

ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះ គ្រោងឡើងទៅភ្នំពេញ ដើម្បីតវ៉ាប្រសិនបើតុលាការមិនព្រមដោះលែងតំណាងរបស់ពួកគាត់ គឺលោក ភេន ឡៃ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទេនោះ។ ការព្រមាននេះ គឺក្រោយពីលោក ភេន ឡៃ ត្រូវបានតុលាការខេត្តក្រចេះសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់។
តំណាងពលរដ្ឋរងគ្រោះដីធ្លីដែលតែងតែដឹកនាំពលរដ្ឋតវ៉ាបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅស្រុកសំបូរ ខេត្តក្រចេះ គឺលោក ភេន ឡៃ ត្រូវបានតុលាការខេត្តក្រចេះសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ ខែមករា ក្រោយមន្ត្រីបរិស្ថានចាប់ខ្លួន និងចោទប្រកាន់រូបលោក ពីបទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់។ ពលរដ្ឋថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរខេត្តក្រចេះ មិនបានប្រាប់ព័ត៌មានជាក់លាក់ពីការឃុំខ្លួន លោក ភេន ឡៃ នោះឡើយ។
តំណាងពលរដ្ឋរងគ្រោះដីធ្លីនៅឃុំកោះខ្ញែរ លោកស្រី អែល រ៉ូស្សា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែមករាថា មេធាវីរបស់លោក ភេន ឡៃ បានពលរដ្ឋប្រាប់ថា លោក ភេន ឡៃ ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តក្រចេះហើយ ដូច្នេះត្រូវរង់ចាំ១សប្ដាហ៍ទៀត ដើម្បីដាក់ពាក្យស្នើសុំ លោក ភេន ឡៃ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកស្រីបន្ថែមថា ប្រសិនបើមិនមានការដោះលែង លោក ភេន ឡៃ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ ពលរដ្ឋនៅឃុំកោះខ្ញែរ ចំនួន៥ភូមិ នឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញ ដើម្បីធ្វើការតវ៉ាស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ អន្តរាគមន៍ដោះលែងតំណាងរបស់ពួកគាត់ និងរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម។
លោកស្រី អែល រ៉ូស្សា៖ «យ៉ាងណាយ៉ាងណីបបួលគ្នាទៅភ្នំពេញទៀត ទៅតវ៉ា ពីព្រោះដីពួកខ្ញុំមិនទាន់ដោះស្រាយផង ហេតុអ្វីបានជាទៅចាប់គំរាមកំហែង ខាងមន្ទីរបរិស្ថានវាយ៉ាងម៉េចបានចេះតែចង់គំរាមកំហែង ចាប់តែមនុស្សល្អដាក់គុក មនុស្សអាក្រក់ចេះតែរួចខ្លួនអ៊ីចឹងខ្ញុំវាឆ្ងល់ ខាងមន្ទីរបរិស្ថានខេត្តក្រចេះវាយ៉ាងម៉េច គេមិនបានធ្វើអ្វីខុសផងមកចាប់គេដាក់គុក គំរាមកំហែងរឿងដីសុទ្ធសាធ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោក ទីវ វុធធេន និងប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ នៅថ្ងៃទី១៤ ខែមករា។
លោក ភេន ឡៃ ត្រូវបានមន្ត្រីបរិស្ថានខេត្តក្រចេះ ចាប់ខ្លួន កាលពីថ្ងៃទី៩ ខែមករាដោយចោទប្រកាន់តំណាងពលរដ្ឋរូបនេះ ពីបទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់ ខណៈនៅក្នុងខ្លួនរបស់លោក ភេន ឡៃ មិនមានសម្ភារៈកាប់បំផ្លាញព្រៃឈើនោះឡើយនៅពេលចាប់ខ្លួន។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងខេត្តក្រចេះ បានកោះហៅលោក ភេន ឡៃ និងពលរដ្ឋចំនួន ៥នាក់ផ្សេងទៀត ក្នុងនោះមាន លោក អ៊ុន សុខុំ ប្រុក ភារម្យ ឌុច សាគី ស៊ឹង ករុណា និងលោកស្រី អែល រ៉ូស្សា ដើម្បីបំភ្លឺពាក់ព័ន្ធការចោទប្រកាន់រំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ និងបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត។
ទាកទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រសិនបើករណីនេះ ពាក់ព័ន្ធជាមួយនឹងបញ្ហាដីធ្លី ជាមួយក្រុមហ៊ុន អាជ្ញាធរគួរតែដោះលែងតំណាងពលរដ្ឋ និងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លីមួយនេះ។ លោកថា អាជ្ញាធរមិនគួរអូសបន្លាយ និងធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋរងគ្រោះដីធ្លីបែបនេះឡើយ។
លោក យិន ម៉េងលី៖ «ដោះលែងគាត់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នសិនទៅ ហើយដោះស្រាយបញ្ចប់ទៅ តំបន់នេះមិនមែនទើបតែមានបញ្ហានោះទេ វាជាយូរឆ្នាំមកហើយសូមបញ្ចប់បញ្ហានេះទៅ កាលណាទុកឲ្យបញ្ហានេះអូសបន្លាយយូរមានន័យថា ពលរដ្ឋជាអ្នករងគ្រោះ ពលរដ្ឋកាត់តែឈឺចាប់កាត់តែខ្លាំងឡើង»។
កាលដើមឆ្នាំ២០២៤ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានឈូសឆាយបំផ្លាញផលដំណាំ ផ្ទះសម្បែង និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋថែមទៀត។ ពេលនោះ លោក ភេន ឡៃ បានដឹកនាំពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ តវ៉ាទាមទារ និងដោយស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ ជួយរកដំណោះស្រាយឲ្យបានសមរម្យដល់ពលរដ្ឋ និងកាត់ឆ្វៀលដីធ្លី ផ្ទះសម្បែង និងស្រែចម្ការរបស់ពលរដ្ឋចេញពីបរិវេណក្រុមហ៊ុន។ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះឡើយទេ៕








