អ្នកវិភាគ​ថា ឯកអគ្គរដ្ឋទូត​អាមេរិកថ្មី​អាច​បើក​ឱកាស​ថ្មី ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ត្រូវ​បង្ហាញ​លទ្ធផល​ជាក់ស្តែង

0
112
លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ Photo Courtesy
លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ Photo Courtesy

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា អះអាង​ថា ការមកដល់របស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) អាចបង្កើតឱកាស​សម្រាប់​ការ​កែលម្អ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​ថា ការ​ផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូត​មិន​អាច​ជំនួស​ការ​ផ្លាស់ប្ដូរ​នយោបាយ ឬ​របៀបដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ។ ការ​អះអាង​នេះ​បន្ទាប់​ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាន​ប្រាប់ទូរទស្សន៍អាស៊ីសេរី​ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា​ចង់​ទទួល​បាន​ទំនុកចិត្តកាន់តែ​ច្រើន​ពី​ទីក្រុង​វ៉ាស៊ីនតោន ការ​បង្ហាញ​តាមរយៈសកម្មភាពជាក់ស្តែងនឹង​មាន​សារៈសំខាន់​ជាងការបង្ហាញសញ្ញាផ្លូវការ​តាម​ពិធី​ការទូត។ លោក ថា ការស្វាគមន៍ ការចាប់ដៃ និងការប្រកាសអំពីការបើក «ជំពូកថ្មី» ក្នុងទំនាក់ទំនងទ្វេភាគី មិន​ទាន់​មានន័យច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ទេ ប្រសិនបើ​ជីវភាព និង​សុវត្ថិភាព​របស់ពួកគេ​មិនមាន​ការ​ប្រសើរ​ឡើង។

លោក សេង វណ្ណលី បាន​និយាយ​ថា កម្ពុជា​អាច​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ ទាក់ទាញ​ការ​វិនិយោគ​ដែល​បង្កើត​ការងារ និង​ពង្រីក​ឱកាស​សិក្សា​សម្រាប់​យុវជន។ លោក​ព្រមាន​ថា ការ​ជួបជាមួយ​មន្ត្រី​អាមេរិកមិន​គួរ​ត្រូវ​បានយកទៅបកស្រាយថា ជាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះគ្រប់សកម្មភាព ឬគោលនយោបាយ​របស់រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក​បាន​និយាយ​ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការ​រក្សាទំនាក់ទំនង​ការទូត មិនមាន​ន័យថា ភាគីមួយយល់ព្រម​លើ​គ្រប់​របៀប​ដឹកនាំ​របស់​ភាគីម្ខាង​ទៀត​ឡើយ។

លោកបានលើកឡើងថា សំណួរ​សំខាន់​មួយ​គឺថា តើ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការងារ ចំណូល និង​សុវត្ថិភាព​កាន់តែ​ប្រសើរ​ឡើង​កម្រិត​ណា ហើយ​លោកថា រដ្ឋាភិបាលគួរឆ្លើយតបតាមរយៈលទ្ធផលជាក់ស្តែង។ លោក សេង វណ្ណលី បាន​លើកឡើង​ថា វិធានការ​មួយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាចបង្ហាញបាន គឺការអនុវត្តច្បាប់ដោយស្មើភាពចំពោះអ្នកមានអំណាច និងប្រជាពលរដ្ឋទូទៅ។ ជាពិសេស លោកបានស្នើឱ្យការបង្ក្រាបបណ្តាញឆបោកតាមអនឡាញផ្តោតទៅលើមេខ្លោង អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកដែលអាចផ្តល់ការការពារ ប្រសិនបើមានភស្តុតាងពាក់ព័ន្ធ។

លោកសេង វណ្ណលី បន្ថែម​ទៀត​ថា ប្រសិនបើការអនុវត្តច្បាប់ផ្តោតតែលើអ្នកប្រព្រឹត្តបទល្មើសនៅកម្រិតក្រោម ខណៈអ្នកដែលទទួលផលពីបណ្តាញឆបោកនៅតែអាចរួចផុតពីការទទួលខុសត្រូវ តើវានឹងអាចបង្កើតទំនុកចិត្តលើការបង្ក្រាបនោះបានកម្រិតណា។ លោកក៏បាននិយាយថា ការអំពាវនាវឱ្យវិនិយោគិនអាមេរិកមកកម្ពុជាអាចជួបបញ្ហា ប្រសិន​បើអាជីវកម្មនៅតែប្រឈម​នឹង​ការ​ទារប្រាក់​ក្រៅផ្លូវការ និងការអនុវត្តច្បាប់ដែលត្រូវបានមើលឃើញថា មិនស្មើភាព។

ការលើកឡើងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះទាំងនេះធ្វើឡើងបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះនៅលើហ្វេស៊ុករបស់នៅថ្ងៃនេះថា លោករដ្ឋមន្ត្រី​ការបរទេសអាមេរិក រូប៊ីអូ (Rubio) បាន​រៀបចំពិធីស្បថ​ចូល​កាន់​តំណែងជូន​លោកឯកអគ្គរដ្ឋទូត លោក គ្រីស្តូហ្វឺ អានឌើសុន ដើម្បី​មកដឹកនាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និង​ជំរុញ​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និង​កម្ពុជា​ឱ្យឈានទៅកាន់ជំពូកថ្មីមួយ ដោយលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ព្រមទាំងគាំទ្រកម្ពុជាឱ្យកាន់តែរឹងមាំ និងមានវិបុលភាព។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរទៀត​ថា ក្នុង​នាមជា​អតីតទាហាននៃកងទ័ពជើងគោក​សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត លោក គ្រីស្តូហ្វឺ អានឌើសុន នឹងមកដល់រាជធានីភ្នំពេញ ដោយ​បំពេញការងារផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និងការធ្វើ​ការ​រួមគ្នា​ជាមួយ​ដៃគូ​កម្ពុជាដើម្បីកម្ចាត់​បណ្តាញ​ឆបោក ដែលបានលួចយកប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាមេរិក និងប្រជាជន​នៅជុំវិញ​ពិភពលោក។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍អាស៊ីសេរី​ថា លោកមើលឃើញ​បេសកកម្មរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីថា មាន​ភាពទន់ភ្លន់​នៅខាងក្រៅ ប៉ុន្តែអាចផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងការទូតនៅពីក្រោយឆាក។ លោក ថា ក្នុង​ចំណោម​បញ្ហាដែល​អាមេរិក​អាចផ្តោត គឺការបង្ក្រាបមេខ្លោងបណ្តាញឆបោកតាមអនឡាញ ការលើកកម្ពស់សិទ្ធិមនុស្ស និងការស្តារលំហប្រជាធិបតេយ្យនៅកម្ពុជា មុនការបោះឆ្នោតនាពេលខាងមុខ។

លោក គឹម សុខ៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញនូវជំហរវិជ្ជមានពីរ ចំពោះមុខ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មីនេះ។ ទី១ គឺបង្ហាញអំពីឆន្ទៈនៃការចាប់លោក កុក អាន និងលោក លី យ៉ុងផាត់ ដែលមាននៅក្នុងរបាយការណ៍របស់អាមេរិកពាក់ព័ន្ធនឹងការឆបោកអនឡាញ។ ហើយនិងទី២ ត្រូវបង្ហាញសញ្ញានៃការស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ឱ្យបានសមល្មមនៅមុនការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨»។

ព្រឹទ្ធសភាអាមេរិកបានអនុម័តការតែងតាំងលោក អានឌើសុន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយអនុម័តការតែងតាំងលោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​របស់​សហរដ្ឋអាមេរិក​ប្រចាំព្រះរាជាណាចក្រកម្ពុជា។

មុន​ការ​អនុម័ត លោក អានឌើសុន បានបង្ហាញខ្លួននៅចំពោះ​មុខគណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា​អាមេរិក​កាល​ពីខែកក្កដា ដើម្បីពិភាក្សាអំពីការតែងតាំងរបស់លោក។ គណៈកម្មាធិការនេះបានអនុម័តការតែងតាំងលោកនៅថ្ងៃទី២២ ខែ​កក្កដា ដោយសំឡេង ១៨ ទល់ ៣។

លោក អានឌើសុន មានបទពិសោធន៍ការងាររយៈពេលប្រមាណ ១៧ឆ្នាំ ក្នុង​វិស័យ​គោល​នយោបាយ នីតិបញ្ញត្តិ ការគ្រប់គ្រង​ទីភ្នាក់ងារ​រដ្ឋ និង​ការងារ​យោធា។ លោក​ក៏​ជា​អតីត​យោធា​នៃ​កងទ័ពជើងគោក​អាមេរិក ដែលធ្លាប់បំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ