

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ការបញ្ចេញមតិឈឺចាប់ និងការខឹងសម្បារចំពោះទង្វើថៃ ឈ្លានពានទឹកដីខ្មែរ មិនមានអ្វីខុសនោះទេ ព្រោះពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងបញ្ចេញមតិ ប៉ុន្តែ រដ្ឋាភិបាលរបស់លោកចាប់ពលរដ្ឋ និងអ្នកនយោបាយបក្សបក្សប្រឆាំង ដាក់គុកអស់ជិត២០នាក់ ក្រោយពីសម្ដែងមតិរិះគន់រឿងព្រំដែន។ មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន ម៉ាណែត គួរពិនិត្យមើលទិដ្ឋភាពជាក់ស្ដែង ជាជាងគ្រាន់តែនិយាយឱ្យល្អស្ដាប់។
នេះជាលើកដំបូងហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការបញ្ចេញមតិឈឺចាប់ និងការព្រួយបារម្ភ រឿងបាត់បង់ទឹកដីរបស់ពលរដ្ឋ គឺជារឿងត្រឹមត្រូវ ខណៈដែលមន្ត្រីបក្សប្រឆាំង ពលរដ្ឋ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលនៅក្នុងស្រុក មានការព្រួយបារម្ភ ពីសុវត្ថិភាពជាខ្លាំង ជុំវិញការលើកឡើងអំពីបញ្ហា«ព្រំដែន»។ ការព្រួយបារម្ភនេះ កើតឡើងដោយសារ ប៉ុន្មានខែចុងក្រោយនេះ មានពលរដ្ឋជាច្រើននាក់ ត្រូវបានចាប់ដាក់គុក នៅពេលរិះគន់រឿងព្រំដែន។
ថ្លែងទៅកាន់សិស្សដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ លោក នៅថ្ងៃទី១០ ខែកុម្ភៈ លើកឡើងថា ក្រោយពីទឹកដីមួយចំនួន ត្រូវបានបាត់បង់ ហើយ យោធាថៃ បានពង្រាយកុងតឺន័រ នៅតាមព្រំដែន ករណីនេះបានធ្វើឱ្យពលរដ្ឋបញ្ចេញមតិផ្សេងៗគ្នា ក្នុងនោះក៏បានជំរុញ ឱ្យរដ្ឋាភិបាលវាយបកទៅកាន់ភាគីថៃ។ ក៏ប៉ុន្តែ លោកថា រដ្ឋាភិបាល មានជម្រើសតែមួយគត់ គឺការប្រឹងប្រែង រកដំណោះស្រាយ តាមសន្តិវិធី ដើម្បីរក្សានៅសន្តិភាពយូរអង្វែង ។ លោកថា ការបញ្ចេញមតិ ឈឺចាប់ និងការខឹងនឹងទង្វើឈ្លានពានរបស់ថៃមកលើទឹកដីខ្មែរ មិនខុសនោះទេ ព្រោះពួកគាត់មានសិទ្ធិសេរីភាព។
លោក ហ៊ុន ម៉ាណែត៖ «ក្នុងពេលតែមួយ យើងអាចជ្រើសរើសជម្រើសតែមួយគត់ អត់អាចមានជម្រើសដូចអ្នកចូលខម្មិនថា តាមអារម្មណ៍។ តែគាត់អស់ខុសទេ ព្រោះអារម្មណ៍ជាខ្មែរគាត់មានសិទ្ធិឈឺចាប់ គាត់មានសិទ្ធិខឹង មានសិទ្ធិបញ្ចេញមតិរបស់គាត់។ ហើយវាអត់មានប៉ះពាល់ទៅដល់ស្ថានភាព ឬក៏ការឆ្លើយទៅលើដី ដូចការ សម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គ្រប់ជំហានទាំងអស់គឺដើម្បីឧត្ដមប្រយោជន៍ជាតិ និងប្រជាជន»។
បើទោះជាមានការអះអាងបែបនេះក្ដី គេសង្កេតឃើញថា ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែរងការញាំញី ដោយទង្វើឈ្លានពានពីសំណាក់យោធាថៃ ពលរដ្ឋរាប់ម៉ឺននាក់ បានបាត់បង់ ផ្ទះសម្បែង ប៉ុន្តែ រដ្ឋាភិបាល របស់ លោក ហ៊ុន ម៉ាណែត មិនបានបន្ធូរដៃក្នុងចាប់ចង និងចោទប្រកាន់ពលរដ្ឋដែលរិះគន់ ពីភាពអសកម្មរបស់រដ្ឋាភិបាល ក្នុងដោះស្រាយបញ្ហារឿងព្រំដែននោះទេ។ គិតត្រឹមថ្ងៃទី១០ ខែមករា មានពលរដ្ឋអ្នកនយោបាយ និងអ្នកសារព័ត៌មាន ជិត២០នាក់ត្រូវបានចាប់ដាក់គុក ក្រោយពីអ្នកទាំងនោះ បង្ហាញពីអារម្មណ៍ឈឺចាប់ ជុំវិញទង្វើ ឈ្លានពានរបស់ថៃ ហើយ រដ្ឋាភិបាល ពុំសូវបានអើពើរកដំណោះស្រាយជូនពលរដ្ឋ។
ជាឧទាហរណ៍ កាលពីថ្ងៃទី២ ខែកុម្ភៈ គ្រូបង្រៀនសាលាឯកជនម្នាក់ នៅខេត្តកណ្ដាល លោក នូ ភារម្យ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពី លោកបានបង្ហោះ វីដេអូ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបញ្ចេញមតិ រួមដោយអារម្មណ៍ឈឺចាប់ ជុំវិញបញ្ហាព្រំដែន។ លោក នូ ភារម្យ ក៏អាចប្រឈមនឹង ជាប់ទោសពន្ធនាគារ រហូតដល់ ២ ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោស។ រីឯសមាជិកគណបក្សកម្លាំងជាតិ (NPP) លោក វន វ៉ាន រស់នៅខេត្តកំពង់ចាម ក៏ត្រូវបានចាប់ដាក់គុក កាលពីថ្ងៃដើមខែមករា ក្រោយពីរិះគន់ ពាក់ព័ន្ធរឿង ជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើគណនីហ្វេសប៊ុក។
បន្ថែមពីលើនោះ កាលពីថ្ងៃទី៣០ ខែមករា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្ដន្ទាទោសមនុស្សចំនួន ៦ នាក់ ដែលក្នុងនោះមានបីនាក់ ជាសមាជិកគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរពី បទ«ញុះញង់» ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់រឿង ជម្លោះព្រំដែនកម្ពុជា-ថៃ និង ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិ។ អ្នកទាំងនោះ ត្រូវបានតុលាការដាក់ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ចំនួន ២លានរៀល ឬ ស្មើ៥០០ដុល្លារ។
ជុំវិញការរឹតត្បិត សិទ្ធិសេរីភាព បញ្ចេញមតិនេះ អ្នកសារព័ត៌មានឯករាជ្យម្នាក់ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនឹងសំឡេងថា ជម្លោះព្រំដែនកម្ពុជាថៃ គឺជារឿងដ៏រសើប ដូច្នេះ មុននឹងរាយការណ៍ម្ដងៗ ត្រូវប្រយ័ត្នប្រយែងខ្ពស់ ហើយមិនហ៊ានរាយការណ៍បានទូលំទូលាយនោះទេ បើទោះជាឃើញដោយផ្ទាល់ភ្នែក ពីទុក្ខលំបាករបស់ពលរដ្ឋ និងភាពមិនប្រក្រតី ជាច្រើន នៅតាមតំបន់ ជនភៀសសឹក ព្រោះបារម្ភ ពីសុវត្ថិភាព។ ជាមួយគ្នានោះ អ្នកសារព័ត៌មាន ក្នុងស្រុក ក៏មិនហ៊ានផ្សាយ រឿងអវិជ្ជមានរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននោះដែរ ប្រសិនបើព័ត៌មាននោះ គ្មានការបញ្ជាក់បន្ថែម ពីមន្ត្រីរដ្ឋាភិបាល។
ចំណែកឯកពលរដ្ឋ ភៀសសឹកនៅខេត្តបន្ទាយមានជ័យ លោក លី គឹមសាល លើកឡើងថា ករណី ចាប់ខ្លួនពលរដ្ឋ ដែលរិះគន់រឿងព្រំដែន បានជះឥទ្ធិពលជាខ្លាំង ដល់ពលរដ្ឋដទៃទៀត មិនហ៊ាននិយាយ ការពិត អំពីពីទុក្ខលំបាករបស់គាត់។ លោកថា សព្វថ្ងៃ ជនភៀសសឹក ជាង១ពាន់គ្រួសារ ដែលបានចាកចេញពីតំបន់បឹងត្រកួន កំពុងតែ ជួបទុក្ខលំបាក និងគ្រាំគ្រាចិត្តជាខ្លាំង ចំពោះ ភាពស្ងប់ស្ងាត់ របស់រដ្ឋាភិបាល ដែលពុំបានពន្លឿនដោះស្រាយបញ្ហាជូនពលរដ្ឋប៉ុន្តែលោកថា ពលរដ្ឋទាំងនោះ ពុំហ៊ាននិយាយពីទុក្ខលំបាកនោះឡើយ ព្រោះភ័យខ្លាចពីសុវត្ថិភាព។
លោក លី គឹមសាល៖ «ពេលខ្ញុំនិយាយ មានបងប្អូនដែលស្រឡាញ់រាប់អានខ្ញុំបានប្រាប់ថា ឱ្យខ្ញុំនឹងឈប់និយាយទៅ ខ្លាចគេមកយក[ចាប់]អូនឯង។ ប៉ុន្តែខ្ញុំថា អត់អីទេ ខ្ញុំនិយាយការពិត អត់និយាយអីខុសផ្សេងផង។ បើផ្ទះសម្បែង ខ្ញុំគេយកមែន មិនឱ្យខ្ញុំកើតទុក្ខ។ ខ្ញុំឱ្យនៅស្ងៀម ចាំតែកម្សត់ឱ្យគេជួយ?..»។
ទន្ទឹមគ្នានឹងការភ័យខ្លាចរបស់ពលរដ្ឋ និងអ្នកសារព័ត៌មាន នៅក្នុងស្រុក មិនហ៊ានសូវនិយាយពីទុក្ខលំបាក និងភាពយុត្តិធម៌ជាច្រើននៅក្នុងសង្គម គេសង្កេតឃើញថា រដ្ឋាភិបាលដែលដឹកនាំ ដោយ ត្រកូល«ហ៊ុន» ហាក់ជិះសេះលែងដៃ ពុំសូវអើពើក្នុងការស្វះស្វែង រកដំណោះស្រាយបញ្ហាព្រំដែន ជូនពលរដ្ឋឱ្យត្រឹមត្រូវ និង អាចជឿទុកចិត្តបាននៅឡើយ ខណៈការប្ដឹងថៃទៅតុលាការអន្តរយុត្តិធម៌អន្តរជាតិ ICJ និងតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC ក៏គ្មាន ។ ករណីនេះធ្វើឱ្យអ្នកតាមដានបញ្ហានយោបាយ សង្គមមើលឃើញថា កម្ពុជាគ្មានហេតុផលសមរម្យសោះ ក្នុងការទាមទារទឹកដី ដែលបាត់បង់ ពីភាគីថៃមកវិញ តាមរយៈយន្តការ ចរចាទ្វេភាគី ដូចដែល លោក ហ៊ុន ម៉ាណែត តែងតែ និយាយលួងលោម ពលរដ្ឋ ឱ្យជឿជាក់លើ រដ្ឋាភិបាល។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលកំពុងមានរឿងក្ដីក្ដាំងជាច្រើនក្នុងតុលាការដោយសារតែការខ្វល់ខ្វាយរឿងបូរណភាពទឹកដី លើកឡើងថា ជារឿងល្អ ដែលលោក ហ៊ុន ម៉ាណែត យល់ថា ការបញ្ចេញមតិរិះគន់ រឿងព្រំដែន គឺជាសិទ្ធិរបស់ពលរដ្ឋ ក៏ប៉ុន្តែលោកថា ការថ្លែងបែបនេះ ពុំសូវមានទម្ងន់នោះទេ ព្រោះជាក់ស្ដែង សមាជិកបក្សកម្លាំងជាតិ២នាក់ហើយ ត្រូវបានចាប់ដាក់គុក រួមនឹងមានពលរដ្ឋ និងមន្ត្រី បក្សប្រឆាំងដទៃទៀតក៏រងការធ្វើទុក្ខបុកម្នេញ ជាហូរហែ នៅពេលនិយាយរិះគន់ ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោក រ៉ុង ឈុន៖ «សារនឹងវាយផ្ទុយ។ វាអត់មានទម្ងន់ទេ។ អ៊ីចឹងយូរៗទៅវាធ្វើឱ្យឥទ្ធិពលមកខាងក្រៅ វាថមថយបន្តិចៗ។ អ៊ីចឹងមុនផ្ញើសារ ត្រូវធ្វើម៉េចឱ្យសារនឹងវាមានប្រសិទ្ធភាព ហើយឆ្លុះទៅនឹងស្ថានភាពជាក់ស្ដែង។ ប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនថា គាត់មានសេរីភាព ដូចដែលនាយករដ្ឋមន្ត្រីឡើង ប៉ុន្តែ បច្ចុប្បន្នវា អត់ដូចអ៊ីចឹងទេ»។
អ្នកវិភាគថា ជាង៣ទសវត្សន៍នៃការដឹកនាំ របស់ លោក ហ៊ុន សែន បន្តរហូតដល់កូនគឺ លោក ហ៊ុន ម៉ាណែត កម្ពុជា ពុំដែលមានពន្លឺនៃការសាមគ្គីជាតិ និងវប្បធម៌ នយោបាយបង្រួបបង្រួមជាតិ និងការអត់អោនឱ្យគ្នាម្ដងឡើយ គឺមានតែនយោបាយ គុំកួន កម្ទេច និងបំបែកបាក់គ្នា។ ទន្ទឹមគ្នានោះ ពលរដ្ឋ និងអ្នកនយោបាយ ដែលតែងតែសកម្មលើបណ្ដាញសង្គម រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល គឺជាមុខសញ្ញាដែល តាមរកដើម្បី ចាប់មកដាក់ពន្ធនាគារ និងចោទប្រកាន់ផ្សេងៗ៕









