

អ្នកឃ្លាំមើលសង្គមទាមទារឲ្យរដ្ឋាភិបាលកម្ពុជាតាមដានដោយយកចិត្តទុកដាក់ និងបន្តសហការជាមួយប្រទេសចិន ចំពោះការកាត់ទោសលោក ចេន ហ្ស៊ី (Chen Zhi) ដោយសារតែលោកបានប្រើប្រាស់កម្ពុជា ជាមូលដ្ឋានក្នុងការធ្វើប្រតិបត្តិការឆបោកប្រជាពលរដ្ឋនៅជុំវិញពិភពលោក។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺថា ការដកហូតសញ្ជាតិខ្មែរ និងការបញ្ជូនមេឧក្រិដ្ឋជនលំដាប់ពិភពលោកលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិនវិញ គឺជាវិធានការច្បាប់ស្របតាមអធិបតេយ្យភាពរបស់កម្ពុជា និងបន្ទាប់ពីរកឃើញភាពមិនប្រក្រតីក្នុងដំណើរការទទួលបានសញ្ជាតិខ្មែររបស់បុគ្គលរូបនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានអះអាងថា រដ្ឋាភិបាលកម្ពុជាត្រូវតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះការកាត់ទោសលោក ចេន ហ្ស៊ី នៅក្នុងប្រទេសចិន ដោយសារតែលោក ចេន ហ្ស៊ី បានប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានក្នុងការធ្វើប្រតិបត្តិការឆបោកប្រាក់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅជុំវិញពិភពលោក។
លោក សេក សុជាតិ បន្ថែមទៀតថា កម្ពុជាគួរតែបន្តសហការជាមួយប្រទេសចិនដើម្បីបង្ហាញឲ្យឃើញអំពីតម្លាភាព និងផ្តល់នូវព័ត៌មានពិតទៅដល់សហគមន៍អន្តរជាតិដើម្បីលាងជម្រះបញ្ហា ឬមន្ទិលសង្ស័យដែលពាក់ព័ន្ធជាមួយបទល្មើសឆបោកប្រាក់ និងឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយលោក ចេន ហ្ស៊ី។
លោកថា ការបញ្ជូនលោក ចេន ហ្ស៊ី ត្រឡប់ទៅប្រទេសចិនវិញជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាត្រូវធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងអាចទទួលយកបានចំពោះចំណាត់ការរបស់កម្ពុជាព្រោះថា ប្រទេសទាំងនេះសុទ្ធតែមានប្រជាពលរដ្ឋជាជនរងគ្រោះដោយសារអំពើឆបោកតាមអនឡាញ។
លោក សេក សុជាតិ៖ «ការបញ្ជូន ចេន ហ្ស៊ី ត្រឡប់ទៅវិញគឺមិនទាន់អាចនិយាយថា កម្ពុជាបញ្ចប់ភារកិច្ចទេដូច្នេះកម្ពុជាត្រូវបន្តកិច្ចសហប្រតិបត្តិការ ហើយផ្តល់ព័ត៌មានពិតទៅដល់គ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀតដើម្បីធានាបាននូវតម្លាភាពយុត្តិធម៌មួយដែលគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់អាចយល់ឃើញ និងអាចទទួលយកបាន»។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន កាលពីពេលថ្មីៗនេះ បានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ការទទួលបានសញ្ជាតិខ្មែររបស់អតីតឧកញ៉ាខ្មែរដើមកំណើតចិនលោក ចេន ហ្ស៊ី គឺធ្វើឡើងខុសច្បាប់កម្ពុជា។
ចំណែកក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី២៦ មករា ថា ការបណ្តេញលោក ចេន ហ្ស៊ី ត្រឡប់ទៅប្រទេសចិនវិញ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា និងផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ ហើយការដកសញ្ជាតិលោក ចេន ហ្ស៊ី គឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា គឺនៅតែមានភាពរឹងមាំ និងថា ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ បានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិ។
ទោះជាយ៉ាងណា នរណាក៏ដឹងដែរថា លោក ចេន ហ្សី មិនអាចទទួលបានសញ្ជាតិខ្មែរបាននោះទេប្រសិនបើគ្មានការយល់ព្រមពីអ្នកដឹកនាំកំពូលរបស់កម្ពុជា ជាពិសេសគឺលោក ហ៊ុន សែន ហើយលោក ចេន ហ្សី ថែមទាំងត្រូវបានលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតាំងឱ្យធ្វើជាទីប្រឹក្សា និងអមដំណើរទៅក្រៅប្រទេសម្តងម្កាលទៀតផង។
ទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកស៊ឹង សែនករុណា យល់ឃើញថា ការដែលមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រហូតទៅដល់នាយករដ្ឋមន្ត្រីយកមេឧក្រិដ្ឋជនមកធ្វើជាទីប្រឹក្សារបស់ខ្លួនគឺបង្ហាញអំពីអសមត្ថភាពរបស់ថ្នាក់ដឹកនាំ ហើយក៏ជាការប្រមាថទៅដល់ព្រះមហាក្សត្រថែមទៀតផង។
ចំពោះការប្រគល់លោក ចេន ហ្ស៊ី ទៅឲ្យប្រទេសចិន លោក ស៊ឹង សែនករុណា យល់ថា ដោយសារតែលោក ចេន ហ្ស៊ី ក៏មានសញ្ជាតិខ្មែរ នោះមានន័យថា ច្បាប់របស់កម្ពុជាក៏អាចអនុវត្តទោសទៅលើបុគ្គលរូបនេះបាន បើដូច្នេះវាគ្មានហេតុផលអីដែលត្រូវបញ្ជូនលោក ចេន ហ្ស៊ី ទៅប្រទេសចិនដើម្បីកាត់ទោសនោះទេ។
លោក ស៊ឹង សែនករុណា៖ «គេមានមន្ទិលសង្ស័យថា ចេន ហ្ស៊ី នេះគឺជាមនុស្សដែលមានពាក់ព័ន្ធទៅនឹងការរៀបចំរវាងមេដឹកនាំនយោបាយនៃប្រទេសទាំងពីរហាក់ដូចជាធ្វើការបញ្ចៀសទៅឱ្យប្រទេសចិនដោយគេចផុតអំពីការតាមដាន ការតាមចាប់ខ្លួនពីបណ្តាប្រទេសលោកសេរី»។
លោក ចេន ហ្ស៊ី និងគី្នគ្នាចំនួន ២នាក់ទៀត ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ តាមសំណើរបស់អាជ្ញាធរចិន។ ទីក្រុងប៉េកាំងបានចាត់ទុកឧក្រិដ្ឋជន ចេន ហ្ស៊ី ថា ជាមេខ្លោងដ៏សំខាន់មួយក្នុងបទល្មើសឆបោកឆ្លងដែនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងសន្តិសុខសាធារណៈចិនបានប្រកាស កាលពីថ្ងៃទី១៥ ខែមករា ថា អាជ្ញាធរនឹងអត់ឱនទោសចំពោះជនទាំងឡាយណា ដែលមានសេចក្តីក្លាហានចូលខ្លួនសារភាពទទួលកំហុសពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញដែលពាក់ព័ន្ធនឹងឧក្រិដ្ឋជន ចេន ហ្ស៊ី៕









