

គណបក្សកម្លាំងជាតិបានដាក់លិខិតមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រ ដើម្បីជំរុញឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្រើយន្តការច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានថៃមកលើទឹកដីកម្ពុជា និងទាមទារឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ អ្នកឃ្លាំមើលថា បើព្រះមហាក្សត្រនៅតែស្ថិតក្រោមឥទ្ធិពលអ្នកកាន់អំណាច និងមិនប្រើតួនាទីអន្តរាគមន៍លើរឿងនេះ កម្ពុជានឹងបែកបាក់ឯកភាពជាតិកាន់តែខ្លាំង និងធ្វើឱ្យប្រទេសជិតខាងបន្តវាយប្រហារឈ្លានពានកម្ពុជាបន្ថែមទៀត។
គណបក្សកម្លាំងជាតិនៅថ្ងៃទី៥ ខែកុម្ភៈ បានដាក់លិខិតមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រដោយរៀបរាប់ពីទុក្ខវេទនាប្រជាជនរាប់ពាន់នាក់កំពុងរស់នៅគ្មានជម្រក ការសម្លាប់ជនស៊ីវិល និងអំពើឃោរឃៅរបស់យោធាថៃ ដែលប្រព្រឹត្តលើប្រជាជនកម្ពុជានៅក្នុងសង្គ្រាមវាយប្រហារឈ្លានពានកម្ពុជានៅតាមព្រំដែននាពេលកន្លងមក។
សំខាន់ជាងនេះ គណបក្សកម្លាំងជាតិបានទូលថ្វាយដល់ព្រះមហាក្សត្រចេញព្រះរាជអន្តរាគមន៍ទៅរដ្ឋាភិបាលត្រកូល ហ៊ុន ឲ្យប្រើយន្តការច្បាប់អន្តរជាតិទាមទារទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់មកវិញ និងទាមទារឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាព ដើម្បីឱ្យពួកគាត់ចូលរួមគិតគូរពីជោគវាសនាប្រទេសជាតិ។
គណបក្សកម្លាំងជាតិរៀបរាប់នៅក្នុងលិខិតនោះថា ការវាយប្រហាររបស់កម្លាំងយោធាថៃលើកម្ពុជាកន្លងមកគឺជាសង្គ្រាមឈ្លានពានទាំងកម្រោលដែលផ្ទុយពីច្បាប់អន្តរជាតិ និងបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជារាប់សែននាក់រស់នៅតាមព្រំដែន។ ក្នុងនោះប្រទេសថៃប្រើសព្វាវុធធុនធ្ងន់ យន្តហោះចម្បាំងF-16 បើកការវាយប្រហារកម្ពុជាដោយមិនរើសមុខដោយបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ មន្ទីរពេទ្យ អគារស្ថាប័នរដ្ឋ វត្តអារាម ប្រាសាទបុរាណខ្មែរ ផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នង សម្លាប់ជនស៊ីវិលជាង ៣០នាក់ និងបង្កឱ្យជនស៊ីវិលជិត ១រយនាក់ទៀតរងរបួស។ លើសពីនេះ ក្រសួងការបរទេសកម្ពុជាក៏បានទទួលស្គាល់ថា កម្លាំងយោធាថៃនៅតែបន្តឈ្លានពានចូលទន្ទ្រានកាន់កាប់ទឹកដីខ្មែរចំនួន ១៤ទីតាំង ក្នុងខេត្តចំនួន ៤ ដោយខុសច្បាប់។ គណបក្សកម្លាំងជាតិយល់ថា ស្ថានភាពកម្ពុជាកំពុងរងការឈ្លានពានពីថៃនេះ កម្ពុជាមានជម្រើសតែមួយគត់គឺប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីការពារទឹកដី និងបណ្ដេញយោធាថៃចេញដែនអធិបតេយ្យកម្ពុជា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លិខិតទូលថ្វាយព្រះមហាក្សត្រនេះ គណបក្សកម្លាំងជាតិបានដាក់លិខិតតាមរយៈមន្ត្រីរដ្ឋបាលនៃស្ថាប័នព្រះមហាក្សត្រ។ លោក រ៉ុង ឈុន បញ្ជាក់ថា ការស្នើឱ្យមានការប្រើយន្តការច្បាប់ប្រឆាំងការឈ្លានពានរបស់ថៃ គឺក្នុងគោលដៅទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ដើម្បីឱ្យជួយអន្តរាគមន៍ទាមទារទឹកដីកម្ពុជាមកវិញ។
ជាមួយគ្នានេះ លោក រ៉ុង ឈុន បញ្ជាក់ថា ការទាមទារយ៉ាងទទូចឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញក៏ស្របតាមបំណងដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលអំពាវនាវឱ្យខ្មែររួបរួមជាតិ ក្នុងពេលដែលកម្ពុជាកំពុងរងការឈ្លានពានពីថៃ។
លោក រ៉ុង ឈុន៖ «ជាគោលការណ៍ដើម្បីជាតិខ្លាំង ហើយស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ និងសារអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីឱ្យខ្មែររួបរួមជាតិរួបរួមសាមគ្គីជាធ្លុងមួយ ខ្មែររួបរួមអាហ្នឹងត្រូវស្ដែងឱ្យឃើញការអនុវត្តមានការដោះលែងអ្នកជាប់ឃុំ អ្នកនយោបាយ សកម្មជនសង្គម ក៏ដូចជាក្រុមយុវជនក្ដីឱ្យមានសេរីភាពឡើងវិញ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី៥ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា យល់ថា ការដាក់លិខិតស្នើឱ្យព្រះមហាក្សត្រជំរុញឱ្យរដ្ឋាភិបាលប្ដឹងភាគីថៃ និងដោះលែងអ្នកទោសមនសិការអាចជាការសាកល្បងលើអង្គព្រះមហាក្សត្រដែលកន្លងមកមានតែតួនាទីជាប្រមុខរដ្ឋ ប៉ុន្តែស្ថិតក្រោមឥទ្ធិពលអ្នកកាន់អំណាចដែលមិនអាចសម្រេចចិត្តលើបញ្ហាជាតិធំៗបានឡើយ។ លោកថា ព្រះមហាក្សត្រគួរតែបានដឹងពីការទុក្ខវេទនារបស់ពលរដ្ឋខ្លួនដែលកំពុងរងការឈឺចាប់ និងការចាប់ចងជាបន្តបន្ទាប់ រហូតធ្វើឱ្យខ្មែរបែកបាក់ឯកភាពជាតិកាន់តែខ្លាំងដែលធ្វើឱ្យបរទេសអាចឈ្លានពានកម្ពុជា និងបង្កវិនាសកម្មដល់ជាតិទាំងមូល។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំក៏ចង់ឃើញព្រះអង្គប្រើព្រះរាជសិទ្ធិទាំងតួនាទី និងអំណាចក្នុងនាមជាប្រមុខរដ្ឋដឹកនាំប្រទេសដែលឃើញប្រទេសជាតិធ្លាក់ក្នុងស្ថានភាពដុនដាប ក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ យើងចង់ឃើញព្រះរាជតួនាទីព្រះអង្គអនុវត្ត ដើម្បីធ្វើឱ្យខ្មែរមានការរួបរួមជាតិ ធ្វើឱ្យខ្មែរមានភាពខ្លាំង ដើម្បីកសាង និងការពារជាតិពីការឈ្លានពានរបស់ប្រទេសជិតខាងឱ្យកាន់តែខ្លាំងក្លាឡើងវិញ»។
ទោះបីជាអ្នកនយោបាយបក្សប្រឆាំងមើលឃើញពីការបែកបាក់ជាតិដែលធ្វើឱ្យជាតិទន់ខ្សោយត្រូវប្រទេសថៃឈ្លានពានដូចសព្វថ្ងៃនេះក៏រដ្ឋាភិបាលត្រកូល ហ៊ុន មិនខ្វល់រឿងដោះលែងអ្នកទោសមនសិការ ដើម្បីបង្ហាញឯកភាពជាតិនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរនៃរបបនេះបែបជាបន្តតាមធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ និងចាប់ចង់ពលរដ្ឋដែលនិយាយរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ ដាក់គុកជាបន្តបន្ទាប់៕









