

អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលទាំងឪពុកនិងកូនពុំទាន់ដោះស្រាយបញ្ហាជាតិធំៗនោះទេ ក្រៅតែពីបង្ហោះចម្រៀងដើម្បីបន្លប់ស្ថានការណ៍ បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទីក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានលើកឡើងថា បើតាមការកត់សម្គាល់របស់លោកទាក់ទងទៅដំណោះស្រាយចំពោះការងារជាតិធំៗ ដូចជា ការបើកលំហសិទ្ធិបញ្ចេញមតិ សេរីភាពសារព័ត៌ សេរីភាពធ្វើនយោបាយ ការស្តារឡើងវិញនូវបញ្ហាប្រជាធិបតេយ្យ បញ្ហាឆបោកអនឡាញ ក៏ដូចជាបញ្ហានៅតាមព្រំដែន រដ្ឋាភិបាលគឺពុំទាន់បានដោះស្រាយអ្វីជាដុំកំភួននោះទេ ក្រៅតែពីការការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា អះអាងថា ជនភៀសសឹកមានការត្អូញត្អែរអំពី ការលំបាករបស់ពួកគាត់ដែលកំពុងរស់នៅកន្លែងសុវត្ថិភាព ក៏មិនទាន់បានឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋនោះទេ។ លោកថា នៅពេលប្រទេសជាតិជួបសង្គ្រាម នៅពេលប្រជាពលរដ្ឋព្រួយបារម្ភអំពីសុវត្ថិភាព និងអនាគតប្រទេសជាតិ លោក ហ៊ុន សែន បែរជាបង្ហោះបទចម្រៀងដែលភាគច្រើនជាបទសរសើរលោកខ្លួនឯង និងក្រុមគ្រួសាររបស់លោក ធ្វើព្រងើយទៅវិញ ដូច្នេះបញ្ជាក់ថា ទង្វើរបស់លោក ហ៊ុន សែន ហាក់ខ្វាយខ្វល់ពីរឿងផ្ទាល់ខ្លួន ច្រើនជាងបញ្ហាទុក្ខសោករបស់ជាតិនិងប្រជាជន។
លោក ស៊ឹង សែនករុណា៖ «កិច្ចការងារជាតិសំខាន់ៗរបស់ជាតិគឺអត់អាចធ្វើទៅបាន ហើយការលើកឡើងវាគ្រាន់តែជាការលើកឡើងដើម្បីធ្វើម៉េច ព្យាយាមបង្ហាញពីការខិតខំប្រឹងប្រែង ប៉ុន្តែជាលទ្ធផលគឺយើងឃើញថាអត់មានអីដែលជាដុំកំភួន ហើយជាការធ្វើឲ្យពលរដ្ឋ និងអ្នកតាមដានទៅលើបញ្ហាសង្គម បញ្ហាជាតិនិងនយោបាយ មិនអាចជឿទុកចិត្តបានទៅលើការដឹកនាំរបស់ប្រធានព្រឹទ្ធសភាដែលជាឪពុកនិងកូនដែលជានាយករដ្ឋមន្ត្រីហ្នឹងទេ»។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា បើទោះបីជាមានពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកធ្វើការសម្ដែងមតិចង់ឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទាក់ទងទៅនឹងយោធាថៃឈ្លានពានមកលើកម្ពុជា ក៏រដ្ឋាភិបាលមិនមានចំណាត់ការអ្វីនោះទេ គឺបានត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ។
កាលលើកឡើងនេះបន្ទាប់ពី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា លើកឡើងក្នុងសេចក្តីថ្លែងការណ៍ស្ដីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថា ក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរាជរដ្ឋាភិបាល សកម្មមមាញឹកយ៉ាងខ្លាំង ប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយ ដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ ។ លោកថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងថវិកាដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដើម្បីស្ដារជីវភាពប្រជាពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការបំផ្លិចបំផ្លាញឱ្យបានឆាប់បំផុត។
លោក ប៉ែន បូណា៖ «និយាយជារួម រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់»។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន ម៉ាណែត ពុំមានសកម្មភាពអ្វីនោះឡើយក្រៅតែពីលើកទ្រឹស្ដីហូរដូចទឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ខណៈលោក ហ៊ុន សែន ដែលជាឪពុកសកម្មក្នុងការបង្ហោះបទចម្រៀង ស្របពេលប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃរាប់ម៉ឺននាក់ កំពុងរស់នៅភៀសសឹក និងរងទុក្ខខ្លោចផ្សាពីការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដីធ្លី ដោយសារយោធាថៃ ឈូសឆាយនិងដុតកម្ទេចចោល ព្រមទាំងដាក់បន្លាលួស និងដាក់ទូរកុងតឺន័រដើម្បីគ្រប់គ្រង៕









