

រដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងថា មេដឹកនាំកម្ពុជា គួរតែពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន ថា តើត្រូវប្ដឹងប្រទេសថៃទៅកន្លែងណា ដោយលោកអះអាងថា ថៃមិនបានឈ្លានពានកម្ពុជាឡើយ។ ការថ្លែងរបស់មន្ត្រីការបរទេសថៃនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់ថៃ បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសប្ដឹងថៃទៅស្ថាប័នអន្តរជាតិ រឿងឈ្លានពានចូលទឹកដីកម្ពុជានៅតំបន់ព្រំដែន។
ទោះជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសពីការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ ក៏មន្ត្រីកំពូលៗរបស់ថៃ មិនភ្ញាក់ផ្អើល ឬបង្ហាញប្រតិកម្មខ្លាំងក្លានោះឡើយ។
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ដោយអះអាងថា ប្រទេសថៃ មិនបានឈ្លានពានកម្ពុជា នោះទេ ហើយប្រសិនបើមេដឹកនាំកម្ពុជាចង់ប្ដឹងថៃ ពីរឿងនេះនោះ មេដឹកនាំកម្ពុជាគួរតែពិចារណាថា តើត្រូវប្ដឹងនៅកន្លែងណា។
លោក ស៊ីហាសាក់ បន្តថា ករណីកម្ពុជា ចង់ប្ដឹងថៃនេះ អាចជារឿងនយោបាយរបស់កម្ពុជា ដើម្បីស្ដារប្រជាប្រិយភាព ខណៈកន្លងមក កម្ពុជាក៏ធ្លាប់ប្រកាសប្ដឹងថៃជាច្រើនដងមកហើយ ប៉ុន្តែ ក៏គ្មានអ្វីជាផ្លូវការនោះឡើយ។
ចំណែក នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក៏បាននិយាយនៅថ្ងៃនេះផងដែរថា លោកមិនបារម្ភចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលចង់ប្ដឹងថៃពីការចូលឈ្លានពាននោះទេ។
កន្លងមកប្រទេសថៃ ធ្លាប់អះអាងថា ពួកគេបានត្រៀមភស្តុតាងជាច្រើន ពាក់ព័ន្ធនឹងការចល័តនិងតាំងមូលដ្ឋានទ័ព និងឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលគេអះអាងថា មានមូលដ្ឋាននៅលើទឹកដីកម្ពុជា ទុកសម្រាប់បង្ហាញ នៅពេលកម្ពុជាប្ដឹងថៃទៅកាន់ស្ថាប័នអន្តរជាតិណាមួយ។
ទោះជាយ៉ាងណា ក្នុងពិធីជួបសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ពីគោលជំហរច្បាស់លាស់ ក្នុងការប្ដឹងថៃនោះទេ ដោយលោកបានបង្ហាញពីការបន្តទាមទារទឹកដី ដែលយោធាថៃកំពុងកាន់កាប់ត្រឡប់មកវិញ ដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងការទូត ដែលមានស្រាប់។
លោក ហ៊ុន ម៉ាណែត៖ «យើងខិតខំដោះស្រាយដោយសន្តិវិធី ដោយប្រើច្បាប់ ប្រើយន្តការការទូត បច្ចេកទេសព្រំដែន។ ពិតណាស់ វាយឺត អត់ក្ដុងក្ដាំងដូចបាញ់គ្នាទេ ប៉ុន្តែវាធានា ថា ការដោះស្រាយហ្នឹងវាមានរយៈពេលវែង បានសេចក្ដីសុខទាំងអស់គ្នា ដើម្បីរកការបញ្ចប់»។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានប្រកាសប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ម្ដងរួចមកហើយ បន្ទាប់ពីទាហានថៃ បានលូចឆ្មក់វាយប្រហារមកលើកងទ័ពខ្មែរ ដល់ទីតាំងលេណដ្ឋាន ដែលបណ្ដាលឱ្យទាហានខ្មែរម្នាក់ គឺលោកព្រឹន្ទបាលឯក សួន រ៉ោន បានពលីកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក៏ប៉ុន្តែ កាលនោះ កម្ពុជាគ្រាន់តែបានជូនដំណឹងទៅតុលាការ ICJ ពីបំណងចង់ដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់លើកឡើងថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បើមិនប្ដឹងទៅភាគីអន្តរជាតិទេ ទោះបីជាប្រើពេលរាប់រយឆ្នាំទៀត ក៏ដោះស្រាយមិនចប់ដែរ ហើយទោះបីជា កម្ពុជាជ្រើសយកការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយ ក៏កម្ពុជាមិនបោះបង់ចោលយន្តការចរចានោះឡើយ។ លោកបន្តថា ការបបួលថៃទៅតុលាការ ICJ គឺជាការទុកមុខទុកមាត់ឱ្យគ្នា និងរង់ចាំមើលថា តើភាគីថៃមានលេសអ្វីមិនឡើងទៅតុលាការ ICJ ហើយបើរកលេសមិនឡើងទៅតុលាការ ICJ ទេនោះ មានន័យថា ថៃមានឧបាយកលនៅពីក្រោយ។
ទោះជាបែបនេះក្ដី ក្រោយការអះអាងរបស់មេដឹកនាំត្រកូលហ៊ុន ២នាក់ ឪពុកនិងកូននេះ អស់រយៈពេលជាច្រើនខែមកហើយ ក៏គ្មានព័ត៌មានដែលបញ្ជាក់ពីការដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ ICJ ជាផ្លូវការនៅឡើយ រហូតមកដល់បច្ចុប្បន្ន ទោះបីជាយោធាថៃ បានធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជា ដោយបានរាយបន្លាលួស តម្រៀប ទូកុងទឺន័រដែក រាប់រយគីឡូម៉ែត្រ ព័ទ្ធយកដីកម្ពុជា អស់ជាង ៤០ទីតាំងហើយក៏ដោយ។
ក្នុងនោះ យោធាថៃបានតម្រៀបទូកុងទឺន័រ ដាក់កាត់ទទឹងផ្លូវជាតិលេខ៥៨ ដោយហ៊ុមព័ទ្ធភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងច្រកអានសេះ ស្ថិតនៅខេត្តព្រះវិហារបន្ថែមទៀត នៅថ្ងៃនេះ។
ចំណែក នៅឯព្រំដែន តំបន់ចុងបូក និងមុំបីវិញ ទាហានខ្មែរ និងទាហានថៃ បានឈ្លោះប្រកែកគ្នាតឹងសរសៃក បន្ទាប់ពីពួកគេបានដណ្ដើមទីតាំងគ្នាដើរល្បាត។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា ភាគីថៃហាក់បានដឹងច្បាស់ពីចំណុចខ្សោយរបស់មេដឹកនាំកម្ពុជា ដែលស្រលាញ់អំណាចជាងទឹកដី និងគោលជំហរទន់ជ្រាយ ក្នុងការដោះស្រាយរឿងព្រំដែន។ លោកបន្តថា មូលហេតុដែលកម្ពុជា មិនប្ដឹងថៃទៅតុលាការ ICJ គឺមិនមែនដោយសារពាក់ព័ន្ធនឹងយុទ្ធសាស្ត្រអ្វីនោះទេ ក៏ប៉ុន្តែ គឺដោយសារមានការគំរាមកំហែងពីការដួលរលំ នៃអំណាចរបស់គ្រួសារត្រកូលហ៊ុន នៅកម្ពុជា។
លោក អ៊ុំ សំអាន៖ «ប្រសិនបើត្រកូលហ៊ុន នៅតែកាន់អំណាចបន្តទៀត គឺទឹកដីយើងទាំង ៤១ទីតាំង មិនអាចទាមទារពីថៃមកវិញបានទេ មិនត្រឹមតែប៉ុណ្ណឹងទេ អាចបាត់បង់ទឹកដីយើងបន្ថែម ទៀត ថៃអាចរាយបន្លាលួសយកទឹកដីយើងបន្ថែម ទៀត និងអាចមានសង្គ្រាមលើកទី៣»។
ពាក់ព័ន្ធនឹងការប្ដឹងតវ៉ារឿងព្រំដែននេះដែរ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានចេញលិខិតតវ៉ា ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំង ដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ កាលពីថ្ងៃទី២ ខែកុម្ភៈ នៅសណ្ឋាគារពីរកន្លែង នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេស ចាត់ទុកការធ្វើទស្សនកិច្ចពិនិត្យទីតាំងនេះ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះ កាលពីម្សិលមិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្ដីប្រកាស ដោយអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរាយបន្លាលួស និងជួសជុល ដោយគ្មានការអនុញ្ញាត នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា៕









