កម្ពុជា​នៅ​តែ​មិន​ពន្លឿន​ប្ដឹង​ថៃ​ទៅ​តុលាការICJ ទោះ​ប្រទេស​បារាំង​ព្រម​ផ្ដល់​ឯកសារ និង​ផែនទី

0
53
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង សោកស្ដាយ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ពន្លឿន​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ​ICJ បើ​ទោះ​បី​ជា​បារាំង​បាន​ប្រកាស​ជំហរ​ជាថ្មី​ថា នឹង​សហការ​ជាមួយ​កម្ពុជា ក្នុង​ការ​ផ្ដល់​ឯកសារ ពាក់ព័ន្ធ។ ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​ស្ថាប័ន​អន្តរជាតិ ព្រោះ លោក​ខ្លាច​យោធា​ថៃ​បង្ក​សង្គ្រាម ជា​លើក​ទី​៣ ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​អំណាច​របស់​មេដឹកនាំ​ត្រកូល «ហ៊ុន» ទើប​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ។

ស្របពេល យោធា​ថៃ កំពុង​សាងសង់​លេណដ្ឋាន និង​សំណង​រឹង​នៅ​លើ​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​ខុសច្បាប់ ប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល​ទទូច​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ បើ​ពុំ​ដូច្នោះ​ទេ​ទឹកដី​ខ្មែរ ដែល​ថៃ​ឈ្លានពាន​យក នឹង​មិន​បាន​មក​កម្ពុជា​វិញ​នោះ​ឡើយ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ មករា​ថា ការ​ត្រៀមខ្លួន​សហការ​របស់​ប្រទេស​បារាំង​ជួយ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា​ជា​ការ​ឆ្លុះបញ្ចាំង​ថា បារាំង​គាំទ្រ​យុត្តិធម៌ ។ ប៉ុន្តែ ផ្ទុយទៅវិញ លោក​ថា មក​ទល់​ពេល​នេះ​កម្ពុជា នៅ​ពុំ​ទាន់ បង្ហាញ​គោលជំហរ ច្បាស់លាស់​ក្នុង​ប្ដឹង​ថៃ នោះ​ឡើយ។

លោក​បន្ត​ថា កម្ពុជា​គួរតែ​រៀបចំ​គណៈកម្មាធិការ​ដែល​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​ធ្វើការ​ជាមួយ​ប័ណ្ណ​សារដ្ឋាន​បារាំង ក្នុង​ការ​រៀបចំ​សំណុំរឿង​ព្រំដែន ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ប្ដឹង​ថៃ ទៅ តុលាការអន្តរជាតិ​ICJ ហើយ​កម្ពុជា​ត្រូវ​មាន​ភាព​ម្ចាស់ការ​លើ​សំណុំ​រឿង​នេះ ឱ្យ​បាន​ម៉ត់ចត់ ក្នុង​ការ​ឆ្លើយឆ្លង​ជាមួយ​តុលាការ​។ ទន្ទឹមគ្នា​នោះ​លោក​ថា កម្ពុជា​មិន​ត្រូវ​ផ្ដេកផ្ដួល​ទៅ​តាម ស្ថានការណ៍​នយោបាយ របស់​ប្រទេស​ថៃ​នោះ​ទេ ព្រោះថា ការ​ធ្វើ​បែបនេះ នាំ​តែ​កម្ពុជា​ខាត​ពេលវេលា និង​បាត់បង់​ការ​ការពារ​ដែន​អធិបតេយ្យភាព​របស់​ខ្លួនឯង។

លោក សេង វណ្ណលី៖ «ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការ​គាំទ្រ​របស់​បារាំង​កម្ពុជា​ត្រូវការ​អនុវត្ត យុទ្ធសាស្ត្រ ពហុ​វិស័យ​។​ជាដំបូង​កម្ពុជា​គួរតែ​បង្កើន​កិច្ចសហការ បច្ចេកទេស​ឱ្យ​កាន់តែ ស៊ីជម្រៅ​ជាមួយ​អ្នកជំនាញ​ផែនទី មេធាវី​អន្តរជាតិ​ដែល​មាន​បទពិសោធន៍ ដើម្បី​បកប្រែ នឹង​វិភាគ​រក​ទិន្នន័យ​ដែល​ទទួល​បាន​ពី​បារាំង ឱ្យ​ទៅ​ជា​ភស្តុតាង​វិទ្យាសាស្ត្រ ដែល​ងាយ​យល់ និង​មាន​ទម្ងន់​។ ទន្ទឹង​ការងារ​ច្បាប់ កម្ពុជា​ក៏​ត្រូវ​ប្រើប្រាស់​យន្តការ​ការទូត​សាធារណៈ ដើម្បី​ពន្យល់​ដល់​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ អំពី​ភាព​ត្រឹមត្រូវ នៃ​ផ្លូវច្បាប់​ដែល​ខ្លួន​កំពុង​ដើរ»។

ការ​លើកឡើង​នេះ ក្រោយ​ពី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​បារាំង លោក លុយ ដាវីត នៅ​ថ្ងៃទី​២៥ ខែមករា បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​នៅ​លើ​គណនី​ហ្វេសប៊ុក របស់​លោក​ថា ប្រទេស​បារាំង បាន​ត្រៀមខ្លួន ជាស្រេច​ក្នុង​ការ​ផ្ដល់​ឯកសារ និង​ផែនទី ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJតាមផ្លូវ​ចិត្ត។

ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាច​ទាក់ទង លោក លុយ ដាវីត ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែមករា។ គេ​ក៏​នៅ​មិនទាន់​ឃើញ​ភាគី​បារាំង​អះអាង​ជា​សាធារណៈ ឬ​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​លើកឡើង​របស់​លោក លោក លុយ ដាវីត នេះ​ដែរ។ រីឯ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ក៏​មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា លោក ប៉ែន បូណា លើកឡើង​នៅក្នុង​ការ​ផ្សាយ​ផ្ទាល់​អំពី​បច្ចុប្បន្នភាព​នៃ​ការវិវត្តន៍​ស្ថានការណ៍​រវាង​កម្ពុជា​-​ថៃ នៅ ថ្ងៃទី​២៦ ខែមករា​ថា ចាប់តាំងពី​កម្ពុជា​មាន​ជម្លោះព្រំដែន​និង​ថៃ​មក​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កំណត់​ទូត​តវ៉ា សេចក្ដីថ្លែងការណ៍ ញត្តិ​ថ្កោលទោស និង​លិខិត​បកស្រាយ សរុប​ចំនួន​ជិត​៧០០​លើក។ ប៉ុន្តែ​យ៉ាងណា លោក​ពុំបាន​បញ្ជាក់​ថា តើ​កម្ពុជា​បាន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​នោះ​ទេ។

លោក ប៉ែន បូណា៖ «សេនាធិការ​របស់​រដ្ឋាភិបាល​បាន​បំពេញការងារ​យ៉ាងសកម្ម​បំផុត​ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​ជាតិ បូរាណ​ភាព​ទឹកដី។ ក៏ដូចជា​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ​ភៀសសឹក​ដោយ​ចាត់ទុកជា​ការ​អភិវឌ្ឍ​ន៍​ចម្បង​បំផុត​របស់​រដ្ឋាភិបាល។ ជាក់ស្ដែង ក្នុង​អំឡុង​ពេល ៦​ខែ​ចុង​ក្រោយ​នេះ​ក្រសួង និង​ស្ថាប័ន នានា​របស់​រដ្ឋាភិបាល បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កំណត់​ទូត​តវ៉ា សេចក្ដី​ថ្លែងការណ៍ ញត្តិ​ថ្កោលទោស លិខិត​បកស្រាយ ឬ​លិខិត​ឆ្លើយ តប​ផ្សេងៗ គ្រប់​ទម្រង់​សរុប​ជិត​៧០០​លើក»។

ស្រប​ពេល កម្ពុជា​កំពុងតែ ជាប់​គាំង​មិន​អាច​ចរចា ទ្វេភាគី​ជាមួយ​ថៃ ហើយ​មិនអាច ប្រើ​យន្តការ ការទូត ដើម្បី​ដាក់ សម្ពាធ​ភាគី​ថៃ ឱ្យ​ដក​កងទ័ព ចេញពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះ​យោធា​ថៃ គ្មាន​បន្ធូរបន្ថយ ក្នុង​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ ជាថ្មី​បន្ថែម​ទៀត​នោះ​ឡើយ​។ ជាក់ស្ដែង នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ យោធា​ថៃ​កំពុងតែ ពង្រាយ​កងទ័ព​ឱ្យ​ឈរជើង និង​កាត់ផ្ដាច់​ប្រព័ន្ធ​ទឹក​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​រស់នៅ​តំបន់​នោះ​បាន​ទៀត។ ស្រប​ពេល​នោះ​យោធា​ថៃ​ក៏ បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ ជា​បន្តបន្ទាប់ ក្រោយពី អ្នកភូមិ ចាក​ចេញពី​ទីនោះ។

ចំណែក​នៅ​តំបន់​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ យោធា​ថៃ​បាន សាងសង់ លេណដ្ឋាន និង​ពន្រាយ​កុងតឺន័រ និង ដុត​ផ្ទះ​អ្នកភូមិ​ចោល សឹងតែ​ទាំងស្រុង​។ ជាមួយគ្នា​នោះ​នៅ​តំបន់​ភ្នំ​ទ្រព្យ ភ្នំ​២៥០ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី ខេត្ត​ឧត្តរមានជ័យ និង​តាម​ជូរ​ភ្នំ​ជិត​ប្រាសាទព្រះវិហារ និង​តំបន់​អានសេះ ខេត្តព្រះវិហារ​ជាដើម ក៏​ត្រូវ​បាន​យោធា ពលរដ្ឋ និង​ព្រះសង្ឃ​ថៃ​កំពុង​សស្រាក់សស្រាំ​ធ្វើ ផ្លូវ​បេតុង កសាង​រូប​សំណាក​ព្រះពុទ្ធ និង​ដំឡើង​ទង់ជាតិ​ថៃ ហាក់​កំពុង​ប្រែក្លាយ ទៅជា​តំបន់​គ្រប់គ្រង​អចិន្ត្រៃយ៍ របស់​យោធា​ថៃ​ទាំងស្រុង។ រីឯ​កងទ័ព​ខ្មែរ បាន​ត្រឹមតែ ឈរ​នៅ​តាម​ជើងភ្នំ ហើយ​ពុំ​ហ៊ាន​រារាំង យោធា​ថៃ​នោះ​ទេ បើ​ទោះ​បី ជា​ឃើញ​យោធា​ថៃ​រាយ​បន្លា​លួស ចូល​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង ក្រោយ​បទ​ឈប់​បាញ់​ទៀត ក្ដី។

ពលរដ្ឋ​រស់នៅ​តំបន់​អូរស្មាច់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ បារម្ភ​ពី សុវត្ថិភាព លើកឡើង​ថា នៅ​តំបន់​អូរស្មាច់ អ្នកភូមិ ពុំ​អាច​រស់នៅ​បានទេ ព្រោះ​យោធា​ថៃ បាន​កាន់កាប់​តំបន់​មួយចំនួន ហើយ​ប្រព័ន្ធ​ទឹក ក៏​ត្រូវ​បាន​កាត់ផ្ដាច់​ចោល​អស់​។ លោ​កថា​ប្រសិនបើ​កម្ពុជា​មិន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទេ អ្នកភូមិ​មិនដឹង​ពេលណា ទើប​អាច​រស់នៅ ដោយ​សុខសាន្ត​ឡើងវិញ​នោះ​ទេ។

«ខ្ញុំ​ថាបើ​បាន​ប្ដឹង​នៅ​អង្គការ​អន្តរជាតិ ខ្ញុំ​ថា​សំខាន់​ណាស់ ទុក​ឱ្យ​គេ​កាត់ក្ដី អ្នកណា​ត្រូវ អ្នកណា​ខុស​លើ​តុលាការអន្តរជាតិ​។ បើ​អត់​បាន​ដាក់​ពាក្យ​ប្ដឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​មានការ​បារម្ភ​។ បើ​និយាយ​ទៅ​ខ្ញុំ​ព្រួយបារម្ភ​គ្រប់ពេលវេលា​។ ដេក​គិត​ស្រមៃ​នៅក្នុង​នោះ​។ បើ​និយាយ​ពី​ការ​សោកស្ដាយ បើ​ដី​ដែល​ធ្លាប់​រស់នៅ មិន​ចង់ឱ្យ​វា​មានការ​បាត់បង់​ទេ​។ យើង​ធ្លាប់​រស់នៅ រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ​។ មិន​ចង់ឱ្យ​បាត់បង់​បាន​ទៅ​ភាគី​ណា​ទេ នេះ​សម្រាប់​រូប​ខ្ញុំ»។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ការដែល​កម្ពុជា​ពុំ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ហើយ បន្ត​រង់ចាំ​តែ​ការ​ដោះស្រាយ តាមរយៈ ទ្វេភាគី​ជាមួយ​ថៃ​បែបនេះ គឺ​បង្ហាញថា លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន កំពុង​យក​ដែន​អធិបតេយ្យ​កម្ពុជា​មកលេង​សើច ហើយ​កំពុងតែ​កុហក បោកប្រាស់​ប្រជាពលរដ្ឋ​។ លោក​ថា ករណីនេះ​គឺជា​រឿង​ដ៏​ឈឺចាប់ ហើយ គ្មាន​ថ្ងៃ កម្ពុជា​អាច ទាមទារ​ទឹកដី​ចំនួន ៤០​ទីតាំង ដែល​បាត់បង់​នោះ បាន​មកវិញ​នោះ​ទេ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

លោក អ៊ុំ សំអាន៖ «បើ​កម្ពុជា​ខ្លាច​ថៃ​បង្ក​សង្គ្រាម បង្កជម្លោះ ៤០​ទីតាំង​ដែល​បាត់បង់​នោះ​អត់​បាន​មក​វិញ​ទេ​។ ស៊ូ​បាត់បង់​៤០​ទីតាំង ឬ​យើង​នៅតែ​ខ្លាច​ថៃ។ បើ​ខ្លាច​ថៃ​ពេក​សូម្បីតែ​ប្ដឹង​មិន​ហ៊ាន​ប្ដី ខ្ញុំ​យល់ថា​អត់​មាន​បំណង​ទាមទារ​ទឹកដី ចំនួន​៤០​ទីតាំង​យក​ពី​ថៃ​មកវិញ​នោះ​ទេ។ ហើយ លើក​ពី​ភាពស្មុគស្មាញ​ថា ថៃ​មិន​ឡើង​ទៅ​ICJ ហ្នឹង​! ឥឡូវ​ប្ដឹង​សិន​ទៅ បើ​មិនទាន់​ប្ដឹង​ផង ធ្វើ​ម៉េច​បាន​ដឹង​ថា គេ​មិន​ទៅ​។ ប្ដឹង​ទៅ​ថៃ អាច​នឹង​ឡើង​ទៅ ប្ដឹង​ទៅ​តុលាការ​ICJ​គេ អាច​នឹង​កោះហៅ​ថៃ»។

អ្នកវិភាគ និង​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នៅតែ​បន្ត​ជំរុញ​ឱ្យ លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជុំវិញ​ទង្វើ​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​យោធា​ថៃ បាន​បំពាន​មក​លើ​កម្ពុជា។ ពួកគាត់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន មិន​ព្រម​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ មេដឹកនាំ​នៃ​គ្រួសារ​ត្រកូល​ហ៊ុន ត្រូវ​ទទួល​ខុសត្រូវ​នៅ ចំពោះ​មុខ​ប្រជាពលរដ្ឋ និង​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​នៅ​ពេល​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ