

អ្នកនយោបាយប្រឆាំងនិងអ្នកឃ្លាំមើលសង្គម គាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាងាកមកធ្វើសម្បទានដល់ប្រជាជាតិខ្មែរគ្រប់និន្នាការដើម្បីបង្កើតកម្លាំងរឹងមាំការពារជាតិពីការឈ្លានពាន ក្រោយពីរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាពទឹកដីជាតិឡើយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១០ កុម្ភៈ ថា ដើម្បីការពារទឹកដី មេដឹកនាំកម្ពុជា និងប្រជាជាតិខ្មែរគ្រប់និន្នាការ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ ត្រូវតែសាមគ្គីគ្នា ឈប់ឈ្លោះប្រកែកគ្នា ឬចាត់ទុកគ្នាជាសត្រូវ។ ការមិនឈ្លោះគ្នា និងមិនធ្វើបាបគ្នា គឺជាការបង្កើតកម្លាំងដ៏រឹងមាំដើម្បីការពារជាតិពីការឈ្លានពាន។
លោក សេក សុជាតិ បន្ថែមទៀតថា ការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ គឺជាចលករដែលនាំទៅរកបរាជ័យនៃគោលនយោបាយការពារជាតិ។ លោកថា បើខ្មែរមិនព្រមសាមគ្គីគ្នា ខ្មែរនឹងកាន់តែចុះទន់ខ្សោយទៅៗ ហើយថ្ងៃណាមួយ ឈ្មោះខ្មែរអាចនឹងរលាយបាត់ពីផែនទីពិភពលោក។ លើសពីនេះ លោកថា ដើម្បីទប់ទល់នឹងចោរបរទេស កម្ពុជាត្រូវតែប្រើច្បាប់អន្តរជាតិ គឺប្តឹងពួកគេទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ ក្រៅពីការប្តឹង កម្ពុជាគួរវិនិយោគលើសព្វាវុធទំនើបៗគ្រប់ប្រភេទ ដើម្បីការពារ និងត្រៀមវាយបកទៅលើពួកឈ្លានពាន ប្រសិនបើពួកគេមិនព្រមដោះស្រាយ ឬមិនប្រគល់ទឹកដីមកឱ្យកម្ពុជាវិញ។
លោក សេក សុជាតិ៖ «ការផ្សព្វផ្សាយការបង្រួបបង្រួមខ្មែរជាកំលាំងតែមួយនៅតែមានឥទ្ធិពល ហើយនឹងក្លាយទៅជាអាវុធដ៏មានតម្លៃក្នុងការតស៊ូការពារដែនអធិបតេយ្យភាពកម្ពុជា ហើយនៅក្នុងករណីដែលមេដឹកនាំរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាចចង់បានការបង្រួបបង្រួម ក៏ប៉ុន្តែមិនសម្ដែងឲ្យឃើញនូវការពិតជាក់ស្តែង គឺជាសារមួយដែលបង្ហាញទៅឲ្យសាធារណៈជនជាតិ និងអន្តរជាតិមើលឃើញអំពីទម្រង់បែបប្រជាភិថុតិ។ ហើយទម្រង់បែបប្រជាភិថុតិគឺមិនចំណេញទេ សម្រាប់រូបភាពនយោបាយ សម្រាប់ រូបភាពការបរទេសហើយនិងសម្រាប់រូបភាពជាតិរបស់យើងនៅពេលដែលកម្ពុជាទទួលរងនូវការឈ្លានពានពីពួកបរទេសនាពេលកន្លងមក។ ដូច្នេះរដ្ឋាភិបាលនិងគណបក្សកាន់អំណាចមានតួនាទីធំជាងគេនៅក្នុងការសម្រេចចិត្តដូច្នេះហើយ បើសិនជាអ្នកធំសម្រេចឲ្យមានការផ្សះផ្សាជាតិអ្វីៗគឺនឹងអាចដោះស្រាយបានទាំងអស់»។
ការយល់ឃើញរបស់អ្នកឃ្លាំមើលសង្គមរូបនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ កុម្ភៈ ថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយខ្មែរបាន ក្រៅពីជាប្រជាជាតិខ្មែរនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «យើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់ ដោយផ្នែកលើច្បាប់ ដើម្បីការពារនូវអធិបតេយ្យភាព គឺថា បូរណភាពទឹកដីរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស នឹងច្បាប់ដែលយើងមាននឹងខិតខំឲ្យអស់លទ្ធភាពនៅក្នុងការការពារនេះ ដូចនឹងជំហរប៉ុន្មានដែលខ្ញុំបានបញ្ជាក់ពីមុនអីចឹង ហើយសូមបងប្អូនជឿទុកចិត្ត ហើយសូមយោគយល់ ពេលខ្លះអត់បានលឿនដូចបងប្អូនចង់បាននោះទេ»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១០ កុម្ភៈ ថា រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុនគឺគ្មានគោលនយោបាយផ្សះផ្សាជាតិនោះទេ ក្រៅតែពីបំបែកបំបាក់ប្រជាជាតិខ្មែរដើម្បីរក្សាអំណាចគ្រួសារ និងធ្វើឱ្យខ្មែរខ្សោយតាមការចង់បានរបស់វៀតណាមដែលជាចៅហ្វាយរបស់ខ្លួន។ ជាក់ស្តែងនៅពេលប្រទេសកំពុងមានសង្គ្រាម បែរជារដ្ឋាភិបាលបង្កើតច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ហើយពលរដ្ឋខ្មែរដែលសម្ដែងមតិពាក់ព័ទ្ធរឿងព្រំដែនត្រូវចាប់ដាក់ពន្ធនាគារទៅវិញ។
លោក គឹម សុខ៖ «ទោះបីជាពួកមេដឹកនាំក្រុមគ្រួសារហ៊ុនប្រឹងស្រែកបន្លំក្តែងៗអំពីការរួបរួមសាមគ្គីខ្មែរតែមួយក៏ដោយ ក៏ប៉ុន្តែមែនទែនទៅគឺអំណាចក្រុមគ្រួសារហ៊ុនហ្នឹងឯងដែលជាឧបសគ្គនៃការបង្រួបបង្រួមជាតិកម្ពុជា»។
ទោះបីជាអ្នកនយោបាយបក្សប្រឆាំងនិងអ្នកឃ្លាំមើលសង្គមមើលឃើញពីការបែកបាក់ជាតិដែលធ្វើឱ្យជាតិទន់ខ្សោយត្រូវប្រទេសថៃឈ្លានពានដូចសព្វថ្ងៃនេះក៏ដោយ ក៏រដ្ឋាភិបាលត្រកូល ហ៊ុន មិនខ្វល់ពីរឿងដោះលែងអ្នកទោសមនសិការ ដើម្បីបង្ហាញឯកភាពជាតិនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរនៃរបបនេះបែរជាបន្តតាមធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ និងចាប់ចងពលរដ្ឋដែលនិយាយរឿងព្រំដែនកម្ពុជា-ថៃ ដាក់គុកជាបន្តបន្ទាប់៕








