អ្នកជំនាញ​ថា ទស្សនកិច្ច​មេដឹកនាំ​វៀតណាម​ជា​ឱកាស​លោក ហ៊ុន សែន ប៉ះប៉ូវ​នូវ «​កំហុស​យុទ្ធសាស្ត្រ»ក្នុង​ជម្លោះ​ជាមួយ​ថៃ

0
68
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ វៀតណាម មក​កម្ពុជា ជា​ឱកាស ដែល​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នឹង​រឹតចំណង «​សាមគ្គីភាព​មនោគមវិជ្ជា​» ជាថ្មី ដើម្បី​ប៉ះប៉ូវ​នូវ «​កំហុស​យុទ្ធសាស្ត្រ​» ក្នុង​ជម្លោះ ជាមួយ​ថៃ។ ក៏ប៉ុន្តែ ពួកគាត់​ថា វត្តមាន​មេដឹកនាំ​វៀតណាម​នេះ ពុំ​ផ្ដល់​ផល​ចំណេញ​អ្វី ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅវិញ កម្ពុជា​នឹង​ត្រូវ បាត់បង់​ទឹកដី​បន្ថែម​ទៀត ប្រសិនបើ កម្ពុជា​ពឹងពាក់​វៀតណាម ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ផ្សេងៗ។

នេះ​ជា​លើកដំបូង នៅ​ដើម​ឆ្នាំ​២០២៦ ដែល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅ​ថ្ងៃទី៦ ខែមករា បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ស្របពេល​កម្ពុជា កំពុង​តែ​មាន​ជម្លោះ​រកាំរកូស រឿង​ព្រំដែន ជាមួយ​ថៃ ខណៈ ពលរដ្ឋ​ហាក់ ពុំ​សូវ សប្បាយចិត្ត​សោះ ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម ព្រោះថា វៀតណាម មាន​ជម្លោះ​ប្រវត្តិសាស្ត្រ ដ៏​ជូរចត់​ជាមួយ​កម្ពុជា ដោយសារ​ទឹកដី​ជាច្រើន ត្រូវ​បាន​វៀតណាម រំលោភ ដូចជា កម្ពុជា​ក្រោម​ជាដើម។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី៦ មករា ថា ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម​នេះ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​រឹតចំណង «​សាមគ្គីភាព​មនោគមវិជ្ជា​» និង សន្តិសុខ​ក្នុង​តំបន់។ លោក​ថា ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​តាម​បែប​ការទូត​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​គឺជា ការ​ផ្ញើ​សារ​យ៉ាង​ច្បាស់​អំពី​ការបង្កើត «​ខ្សែក្រវាត់​ការពារ​រួម​» ក្នុងចំណោម​ប្រទេស​ទាំង​បី ស្រប​ពេល​ដែល​ភូមិសាស្ត្រ​នយោបាយ​តំបន់​កំពុង​មាន​ការប្រែប្រួល និង​ភាព​មិន​ប្រាកដប្រជា។

លោក សេង វណ្ណលី បន្ត​ថា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នេះ បង្ហាញ​ពី​សមត្ថភាព​របស់​ប្រធាន​គណបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុង​ការ​ដើរតួ​ជា​អ្នកសម្របសម្រួល​នយោបាយ​នៅ​ឥណ្ឌូចិន និង​ជា​ការ​ប៉ុនប៉ង​ពង្រឹង​ជំហរ ឱ្យ​កាន់​តែ​មាន​ទម្ងន់​នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ។ ទន្ទឹមគ្នា​នោះ​លោក​ថា លោក ហ៊ុន សែន ក៏​ចង់​យក​ចិត្ត​វៀតណាម​ឡើងវិញ ដើម្បី​ប៉ះប៉ូវ​នូវ «កំហុស​យុទ្ធសាស្ត្រ​» ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ ដែល​ថៃ​បាន​ឈ្លានពាន លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយក៏​អាច​ជា​ការប្រើប្រាស់​ក្បួន «​តុល្យភាព​អំណាច​» ផង​ដែរ។

បន្ថែម​ពីលើ​នោះ​លោក​ថា កម្ពុជា ចង់​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​វៀតណាម ក្នុង​ដំណាក់កាល​នេះ អាច​ចាត់ទុកថា ជា​ការ​បង្កើត «​ខ្នងបង្អែក​យុទ្ធសាស្ត្រ​» ដើម្បី​ផ្ដល់​ជា​សម្ពាធ​ផ្លូវចិត្ត​ទៅកាន់​ភាគី​ថៃ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការចរចា​ដោយ​សន្តិវិធី និង​ជៀសវាង​ការប្រើប្រាស់​កម្លាំងបាយ មក​លើ​កម្ពុជា ទោះបីជា​កន្លងទៅ វៀតណាម មិនបាន​បញ្ចេញ​សារ​គាំទ្រ កម្ពុជា ឬ​ថ្កោលទោស​ថៃ​ជា​ចំហ​ក្ដី គឺ​ដើម្បី​ជា​ការ​ធានា​ថា បក្ស​កាន់អំណាច មិន​នៅ​ឯកោ​ក្នុងករណី​មាន​វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ។

បើ​ទោះ​ជា​បែបនេះ​ក្ដី លោក សេង វណ្ណលី បារម្ភ​ថា ការ​ផ្ដេកផ្ដួល​ពឹងពាក់​លើ​ប្រទេស វៀតណាម ខ្លាំងពេក កម្ពុជា​នឹង​រង​នូវ​ផល​ប៉ះពាល់​ផ្នែក​តុល្យភាព​អំណាច​មិន​ស្មើគ្នា ដែល​ធ្វើ​ឱ្យ​កម្ពុជា ពិបាក​បត់បែន ផ្នែក​ការ​ទូត​អន្តរជាតិ​។ ជាមួយគ្នា​នោះ លោក​ថា សមាជិក​អាស៊ាន ខ្លះ​ដូចជា​ថៃ​ជាដើម នឹង​មិន​សប្បាយចិត្ត ហើយ​ចោទ​កម្ពុជា​ថា មាន​គោលបំណង ចង់ទៅ​ស្និទ្ធ​ជាមួយ​ប្លុក​ឥណ្ឌូចិន ដើម្បី ប្រឆាំង​ថៃ​។ ជា​ក្ដី​កង្វល់​ទៀត​នោះ លោក​ថា កម្ពុជា នឹង​បាត់បង់​ប្រយោជន៍​ជាច្រើន​ទៀត ប្រសិនបើ​ពឹង អាស្រ័យ​លើ​វៀតណាម​ពេក។

លោក សេង វណ្ណលី៖ «ប្រសិនបើ​កម្ពុជា​ផ្ដល់​នូវ​សម្បទាន​ច្រើនពេក​ដើម្បី​ដោះដូរ ក្នុង​ទទួល​បាន​ការ​គាំទ្រ​ពី វៀតណាម កម្ពុជា​នឹង​ជួប​ការ​លំបាក​ការសម្រេចចិត្ត​ដោយ​ឯករាជ្យ លើ​បញ្ហា​តំបន់​នៅពេល​អនាគត​។ ដូច្នេះ​យុទ្ធសាស្ត្រ​ដ៏​ល្អ សម្រាប់​ការប្រើប្រាស់​យន្តការ​ត្រីភាគី គ្រាន់តែ​ជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស ការទូត​ជាច្រើន​ទៀត ដោយ​ត្រូវ​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ផ្សេងៗ​។ រក្សា​ជំហរ​ជា​អ្នកសម្របសម្រួល​តំបន់​ដើម្បី​ធានា​ថា អធិបតេយ្យ​ជាតិ និង​ផលប្រយោជន៍ ពិត​ប្រាក របស់​ពលរដ្ឋ មិន​ត្រូវ​បាន​ដាក់​លើ​តុ​ចរចា រវាង​មហាអំណាច ជិតខាង​នោះ​ទេ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយពី អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី៦ ខែ មករា​។ ភ្លាមៗ​នោះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​មក​ស្វាគមន៍ យ៉ាង​អធិកអធម​តំណាង​ឱ្យ​ព្រះមហាក្សត្រ។ ក្រសួងការបរទេស​កម្ពុជា ថា ទស្សនកិច្ច​នេះ ក្នុង​គោល​ដៅ​ពង្រឹង នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម រួម​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ស្របតាម​ស្មារតី «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង ស្ថិរភាព​យូរអង្វែង»។

បើ​ទោះជា​បែបនេះ​ក្ដី គេ​ឃើញថា ការ​មកដល់​របស់​មេ​ដឹកនាំ​វៀតណាម នេះ លោក ហ៊ុន សែន ហាក់​បង្ហាញ​ការ​សប្បាយ​អរ​សម្បើម​ណាស់ រហូត​បង្គាប់​ឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ឈរ​ជា​ជួរ ចាំ​អបអរ​ស្វាគមន៍​មេដឹកនាំ​វៀតណាម។

បន្ថែម​ពី​នោះ លោក ហ៊ុន សែន ហាក់​យកចិត្តយកថ្លើម មេដឹកនាំ​វៀតណាម សម្បើម​ណាស់ រហូត​បាន​បង្គាប់ ឱ្យ​គេ​ដូរ​ឈ្មោះ សាលាបឋមសិក្សា មួយ​កន្លែង​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ឈ្មោះថា អនុវិទ្យាល័យ សម្ដេច តេជោ ហ៊ុនសែន​ដង្កោ ទៅជា​សាលា «​មិត្តភាព​កម្ពុជា​-​វៀតណាម​» ។ ក្រោយមក លោក​ក៏បាន​នាំ លោក តូ ឡឹម ទៅ​ចូលរួម ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​អគារសិក្សា​ដែល​ដូរ​ឈ្មោះ​នោះ ដែល​គេ អះអាង​ថា ជា​ជំនួយ របស់​ប្រទេស​វៀតណាម។

ទោះជា​បែបនេះ​ក្ដី ក្រោយពី​ដូរ ឈ្មោះ​សាលា​រដ្ឋ​នេះ​មក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​នាំគ្នា រិះគន់​យ៉ាង​ខ្លាំង ដោយ​ប្រៀប​កម្ពុជា ជា​ប្រទេស វៀតណាម ខណៈ​អគារ​រដ្ឋ​មួយចំនួន សឹងតែ​គ្រប់​ខេត្ត ក្រុង បាន​ដូរ​ឈ្មោះថា​ជា អគារ មិត្តភាព​វៀតណាម ជា​បណ្ដើរៗ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ដែល​តែងតែ​រិះគន់ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អាយ៉ង​របស់​វៀតណាម មិន​សំចៃមាត់ នោះ លោក​ហាក់​គ្មាន​សុទិដ្ឋិនិយម សោះ ថា​ទស្សនកិច្ច របស់​មេដឹកនាំ​វៀតណាម មក​កម្ពុជា ក្នុង​គោលដៅ ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា ក្រៅ​តែ​ពី​របៀប «​ហុត​ទឹក​សម្លឹង​កាក់»។ ទន្ទឹមគ្នា​នោះ​លោក​ថា វៀតណាម មក​ជួប​លោក ហ៊ុន សែន និង​មេដឹកនាំ​ឡាវ គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ម៉ឺន​ឆ្នាំ របស់​ប្រទេស​ឡាវ និង​កម្ពុជា ឱ្យ​ក្លាយ​ទៅជា​ប្រទេស​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​អចិន្ត្រៃយ៍​របស់​វៀតណាម។

លោក​បន្ថែម​ថា វត្តមាន មេដឹកនាំ​វៀតណាម មក​កម្ពុជា​ម្ដងៗ គ្មានអ្វី ក្រៅ​តែ​ពី​បង្ខំ​ឱ្យ លោក ហ៊ុន សែន​ឆាប់​ផ្ដល់​សញ្ជាតិ​ដល់​ប្រជាជន​វៀតណាម ដែល​កំពុងតែ រស់​នៅ​ក្នុង​ប្រទេស កម្ពុជា​ដោយ​ខុសច្បាប់ និង ការ​បង្ខំ​ឱ្យ​កម្ពុជា ពន្លឿ​ន ការ​បោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម ដែល​នៅ សល់ ១៦% នោះ​ទេ​។ លោក​ថា ការ​បោះបង្គោល​ព្រំដែន​នេះ កម្ពុជា​នឹង​បន្ត​បាត់បង់​ទឹកដី បន្ថែម​ទៀត​ដូច​ដែល លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កន្លង​មក។

លោក អ៊ុំ សំអាន៖ «ប្រសិនបើ​កម្ពុជា​ពឹង​វៀតណាម​ឱ្យ​ជួយ​ក្នុង​ជម្លោះ​ជាមួយ​កម្ពុជា និង​ថៃ​ទៀត ប្រាកដជា​វៀតណាម​ទារ​សគុណ ទៀតហើយ ។ មានន័យ​ថៃ​អ្នកឯង​ត្រូវ​កាត់​ដី ឱ្យ​ខ្ញុំ​បន្ថែម​ទៀត ដី​ដែល​រស់​១៦% ត្រូវ​បោះបង្គោល កាត់​ឱ្យ វៀតណាម​ទៀត ហើយ​ផ្ដល់​សញ្ជាតិ ប័ណ្ណ​ស្នាក់ នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម នៅ​កម្ពុជា ហើយ​បញ្ជូន​ជនជាតិ​វៀតណាម​មក​បន្ថែម ។ អាហ្នឹង​មាន​គោលបំណង អ៊ីចឹង របៀប​ហុត​ទឹក សម្លឹង​កាក»។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កំពូល​វៀតណាម​មកកាន់​កម្ពុជា​នេះ​ដែរ កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​ញត្តិ ទៅកាន់​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ រដ្ឋាភិបាល​វៀតណាម បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ត្រូវតែ​ដោះលែង ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ការ​ស្នើសុំ​នេះ ស្របពេល គេ​តែងតែ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​មេដឹកនាំ​វៀតណាម មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដងៗ តែងតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គិតគូរ​ពី ប្រជាជន​វៀតណាម​រស់នៅ ក្នុង​ប្រទេស​កម្ពុជា​។​ក៏ប៉ុន្តែ បើ​ងាក​ទៅ​មើល​ពលរដ្ឋ​កម្ពុជា​ក្រោម វិញ គេ​មិន ដែល​ឮ មេដឹកនាំ កម្ពុជា​ស្នើ​ឱ្យ​វៀតណាម គិតគូរ ពី​ទុក្ខ​លំបាក របស់​ពលរដ្ឋ​កម្ពុជា​ក្រោម​នោះ​ឡើយ ខណៈ​ពលរដ្ឋ​កម្ពុជា​ក្រោម រស់នៅ​ដោយ​ការ​លំបាក ព្រោះតែ​អាជ្ញាធរ​វៀតណាម ទុក្ខបុកម្នេញ​សព្វបែបយ៉ាង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ