
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា សម្រេចដាក់បណ្តឹងជាផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី៤ កុម្ភ: ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ទទូលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាមនាពេលកន្លងមក។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ កុម្ភៈ ថា ការដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ធ្វើឡើងតាមរយ:មេធាវីអន្តរជាតិ។ ការដាក់បណ្តឹងនេះ គឺដើម្បីរកយុត្តិធម៌និងការពារផលប្រយោជន៍ជូនពលរដ្ឋខ្មែរ និងជនស៊ីវិលទូទៅ ដែលរងគ្រោះពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់កងទ័ពថៃ លើទឹកដីប្រទេសកម្ពុជា និងលើមជ្ឈមណ្ឌលឆបោកនៅកម្ពុជាដោយបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល ដែលត្រូវបានឃុំខ្លួននៅក្នុងទីតាំងទាំងនោះ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បញ្ជាក់ថា ពាក្យបណ្តឹងនេះ គឺដាក់ការទទួលខុសត្រូវទាំងលើរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត។
ចំពោះរដ្ឋាភិបាល និងកងទ័ពថៃ ត្រូវទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយកងទ័ពថៃ ដូចជាការវាយប្រហារលើគោលដៅជនស៊ីវិល និងទៅលើគោលដៅយោធាដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់។ បន្ថែមពីនេះ កងទ័ពថៃ ត្រូវទទួលខុសត្រូវលើការប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម និងអាវុធគីមី ដែលបំពានអនុសញ្ញាអន្តរជាតិ ហើយបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិត និងសុខភាពរបស់កងទ័ពកម្ពុជា និងជនស៊ីវិល រួមទាំងកុមារផង បំផ្លាញផ្ទះសម្បែងពលរដ្ឋ អាគារសាធារណ: សាលារៀន មន្ទីរពេទ្យ និងប្រាសាទបុរាណខ្មែរដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របីជាដើម។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ឲ្យដឹងដែរថា ចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត វិញ ពួកគេ ត្រូវទទួលខុសត្រូវលើផ្នែកឧក្រិដ្ឋកម្មលើជនស៊ីវិលដែលត្រូវបានជួញដូរ និងឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលឆបោក ក្រោមការការពារដោយរដ្ឋ ដោយមូលហេតុទុកឲ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់។ ទោះបីជាបានដឹងពីការវាយប្រហាររបស់កងទ័ពថៃក្តី ក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានជម្លៀសជនស៊ីវិលទាំងនោះ ចេញពីមជ្ឈមណ្ឌលឆបោកឡើយ។
សូមទស្សនាបទសម្ភាសន៍បន្ថែមជាមួយប្រធានស្ថាប័នកិច្ចការបរទេសនៃរដ្ឋាភិបាលឯករាជ្យ ២៣ តុលា អ្នកស្រី ធិត គឹមហ៊ុន និងលោក អ៊ូ សាមឌី ដូចតទៅ៖










