

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានបញ្ជាឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិថៃ សិក្សាជាបន្ទាន់ អំពីការបញ្ចប់អនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ឬMOU44 ស្ដីអំពីការអភិវឌ្ឍធនធានសមុទ្រជាមួយកម្ពុជា។ អ្នកឃ្លាំមើលបារម្ភថា ការសម្រេចរបស់មេដឹកនាំថៃ គឺជាការចាប់ផ្ដើមចូលឈ្លានពានមកលើដែនសមុទ្រកម្ពុជា ក្រោយការឈ្លានពានលើដែនគោក ទទួលបានជោគជ័យ។
គ្រាន់តែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតភ្លាម ពេលនេះ រដ្ឋាភិបាលចាំផ្ទះរបស់ថៃ បានត្រៀមលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ដែលហៅកាត់ថា MOU ឆ្នាំ២០០១ ជាមួយកម្ពុជា។
នៅថ្ងៃទី១០ ខែកុម្ភៈ នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានុទីន ឆាន់វីរៈគុល (Anutin Chanvirarkul) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ លោកបានស្នើឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិ របស់ថៃ ធ្វើការសិក្សា ដើម្បីលុបចោល MOU ឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកបានអះអាងថា ដើម្បីរក្សាផលប្រយោជន៍របស់ប្រទេសថៃជាធំ។
លោក អានុទីន បញ្ជាក់ថា ការលុបចោលនេះ មិនមែនជាការសម្រេចចិត្តរបស់រដ្ឋាភិបាលបច្ចុប្បន្នទេ ប៉ុន្តែគឺជាការត្រៀមសម្រាប់រដ្ឋាភិបាលថ្មី នៅពេលវាយតម្លៃឃើញថា អនុស្សរណៈយោគយល់មួយនេះ លែងមានការវិវឌ្ឍ និងគ្មានផលប្រយោជន៍សម្រាប់ប្រទេសថៃតទៅទៀត។
MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រ គឺជាអនុស្សរណៈនៃការយោគយល់រវាង កម្ពុជា និងថៃ នៅលើដែនសមុទ្រ ដែលភាគីទាំងពីរ បានអះអាងថា «ត្រួតស៊ីគ្នា» បានចុះហត្ថលេខានៅក្នុងឆ្នាំ២០០១ ដោយរដ្ឋាភិបាលថៃ និងកម្ពុជា ដើម្បីផ្ដល់ជាក្របខ័ណ្ឌចរចា រវាងប្រទេសជិតខាងទាំងពីរ។
អនុស្សរណៈឆ្នាំ២០០១ នេះ បានបង្កើតក្រុមការងារបច្ចេកទេសរួមមួយ សម្រាប់សមុទ្រ (Joint Technical/Expert Group on Maritime Cooperation) ដែលមានគោលបំណងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានក្នុងតំបន់សមុទ្រ ដែលមានទំនាស់ (Overlapping Claim Area – OCA) និងជាវិធីសាស្ត្របណ្ដោះអាសន្ន ក្នុងការអនុញ្ញាតឱ្យប្រទេសទាំងពីរអាចប្រើប្រាស់ និងគ្រប់គ្រងធនធានក្នុងដែនទឹករួមគ្នា ទោះបីជាព្រំដែនសមុទ្រ មិនទាន់បានកំណត់ច្បាស់លាស់ក៏ដោយ។
ទោះជាយ៉ាងនេះក្ដី លោក អានុទីន ជាមេដឹកនាំគណបក្សភូមិចៃថៃ ដែលជាគណបក្សអភិរក្សនិយមមួយ របស់ប្រទេសថៃ តែងតែយក គម្រោងលុបចោល MOU ឆ្នាំ២០០១ ជាមួយកម្ពុជា នេះ មកធ្វើជាការឃោសនានយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព តាមរយៈការបំផុសគំនិតជាតិនិយម។ ទន្ទឹមគ្នានេះ លោកក៏បានលើកយកគម្រោងលុបចោល MOU ឆ្នាំ២០០០ ស្ដីពីព្រំដែនគោក និងការធ្វើជញ្ជាំងរបងនៅព្រំដែនកម្ពុជា មកឃោសនារកសន្លឹកឆ្នោតផងដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង រដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែកុម្ភៈ នេះ។
យ៉ាងណាក៏ដោយ គម្រោងការលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាជាមួយកម្ពុជា ទាំងឆ្នាំ២០០០ និងឆ្នាំ២០០១ ពីសំណាក់រដ្ឋាភិបាលរបស់លោក អានុទីន នេះ គឺជាការទាត់ចោលនូវការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ដែលអនុលោមតាមផែនទីប្រវត្តិសាស្ត្រ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និងឆ្នាំ១៩០៧ ដែលភាគីទាំងពីរ បានឯកភាពគ្នា និងមានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា គម្រោងការលុបចោល MOU ឆ្នាំ២០០១ របស់មេដឹកនាំថៃ គឺជាការចាប់ផ្ដើមចូលឈ្លានពានមកលើដែនសមុទ្រកម្ពុជា និងចង់លេបយកតំបន់ ដែលអះអាងថា ត្រួតស៊ីគ្នា នៅលើដែនសមុទ្រផ្ដាច់មុខ។ លោកបន្តថា នៅក្នុងកាលៈទេសៈបែបនេះ កម្ពុជាមិនបាច់ប្ដឹងជំទាស់ថៃនោះទេ ប៉ុន្តែកម្ពុជាត្រូវរៀបចំឯកសារ ដើម្បីប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដើម្បីទាមទារដែនសមុទ្រ ដែលថៃ និងវៀតណាម បានកាត់យកពីកម្ពុជា ក្នុងសម័យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀង ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ ជាមួយប្រទេសវៀតណាម កាលពីឆ្នាំ១៩៨២។
លោក ម៉ែន ណាត៖ «ថៃគេយកមូលដ្ឋាននៃកិច្ចព្រមព្រៀងព្រំដែនទឹក ឆ្នាំ១៩៨២ យកមកធ្វើមូលដ្ឋាន នៃកិច្ចព្រមព្រៀងថ្មីជាមួយវៀតណាម ដោយរំលងភាគីកម្ពុជា។ យើងមើលទៅកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ ហ្នឹង គ្មានប្រយោជន៍សម្រាប់កម្ពុជានោះទេ។ យកដែនសមុទ្រខ្លួនឯង មករកស៊ីជាមួយថៃ»។
លោក ម៉ែន ណាត អះអាងថា កិច្ចព្រមព្រៀងឆ្នាំ១៩៨២ នេះ គឺជាកិច្ចព្រមព្រៀងខុសច្បាប់ ដែលធ្វើឱ្យកម្ពុជា បាត់បង់កោះត្រល់ ចង្កោមកោះក្រចកសេះ និងបាត់បង់ដែនសមុទ្រខ្មែរ ទៅវៀតណាម ចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េ និងដែនសមុទ្រចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េផ្សេងទៀត បានបាត់បង់ទៅកាន់ប្រទេសថៃ។
អ្នកឃ្លាំមើលលើកឡើងថា ក្នុងបរិបទ ដែលប្រទេសថៃ នឹងមានរដ្ឋាភិបាលចេញពីក្រុមអភិរក្សនិយម មកគ្រប់គ្រងប្រទេសបែបនេះ កម្ពុជាមិនអាចអនុវត្តតាមគោលនយោបាយចាស់គំរឹល និងទន់ជ្រាយដូចមុនទៀតនោះទេ ពោលមេដឹកនាំកម្ពុជា ត្រូវហ៊ានចេញមុខប្រឆាំងការឈ្លានពានរបស់ថៃ ជាចំហ តាមរយៈការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាជាងការចេញសេចក្ដីថ្លែងការណ៍ ឬថ្កោលទោស ដែលគ្មានឥទ្ធិពល៕









