
មន្ត្រីគណបក្សប្រឆាំងថា កម្ពុជានឹងបាត់បង់ទឹកដីតាមព្រំដែនទៅភាគីថៃ ប្រសិនបើកម្ពុជានៅតែស្នើឱ្យថៃ ចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)។ ការថ្លែងបែបនេះ ធ្វើឡើងក្រោយពេល ភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំ JBCជាមួយកម្ពុជា ជាលើកទី២ ខណៈម្ខាងទៀត យោធាថៃកំពុងធ្វើ ជាតូបនីយកម្ម ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរ។
គិតមកដល់ពេលនេះ កម្ពុជាបានបរាជ័យចំនួន២លើកមកហើយ ក្នុងការទាញដៃភាគីថៃ ឱ្យចូលតុចរចា ដើម្បីពិភាក្សា និងដោះស្រាយរឿងព្រំដែន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ថា ភាគីថៃស្នើសុំពន្យារពេលជាលើកទី២ លើកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដែលស្នើឡើងដោយភាគីកម្ពុជា និងគ្រោងរៀបចំឡើងនៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ ក្នុងខែមករា នេះ។ ភាគីថៃលើកហេតុផលថា ការពន្យារពេលនេះ គឺដើម្បីរង់ចាំនីតិវិធីផ្ទៃក្នុង ក្រោយការតែងតាំងសមាសភាពគណៈកម្មាធិការJBCថ្មី បន្ទាប់ពីបោះឆ្នោតសភានៅដើមខែកុម្ភៈ ខាងមុខ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ ខែតុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែមករា ថា ក្នុងកំលុងលើកទ័ពមកឈ្លានពានកម្ពុជា ភាគីថៃមិនបានរង់ចាំដល់ក្រោយពេលបោះឆ្នោតសភានោះទេ ក៏ប៉ុន្តែ នៅពេលបានកាន់កាប់ទឹកដីតាមបណ្ដោយព្រំដែនរបស់កម្ពុជា ហើយនៅពេលកម្ពុជាកោះប្រជុំរឿងព្រំដែន ភាគីថៃបែរជាសុំលើកពេល ដោយអាងលេសរង់ចាំក្រោយការបោះឆ្នោត ដែលប្រការនេះ ហាក់មិនសមទំនងនោះឡើយ។

លោកបន្តថា ភាគីកម្ពុជា មិនគួររំពឹងលើកិច្ចចរចាទ្វេភាគីជាមួយថៃនេះឡើយ ពីព្រោះ បើទោះបីជាកិច្ចប្រជុំនេះ អាចប្រព្រឹត្តទៅ នៅពេលណាមួយក៏ដោយ ក៏ភាគីថៃ នឹងមិនព្រមប្រគល់មកវិញ នូវបូរណភាពទឹកដីរបស់កម្ពុជានោះឡើយ។
លោក អ៊ុំ សំអាន៖ «អ្វីដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តាមអង្វរថៃ ដើម្បីចរចាទ្វេភាគីនេះ ដូចទៅសុំភ្លើងយក្សអ៊ីចឹងឯង។ ឬក៏ដូចយើងទៅសុំអង្វរចោរ ឱ្យចោរប្រគល់សម្ភារៈ ឬរបស់របរ ដែលចោរលួចនោះ មកវិញ គឺមិនបាននោះទេ»។
កាលពីថ្ងៃទី៥ ខែមករា ភាគីថៃ បានស្នើសុំលើកពេលប្រជុំ JBC ដែលស្នើឡើងដោយភាគីកម្ពុជា ម្ដងរួចមកហើយ។ នៅក្នុងខ្លឹមសារនៃកិច្ចប្រជុំនេះភាគីកម្ពុជា បានស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងក្នុងពេលវេលាសមស្របណាមួយ នៅចន្លោះពីថ្ងៃទី២៦ ដល់៣០ ខែមករា ដើម្បីសាងសង់បង្គោលព្រំដែនចំនួន ១៥ ឡើងវិញតាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។
ក្រៅពីនេះ ភាគីកម្ពុជា នឹងលើកយកបញ្ហាដែលយោធាថៃ ធ្វើសកម្មភាពឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ដោយឈូសឆាយកម្ទេចលំនៅឋានរបស់ពលរដ្ឋខ្មែរ និងហាមឃាត់មិនឱ្យពួកគេចូលទៅរស់នៅ ក្នុងលំនៅឋានវិញ មកជជែកគ្នាជាមួយភាគីថៃ។

លោក អ៊ុំ សំអាន បានអះអាងថា យោធាថៃ កំពុងកាន់កាប់ទឹកដីរបស់កម្ពុជានៅតាមព្រំដែន មានចំនួនយ៉ាងតិច ៤០តំបន់ ចាប់តាំងពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
បច្ចុប្បន្នទីតាំងទាំងនោះ ត្រូវក្រុមយោធា ប្រជាពលរដ្ឋ និងព្រះសង្ឃថៃ រួមគ្នាសាងសង់សំណង់រឹង ដូចជាផ្លូវបេតុង កន្លែងតម្កល់រូបព្រះពុទ្ធបដិមាករ និងលេណដ្ឋានធំៗជាច្រើនកន្លែង ខណៈសំណង់ ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សាលារៀន និងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ត្រូវយោធាថៃ ឈូសកម្ទេចរាបដល់ដី និងប្រមូលកម្ទេចកំទី យកទៅចាក់ចោលអស់គ្មានសល់។
ចំពោះនៅទីតាំងប្រាសាទបុរាណវិញ យោធាថៃបានដាក់គ្រឿងផ្ទុះបំផ្លាញជណ្ដើរ និងផ្លូវ របស់កងទ័ពខ្មែរ និងសាងសង់ផ្លូវបេតុងចេញពីទឹកដីថៃ មកកាន់ប្រាសាទវិញ។ ក្រសួងការបរទេសថៃ បានអះអាងកាលពីថ្ងៃទី១២ ខែមករា ថា ប្រទេសថៃនឹងប្រើពេល១ឆ្នាំ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងដែលយោធាថៃបានឈ្លានពានពីកម្ពុជា។
ការលើកឡើងនេះ បានធ្វើឱ្យអ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនកម្ពុជា បារម្ភថា ការពន្យារពេលរបស់ភាគីថៃ គឺជាល្បិចអូសបន្លាយពេល ដើម្បីយកឱកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីកម្ពុជានៅតាមព្រំដែន ដែលយោធាថៃកំពុងកាន់កាប់។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គួរតែប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិICJដើម្បីទាមទារទឹកដី ដែលថៃបានឈ្លានពាន ទាំងមុន និងក្រោយ ត្រឡប់មកវិញ មុនពេលថៃ សាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនជាងនេះ ដែលអាចនឹងបង្កផលវិបាកដល់កម្ពុជា កាន់តែខ្លាំង៕









