មេ​បក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បន្ត​ចាញ់​ក្ដី​រដ្ឋាភិបាល​នៅ​សាលាឧទ្ធរណ៍

0
51
ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល (អាវ​ស) ពេល​មក​បំភ្លឺនៅសាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៧ កញ្ញា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល (អាវ​ស) ពេល​មក​បំភ្លឺនៅសាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៧ កញ្ញា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សាល​ក្រម​ពិន័យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល ចំនួន ២ពាន់ ៥រយ​ដុល្លារ និង​បង្គាប់​ឱ្យ​សង​ជំងឺ​ចិត្ត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ចំនួន ១លាន ៥សែន​ដុល្លារ​អាមេរិក​ដដែល​ក្នុង​សំណុំ​រឿង «បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា។ មេ​បក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បាន​ដឹង​តាំង​ពី​មិន​ទាន់​ចូល​ស្ដាប់​ក្នុង​សវនាការ​ថា តុលាការ​ជាន់​ខ្ពស់​នេះ​មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​បាន​ឡើយ ប៉ុន្តែ​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ស្មារតី​តស៊ូ ដើម្បី​កែប្រែ​កម្ពុជា​ក្លាយ​ឱ្យ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​តុលាការ​ឯករាជ្យ។

សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ពី «បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» ។

សវនាការ​នេះ​ត្រូវ​បាន​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ​សួរ​ដេញ​ដោល​ភាគ​ច្រើន​ជា​សំណួរ​ដាក់​បន្ទុក​លើ​លោក ទាវ វណ្ណុល ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សារ​បញ្ចេញ​មតិ​របស់​លោក​នៅ​ប្រទេស​ជប៉ុន​កាល​ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បាន​ដឹង​តាំង​ពី​មិន​ទាន់​បើក​សវនាការ​ថា សាលាឧទ្ធរណ៍​នឹង​មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​បាន​ឡើយ ដោយសារ​តែ​គ្មាន​ឯករាជ្យ។ លោក​ប្រាប់​អ្នកសារព័ត៌មាន​មុន​សវនាការ​ថា លោក​មិន​បាន​និយាយ​បរិហារ​ភាគី​ណា​មួយ​ឡើយ ចំណែក​ការ​ថ្លែង​សារ​សម្ដែង​មតិ​របស់​លោក​អំពី​បញ្ហា​ជាតិ​នានា កន្លងទៅ គឺ​ជា​សិទ្ធិ​ដែល​ធានា​ការពារ​ដោយ​ច្បាប់ និង​ជា​រឿង​ទៅ​ទូទៅ​ក្នុង​នាម​ជា​មេ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​ប្រកួតប្រជែង​តាម​គោល​ប្រជាធិបតេយ្យ។

លោក ទាវ វណ្ណុល ជឿជាក់​ថា ថ្ងៃ​ណា​មួយ​លោក និង​ពលរដ្ឋ ព្រម​ទាំង​សកម្មជន​នយោបាយ​ផ្សេង​ទៀត​នឹង​ទទួល​បាន​យុត្តិធម៌ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ស្មារតី​តស៊ូ ដើម្បី​កែប្រែ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​ប្រព័ន្ធ​តុលាការ​មួយ​ឯករាជ្យ មិន​កាត់​ក្ដី​ស្ថិត​ក្រោម​សម្ពាធ​អ្នក​នយោបាយ។  

លោក ទាវ វណ្ណុល៖«ខ្ញុំ​សូម​ឱ្យ​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា យើង​ដឹង​ថា វា​មាន​ការ​លំបាក​ហើយ ប៉ុន្តែ​លទ្ធិ​ប្រជាធិបតេយ្យ​វា​មិន​អាច​បាន​មក​ដោយ​ងាយៗ​ទេ ទាល់តែ​យើង​តស៊ូ យើង​លះបង់ ហើយ​ខ្ញុំ​លះបង់​សព្វ​គ្រប់​អស់​ហើយ ក្នុង​នាម​ជា​កូន​ខ្មែរ​ម្នាក់ គឺ​ខ្ញុំ​បាន​បំពេញ​ភារកិច្ច​របស់​ខ្ញុំ​ជា​កូន​ខ្មែរ ហើយ​សង្ឃឹម​ថា ថ្ងៃ​មួយ​យុត្តិធម៌​នឹង​មាន​កើត​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​យើង លែង​ក្លាយ​ទៅ​ជា​តុលាការ​តេឡេ និង​មាន​ឈ្មោះ​តុលាការ​យុត្តិធម៌»

ក្រោយ​សវនាការ​ជាង ២ម៉ោង ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាល​ដីកា​ភ្លាមៗ​ដោយ​ឲ្យ​លោក ទាវ វណ្ណុល បន្ត​ចាញ់​ក្ដី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។ សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​នេះ មិន​ខុស​ពី​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ។

មេធាវី​ការពារ​ក្ដី​លោក ទាវ វណ្ណុល គឺ​លោក ឯម ចន្ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សាលក្រម​របស់​សាលាដំបូង​ទុក​ជា​បាន​ការ​ដដែល គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​ក្ដី។

លោក ឯម ចន្ថា៖ «ក្នុង​នាម​យើង​ជា​មេធាវី​ការពារ យើង​បាន​បដិសេធ​តាំង​ពី​ដំបូង​អំពី​អង្គហេតុ​ចោទ​ប្រកាន់​ហ្នឹង ដូច្នេះ​មើល​ទៅ​វា​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ធ្ងន់​ល្មម​ដែល​ស័ក្ដិសម​ដាក់​បន្ទុក​ចោទ​ប្រកាន់​កូន​ក្ដី​ខ្ញុំ​ហ្នឹង ហើយ​ទាក់ទង​នឹង​ព្យសនកម្ម​នៃ​ជំងឺ​ចិត្ត​ហ្នឹង ក៏​វា​មិន​សម​ហេតុផល​ទាល់តែសោះ។ ដូច្នេះ​ក្នុង​នាម​មេធាវី តាម​ផ្លូវ​ច្បាប់ ការ​សម្រេច​បែប​នេះ​ជា​សិទ្ធិ​របស់​តុលាការ បាន​សម្រេច​ហើយ យើង​មាន​តែ​បន្ត​នីតិវិធី​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល»

សវនាការ​ក្នុង​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង លោក ទៀ វណ្ណុល ក៏​មាន​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ រួម​ទាំង​អ្នក​គាំទ្រ​ជាង ១០០នាក់​ទៅ​ចូល​រួម​ឃ្លាំមើល និង​លើក​ទឹក​ចិត្ត​ផង​ដែរ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ខក​ចិត្ត និង​ចាត់​ទុក ការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល និង​សម្រាប់​គណបក្ស​ភ្លើង​ទៀន​ទាំង​មូល។ លោក ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន និង​សកម្មជន​នៅ​តែ​បន្ត​រង​គំរាមកំហែង ធ្វើ​ទុកបុកម្នេញ និង​យាយី​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។ លោក​ថា ទិដ្ឋភាព​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​លំហ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​រួម​ចង្អៀត និង​កាន់​តែ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០២៧ ខាង​មុខ​នឹង​ដំណើរ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌។

លោក លី សុធារ៉ាយុត្តិ៖ «យើង​ទាំង​អស់​គ្នា​យល់​ថា វា​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​អ្វី​ដែល​លោក​ប្រធាន ទាវ វណ្ណុល បាន​ផ្ដល់​បទសម្ភាសន៍​ទៅ​កាសែត នីកគី អេស៊ា ប្រទេស​ជប៉ុន កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២៤ នោះ វា​គឺ​ជា​រឿង​សម្ដែង​មតិ​ទៅ​តាម​ការ​យល់​ឃើញ​របស់​លោក ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ។ ការ​បញ្ចេញ​មតិ​របស់​អ្នក​នយោបាយ មិន​គួរ​ត្រូវ​បាន​ពិន័យ ឬ​ក៏​ទទួល​ទណ្ឌកម្ម ទទួល​ពិរុទ្ធ​ទេ។ ការ​បញ្ចេញ​មតិ​របស់​អ្នក​នយោបាយ មិន​បង្ក​ព្យសនកម្ម​ដល់​សង្គម ធ្វើ​ឱ្យ​សង្គម​វឹកវរ ដោយសារ​ការ​បញ្ចេញ​មតិ​របស់​អ្នក​នយោបាយ​ទេ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិ​ស្រប ឬ​មិន​ស្រប គេ​ហៅ​ថា មតិ​ផ្ទុយ វា​ជា​រឿង​ធម្មតា នៅ​ក្នុង​សង្គម​មួយ​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស ក៏​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គ្រប់​រូប ធ្វើ​ការ​សម្ដែង​មតិ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ដែរ»

 ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​លោក​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន នីគី អេស៊ា (Nikkei Asia) ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​លើកឡើង​អំពី​ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ ហើយ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​បាន​រង​ការ​គំរាមកំហែង​សេរីភាព​មិន​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្មើ​គ្នា។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែកក្កដា ឆ្នាំ២០២៤ បាន​សម្រេច​សាល​ក្រម​ឱ្យ​លោក ទាវ វណ្ណុល ចាញ់​ក្ដី និង​ពិន័យ​ជា​ប្រាក់ ២ពាន់ ៥រយដុល្លារ និង​បង្គាប់​ឱ្យ​បង់​លុយ​សង​ជំងឺ​ចិត្ត​រដ្ឋាភិបាល​លោក ហ៊ុន ណែត ជាដើម​បណ្ដឹង​ប្រមាណ ១លាន ៥សែន​ដុល្លារ ក្រោម​បទ​ចោទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ»។ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​សម្រេច​ដីកា​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹប​អូស​ដី​ធ្លី​ចំនួន ៣កន្លែង​របស់​លោក ទាវ វណ្ណុល បណ្ដោះ​អាសន្ន​សម្រាប់​ទុក​ទូទាត់​សំណង​ឱ្យ​រដ្ឋាភិបាល​ជាដើម​បណ្ដឹង។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​សម្រេច​សាល​ក្រម​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លើ​មេ​បក្ស​ប្រឆាំង​លោក ទាវ វណ្ណុល នឹង​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះ​គន់​បន្ថែម​ពី​អំពើ​បរិយាកាស​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ​កាន់​រួម​តូច​ចង្អៀត។ លោក​ចង់​ឃើញ​អ្នក​នយោបាយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ និង​ជជែក​ពិភាក្សា​តាម​បែប​វប្បធម៌​នយោបាយ​សន្ទនា ដើម្បី​ឱ្យ​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​ដំណើរ​ការ​ដោយ​ស្មើ​ភាព និង​យុត្តិធម៌។

លោក អំ សំអាត៖ «យើង​ឃើញ​ថា បញ្ហា​ទាក់ទង​សំណុំ​រឿង​របស់​សកម្មជន​គណបក្ស​នយោបាយ អ្នក​នយោបាយ ឬ​ប្រធាន​គណបក្ស​នយោបាយ លោក ទាវ វណ្ណុល នេះ ក៏​ដូចជា​សំណុំ​រឿង​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ចលនា​មាតា​ធម្មជាតិ សកម្មជន​ផ្សេងៗ​ទៀត​ហ្នឹង គឺ​មាន​ការ​រិះគន់​ច្រើន​ពី​សហគមន៍​អន្តរជាតិ ដែល​គេ​មើល​ទៅ​ថា លំហ​ពលរដ្ឋ លំហ​សេរីភាព​នយោបាយ លំហ​សារព័ត៌មាន មាន​លក្ខណៈ​ធ្លាក់​ចុះ ឬ​ក៏​រួម​តូច​ជាដើម»

បរិយាកាស​នយោបាយ​នៅ​កម្ពុជា និង​សេរីភាព​បញ្ចេញ​មតិ​ដែល​មាន​ការ​ធានា​ដោយ​ច្បាប់​រង​ការ​រិះគន់​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ថា កាន់​តែ​ធ្លាក់​ក្នុង​វិបត្តិ​នៃ​ការ​រឹតត្បិត ការ​បង្ក្រាប​ចាប់​ចង់​តាម​ទំនើង​ចិត្ត និង​គំរាមកំហែង​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ ជា​មួយ​គ្នា​នេះ ក៏​សកម្មជន​នយោបាយ និង​សមាជិក​គណបក្ស​ប្រឆាំង​យ៉ាង​ហោច ២២នាក់​កំពុង​ជាប់​ពន្ធនាគារ បន្ត​ក្ដីក្ដាំ​នៅ​តុលាការ និង​រង​ការ​បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ជាង ១រយ​នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក​ដោយសារ​ភាព​សកម្ម​សម្ដែង​មតិ​របស់​ពួកគាត់​ឈឺ​ឆ្អាល​អំពី​បញ្ហា​ជាតិ និង​បញ្ហា​បាត់បង់​ទឹកដី ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ