
ពលរដ្ឋរិះគន់ថា រដ្ឋាភិបាលរឹតត្បិតព័ត៌មានអំពីបច្ចុប្បន្នភាពជុំវិញរឿងជម្លោះព្រំដែន កម្ពុជា-ថៃ ធ្វើឱ្យពួកគាត់បាត់ព័ត៌មានសំខាន់ៗ ខណៈក្រុមសារព័ត៌មានអនឡាញ និងក្រុម MMO មួយចំនួន បានឆ្លៀតយកព្រឹត្តិការណ៍ និងរឿងរ៉ាវរបស់បុគ្គលឯកជន មកផ្សព្វផ្សាយបង្វែរស្ថានការណ៍ និងបំពុលសង្គម។ ពួកគាត់បារម្ភថា កត្តាទាំងនេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីតាមព្រំដែនស្ងាត់ៗ ដោយពលរដ្ឋម្ចាស់ប្រទេស មិនបានដឹងខ្លួន។
ខណៈយោធាថៃកំពុងពន្លឿនការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ក្នុងទីតាំងដែលដណ្ដើមបានពីកម្ពុជានោះ ព័ត៌មាន និងការជជែកគ្នាស្ដីអំពីបញ្ហានេះ ហាក់កាន់តែស្ងប់ស្ងាត់ នៅលើបណ្ដាញសង្គមរបស់កម្ពុជា។
ពលរដ្ឋនៅតំបន់បឹងត្រកួន លោកស្រី ចាន់ ស្រីមុំ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២ ខែកុម្ភៈ ថា មួយរយៈកាលចុងក្រោយនេះ លោកស្រីមិនទទួលបានព័ត៌មានសំខាន់ៗ ចេញពីតំបន់ព្រំដែនថៃ ដូចជាស្ថានភាពជនភៀសសឹក ជីវភាពរបស់យោធិនខ្មែរ ឬសកម្មភាពឈ្លានពានរបស់យោធាថៃឡើយ ខណៈព័ត៌មានដែលស្ថាប័នរដ្ឋបានផ្សាយប្រចាំថ្ងៃ ភាគច្រើន គឺជាព័ត៌មានបែបពិធីការដដែលៗ និងគ្មានតម្លាភាព។
លោកស្រី ចាន់ ស្រីមុំ៖ «កុំឱ្យលាក់បាំងអ៊ីចឹង ព្រោះការបាត់បង់ទឹកដី គឺជារឿងធំធេង ជារឿងប្រទេសជាតិមួយ ហើយរវល់តែរឿងអត់ប្រយោជន៍អ៊ីចឹង វាឈឺចាប់ណាស់ អ្នកដែលរងប៉ះទង្គិចហ្នឹង និយាយស្ដីក៏អត់រួច»។
លោកស្រី ចាន់ ស្រីមុំ លើកឡើងបន្ថែមថា ក្នុងពេលដែលព័ត៌មានអំពីបញ្ហាព្រំដែន កាន់តែស្ងប់ស្ងាត់នៅលើបណ្ដាញសង្គម ក្រុម MMO និងសារព័ត៌មានអនឡាញមួយចំនួន បានបង្កើនការផ្សព្វផ្សាយរឿងបុគ្គលឯកជន ដូចជារឿងពិធីមង្គលការរបស់កូនចៅអ្នកមានលុយ មានអំណាច ដែលសម្ញែងសម្ភារៈនិយម និងគ្រឿងអលង្ការមានតម្លៃ និងរឿងបុគ្គលឯកជនផ្សេងទៀត ដែលបញ្ហានេះ ហាក់ជាការបញ្ឈឺចិត្តចំពោះគ្រួសារយោធិនពលី និងជនភៀសសឹក ដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន និងធ្វើឱ្យពលរដ្ឋផ្សេងទៀត ភ្លេចគិតរឿងបាត់ដីនៅតំបន់ព្រំដែន។
ចំណែកអ្នកសារព័ត៌មានឯករាជ្យម្នាក់ គឺកញ្ញា សុវណ្ណ សុមាលី សង្កេតឃើញថា នៅក្នុងព្រឹត្តិការជម្លោះព្រំដែនជាមួយប្រទេសថៃ រដ្ឋាភិបាលកម្ពុជា នៅតែអនុវត្តតាមស្តង់ដារចាស់ ដោយស្ថាប័នជាតិ បានលាក់បាំងព័ត៌មានសំខាន់ៗ និងអនុញ្ញាតឱ្យតែប្រព័ន្ធផ្សព្វផ្សាយ ដែលស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាល ចុះទៅយកព័ត៌មានផ្ទាល់ ខណៈក្រុម MMO មួយចំនួន បានឆ្លៀតយកព្រឹត្តិការណ៍នេះ មកកែច្នៃធ្វើជាមាតិកា រកកម្រៃ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានមិនពិត និងមិនស៊ីជម្រៅ។
កញ្ញា សុវណ្ណ សុមាលី៖ «ពាក្យក្នុងចិត្ត មិនថាប្រទេសជាតិ មានរឿងបែបណា ឬស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហ្នឹង គឺគ្រាន់តែជាអាយ៉ង ឬគ្រាន់តែជាឆាកល្ខោន នៅពេលត្រូវការសម្ដែង គេហៅមកទៅ ពេលសម្ដែងចប់ គេសាររោងទៅ គេចង់លេងរឿងអ្វី គឺស្ថិតតែនៅលើគេបញ្ជា គេអ្នកកន្ត្រាក់ខ្សែ។ ពលរដ្ឋនៅក្នុងប្រទេសនេះ គឺវាពិបាកក្នុងការទទួលបានព័ត៌មានអ្វីដែលពិត អ្វីដែលពួកគាត់ទទួលបានភាគច្រើនគឺជាការសម្ដែង»។
ទោះបីជាកម្ពុជា ត្រូវយោធាថៃឈ្លានពានដោយបាញ់ផ្លោង ទម្លាក់គ្រាប់បែក ចូលឈូសឆាយផ្ទះពលរដ្ឋ និងកាន់កាប់ទឹកដីជាង ៤០តំបន់ ទើបតែជាង ១ខែក៏ដោយ ក៏ការសួរដេញដោល និងបញ្ចេញមតិជាសាធារណៈ អំពីបញ្ហានេះ សឹងតែគ្មានទៀតនោះឡើយ ដោយនៅលើបណ្ដាញសង្គម ភាគច្រើនមានតែការផ្សព្វផ្សាយអំពីព័ត៌មានកម្សាន្ត រឿងរ៉ាវរបស់បុគ្គលឯកជន ខណៈព័ត៌មានរឿងព្រំដែន ដែលស្ថាប័នរដ្ឋបានផ្សាយជារៀងរាល់ថ្ងៃនោះ មានចំនួនអ្នកតាមដានតិចតួច ជាងរឿងឯកជនទៅទៀត ដែលនេះប្រហែលពលរដ្ឋយល់ថារដ្ឋាភិបាលផ្ដល់តែព័ត៌មានដដែលៗ និងលាក់កំបាំងព័ត៌មានរសើបនៃការរំលោភបំពានរបស់ថៃ។
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយឯករាជ្យណា ដែលបានផ្សាយពីបញ្ហាពិតអំពីតំបន់ព្រំដែន ត្រូវក្រុម MMO ដែលគេស្គាល់ថា បានបង្កើតឡើងដោយមេដឹកនាំកម្ពុជានោះ ចូលមកបញ្ចេញមតិ ឬ Comment រំខានការផ្សាយ។
រីឯពលរដ្ឋមួយចំនួន ដែលប្រើប្រាស់សិទ្ធិ ក្នុងការសួរដេញដោល រិះគន់ និងបញ្ចេញមតិក្នុងរឿងព្រំដែននេះ ត្រូវអាជ្ញាធររបស់បក្សកាន់អំណាចចាប់ខ្លួនយកទៅដាក់គុក ដោយចោទប្រកាន់ពីបទញុះញង់ ឬបំបាក់ទឹកចិត្តកងទ័ពជាដើម។ ប្រជាពលរដ្ឋមួយចំនួន យល់ឃើញថា ទង្វើនេះ គឺជាយុទ្ធសាស្ត្ររបស់មេដឹកនាំត្រកូលហ៊ុន ដែលគំរាមកំហែងបំបិទមាត់ប្រជាពលរដ្ឋ ដើម្បីគេចវេះពីការទទួលខុសត្រូវ ចំពោះភាពកម្សោយរបស់ខ្លួន ដែលដឹកនាំប្រទេស ធ្វើឱ្យបាត់បង់ទឹកដី និងរកវិធីធ្វើឱ្យពលរដ្ឋ ភ្លេចរឿងព្រំដែននេះ បន្តិចម្ដងៗ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីសុំការបកស្រាយនេះបានទេ នៅថ្ងៃទី២ ខែកុម្ភៈ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី កត់សម្គាល់ថា រដ្ឋាភិបាលបានរឹតត្បិតការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន អំពីបញ្ហាព្រំដែន តាំងពីកម្ពុជា និងថៃ កំពុងមានភាពតានតឹងដាក់គ្នាមកម្ល៉េះ ក្រោយពេលអាជ្ញាធរបានចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួន ដាក់ពន្ធនាគារ។ លោកជំរុញឱ្យរដ្ឋាភិបាល បើកលំហសេរីភាពសារព័ត៌មាន ឱ្យល្អប្រសើរជាងនេះ ដោយពិនិត្យឡើងវិញ ចំពោះករណីធ្វើទុក្ខបុកម្នេញ លើអ្នកសារព័ត៌មាន ដូចជាករណីប្ដឹងទៅតុលាការជាដើម។
លោក ណុប វី៖ «ទីពីរ គឺត្រូវពិនិត្យមើលរឿងខ្លឹមសារច្បាប់មួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងការប្ដឹងផ្ដល់ហ្នឹង ត្រូវធ្វើម៉េចក៏ដោយ ឱ្យខ្លឹមសារច្បាប់ទាំងអស់ហ្នឹង ជាពិសេសក្រមព្រហ្មទណ្ឌ មាត្រា ៤៩៤, ៤៩៥ ,៤៩៦ហ្នឹង គឺថាទទួលបានការធ្វើវិសោធនកម្ម និងមានការឱ្យចូលរួមពេញលេញ ពីស្ថាប័ន ភាគីពាក់ព័ន្ធ ដើម្បីធានាពីសុក្រឹតភាព និងប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់»។
ពាក់ព័ន្ធនឹងរឿងវិវាទព្រំដែនកម្ពុជា-ថៃ នេះដែរ មន្ត្រីការបរទេស និងយោធាថៃ នៅតែបន្តគំរាម និងចោទប្រកាន់មកលើកម្ពុជាថា ប្រសិនបើកម្ពុជាបាញ់កាំភ្លើង ដើម្បីបង្កជម្លោះ ឬទាមទារទឹកដី ដែលយោធាថៃ បានដណ្ដើមកាន់កាប់នោះ ថៃបានត្រៀមអាវុធរួចជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា ជាលើកទី៣។
ពលរដ្ឋលើកឡើងថា ជំនួសឱ្យការគំរាមកំហែង និងចាប់ចងពលរដ្ឋខ្លួនឯង មេដឹកនាំកម្ពុជា គួរតែរកវិធីទាមទារទឹកដីត្រឡប់មកវិញ បើមិនដូច្នេះទេ មេដឹកនាំ នឹងត្រូវប្រជាពលរដ្ឋចងចាំថា ជាមេដឹកនាំដែលអន់ និងកំសាកចំពោះសត្រូវឈ្លានពាន៕









