

សង្គមស៊ីវិល សហជីព និងគណបក្សក្រៅរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរចាប់ខ្លួនឃាតករ និងអ្នកនៅពីក្រោយខ្នង ដែលរៀបចំផែនការបាញ់សម្លាប់ ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីរំឭកខួប ២២ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ។
នៅចំខួប ២២ឆ្នាំនៃការបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា ក្រុមអង្គការសង្គមស៊ីវិល សហជីពកម្មករ និង គណបក្សនយោបាយមួយចំនួន បានទៅអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅកន្លែងតម្កល់រូបសំណាករបស់លោក ក្បែររបងវត្តលង្កា រាជធានីភ្នំពេញ។ ទន្ទឹមនេះ ក្រុមអ្នកចូលរួម បានទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ចាប់ជនដៃដល់ និង អ្នកនៅពីក្រោយអំពើឃាតកម្ម យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនលោក ជា វិជ្ជា និងគ្រួសារ។
ក្រុមអង្គការសង្គមស៊ីវិលសហជីពកម្មករ និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល សុទ្ធតែហៅលោក ជា វិជ្ជា ថាជាវីរបុរសកម្មករ ហើយអះអាងថា លោក ជា វិជ្ជា នៅក្នុងបេះដូងរបស់ពួកគេជានិច្ច។
រីឯប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា ករណីឃាតកម្មលើ លោក ជា វិជ្ជា គឺជាអំពើអយុត្តិធម៌ ដែលបង្កឡើងដោយក្រុមគ្រួសារលោក ហ៊ុន សែន។
អនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក អាត់ ធន់ លើកឡើងថា លោក ជា វិជ្ជា គឺជានិមិត្តរូបមួយ នៃការតស៊ូ ដើម្បីសេរីភាព និងសិទ្ធិកម្មករ ក្នុងប្រទេសកម្ពុជា ដោយលោក ជា វិជ្ជា បានចាប់ផ្ដើមមុនគេ ក្នុងការធ្វើសកម្មភាពទាមទារពីនិយោជក និង រដ្ឋាភិបាល នូវសិទ្ធិសេរីភាពសហជីព និងការដំឡើងប្រាក់ឈ្នួលឲ្យកម្មករ។ លោកថា កាលសម័យលោក ជា វិជ្ជា សហជីពមានសកម្មភាពខ្លាំង នៅប្រកៀកស្មាជាមួយកម្មករ ក្នុងការទាមទារឲ្យដំឡើងប្រាក់ឈ្នួល និងឲ្យដោះស្រាយរឿងរំលោភច្បាប់ជាដើម ដែលធ្វើឲ្យនិយោជក និង រដ្ឋាភិបាលខ្លាច និង រកដំណោះស្រាយឲ្យកម្មករបានយ៉ាងច្រើនករណី។

លោក អាត់ ធន់៖ «ខ្ញុំអាចនិយាយបានថា បើយើងប្រៀបធៀប ២០ឆ្នាំមុន ចលនាសហជីពមិនខ្សោយទេ គឺខ្លាំង ក៏ប៉ុន្តែនៅចំនួនតិច ហើយនៅជុំគ្នាដុំៗ ហើយមានក្រុមច្បាស់លាស់ ប៉ុន្តែ ពេលបច្ចុប្បន្នសហជីពបើនិយាយពីចំនួនវាច្រើន បើនិយាយពីសហជីព ហើយនឹងអំណាចសហជីពដែលជួយដល់កម្មករឲ្យខ្លាំងក្លា ដោះស្រាយរឿងធំៗដូចជាខ្សោយ! ខ្សោយទៅវិញ»។
ចំណែកឯ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា ការបាញ់សម្លាប់លោក ជា វិជ្ជា គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ទៅលើសេរីភាពថ្នាក់ដឹកនាំសហជីព ដែលជាឧបសគ្គបង្កការភ័យខ្លាច ហើយធ្វើឲ្យរាំងស្ទះដល់ការចងក្រងសហជីព និងការអនុវត្តសិទ្ធិរបស់កម្មករ។ កញ្ញា សម្ដែងការខកចិត្ត ដែលរយៈពេល ២២ឆ្នាំ នៅមិនទាន់មានពន្លឺយុត្តិធម៌សម្រាប់លោក ជា វិជ្ជា នៅឡើយ។
កញ្ញា ឈឹម ស៊ីថរ៖ «ទោះជាយ៉ាងណាក៏ដោយ យើងក្នុងនាមជាចលនាសហជីព យើងមិនបោះបង់ការទាមទាររបស់យើងទេ បើទោះបីជាប្រើរយៈពេលយូរប៉ុណ្ណា ក៏ដោយ លុះត្រាណាយើងទទួលបានការពិត អំពីការបាញ់សម្លាប់អ្នកណា ដែលបាញ់សម្លាប់ពូ ជាវិជ្ជាហ្នឹង ពិតប្រាកដ ទើបយើងអាចទទួលយកការពិតនឹងបាន។ អ៊ីចឹងទោះបីជាយូរយ៉ាងណាក៏ដោយ ក៏យើងនៅបន្តទាមទារឲ្យមានយុត្តិធម៌សម្រាប់គាត់»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី២២ ខែមករា។
អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញនៅកម្ពុជា លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតូបលក់កាសែត ក្បែរកែងរបងវត្តលង្កាកណ្ដាលរាជធានីភ្នំពេញ ខណៈលោកកំពុងអានកាសែត កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ មកដល់ថ្ងៃប្រារព្ធខួប ទី២២ ខែមករា ឆ្នាំ២០២៦នេះ ឃាតកម្មសម្លាប់លោក ជា វិជ្ជា មានរយៈពេល ២២ឆ្នាំហើយ។
ឃាតកម្មនេះ កើតឡើងក្នុងពេលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយរវាងគណបក្សធំៗ ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្ស សម រង្ស៊ី ដែលជាប់គាំងមិនអាចសម្របសម្រួលគ្នា បង្កើតរដ្ឋាភិបាលថ្មីបាន នៅក្រោយការបោះឆ្នោតឆ្នាំ២០០៣ ពេលគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី កាលនោះ រួមគ្នាប្រកាសបដិសេធលទ្ធផលបោះឆ្នោត។ ប្រមាណមួយសប្ដាហ៍ក្រោយអំពើឃាតកម្ម ឃាតករសិប្បនិមិត្តពីរនាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឱ្យទទួលខុសត្រូវ។ ឃាតករសិប្បនិមិត្តទាំងពីរនាក់ ត្រូវបានតុលាការកំពូល ដោះលែងឱ្យមានសេរីភាព ក្នុងខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីជាប់ពន្ធនាគារដោយគ្មានកំហុសជិត ៦ឆ្នាំ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ សម្ដែងការសោកស្ដាយ ដែលរយៈពេល ២២ឆ្នាំទៅហើយ អាជ្ញាធររដ្ឋាភិបាល និងតុលាការកម្ពុជា មិនអាចរកយុត្តិធម៌ ជូនលោក ជា វិជ្ជា និង សហការីរបស់លោកជាច្រើនរូបទៀត ដែលត្រូវបានគេធ្វើឃាត ក្នុងបេសកកម្មការពារសិទ្ធិកម្មករ។ លោកថា ការប្រើពេលដល់ទៅ ២២ឆ្នាំ ហើយមិនអាចរកយុត្តិធម៌ជូនលោក ជា វិជ្ជា បាននោះមិនអាចជឿបានទេថា កម្ពុជាជាប្រទេសមានសន្តិភាព ព្រោះខ្វះធាតុយុត្តិធម៌សង្គម។
លោក លី សុធារ៉ាយុត្តិ៖ «ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានឹងរួមគ្នា ជាធ្លុងមួយក្នុងនាមជាខ្មែរ ដែលស្រឡាញ់យុត្តិធម៌សង្គម ស្រឡាញ់សេរីភាព នឹងរួមគ្នាជំរុញឲ្យមានការរកឲ្យឃើញនៅឃាតកពិតប្រាកដ ហើយនឹងគូរកន ដែលពាក់ព័ន្ធនឹងការសម្លាប់លោក ជា វិជ្ជា។ បើទោះបីជានៅពេលនេះ មិនទាន់អាចរកឃើញ ក៏ប៉ុន្តែសង្ឃឹមនៅពេលក្រោយនឹងអាចរកឃើញ ហើយយុត្តិធម៌ពិត ប្រាកដនឹងប្រគល់ទៅជូន លោកជា វិជ្ជា ថ្វីត្បិតលោកបានស្លាប់ទៅហើយ ជាពិសេសក្រុមគ្រួសាររបស់គាត់ និងជនរងគ្រោះផ្សេងទៀត ដែលរួម ចំណែកជាមួយលោក ជា វិជ្ជា ក្នុងការលើកស្ទួយនៅយុត្តិធម៌សង្គម ទាមទារឲ្យ មានការគោរពសិទ្ធិកម្មករ សិទ្ធិមនុស្សជាដើម»។
ជាមួយគ្នានេះ ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ដែលទើបចេញពីពន្ធនាគារបាន ២ខែ ពាក់ព័ន្ធនឹងសកម្មភាពការពារសិទ្ធិកម្មករ បានលើកឡើងថា លោក ជា វិជ្ជា គឺជាវីរជនដែលបានបណ្ដុះស្មារតីក្លាហាន ដល់សហជីពកម្មករក្នុងការការពារសិទ្ធិ និងយុត្តិធម៌ការងារ។
លោក ម៉ម រិទ្ធី ទាមទារឲ្យរដ្ឋាភិបាលចាប់ឃាតករពិតទៅផ្ដន្ទាទោស និងបើកសេរីភាពឲ្យសហជីព អាចបំពេញការងារការពារសិទ្ធិកម្មករ។ បន្ថែមលើនេះ លោកបានអំពាវនាវឲ្យសហជីព សមាគម និង អង្គការសង្គមស៊ីវិល រួបរួមសាមគ្គីគ្នា បម្រើប្រយោជន៍របស់កម្មករ និងប្រជាពលរដ្ឋ។
លោក ម៉ម រិទ្ធី៖ «ប្រសិនបើពួកយើង មិនរួបរួមសាមគ្គីគ្នាទេ ខ្ញុំជឿថា សំឡេងសហជីពកាន់តែខ្សោយ សំឡេងអង្គសង្គមស៊ីវិល ដែលធ្វើការស្មោះត្រង់កាន់តែខ្សោយ សំឡេងសមាគមន៍កាន់តែខ្សោយ វាធ្វើឲ្យជនឆ្លៀតឱកាស ជនខិលខូចមួយចំនួន ដែលរកស៊ី ដែលធ្វើការដោយអំពើទុច្ចរិតនឹងចាប់ផ្ដើមមានឱកាសកាន់ តែខ្ពស់ទៅៗ។ អ៊ីចឹងហើយនៅក្នុងឱកាសនេះ ជាវីរភាពរបស់លោក ជា វិជ្ជា ដែលបន្សល់ទុកឲ្យពួកយើងជំនាន់ក្រោយ លោកចង់បានតែម្យ៉ាងគឺការរួបរួម សាមគ្គីរបស់សហជីព របស់សមាគម របស់អង្គការ ដើម្បីជួយប្រទេសជាតិ ជួយកម្មករ បន្តពីលោកទៅមុខទៀត។ អ៊ីចឹងខ្ញុំស្នើសុំបងៗទាំងអស់គ្នា សូមរួបរួម សាមគ្គីគ្នាឡើង ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិយើង ហើយកុំខ្លាច»។
អ្នកឃ្លាំមើលលើកឡើងថា ២២ឆ្នាំក្រោយអំពើឃាតកម្មលើលោក ជា វិជ្ជា ស្ថានភាពនៃការបំពានសិទ្ធិកម្មករ ធ្លាក់ក្នុងវិបត្តិកាន់តែអាក្រក់ នៅក្រោមនយោបាយកណ្ដាប់ដៃដែក «ងើប១វៃ១» របស់លោក ហ៊ុន សែន។ ពួកគេលើកឡើងថា ស្ថានភាពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និង សិទ្ធិកម្មករ រួមទាំង ការរកយុត្តិធម៌ជូនលោក ជា វិជ្ជា និង ជនរងគ្រោះផ្សេងទៀត អាចមានពន្លឺទៅបាន ទាល់តែមានការផ្លាស់ប្ដូរចេញនូវអំណាចផ្ដាច់ការនៃគ្រួសារត្រកូលហ៊ុនសព្វថ្ងៃ ទៅកាន់ប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕
ទស្សនាបទសម្ភាសន៍បន្ថែមជាមួយលោក រ៉ុង ឈុន៖









