
ពលរដ្ឋ និងអ្នកឃ្លាំមើលរិះគន់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដែលបង្ហោះបទចម្រៀងធ្វើព្រងើយ ខណៈពលរដ្ឋរាប់ម៉ឺននាក់ និងប្រទេសជាតិ កំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃ។ ពួកគាត់ យល់ថា ទង្វើរបស់លោកហ៊ុន សែន នេះ ហាក់ខ្វាយខ្វល់ពីរឿងផ្ទាល់ខ្លួន ច្រើនជាងបញ្ហាទុក្ខសោករបស់ជាតិនិងប្រជាជន។
ក្រោយលោក ហ៊ុន សែន ស្ងៀមស្ងាត់មួយរយៈដោយមិននិយាយស្តីអំពីសង្គ្រាមខ្មែរ-ថៃ ដែលមានការចោទថា លោក ជាអ្នកបង្កសង្គ្រាមនោះ ពេលនេះ លោក ហ៊ុន សែន បានចាប់ផ្តើមបង្ហោះបទចម្រៀងលើទំព័រហ្វេសប៊ុក (Facebook)ឡើងវិញ ដើម្បីអបអរខួបអាពាហ៍ពិពាហ៍របស់លោក និងទិវាជ័យជម្នះ៧មករា។ បទចម្រៀងទាំងនោះ សុទ្ធតែនិពន្ធនិងច្រៀងដើម្បីលើកសរសើរលោក ហ៊ុន សែន និងគ្រួសារលោក ក្នុងបំណងទាក់ទាញឲ្យប្រជាពលរដ្ឋគាំទ្រ និងដឹងគុណលោក។
«ហៃអើ… ឆ្នាំ៧៦ ថ្ងៃ៥មករាអើយ..អូនបងរៀបការជាប្រពន្ធប្តី គ្មានភ្លេងហោមរោង ព្រះថោងតោងស្បៃអើយ។នឹកឡើងអាឡៃៗថ្ងៃមង្គលខ្ញុំអើយអើយៗ»។
ការបង្ហោះបទចម្រៀងពីសំណាក់មេដឹកនាំគណបក្សកាន់អំណាចនៅពេលនេះ គឺធ្វើឡើងក្នុងពេលប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃរាប់ម៉ឺននាក់ កំពុងរស់នៅភៀសសឹក និងរងទុក្ខខ្លោចផ្សាពីការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដីធ្លី ដោយសារយោធាថៃ ឈូសឆាយនិងដុតកម្ទេចចោល ព្រមទាំងដាក់បន្លាលួស និងដាក់ទូរកុងតឺន័រដើម្បីគ្រប់គ្រង។ នៅពេលនេះ ពលរដ្ឋរងគ្រោះទាំងនេះ កំពុងកំពុងស្វែងរកអាហារហូបចុក ទឹកដោះគោឲ្យកូនបៅ ខ្វះទឹកស្អាតប្រើប្រាស់ និងខ្វះទាំងថាមពល ហើយអស់សង្ឃឹមសម្រាប់អនាគតជាដើម។ ចំណែកគ្រួសារកងទ័ពជួរមុខវិញ ពួកគាត់ ក៏កំពុងមានទុក្ខក្រៀមក្រំដែរ ខណៈសាកសពកងទ័ពខ្លះ គ្មានអ្នកយកមកឲ្យគ្រួសារធ្វើបុណ្យ ហើយកងទ័ពខ្លះ មិនទាន់បានជួបគ្រួសារនៅឡើយ។
ពលរដ្ឋភៀសសឹកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ទង្វើរបស់លោក ហ៊ុន សែន នេះ ឆ្លុះបញ្ចាំងថា លោកគ្មានមនោសញ្ចេតនាជាមួយពលរដ្ឋខ្មែរដែលកំពុងរងគ្រោះបាត់បង់ដីធ្លី និងផ្ទះសម្បែង និងកងទ័ពដែលបានពលីជីវិតដោយបន្សល់ទុកគ្រួសារដ៏សែនកម្សត់នោះទេ។ លើសពីនេះ គាត់យល់ថា លោក ហ៊ុន សែន និងបក្ខពួក ហាក់ចាត់ទុកជីវិតកងទ័ពនៅជួរមុខ គ្រាន់តែជាអង្គរក្សការពារអំណាច និងទ្រព្យសម្បត្តិរបស់ពួកគេ ដោយមិនបានផ្តល់តម្លៃដល់វីរជនកងទ័ពថា ជាអ្នកការពារទឹកដី និងការពារសេចក្តីសុខរបស់មនុស្សគ្រប់គ្នានៅក្នុងប្រទេសឡើយ។ បន្ថែមពីនេះ ជនភៀសសឹករូបនេះ រៀបរាប់ទាំងអស់សង្ឃឹម និងយំខ្សឹកខ្សួលនៅពេលឃើញមេដឹកនាំខ្មែរ មិនបានបង្ហាញជំហរដោះស្រាយច្បាស់លាស់ បែរជាសម្ងំបង្ហោះបទចម្រៀងធ្វើព្រងើយទៅវិញ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ខ្ញុំនៅហ្នឹង ហើយខ្ញុំត្រូវបាត់បង់ផ្ទះ បាត់បង់ដី ហើយឃើញវីដេអូរបស់វា(ទាហានថៃ) ចូលលួចរបស់របរក្នុងផ្ទះទៀត។ ខ្ញុំទទួលយកអត់បានហ្មង ហើយដល់ខ្ញុំឃើញថ្នាក់ដឹកនាំខ្មែរធ្វើអ៊ីចឹងទៀត គឺពួកខ្ញុំគ្មានអី រំពឹងទេ។ ឥឡូវនេះនិយាយអីលែងចេញហើយ»។
ប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន អ្នកស្រី មាស ភារ៉ា យល់ថា ក្នុងនាមជាមេដឹកនាំកំពូលមួយរូប លោក ហ៊ុន សែន មិនគួរបង្ហោះបទចម្រៀងក្នុងពេលប្រជាជាតិខ្មែរ កំពុងមានទុក្ខដោយសារការបាត់បង់ទឹកដី ផ្ទះសម្បែង វត្តអារាម និងប្រាសាទបុរាណរបស់ខ្មែរតាមបណ្តោយព្រំដែនទៅក្រោមការគ្រប់គ្រងរបស់យោធាថៃឡើយ។
អ្នកស្រី មាស ភារ៉ា៖ «ថ្វីដ្បិតខ្ញុំនៅជប៉ុនឆ្ងាយពីស្រុកខ្មែរមែន តែខ្ញុំគិតដល់សុខទុក្ខពលរដ្ឋនៅស្រុកខ្មែរថាតើអ្នកដែលត្រូវបានបំផ្លាញផ្ទះសម្បែង និងបាត់បង់ ក្រុមគ្រួសារដោយសារសង្គ្រាមខ្មែរ-ថៃ តើគ្នាវេទនាយ៉ាងណា? សង្គ្រាមខ្មែរ-ថៃនេះទៀតសោត គឺបង្កឡើងដោយក្រុមគ្រួសារត្រកូល’’ហ៊ុន’’នេះដែរ។ យើងគិតដល់ចំណុចនេះ យើងអត់ហ៊ានសប្បាយ ឬបញ្ចេញជាសាធារណៈទេ។ ផ្ទុយទៅវិញ ទៅជាថ្នាក់ដឹកនាំប្រទេសមួយទាំងមូល ទៅបញ្ចេញភាពសប្បាយរីករាយ។ ខ្ញុំកោតតែគាត់ ធ្វើទៅរួច មិនដឹងថា បេះដូងគាត់ធ្វើមកពីអី? បើសិនជាថ្នាក់ដឹកនាំរបស់ជប៉ុនវិញ គេនឹងដេញចោលមិនឲ្យផុត២៤ម៉ោងទេ»។
ពលរដ្ឋយល់ថា លោក ហ៊ុន សែន គួរតែប្រើប្រាស់ពេលវេលារកវិធីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងទាមទារទឹកដីខ្មែរពីយោធាថៃវិញ ព្រមទាំងទាមទារឲ្យថៃ សងថ្លៃខូចខាតជាដើម។ ពួកគាត់ ចាត់ទុកថា ការការបង្ហោះបទចម្រៀងបែបនេះ គឺជាការបញ្ឈឺចិត្តពលរដ្ឋ និងធ្វើឲ្យពលរដ្ឋកាន់តែអស់សង្ឃឹម។
ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អ៊ិន ណាត មានប្រសាសន៍ថា លោក ហ៊ុន សែន បង្ហោះបទចម្រៀងពេលនេះ អាចជាចំណង់ចំណូលចិត្តនិងជាការខ្វាយខ្វល់តែពីមនោសញ្ចេតនារបស់ក្រុមគ្រួសារខ្លួនឯង ច្រើនជាងគិតគូរអំពីបញ្ហារបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ លើសពីនេះ លោកយល់ថា លោក ហ៊ុន សែន ចង់បិទបាំងរឿងអសមត្ថភាពការពារទឹកដីផង និងចង់បង្ហាញអំពីភាពរឹងមាំនៃអំណាចរបស់គ្រួសារលោក ខណៈការពិតគឺមេដឹកនាំរូបនេះ កំពុងបារម្ភយ៉ាងខ្លាំងពីការប្រឈមបាត់បង់អំណាច។
លោក អ៊ិន ណាត៖ «តាមពិត គាត់បារម្ភ តែគាត់គ្មានជំនាញដោះស្រាយទេ ដូច្នេះគាត់បង្វែរស្ថានការណ៍ដូចដែលគាត់ធ្លាប់បានធ្វើពីមុនមក។ អ៊ីចឹងគឺថា ធ្វើឲ្យប្រជាជន ចាប់អារម្មណ៍ទៅលើអ្វីផ្សេង ឲ្យបំភ្លេចស្ថានការណ៍នៃភាពកំសាករបស់គាត់ និងអសមត្ថភាពរបស់គាត់ នៅក្នុងសង្គ្រាម២១ថ្ងៃកន្លងមកនេះ ហើយយើងឃើញថា យើងបាត់បង់ទឹកដីនៅតាមព្រំដែនជាច្រើន ដែលគាត់សន្យាថា មិនឲ្យបាត់បង់មួយមីលីម៉ែត្រនោះ ឥឡូវនេះឃើញថា បាត់បង់ដល់រាប់រយហិកតារឯណោះ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល វាយតម្លៃថា ថ្វីដ្បិតមេដឹកនាំគណបក្សកាន់អំណាចរូបនេះ ខំបង្ហោះចម្រៀងឃោសនាលើកជើងខ្លួនឯងយ៉ាងណាក្តី ក៏រដ្ឋាភិបាល ត្រកូល ”ហ៊ុន”នៅតែបាត់បង់សំឡេងគាំទ្រពីប្រជាពលរដ្ឋដែរ ពីព្រោះតែការដឹកនាំបែបផ្ដាច់ការពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសអសមត្ថភាពក្នុងការពារប្រជាជន និងទឹកដីពីការឈ្លានពានរបស់យោធាថៃ៕










