង្គមងងឹត
មុនអាមេរិកសម្រេចចូលចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដល់ផ្ទះ។ លោក ម៉ាឌូរ៉ូ បានជាប់ឈ្មោះចូលរួមយ៉ាងសកម្មក្នុងបទឧក្រិដ្ឋជួញដូរគ្រឿងញៀន និងសង្គមងងឹត ដែលបង្កផ្នែកអសន្តិសុខដល់សហរដ្ឋអាមេរិក និងពិភពលោក។ អាមេរិកតែងក្រើនរំលឹក និងទាមទារបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ ផ្ទុយទៅវិញ លោក ម៉ាឌូរ៉ូ មិនបានស្ដាប់ទេ ថែមទាំងឌឺដងអាមេរិកជាញឹកញាប់ ហើយអះអាងថា លោកមានអាវុធជាច្រើនក្នុងដៃ និងមានចិន និងរុស្សីនៅពីក្រោយខ្នង។ ជាចុងក្រោយ ចិន និងរុស្ស៊ី និងបណ្ដាប្រទេសផ្ដាច់ការមួយចំនួនទៀត បានត្រឹមថ្កោលទោស និងអោបដៃឈរមើលប៉ុណ្ណោះ ដោយមិនអាចជួយអ្វីដល់លោក ម៉ាឌូរ៉ូ ឡើយ។
ងាកមកកម្ពុជាដែលដឹកនាំដោយត្រកូលហ៊ុន កំពុងបន្តក្ដោបក្ដាប់អំណាចយ៉ាងណែនពេញដៃ វិញ ហាក់យកគំរូដូចលោក ម៉ាឌូរ៉ូ ស្ទើរទាំងស្រុង។ កម្ពុជាបច្ចុប្បន្នជាប់ឈ្មោះជារដ្ឋឧក្រិដ្ឋកម្មអនឡាញ (Online Scam) ដែលពិភពលោកចាត់ទុកជា មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំ និងជាកន្លែងឃុំឃាំងចាប់ជំរិតមនុស្សខុសច្បាប់។ កាលពីខែតុលា ២០២៥ តុលាការសហព័ន្ធរបស់អាមេរិកបានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិ ១៥ពាន់លានដុល្លារពីក្រុមហ៊ុន ព្រីន គ្រុប (Prince Group) របស់អ្នកឧកញ៉ាខ្មែរដើមកំណើតចិនលោក ចេន ហ្ស៊ី (Chen Zhi)។ រីឯរដ្ឋាភិបាលអង់គ្លេសក៏បានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះប្រមាណ ១៧៦លានដុល្លារ។ លោក ចេន ហ្ស៊ី កាន់សញ្ជាតិខ្មែរ និងមានតួនាទីជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នាពេលបច្ចុប្បន្ន និងតាំងពីនៅជានាយករដ្ឋមន្ត្រី។

រហូតមកដល់ពេលនេះ កម្ពុជាគ្មានចំណាត់ការជាក់ស្ដែង និងមានប្រសិទ្ធភាពដើម្បីកម្ចាត់ក្រុមអនឡាញ ដែលធ្វើសកម្មភាពយ៉ាងសេរីនៅទូទាំងប្រទេសកម្ពុជាឡើយ ហើយលោក ចេន ហ្ស៊ី ក៏កំពុងរស់នៅប្រទេសកម្ពុជាយ៉ាងសុខសាន្ត ហើយបន្តសកម្មភាពឆបោករបស់ខ្លួនបានធម្មតា។ អំពើឆបោកតាមអនឡាញដែលអ្នកមានអំណាចនៅកាងពីក្រោយនេះ ក៏ត្រូវបានយោធាថៃប្រើជាលេសឈ្លានពានកម្ពុជារហូតកាន់កាប់ដីផ្ទះពលរដ្ឋនៅតាមព្រំដែន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេស ស្ពានថ្នល់ សាលារៀន រហូតប្រាសាទកេរមរតកដូនតាអាយុកាលរាប់រយឆ្នាំ និងធ្វើឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ និងរបួសជាង ១០០នាក់។
ការបំបិទសិទ្ធិសេរីភាព
ចំណែកសិទ្ធិសេរីពលរដ្ឋ អង្គការសង្គមស៊ីវិល និងនយោបាយ ដែលមានចែងក្នុងច្បាប់កំពូលជាតិ សម្រាប់ការពារពលរដ្ឋគ្រប់រូបយ៉ាងរឹងមាំ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពេញលេញ ត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុន រឹតត្បិត ធ្វើទុក្ខបុកម្នេញចាប់ចងចោទប្រកាន់ ដាក់គុកច្រវាក់មិនខុសនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ។ តាំងពីរដ្ឋាភិបាលលោក ហ៊ុន សែន តដល់លោក ហ៊ុន ម៉ាណែត របបនេះតែងប្រើច្បាប់ជាលេសរារាំងពលរដ្ឋដែលមានមតិមិនស្របនឹងខ្លួនគ្រប់បែបយ៉ាង ដែលធ្វើឱ្យពួកគេមិនអាចចូលរួមកែប្រែវាសនាជាតិ ដូចជាដាក់គំនាប ចោទប្រកាន់ រិតត្បិតសេរីភាព ហើយពេលខ្លះប្រើជនដៃដល់តាមធ្វើបាប ដូចជាបង្កជាគ្រោះថ្នាក់ចរាចរណ៍ ឬឈានទៅសម្លាប់បំបិទមាត់ទៅទៀត ដូចករណីព្រះអង្គ សំ ប៊ុនធឿន លោក ជា មុនី លោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី ជាដើម។
ឆាកនយោបាយ
ចំពោះដៃគូប្រកួតប្រជែងលើឆាកនយោបាយ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ និងលោក ហ៊ុន ម៉ាណែត គឺដូចគ្នាបេះបិទតែម្ដង។ នៅវេណេហ្ស៊ុយអេឡាតុលាការបានចោទប្រកាន់ និងដាក់គុកអ្នកទោសនយោបាយជាច្រើននាក់ រួមទាំងប្រមុខបក្សប្រឆាំងអ្នកស្រី ម៉ារីណា ខួរីណា ម៉ាឆាដូ (María Corina Machado) ដោយគំរាមដល់អាយុជីវិត ពេលអ្នកស្រីទទួលបានសំឡេងគាំទ្រច្រើនលើសលប់ក្នុងការបោះឆ្នោត ២០២៤។ អ្នកស្រីបង្ខំចិត្តនិរទេស និងតស៊ូពីក្រៅប្រទេស រហូតទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅចុងឆ្នាំ២០២៥នេះ។ នៅកម្ពុជា តុលាការត្រកូលហ៊ុន បន្តឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅក្នុងផ្ទះ ក្រោមលេសចោទប្រកាន់គប់គិតជាមួយបរទេស ដោយផ្ដន្ទាទោសរហូតជិត ៣០ឆ្នាំ ព្រមទាំងដកហូតសិទ្ធិនយោបាយមន្ត្រីគណបក្សប្រឆាំងជាច្រើន និងចោទប្រកាន់ផ្ដន្ទាទោសដោយមិនសមទំនងលើអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីបទក្បត់ជាតិជាច្រើនករណី ព្រមទាំងរឹបអូសទ្រព្យសម្បត្តិរបស់លោកសឹងគ្រប់កន្លែង តាមទំនើងចិត្ត។

ដោយឡែកអង្គការស៊ីវិល សហជីព ដែលធ្វើការតស៊ូមតិមិនចំណុះនឹងរដ្ឋាភិបាលលើគ្រប់វិស័យ តែងរងការធ្វើទុក្ខបុកម្នេញ ហើយកែប្រែច្បាប់ស្រេចចិត្តធ្វើយ៉ាងណា ដើម្បីរិតត្បិតសកម្មភាពរបស់ពួកគេ ហើយចោទប្រកាន់ ចាប់ខ្លួនឥតល្ហែ ដូចករណីកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ជាដើម។ សកម្មជននយោបាយ សង្គម និងបរិស្ថានជិត១០០នាក់ នៅតែត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារដោយគ្មានការលើកលែង មានដូចជាលោក ថាច់ សេដ្ឋា កញ្ញា សេង ធារី លោក នី ណាក់ លោក ស៊្រុន ស្រ៊ន និងលោក លី ចាន់ដារ៉ាវុត ជាដើម។
បំផ្លាញធនធានធម្មជាតិរបស់ជាតិ
ចំពោះការគ្រប់គ្រងធនធានធម្មជាតិវិញ ប្រទេសទាំងពីរកាន់តែដូចគ្នាតែម្ដង។ វេណេហ្ស៊ុយអេឡាសម្បូរប្រេងកាត និងរ៉ែកម្រច្រើនបំផុតលើពិភពលោក។ ដោយសារគ្មានតម្លាភាព មេដឹកនាំប្រទេសនេះបានបូមលក់ខ្ទេចខ្ទី និងចាយវាយហ៊ឺហា ស្របពេលនឹងទីផ្សារពិភពលោកធ្លាក់ថ្លៃផង បាននាំឱ្យពលរដ្ឋប្រទេសនេះធ្លាក់ខ្លួនក្រីក្រលំបាកយ៉ាង។ ពេលខ្លះមានលុយ តែចាយមិនកើត ព្រោះជាប់គំនាបទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ ដែលមិនគាំទ្ររបបផ្ដាច់ការ និងសក្ដិភូមិ។ ជាបង្ខំចិត្តពលរដ្ឋត្រូវរត់ចោលស្រុករាប់សែននាក់ ដើម្បីក្រពះ ព្រោះមិនអាចនៅទ្រាំរស់នៅ យ៉ាងលំបាកលំបិន ហើយគ្មានពន្លឺនៃអនាគតសោះតែម្ដង។
ចំណែកកម្ពុជាធ្លាប់ជាប្រទេសសម្បូរព្រៃឈើ គ្របលើផ្ទៃដីជាង ៧០ភាគរយ។ បច្ចុប្បន្នក្រុមលោក ហ៊ុន សែន កាប់បំផ្លាញយកទៅលក់ដូរចែកគ្នាចាយ ធ្វើធំ ធ្វើមានបាន ទិញផ្ទះ និងទិញសញ្ជាតិបរទេសសឹងគ្រប់ៗគ្នា ហើយដើរចាយវាយហ៊ឺហាដូចសេដ្ឋីនៅក្រៅប្រទេស និងរៀបចំកម្មវិធីបង់កេម្ដងៗយ៉ាងធំសម្បើម។ ការចំណាយកម្មវិធីមង្គលការកូនៗពួកគេ គឺខ្ជះខ្ជាយមែនទែន សូម្បីរៀបចំផ្កាតុបតែងរោងមិនក្រោមសែនដុល្លារ ឬក្បែរលានដុល្លានោះ។ ស្របពលរដ្ឋក្នុងប្រទេសខំធ្វើការយ៉ាងត្រដរគ្មានស្គាល់យប់ថ្ងៃ ហើយរស់ក្នុងសភាពដុនដាប និងបំណុលជាប់ខ្លួនស្ទើរគ្រប់គ្នា។
ជាងនេះទៀត ពលរដ្ឋខ្មែរជាង២លាននាក់ត្រូវបង្ខំចិត្តចំណាកស្រុកទៅបរទេសធ្វើជាពលករប្រើកម្លាំងដើម្បីចិញ្ចឹមក្រពះ និងសន្សំប្រាក់ផ្ញើមកស្រុកចិញ្ចឹមម្ដាយឪពុកចាស់ជរា មើលថែចៅតូចៗ និងសងបំណុលធនាគារជាដើម។ មានរឿងច្រើនរាប់មិនអស់ដែលពលរដ្ឋខ្មែរត្រូវរស់នៅដោយលំបាក។ កសិករធ្វើស្រែចម្ការ តែតម្លៃកសិផលគ្មានទីផ្សារ្។ ចំណែករដ្ឋាភិបាលគ្មានវិធានការជាក់ស្ដែងទោះខ្លួនតែងអះអាងថា កំពុងខិតខំៗ តែសម្ងំរកសុខតែគ្រួសារខ្លួនប៉ុណ្ណោះ។
ការបន្លំ និងគំរាមពេលបោះឆ្នោត
ឯការបោះឆ្នោតគឺមិនខុសគ្នាសោះតែម្ដង។ វេណេហ្ស៊ុយអេឡាបានគ្រប់គ្រងគជប និងប្រើកងកម្លាំងគ្រប់ប្រភេទដើម្បីកេងបន្លំ និងគំរាមកំហែងពលរដ្ឋ ដែលការណ៍នេះ ដូចនឹងស្ថានភាពនៅកម្ពុជាបេះដាក់។ លោក ហ៊ុន សែន ប្រើអំណាចបញ្ជាលើគជប និងស្ថាប័នទាំងអស់ដែលពាក់ព័ន្ធ ខណៈមន្ត្រីទាំងអស់នោះជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្រោមឱវាទរបស់លោក។
អំណាច ហ៊ុន សែន ខ្លាំងលើស ម៉ាឌូរ៉ូ
ចំណែកការគ្រប់គ្រងអំណាចវិញ លោក ម៉ាឌូរ៉ូ អាចនៅចាញ់លោក ហ៊ុន សែន។ លោក ហ៊ុន សែន មានអំណាចផុតលេខនៅកម្ពុជាតែម្ដង ទោះស្ដេចផែនដីក៏លោកមិនខ្លាចគំរាម ហើយព្រះមហាក្សត្រ មិនហ៊ានសូម្បីក្អកជាមួយលោក ហ៊ុន សែន។ លោក ម៉ាឌូរ៉ូ បានកាន់តួនាទីតែជាង ១២ឆ្នាំ ខណៈលោក ហ៊ុន សែន នៅក្នុងអំណាចជិត ៤០ឆ្នាំ ហើយអាចលើកបន្តុបកូនប្រុសលោកស្រេចចិត្ត ឱ្យកាន់អំណាចបន្តពីលោក ហើយលោកនៅការពារពីក្រោយ។ លើសពីនេះលោក ហ៊ុន សែន ក៏ធ្លាប់ព្រមានទុកឱ្យហើយថា បើលោក ហ៊ុន ម៉ាណែត មានបញ្ហាដល់អាយុជីវិតយ៉ាងណានោះ លោកនឹងហក់ចូលមកកាន់តំណែងនេះសារជាថ្មី។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏ឡើងមកកាន់តួនាទីជាប្រធានព្រឹទ្ធសភា និងធ្វើជាប្រមុខរដ្ឋ ពេលអវត្តមានព្រះមហាក្សត្រ។ អំណាចខ្ពស់បំផុតមួយទៀតនៅក្នុងប្រទេស គឺលោក ហ៊ុន សែន ជាអគ្គមេបញ្ជាការផុតលេខ ផ្កាយមាស៥។
បើប្រៀបធៀបអំណាចជាមួយលោក ហ៊ុន សែន លោក ម៉ាឌូរ៉ូ នៅអន់ជាង លោក ហ៊ុន សែន ឆ្ងាយណាស់ ព្រោះលោក ហ៊ុន សែន អាចកុហកពលរដ្ឋកម្ពុជាឱ្យជឿលើលោកម្ដងហើយម្ដងទៀត តាមរយៈការបង្កើតព្រឹត្តិការណ៍លុបព្រឹត្តិការណ៍ និងប្រើប្រាស់ជំនឿរបស់ពលរដ្ឋខ្មែរជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្លាប់ផ្នត់គំនិតពលរដ្ឋដែលទទួលបានការអប់រំតិចតួច និងរស់ក្រោមគំនាបនៃវប្បធម៌ចាស់គំរឹលផង។ ក្រៅពីនេះលោក ហ៊ុន សែន ក៏ប៉ុនប្រសព្វប្រើវោហារសាស្ត្រទាក់ទាញទឹកចិត្តពលរដ្ឋខ្មែរដែលធ្លាប់បាក់ស្បាតដោយសារសង្គ្រាមរាំងជល់រាប់ទសវត្សរ៍ ឱ្យជឿថា លោកជាអាទិទេពចាប់កំណើត និងប្រៀបបានជាស្ដេចកន ដែលងើបបះបោរទម្លាក់និងធ្វើគត់ព្រះបាទ ធម្មរាជា ហើយឡើងសោយរាជ្យជាស្ដេចជាដើម។
កាន់តែឆ្លាតអាក្រក់នឹងការបោកប្រាស់ពលរដ្ឋឱ្យជឿស្លុងនោះ លោក ហ៊ុន សែន មិនខ្លាចចំណាយលុយកាក់យ៉ាងច្រើនផលិតទាំងកុន ទាំងជាវិទ្យុផ្សាយ និងជួលអ្នកនិពន្ធគ្រប់បែបយ៉ាងដើម្បីសរសេរប្រឌិតរឿង តែងចម្រៀងបំពេអារម្មណ៍គ្រប់បែបយ៉ាង ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់លោក ហាក់បីដូចជាពលរដ្ឋខ្មែរទាំងអស់គ្មានលោកមិនបានជាដើម។ ទាំងអស់នេះ ប្រហែលជា លោក ម៉ាឌូរ៉ូ មិនបានគិតដល់ធ្វើដូចលោក ហ៊ុន សែន នោះទេ ទើបលោក ម៉ាឌូរ៉ូ គ្មានពលរដ្ឋនៅចាំគាំទ្រលើកជើង ទោះធ្វើខុសឬត្រូវ ហើយបែរជាពលរដ្ឋហ៊ានចេញស្រែកអបអរតាមផ្លូវទូទាំងប្រទេសបែបនេះ។
អំនួតយោធា កម្លាំងទទេ
លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងពោលអួតអាងលើកម្លាំងយោធាកម្ពុជា និងសព្វាវុធទំនើបជាច្រើន និងមិនខ្លាចរអាប្រទេសណាមួយឡើយ សូម្បីសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៨ មេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ធ្លាប់អះអាងយ៉ាងគឃ្លើនថា លោកត្រៀមវ៉ៃអាមេរិកគ្រប់ពេល បើអាមេរិកចង់បង្កកទ្រព្យសម្បត្តិរបស់លោក ដែលលោកចាត់ទុកជាការបំផ្លើសខុសការពិត ហើយលោកចោទថា អាមេរិកចេះតែជឿលើការប្រឌិតរបស់ក្រុមគណបក្សប្រឆាំង។ ចំណែកលោក ហ៊ុន ម៉ាណែត វិញក៏បានអួតក្ដែងៗថា កម្ពុជានឹងមិនឱ្យបរទេសណារំលោភយកដីកម្ពុជាបាន សូម្បីតែ ១មីល្លីម៉ែត្រ ដោយលោកអះអាងថា ពេលកងកម្លាំងកម្ពុជាចេញច្បាំង គឺត្រូវតែឈ្នះ។ រីឯលោក ហ៊ុន សែន កាន់តែអួតសម្បើម ដោយនិយាយមិនខ្មាសមាត់ថា ទោះកម្ពុជាគ្មានយន្តហោះចម្បាំង តែលោកថា កម្ពុជាអាចបាញ់ស្ទាក់ចាប់យន្តហោះទាំងនោះបាន។
ប៉ុន្តែជាក់ស្ដែង អំនួតរបស់មេដឹកនាំផ្ដាច់ការគ្រួសារត្រកូលហ៊ុន បានត្រឹមបំភ័យពលរដ្ឋខ្មែរខ្លួនឯង ដែលគ្មានអាវុធ និងអំណាចក្នុងដៃប៉ុណ្ណោះ។ ក្នុងសង្គ្រាមឈ្លានពានរបស់ថៃជាង ២០ថ្ងៃ លោក ហ៊ុន សែន ដែលកាន់អំណាចតត្រកូលជាង ៤០ឆ្នាំមកនេះ ពុំមានសមត្ថភាពទប់ទល់នឹងការឈ្លានពានរបស់ថៃនៅតាមព្រំដែន ដូចការសម្ដែងឫទ្ធិបន្លាចពលរដ្ឋខ្លួនឯងនោះទេ។
សង្គ្រាមឈ្លានពានទាំងពីរលើក ថៃបានវាយសម្លាប់យោធាខ្មែរជាកូនអ្នកក្រីក្រជាច្រើននាក់ ដែលហ៊ានពលីដើម្បីការពារអធិបតេយ្យភាពកម្ពុជា។ ចុងក្រោយថៃបានវាយកាន់កាប់ទឹកដីខ្មែរជាច្រើនកន្លែង រួមមានប្រាសាទបុរាណកេរដូនតាខ្មែរ និងភូមិឋានរបស់ពលរដ្ឋខ្មែរដែលធ្លាប់រស់នៅរាប់សិបឆ្នាំ។
បំភ្លៃការពិត
ក្រៅពីអំនួតតាមវោហារសាស្ត្រ និងប្រើក្រុមអាម៉ីអាថោងបន្ទរតាមក្រោយនោះ កម្ពុជាគ្មានសមត្ថភាពទប់ស្កាត់យន្តហោះចម្បាំងថៃ ហោះទម្លាក់គ្រាប់បែកដោយសេរីលើទឹកដីកម្ពុជា រហូតចូលជ្រៅជិត ១០០គីឡូម៉ែត្រនោះទេ។ ក្រោមការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុន បានត្រឹមផ្សាយបំភ្លៃកុហកបោកពលរដ្ឋខ្លួនឯង និងប្រើប្រព័ន្ធឃោសនា និងក្រុមមនុស្សមានឥទ្ធិពលរបស់ខ្លួនផ្សាយបំផ្លើស កុហកបំភ័ន្ត និងលើកជើងដើម្បីរក្សាមុខមាត់របស់ខ្លួនប៉ុណ្ណោះ។
មែនទែនទៅ ទាំងកម្ពុជា និងវេណេហ្ស៊ុយអេឡាបានត្រឹមអួតក្ដែងៗគំរាមពលរដ្ឋខ្លួនឯង មិនឱ្យងើបប្រឆាំងនឹងភាពទន់ខ្សោយនៃសមត្ថភាពដឹកនាំប្រទេសរបស់ពួកគេនោះប៉ុណ្ណោះ។
ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ ទាំងកម្រោលបែបនេះ ក្រុមការពារលោក ហ៊ុន សែន ដើម្បីផលប្រយោជន៍ ពុករលួយ កេងប្រវ័ញ្ចសម្បត្តិជាតិជាច្រើននាក់ បានចេញសរសេរថ្លែងសារបំភ្លៃគ្រប់បែបយ៉ាងដើម្បីស្អំចិត្តពលរដ្ឋខ្មែរ។ អ្នកខ្លះក្រើនរំលឹកកុំឱ្យពលរដ្ឋជ្រួលជ្រើមតាម ដោយប្រៀបធៀបទៅប្រទេសលីប៊ី (Libya) ដែលលោក ហ្គាដាហ្វី (Gaddafi) ត្រូវបានទាញទម្លាក់ពីតំណែង រហូតប្រទេសធ្លាក់ក្នុងសង្គ្រាមរ៉ាំរៃ នៅឆ្នាំ២០១១ និងប្រដូចលោក លន់ នល់ ទាញទម្លាក់សម្ដេច សីហនុ នៅ១៩៧០ រហូតបង្កើតជាសង្គ្រាមស៊ីវិលជាដើម។ ចំណែកមន្ត្រីធំៗរបស់លោក ហ៊ុន សែន បានចេញបំភ្លឺ និងទាញសាច់រឿងលោក ម៉ាឌូរ៉ូ ទៅជារឿងផលប្រយោជន៍ប្រេងកាតក្នុងប្រទេសវេណេហ្ស៊ុយអេឡាតែមួយមុខ ដើម្បីកុំឱ្យពលរដ្ឋដឹងការពារពិត ពីភាពកម្សោយនៃការដឹកនាំរបស់ប្រទេសនេះ ដែលពោរពេញដោយអំពើពុករលួយ បក្ខពួកនិយម និងអំពើផ្ដាច់ការកម្ចាត់គណបក្សប្រឆាំង បំបិទសិទ្ធិពលរដ្ឋ ដូចនឹងកម្ពុជានាពេលបច្ចុប្បន្ននេះតែម្ដង។
មួយវិញទៀតលោក ហ៊ុន សែន និងបក្ខពួកទំនងជាយល់ថា ពលរដ្ឋខ្មែរមិនហ៊ានងើបប្រឆាំងនឹងខ្លួននោះទេ ព្រោះលោកមានអំណាចគ្របដណ្ដប់គ្រប់កន្លែង សូម្បីលោក ហ៊ុន សែន កាត់ទឹកដីឱ្យវៀតណាម ដូរភូមិលោក ហេង សំរិន ស្រេចចិត្ត ហើយថ្មីៗនេះ លោកចាញ់សង្គ្រាមឈ្លានពានរបស់ថៃ អស់ដីផ្ទះពលរដ្ឋ បាត់បង់ខូចខាតផ្ទះសម្បែង ប្រាសាទបុរាណខ្មែរ និងពលរដ្ឋស្លាប់របួសជាច្រើននាក់ ក៏ពលរដ្ឋខ្មែរនៅស្ងាត់ស្ងៀម។ ប៉ុន្តែ ភាពគឃ្លើនរបស់លោក ហ៊ុន សែន ដែលបន្តចេញសារគំរាមពលរដ្ឋក៏មិនប្រាកដថា ស្ថិតស្ថេរក្នុងអំណាចរហូតនោះដែរ ដូចករណី លោក ម៉ាឌូរ៉ូ ដែលទើបត្រូវអាមេរិកក្របួចក ទៅដាក់ទោស ហើយពលរដ្ឋបានងើបអបអរក្នុងពេលនេះអ៊ីចឹង៕
សូមទស្សនាការបកស្រាយលម្អិតរបស់លោក ជុន ច័ន្ទបុត្រ តាមការសាកសួររបស់លោក ថា ថៃ ដូចតទៅ៖










