លោក ហ៊ុន ម៉ាណែត ប្រកាស​ចូលរួម​ក្រុមប្រឹក្សា​សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ បង្កើត

0
35
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជា​នឹងចូលរួម​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិភាព​ដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ទើប​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​រវាង​អ៊ីស្រាអែល (Israel) និង​ក្រុម​ហាម៉ាស់ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។

លោក ហ៊ុន ម៉ាណែត អះអាង​ដូច្នេះ​ក្នុងជំនួប​ជាមួយ​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក របស់​សហរដ្ឋអាមេរិក​លោក សាមូអែល ប៉ាប៉ារូ (Samuel Paparo) នា​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៦ មករា។ លោក ហ៊ុន ម៉ាណែត ថា ការ​ចូលរួម​នេះ​ដើម្បី​បង្ហាញ​សុ​ឆន្ទៈ និង​ការប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ចំពោះ​សន្តិភាព​សកល។

ថ្មីៗ​នេះ​លោក ដូណាល់ ត្រាំ បាន​ប្រកាស​បង្កើត​ក្រុមប្រឹក្សា​សន្តិភាព​ដោយ​អញ្ជើញ​មេដឹកនាំ​ប្រទេស​ក្នុង​ពិភពលោក​មួយចំនួន​ចូលរួម ប៉ុន្តែ​លោក ដូណាល់ ត្រាំ បាន​តម្រូវឱ្យ​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ ត្រូវ​បង់ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​កៅអី​អចិន្ត្រៃយ៍​នៅ​ពេល​ផុត​អាណត្តិ ៣​ឆ្នាំ ដែលមាន​លោក ដូណាល់ ត្រាំ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អស់​មួយជីវិត។

បើទោះបីជា​ក្រុមប្រឹក្សា​នេះ​បង្កើតឡើង​ដើម្បី​ដោះស្រាយ ជម្លោះ​នៅ​តំបន់​ហ្កាហ្សា​យ៉ាងណាក្ដី ក្រុម​មួយ​នេះ ជាពិសេស​លោក ដូណាល់ ត្រាំ ត្រូវបាន​គេ​មើលឃើញ​ថា ហាក់​កំពុង​ព្យាយាម​ផាត់​ចោល​អង្គការ​សហប្រជាជាតិ​ដែលជា​ស្ថាប័ន​កំពូល​របស់​ពិភពលោក​ក្នុងការ​ដោះស្រាយ​ជម្លោះ​នានា។

កម្ពុជា​ជាទី​ប្រទេស​៣​ហើយ នៅ​តំបន់​អាស៊ាន បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​វៀតណាម ដែល​ប្រកាស​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិភាព តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ