អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​កងទ័ព​ឱ្យ​បាន​សមរម្យ​មិនមែន​ខ្វល់ខ្វាយ​តែ​ពេល​មាន​សង្គ្រាម

0
41
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ជីវភាព​របស់​កងទ័ព តាមរយៈ​ការ​ផ្ដល់​ប្រាក់បៀវត្ស​ឱ្យ​បាន​សមរម្យ ខណៈ​ដែល​បច្ចុប្បន្ន​យោធិន ភាគច្រើន មាន​ជីវភាព​ខ្វះខាត​។ ពួកគាត់​ថា ការ​ធ្វើ​ទំនើបកម្ម​យោធា​ក៏​ជា​រឿង​ចាំបាច់ តាមរយៈ​ការ លុបបំបាត់​អំពើពុករលួយ បណ្ដុះ​សមត្ថភាព​កងទ័ព​ជាប្រចាំ និង​បង្កើន​ការ​ទិញ​សព្វាវុធ​ទំនើបៗ ដើម្បី​ទុក​ប្រើប្រាស់​នៅពេល​មាន សត្រូវ​ឈ្លានពាន ដូច​ករណី​យោធា​ថៃ ឈ្លានពាន។

អ្នក​តាមដាន​បញ្ហា​នយោបាយ និង​សង្គម លើកឡើង​ថា ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ នៅ​ពេល​ដែល​ពិភពលោក កំពុងតែ​ច្របូកច្របល់ ដោយ​ការប្រកួតប្រជែង​អំណាច រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជាជាង ៣​ទសវត្ស​មកនេះ ក៏​ពុំ​សូវ​បាន​គិតគូរ ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​កម្ពុជា​នឹង​ត្រូវ​រង​ការ​គំរាមកំហែង និង​ឈ្លានពាន​ទឹកដី​ជា​ថ្មី​ទៀត​ពី​សំណាក់​ប្រទេសជិតខាង។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៣ ខែ កុម្ភៈ​ថា សព្វថ្ងៃ​យោធិន មិន​ទទួល​បាន​ប្រាក់បៀវត្ស​ដែល​សមរម្យ​នោះ​ទេ បើ​ទោះ​ជា​បាន​ប្ដូរ​ជីវិត ដើម្បី​ការពារ​បូរណភាព​ទឹកដី ក្នុង​សមរភូមិ​សង្គ្រាម​ក្ដី។ ទន្ទឹមគ្នា​នោះ លោក​ថា វិបត្តិ​អំពើពុករលួយ និង​ការ​ប្រកាន់​បក្ខពួក បាន​ធ្វើ​ឱ្យ​វិស័យ​យោធា​ដាំ​ក្បាល​ចុះ។ លោក​ថា ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា មាន​ប្រសិទ្ធភាព ដំបូង​ឡើយ​រដ្ឋាភិបាល ត្រូវតែ​គិត​ពី​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព តាមរយៈ​ការ​ផ្ដល់​ប័ណ្ណ​សមធម៌ និង ផ្ដល់​ប្រាក់​បៀវត្ស​ឱ្យ​បាន​ចាប់ពី ៥០០​ដុល្លារ​ឡើង ហើយ​លុបបំបាត់​អំពើពុករលួយ​ជា​ប្រព័ន្ធ និង ពង្រឹង​សមត្ថភាព​កង​ទ័ព​ជាប្រចាំ។

បណ្ឌិត មាស នី៖ «មិនមែន​រដ្ឋ​មិន​អាច​ធ្វើ​បានទេ សភា​ប្រាក់​ខែ​៤ ទៅ​៥​ពាន់​ដុល្លារ គេ​អាច​អនុម័ត​បាន ប៉ុន្តែ​យោធា​បែរ​ជា​មិនអាច​ជួយ​បាន។ នេះ​ជា​ចម្ងល់​របស់​ពលរដ្ឋ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​គឺ​ផ្នែក មួយ​នៃ​ការ​ធ្វើ​ទំនើបកម្ម​កងទ័ព​នេះ គឺ​ត្រូវ​ចាប់ផ្ដើម​ទៅលើ ធ្វើ​ម៉េច​គឺ​ឱ្យ​កងទ័ព​នឹង​មាន​ប្រាក់បៀវត្ស ដែល​សមរម្យ​អាច​នឹង​ចិញ្ចឹម​ខ្លួនឯង និង គ្រួសារ​របស់​គាត់​បាន​ស្រួល នៅ​ពេល​ដែល​គាត់​បាន​យក​ជីវិត​ទៅ​ដូរ​ការពារ​ទឹកដី និង​សង្គមជាតិ»។

ការ​លើកឡើង​នេះ ក្រោយ​ពី​កម្ពុជា ត្រូវ​បាន​យោធា​ថៃ បង្ក​សង្គ្រាម​ឈ្លានពាន​ទឹកដី អស់​ចំនួន​២​ហើយ​លើក​មក ហើយ​គេ​សង្កេត ឃើញថា យោធិន​កម្ពុជា មួយចំនួន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពាវនាវ​ដល់​សប្បុរសជន ឱ្យ​ជួយ​ផ្ដល់​ជា​ជំនួយ ដូចជា ម៉ូតូ សម្ភារៈ​ប្រើប្រាស់ និង​ស្បៀង​សម្រាប់​បរិភោគ​។ រីឯ​កងទ័ព​ខ្លះទៀត បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ ដែល​ពួកគាត់​រស់នៅ ដោយមាន​ភាព​ទ្រុឌទ្រោម ខណៈ​អ្នក​ខ្លះទៀត ពុំ​មាន​ផ្ទះ​រស់នៅ​នោះ​ទេ ហើយ​មក​ត្រូវ​រស់នៅ​ពឹង​អាស្រ័យ ជាមួយ​សាច់ញាតិ​។ រីឯ យោធិន ខ្លះ មាន​ត្រឹម​កង់​កញ្ចាស់ សម្រាប់​ជិះ​មក សមរភូមិ​ប្រយុទ្ធ អំឡុង​ពេល​នៃ​ផ្ទុះ​សង្គ្រាម។

ក្រោយ​ពី​រូបភាព​ទាំង​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម មាន សប្បុរសជន ខ្លះ​បាន​បរិច្ចាគ​ថវិកា ម៉ូតូ និង​សម្ភារៈ​ចំនួន ។ រីឯ យោធិន​ខ្លះទៀត​ដែល​បង្ហាញ​ពី​ភាព​ក្រខ្សត់ ប៉ុន្តែ មានចិត្ត​អង់អាច​ប្ដូរ​ជីវិត​ដើម្បី​ការពារ​ទឹកដី ក៏​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សប្បុរសជន រហូត​សង់ផ្ទះ​ឱ្យ​នៅ​។ ទោះជា​យ៉ាងណា គេ​សង្កេតឃើញ​ថា យោធិន ដែល​មាន​ជីវភាព​ខ្វះខាត​មាន​ច្រើន ជាពិសេស​យោធិន ដែល​ឈរជើង នៅ​ជួរមុខ​តាម​ព្រំដែន។

យោធិន​ទាំងនោះ ទទួល​បាន​ប្រាក់បៀវត្ស យ៉ាងច្រើន​ត្រឹម ៣០០​ដុល្លារ ឬ​ស្មើ​ជាង ១​លាន​រៀល ខណៈ​ខែ ខ្លះ​ពួកគាត់​ពុំ​ទទួល​បាន​ប្រាក់ខែ ពេញ​លេញ​នោះ​ទេ ត្រូវ​បាត់​១០ ទៅ​២០% ដោយសារតែ​ថ្នាក់លើ បាន​ដកហូត សម្រាប់​កិច្ចការ​ផ្សេងៗ​ក្នុង​កងទ័ព។

ជុំវិញ​រឿង​នេះ​យោធិន ឈរជើង​នៅ តំបន់​ប្រាសាទ តា​ក្របី ខេត្ត​ឧត្តរមានជ័យ ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា បញ្ហា​ប្រាក់បៀវត្ស តិច​ពេក​ធ្វើ​ឱ្យ​កងទ័ព​មាន​ជីវភាព ខ្វះខាត​សឹងតែ​គ្រប់គ្នា ខណៈ​គ្រួសារ​កងទ័ព​នៅ​ជួរមុខ ពឹង​អាស្រ័យ​តែ​ទៅលើ​ប្រាក់ខែ​ប្ដី​។ ពេលខ្លះ​លោក​ត្រូវ​ខ្ចី​បុល​ធនាគារ ដើម្បី​ទិញ​សម្ភារៈ​ប្រើប្រាស់​ចាំបាច់ ដូចជា​ម៉ូតូ និង​កង់​សម្រាប់​ឱ្យ​កូន​ទៅ​រៀន​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរតែ​បង្កើន​ប្រាក់បៀវត្ស​ឱ្យ​បាន​សមរម្យ ដើម្បី​លើស​កម្ពស់​ជីវភាព គ្រួសារ​កងទ័ព។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី៣ ខែកុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។

អ្នកឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម លោក ម៉ែន ណាត លើកឡើង​ថា ក្រោយ​ពី​កម្ពុជា រង​ការ វាយប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក​យោធា​ថៃ​មក ឃើញថា យោធា​កម្ពុជា ខ្វះខាត​ច្រើន ទាំង​សព្វាវុធ​ទំនើបៗ កម្លាំង​កងទ័ព និង​យុទ្ធសាស្ត្រ​សង្គ្រាម។ បន្ថែម​ពីលើ​នោះ លោក​ថា យោធិន​ខ្លះ​មាន​ជីវភាព​ខ្សត់ខ្សោយ រហូត គ្មាន​សម្ភារៈ​ប្រើប្រាស់ ក្នុង​សមរភូមិ ដូចជា មួក ស្បែកជើង និង អាវ​គ្រោះ ខណៈ យោធិន​ខ្លះទៀត បាន​ចេញ​អំពាវនាវ​រក​ជំនួយ​តាម​បណ្ដាញ​សង្គម។

លោក​ជំរុញ​ឱ្យ​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ ត្រូវតែ​ធ្វើ​ទំនើបកម្ម​យោធា ឱ្យ​បាន​ឆាប់ ជាពិសេស លុប​បំបាត់ អំពើ​ពុករលួយ ក្នុង​ជួរ​កងទ័ព ដូចជា ប្រាក់បៀវត្ស​កងទ័ព ត្រូវ​បើក​តាម​ប្រព័ន្ធ​ធនាគារ ដើម្បី​លុបបំបាត់ ការ​កេងប្រវ័ញ្ច​ថវិកា របស់​កងទ័ព ហើយ​ត្រូវ​បោសសម្អាត ទាហាន​ខ្មោច ដែល​មានតែ​ឈ្មោះ និង ត្រូវ​ផ្ដល់​ប័ណ្ណ​សមធម៌ ដូចជា ប័ណ្ណ ប.ស.ស ដល់​កងទ័ព និង​គ្រួសារ​កងទ័ព ដើម្បី​អាច​ប្រើប្រាស់​សេវា​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​ដោយ​ឥតគិតថ្លៃ​។ លោក​ថា ការ​ធ្វើ​បែប​នេះ​គឺ ជា​ការ​លើក​កម្ពស់​ជីវភាព​កងទ័ព បាន​មួយ​កម្រិត។

លោក ម៉ែន ណាត៖ «បើកប្រាក់​ឱ្យ​ពួកគាត់​នឹង​ឱ្យ​បាន​១០០% អត់​មានការ​កាត់កង​អី​ទេ​។ ទី​១​គឺ​ត្រូវ​លើក​ស្មារតី​កងទ័ព​តាម​ការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​បន្ថែម តាម​លទ្ធភាព​ជាក់ស្ដែង​ដែល​រដ្ឋាភិបាល​មាន​។ ទី​៣ រដ្ឋាភិបាល​ត្រូវ​លើកកម្ពស់​ជីវភាព​គ្រួសារ​នៅ​ជួរ​ក្រោយ​។ ឧបមា​ថៃ​គ្រួសារ​កងទ័ព ជាប់បំណុល​ធនាគារ រដ្ឋាភិបាល​ក្នុង​ស្ថានភាព បច្ចុប្បន្ន​នេះ ត្រូវ​រក​មធ្យោបាយ​ជួយ​ដោះបំណុល»។

ទោះជា​បែបនេះ​ក្ដី កាលពី​ថ្ងៃទី២ ខែ​កុម្ភៈ រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ចាន់ សុធី បាន​លើកឡើង​នៅក្នុង​វេទិកា​មួយ​នៅ​ទីក្រុង​ភ្នំពេញ ថា ការដែល​កងទ័ព មិន​តម្រូវ​ឱ្យ​បើកប្រាក់​បៀវត្ស តាម​ប្រព័ន្ធ​ធនាគារ គឺ​ដោយសារតែ​បារម្ភ ពី​បញ្ហា​សន្តិសុខ​ព័ត៌មាន។ ចំណែក​ការ​មិន​ផ្ដល់​ប័ណ្ណ​របប​សន្តិសុខ​សង្គម (បសស) ដល់​យោធា ដោយ​ហេតុថា មាន​មន្ទីរពេទ្យ​យោធា​រួច​ហើយ។

ទោះជា​យ៉ាងណា ការ​លើកឡើង នេះ​ត្រូវ​បាន​គេ​រិះគន់​ថា ពុំ​សូវ​សម​ហេតុផល​នោះ​ទេ ខណៈ​ការ​បើកប្រាក់ បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ គឺ​មាន​តម្លាភាព​ជាង និង​អាច​លុបបំបាត់​អំពើពុករលួយ​។ ទន្ទឹមគ្នា​នោះ យោធិន​ដែល​ប្រើ​ប័ណ្ណ​ប.ស.ស នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព ទូទាំង​ប្រទេស គ្រប់​ទីកន្លែង​ឥតគិតថ្លៃ ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​យោធា ក្នុង​ករណី​បន្ទាន់​។ ទន្ទឹមគ្នា​នោះ កាលពី​ខែ​មករា ឆ្នាំ​២០២៣ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ទទួលស្គាល់​ដែរ​ថា ការ បើកប្រាក់​បៀវត្ស​តាម​ប្រព័ន្ធ ធនាគារ គឺជា​ការ​លុបបំបាត់​អំពើ​ពុករលួយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ