

អ្នកឃ្លាំមើលព្រមានថា កម្ពុជាអាចនឹងត្រូវប្រទេសថៃ រំលោភបំពានយកដែនសមុទ្រ រាប់ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងរ៉ែប្រេង និងឧស្ម័នដែលមានតម្លៃមហាសាលថែមទៀត។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី មេដឹកនាំថៃ បានត្រៀមលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ ជាមួយកម្ពុជា ស្ដីពីព្រំដែនសមុទ្រ ដែលអនុស្សរណៈនេះ ត្រូវបានប្រើប្រាស់ជា គោលការណ៍ច្បាប់អន្តរជាតិ។
ក្រោយពីធ្វើសង្គ្រាមឈ្លានពានព្រំដែនគោក ពេលនេះសញ្ញានៃសកម្មភាពឈ្លានពានដែនសមុទ្រ របស់ប្រទេសថៃ មកលើកម្ពុជា កំពុងលេចចេញជាបណ្ដើរៗហើយ បន្ទាប់ពីមេដឹកនាំថៃ ត្រៀមលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយកម្ពុជា។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ក្រោយលុបចោល MOU ឆ្នាំ២០០១ ជាមួយកម្ពុជាហើយ ថៃនឹងច្បាមយកកោះគជ់ និងដែនសមុទ្រ ដែលភាគីទាំងពីរអះអាងថា «ត្រួតស៊ីគ្នា» ទំហំ ២ម៉ឺន ៦ពាន់ គីឡូម៉ែត្រការ៉េ ផ្ដាច់មុខ រួមទាំងប្រេង និងឧស្ម័នធម្មជាតិ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
លោក អ៊ុំ សំអាន៖ «បើតាមច្បាប់សមុទ្រ ឬក៏ UNCLOS ឆ្នាំ១៩៨២ គឺដែនសមុទ្រដែលត្រួតស៊ីគ្នា ចំនួន ២៦.០០០ គីឡូម៉ែត្រការ៉េហ្នឹង ស្ថិតនៅក្នុងតំបន់តភ្ជាប់របស់កម្ពុជា ស្ថិតនៅក្នុងតំបន់ផ្ដាច់មុខរបស់កម្ពុជា ហើយស្ថិតនៅក្នុងដែនដីសមុទ្ររបស់កម្ពុជា។ ដូច្នេះបើយើងប្ដឹងទៅតុលាការយុត្តិធម៌អន្តជាតិ ICJ ប្រាកដជាបានដែនសមុទ្រទំហំ ២៦.០០០ គីឡូម៉ែត្រការ៉េ ទាំងស្រុង ១០០ភាគរយ ដោយមិនចាំបាច់បែងចែកជាមួយថៃនោះទេ»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិថៃ ត្រៀមលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ឬ MOU ឆ្នាំ២០០១ ជាមួយកម្ពុជា នៅពេលគណបក្សភូមិចែថៃ របស់លោក បង្កើតគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីឈ្នះការបោះឆ្នោតកន្លងទៅ។ លោក អានុទីន អះអាងថា MOU ដែលមានអាយុកាល ២៥ឆ្នាំមួយនេះ គ្មានការវិវឌ្ឍទៅមុខ និងគ្មានប្រយោជន៍សម្រាប់ប្រទេសថៃនោះឡើយ។
កន្លងមក លោក អានុទីន បានលើកយកគម្រោងលុបចោល MOU ឆ្នាំ២០០១ នេះ មកធ្វើជាការឃោសនារកប្រជាប្រិយភាព នៅមុនការបោះឆ្នោតរួចមកហើយ ជាពិសេសក្រោយពេលចលនាជាតិនិយមរបស់ពលរដ្ឋថៃ បានងើបឡើង បន្ទាប់ពីកម្ពុជា និងថៃមានជម្លោះ ក្នុងរឿងដែនសមុទ្រតំបន់កោះគជ់ និងព្រំដែនគោក។
MOU ឆ្នាំ២០០១ គឺជាអនុស្សរណៈនៃការយោគយល់គ្នារវាង កម្ពុជា និងថៃ នៅលើដែនសមុទ្រ ដែលភាគីទាំងពីរ បានអះអាងថា «ត្រួតស៊ីគ្នា» និងបានចុះហត្ថលេខារួមគ្នានៅក្នុងឆ្នាំ២០០១ ដើម្បីផ្ដល់ជាក្របខ័ណ្ឌចរចា រវាងប្រទេសជិតខាងទាំងពីរ។
អនុស្សរណៈនេះ បានបង្កើតក្រុមការងារបច្ចេកទេសរួមមួយ (Joint Technical/Expert Group on Maritime Cooperation) ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍធនធានក្នុងតំបន់សមុទ្រ ដែលមានទំនាស់ (Overlapping Claim Area – OCA) និងជាវិធីសាស្ត្របណ្ដោះអាសន្ន ដែលអនុញ្ញាតឱ្យកម្ពុជា និងថៃ អាចប្រើប្រាស់ និងគ្រប់គ្រងធនធានក្នុងដែនទឹករួមគ្នា ទោះបីជាព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ មិនទាន់បានកំណត់ច្បាស់លាស់ក៏ដោយ។
លោក អ៊ុំ សំអាន យល់ថា គម្រោងលុបចោល MOU ឆ្នាំ២០០១ របស់ភាគីថៃ គឺជាជំហានទី១ សម្រាប់ការបើកច្រក ឱ្យកងទ័ពជើងទឹកថៃ ចូលមកឈ្លានពាន និងកាន់កាប់តំបន់ដែនសមុទ្ររបស់កម្ពុជា ដោយប្រទេសថៃ បានសំអាងលើកិច្ចព្រមព្រៀង ថៃ-វៀតណាម ឆ្នាំ១៩៩៧។ លោកបន្តថា កិច្ចព្រមព្រៀង ថៃ-វៀតណាម នេះ បានកើតឡើងដោយសាររដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀង ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ ដោយខុសច្បាប់ ជាមួយវៀតណាម កាលពីឆ្នាំ១៩៨២ ដែលធ្វើឱ្យកម្ពុជា បាត់បង់កោះត្រល់ ចង្កោមកោះក្រចកសេះ និងបាត់បង់ដែនសមុទ្រខ្មែរ ទៅកាន់ប្រទេសថៃ និងវៀតណាម ចំនួន ៦ម៉ឺនគីឡូម៉ែត្រការ៉េ។
ក្រៅពីចង់ហែកចោល MOU ឆ្នាំ២០០១ លោក អានុទីន ក៏ធ្លាប់ស្នើឱ្យធ្វើប្រជាមតិដើម្បីលុបចោល MOU ឆ្នាំ២០០០ ស្ដីពីព្រំដែនគោក ដែលភាគីកម្ពុជា និងថៃ បានឯកភាពគ្នា កំណត់ព្រំដែនតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៧ ផងដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១១ ខែកុម្ភៈ នេះ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា ថៃនឹងចូលកាន់កាប់ដែនសមុទ្រកម្ពុជា ក្រោយហែកចោល MOU ឆ្នាំ២០០១ ជាមួយកម្ពុជា ដោយសារប្រទេសថៃ បានមើលឃើញអំពីភាពអន់ខ្សោយរបស់កម្ពុជា ទៅលើវិស័យការពារជាតិ ជាពិសេសកងទ័ពជើងទឹក និងវិស័យការទូត ដែលមានភាពទន់ជ្រាយ ខណៈសណ្ដាប់ធ្នាប់ពិភពលោក កំពុងក្រឡាប់ចាក់ ដោយសារវិបត្តិសង្គ្រាម។
លោក ម៉ែន ណាត៖ «ថៃដូចនឹងដំរីចុះប្រេង។ ឈ្លានពាននរណាបាន គឺឈ្លានពានដោយមិនខ្វល់ពីច្បាប់ជាតិ និងអន្តរជាតិនោះទេ។ អ៊ីចឹងខ្ញុំយល់ថា ស្ថានភាពរបស់ថៃនៅពេលនេះ កំពុងរៀបចំផែនការឈ្លានពានទាំងដែនគោក និងដែនទឹកបន្ថែមទៀតមកលើកម្ពុជាហ្នឹង»។
លោក ម៉ែន ណាត លើកឡើងថា កម្ពុជាមិនបាច់ជំទាស់នឹងគម្រោងហែកចោល MOU ឆ្នាំ២០០១ របស់ថៃនោះឡើយ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត ត្រូវត្រៀមឯកសារប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ប្រសិនបើថៃ ចូលឈ្លានពានដែនសមុទ្រកម្ពុជា ហើយការប្ដឹងនេះ ក៏ជាការបើកផ្លូវសម្រាប់កម្ពុជា ប្ដឹងទាមទារដែនសមុទ្រ ដែលវៀតណាមបានគ្រប់គ្រងចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េ ក្រោយការចុះកិច្ចព្រមព្រៀងដោយខុសច្បាប់ ជាមួយអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ផងដែរ។
អ្នកឃ្លាំមើល លើកឡើងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនប្រញាប់រកវិធីទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ថៃនោះទេ លោកនឹងជាប់ឈ្មោះល្បីក្នុងប្រវត្តិសាស្ត្រ ថាជាមេដឹកនាំដែលអន់ ដឹកនាំប្រទេសត្រឹមតែជាង ២ឆ្នាំ ធ្វើឱ្យបាត់បង់ទឹកដី ទាំងដែនគោក និងដែនសមុទ្រ ដូចឪពុករបស់លោកដែរ៕









