

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រងការរិះគន់ថា ជាមេដឹកនាំ និយាយច្រើនជាងធ្វើពាក់ព័ន្ធនឹងការអំពាវនាវ ឱ្យពលរដ្ឋចេះសាមគ្គីគ្នា ខណៈ បញ្ហាអយុត្តិធម៌ ជាច្រើន មិនត្រូវបានដោះស្រាយ ហើយអ្នកនយោបាយរាប់សិបនាក់ ត្រូវបានចាប់ដាក់គុកទាំងអយុត្តិធម៌។ ពួកគាត់ថា ករណីនេះបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាព ហើយតែងតែនិយាយធ្វើល្អ ដើម្បីស្អំចិត្តពលរដ្ឋក្នុងគោលដៅលាក់បាំងកំហុសរបស់ខ្លួន។
អ្នកឃ្លាំមើលលើកឡើងថា ការដែលលោក ហ៊ុន ម៉ាណែត ចេញមុខនិយាយម្ដងហើយម្ដងទៀត អំពាវនាវឱ្យពលរដ្ឋចេះសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹង រដ្ឋាភិបាល គឺគ្រាន់តែជាសារប្រជាភិថុតិ ដើម្បីស្អំចិត្តពលរដ្ឋ និងលាក់បាំងបញ្ហាអយុត្តិធម៌សង្គម បញ្ហាអំពើពុករលួយ វិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងបញ្ហាអសមត្ថភាពការពារទឹកដីពីការឈ្លានពានរបស់យោធាថៃជាដើម។
អតីតតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លឹម ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ ខែមករាថា លោក ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋចេះសាមគ្គីគ្នានេះ គឺគ្រាន់តែសារបោកប្រាស់ ដើម្បីតាំងខ្លួនជាមេដឹកនាំចិត្តល្អ តែជាក់ស្ដែង លោក ហ៊ុន ម៉ាណែត មិនចង់ឃើញពលរដ្ឋ និងអ្នកនយោបាយ គ្រប់និន្នាការសាមគ្គី និងរួបរួមគ្នា ដើម្បីជួយដល់ប្រទេសជាតិនោះឡើយ។ ទន្ទឹមគ្នានោះ លោកថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ចង់ឱ្យប្រជាពលរដ្ឋ សាមគ្គីគ្នាមែន លោកមិនគួរនិយាយច្រើនជាង ធ្វើនោះទេ ដោយគ្រាន់តែដោះលែងអ្នកទោសនយោបាយ និងដោះស្រាយ បញ្ហាអយុត្តិធម៌ផ្សេងៗ ជូនពលរដ្ឋឱ្យបានត្រឹមត្រូវ ពេលនោះពលរដ្ឋនឹងសប្បាយចិត្ត ហើយការសាមគ្គីជាតិនឹងកើតឡើង។
លោក ហុង លឹម៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហ្នឹង គាត់មិនមែនជាមនុស្សធម្មតាពេកណា។ គាត់ទៅរៀនដល់អឺរ៉ុប ដល់ស្រុកអាមេរិក ដល់ស្រុកអង់គ្លេស ហើយស្ពាយសញ្ញាប័ត្រទាំងឃ្លាំងៗ ដូច្នេះមិនមែនគាត់មិនដឹងពីការសាមគ្គីជាតិទេ។ ប៉ុន្តែ គឺថាមិនមានសមត្ថភាព អសមត្ថភាព និងគ្មានការទទួលខុសត្រូវ ហើយមិនចង់ធ្វើ ខ្ជិលច្រអូស ធ្វើណាតែស្រួលៗ ធ្វើណាតែបាន ដើម្បីងាយស្រួលត្រួតត្រា និងក្រេបជញ្ជក់ឈាមរាស្ត្រ»។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែមករា បានសរសេរនៅលើហ្វេសប៊ុករបស់ លោកជាថ្មីទៀតថា ការលំបាករបស់ជាតិ ក្នុងពេលទទួលរងនូវការឈ្លានពានពីប្រទេសថៃនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប។ ប៉ុន្តែលោក ថា គន្លឹះសំខាន់របស់ជាតិនាពេលនេះ គឺត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់ និងធ្វើឱ្យជាតិខ្មែរបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ លោក ហ៊ុន ម៉ាណែត សរសេររៀបរាប់ទៀតថា នៅចំពោះមុខនេះ ភាពចាំបាច់បំផុតគឺការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្ដានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
បន្ថែមពីនេះ លោក លោក ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកពាក់ព័ន្ធដូចជា ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចដើមឱ្យរួបរួមគ្នា ជាកម្លាំងសាមគ្គីជាតិខ្មែរ ក្នុងការលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ នៅលើឆាកអន្តរជាតិ។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា សារអំពាវនាវរបស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែជាសារ ប្រជាភិថុតិ ដែលឱ្យតម្លៃ ទៅលើការរួបរួមបែបបន្សុទ្ធនយោបាយ មិនមែនជា សារចង់ឱ្យមានការបង្រួបបង្រួមបែបចម្រុះ និងផ្ដល់សេរីភាពដល់ពលរដ្ឋនោះទេ។ជាក់ស្ដែង លោកថា ស្របពេលដែលកម្ពុជា ត្រូវបានយោធាថៃឈ្លានពានទឹកដី លោក ហ៊ុន ម៉ាណែត មិនបានបន្ធូរដៃ ក្នុងចាប់អ្នកមានមតិ ផ្ទុយដាក់គុកនោះទេ។
លោក វ៉ន ចាន់ឡូត៖ «ទី១គួរពិចារណាដោះលែងអ្នកទោសនយោបាយនៅកម្ពុជាទាំងអស់ឱ្យមានសេរីភាព។ ទី២ត្រូវលើកលែងការចោទប្រកាន់ ពលរដ្ឋខ្មែរគ្រប់ទិសទីគ្រប់និន្នាការ ឱ្យអាចវិលត្រឡប់មាតុប្រទេសរបស់ពួកគេ ដើម្បីចូលរួមជួយជាតិតាម សមត្ថភាព និងទេពកោសល្យដែលគេមាន។ ទី៣. រដ្ឋាភិបាលខ្លួនឯង ត្រូវតែប្រញាប់ធ្វើកំណែទម្រង់ជាបន្ទាន់ហើយ ត្រូវលើកកម្ពស់ ឱ្យតម្លៃអ្នកចេះដឹងពិតប្រាកដ មកធ្វើការបម្រើជាតិ ត្រូវលុបបំបាត់ចោលនូវអំពើពុករលួយ និងបក្សពួកនិយម»។
ចំណែក អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានចាត់ទុកសាររបស់ រដ្ឋាភិបាលឱ្យពលរដ្ឋសាមគ្គីគ្នា គឺជារបៀប «សាមគ្គីភាពមិនគ្រប់ទឹក»។ លោកបានចោទជាសំណួរថា តើសាមគ្គីភាពដែលលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ចង់បាន មានន័យថា ជាការរួមកម្លាំងគ្នាពិតប្រាកដ ឬគ្រាន់តែជាការបង្ខំឱ្យមានភាពឯកច្ឆន្ទតាមគំនិតបក្សកាន់អំណាច? លោកបន្តថា ស្មារតីស្នេហាជាតិដែលខ្លាំងក្លាបំផុត គឺកើតចេញពីការដែលពលរដ្ឋមានអារម្មណ៍ថា ពួកគាត់ជាម្ចាស់ប្រទេស និងមានសិទ្ធិសេរីភាពពេញលេញ។ លោកសង្កត់ធ្ងន់ថា សាមគ្គីភាព មិនអាចកើតមានបានទេ នៅពេលដែល អ្នកនយោបាយបក្សប្រឆាំង សកម្មជនដីធ្លី និងសកម្មជនបរិស្ថាន ត្រូវបានចាប់ដាក់គុក និងរឹតត្បិតសេរីភាព។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថាសាមគ្គីឬក៏ស្មារតីស្នេហាជាតិ បែបនេះ គឺជាសាមគ្គី និងស្មារតីស្នេហាជាតិមួយជ្រុង ដែលមានគោលបំណងក្នុងការបំភ័ន្ត ដល់សាធារណមតិ ដើម្បីឱ្យយល់ថា កម្ពុជា មានសាមគ្គីជាតិ តែជាក់ស្ដែងការនិយាយ ពាក្យសម្ដីវោហារ វាផ្ទុយនឹងការអនុវត្តជាក់ស្ដែង»។
គិតត្រឹមថ្ងៃទី១៤ ខែមករា អ្នកនយោបាយ សកម្មជនដីធ្លី បរិស្ថាន អ្នកសារព័ត៌មាន និងសកម្មជនសហជីព ជិត១០០នាក់ ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញចាប់ដាក់គុក។ ទន្ទឹមគ្នានោះ គេសង្កេតឃើញថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏បានបរាជ័យ ក្នុងដោះស្រាយ បញ្ហាអយុត្តិធម៌ សង្គមជាច្រើនទៀត ដូចជាករណីមន្ត្រីរដ្ឋាភិបាល និងក្រុមឧកញ៉ា ដែលមានទំនាក់ទំនងជាមួយគ្រួសារ របស់លោក ហ៊ុន ម៉ាណែត ផ្ទាល់ រួមមាន លោក ឡេង ណាវ៉ាត្រា អ្នកស្រី ឡេង ចាន់ណា និង លោក ជា សារ៉ន ជាដើម ដែលរកស៊ីឆបោកប្រាក់រាប់លានពីប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសនោះ ក៏មិនទាន់បានផ្ដល់ដំណោះស្រាយអ្វីដល់ពលរដ្ឋដែរ។ ករណីនេះ ធ្វើឱ្យពលរដ្ឋលែងមានជំនឿចិត្ត និងចាត់ទុកការអំពាវនាវឱ្យសាមគ្គីគ្នារបស់រដ្ឋាភិបាល គ្មានតម្លៃ៕









