មេដឹកនាំ​ថៃ​ផ្ដល់​ភ្លើង​ខៀវ​ឱ្យ​យោធា​ពង្រឹង​របង​ព្រំដែន និង​ទិញ​អាវុធ​បន្ថែម ក្រោយ​​ឈ្លានពាន​កម្ពុជា

0
32
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​លើកឡើង​ថា រដ្ឋាភិបាលចាំផ្ទះ​របស់​លោក​បាន​ផ្ដល់​ភ្លើង​ខៀវ ឱ្យ​ក្រុម​យោធា​ពង្រីក​អានុភាព និង​ទិញ​អាវុធ​បន្ថែម ក្រោយពី​ធ្វើសង្គ្រាម​ឈ្លានពាន​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ ជា​ជាង​ចរចា​ទ្វេភាគី ដែល​ជា​យុទ្ធសាស្ត្រ​ងាប់ក្រឡា ដើម្បី​ទប់ទល់​ជាមួយ​ថៃ។

មិន​ខុសពី​ការ​ប៉ាន់ស្មាន​នោះ​ឡើយ មេដឹកនាំ​ថៃ ដែល​ជា​ក្រុម​អភិរក្សនិយម និង​ស្និទ្ធ​ជាមួយ​ពួក​យោធា ពេល​នេះ​បាន​បើកដៃ​ឱ្យ​ក្រុម​យោធា ប្រឆាំង​នឹង​កម្ពុជា កាន់តែ​ខ្លាំង​ហើយ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ថៃ លោក អានុទីន ចាន់វីរៈគុល បាន​លើកឡើង​ថា លោក​បាន​អនុម័ត​សម្រាប់​ការទិញ​អាវុធ និង​សម្ភារៈ​យោធា ដើម្បី​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​របស់​ថៃ ក្នុង​អំឡុង​មាន​វិវាទ​ព្រំដែន​ជាមួយ​កម្ពុជា​។ ក្នុង​នោះ លោក​បាន​លើកឡើង​អំពី​គ្រោង​សាងសង់​របង​តាម​បណ្ដោយ​ព្រំដែន ជាប់​ជាមួយ​កម្ពុជា ជា​ឯកតោភាគី​ផង​ដែរ។

ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ប្រទេស​ថៃ ហាក់​បាន​ត្រៀមលក្ខណៈ​បង្កជម្លោះ​ជាមួយ​កម្ពុជា រយៈពេល​យូរអង្វែង និង​បើក​ការឈ្លានពាន​កម្ពុជា ជា​ចំហ​។ លោក​បន្ត​ថា ក្នុង​កាលៈទេសៈ​បែបនេះ កម្ពុជា​មិន​គួរ​ប្រើប្រាស់​យន្តការ ការទូត​ទ្វេភាគី ដែល​លោក​យល់ថា ជា​យុទ្ធសាស្ត្រ​ងាប់ក្រឡា​បែបនេះ​ឡើយ ដោយ​កម្ពុជា​ត្រូវ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ និង​ដំឡើង​កម្រិត​ការទូត ជាមួយ​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ និង​ប្រឆាំង​សកម្មភាព​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។

លោក ម៉ែន ណាត៖ «​កម្ពុជា​មាន​ឯកសារ​រឹងមាំ​ណាស់ រឿង​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​ស្រាប់​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង​។ កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​រឹងមាំ​តាំងពី​អតីតកាល​។ ហើយ​កម្ពុជា មាន​ភស្តុតាង​ជាច្រើន​ទៀត ដែល​បញ្ជាក់​ថា ជា​របស់​កម្ពុជា ហើយ​អ្វី​ដែល​ថៃ​កំពុង​ឈរជើង និង​ពង្រីក​ការឈ្លានពាន​ហ្នឹង ជា​ការ​បង្ហាញ​ថា ថៃ​រំលោភច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ»។

ក្រៅពី​និយាយ​ពី​ការពង្រីក​កម្លាំងប្រដាប់អាវុធ លោក អានុទីន បាន​លើក​ឡើង​បន្ថែម អំពី​គម្រោង​លុបចោល អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ស្ដីពី​ការ​រកស៊ី​នៅក្នុង​ដែនសមុទ្រ ជាមួយ​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា កំពុងតែ​ដំណើរការ ហើយ​បន្ទាប់ពី​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច អនុស្សរណៈ​នេះ នឹង​ត្រូវ​លុបចោល​ភ្លាមៗ តែម្ដង ដោយ​មិន​ចាំបាច់​មានការ​អនុម័ត​ពី​សភា​នោះ​ឡើយ។

ចំណែក​គម្រោង​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០០ ស្ដីពី​ការកំណត់​ព្រំដែន​គោក​ជាមួយ​កម្ពុជា វិញ លោក អានុទីន បាន​អះអាង​ថា កំពុង​កែប្រែ​នូវ​ខ្លឹមសារ​មួយចំនួន ដើម្បី​យក​ទៅ​ជជែក​គ្នា​សាជាថ្មី ខណៈ​ភាគី​កម្ពុជា និង​ថៃ កំពុង​ឈរជើង​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ទៅតាម​សេចក្ដីថ្លែងការណ៍​រួម នៃ​បទ​ឈប់​បាញ់។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ខណ្ឌសីមា​រវាង​កម្ពុជា និង​ថៃ នេះ​ដែរ នៅ​ថ្ងៃ​នេះ ស្ថានភាព​នៅ​តាម​តំបន់​មួយចំនួន នៅ​តាម​បណ្ដោយ​ព្រំដែន នៅតែ​បន្ត​មាន​ភាព​តានតឹង ជាក់ស្ដែង​នៅ​តំបន់​ភូមិ​ជោគជ័យ និង​ព្រៃ​ចាន់ ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ប្រឈម​មុខ​ដាក់គ្នា ខណៈ​ទាហាន​ថៃ កំពុង​ជីក​លេណដ្ឋាន​នៅក្នុង​តំបន់ ដែល​ដណ្ដើម​បាន​ពី​កម្ពុជា។

ចំណែក​នៅ​តំបន់​ព្រំដែន​ថ្មដា ខេត្តពោធិ៍សាត់ វិញ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ក្រុម បាន​នាំគ្នា​រុះរើ​បារ៉ាស់​របស់​ទាហាន​ថៃ យក​ទៅ​ដុត​ចោល ខណៈ​យុវជន​មួយ​ក្រុម​ទៀត បាន​កាត់​បន្លា​លួស​ចេញពី​ផ្លូវ។

រីឯ​នៅ​តំបន់​បឹង​ត្រកួន ទាហាន​ថៃ​បាន​បញ្ជូន​គ្រឿងចក្រ​មក​កម្ទេច​អាគារ​ខ្ពស់ៗ សាធារណៈ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ និង​ជីក​ប្រឡាយ សង់​ផ្លូវ លុប​ស្រះ​។ ភាគី​កម្ពុជា បាន​ចេញ​លិខិត​ប្ដឹង​តវ៉ា​ថា សកម្មភាព​ទាំងនេះ គឺជា​ការឈ្លានពាន ដោយ​បំបាត់ភស្តុតាង តាមរយៈ​ការ​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់ របស់​កម្ពុជា និង​ជំនួស​មកវិញ ដោយ​សំណង់​របស់​ថៃ។

ចំណែក​នៅ​តំបន់​ជាំ​តែ និង​តំបន់​ផ្សេងទៀត នៅ​ខេត្តព្រះវិហារ ទាហាន​ថៃ បាន​ចូល​រាយ​បន្លា​លួស ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​កន្លែង ខណៈ​តំបន់​មួយចំនួន ត្រូវ​ទាហាន​ខ្មែរ​រើចេញ ក៏ប៉ុន្តែ កន្លែង​ខ្លះ ត្រូវ​ទាហាន​ថៃ​ព័ទ្ធ​យក​បាន​សម្រេច។

ដោយឡែក នៅ​ឯ​តំបន់​ភូមិ​អូរ​ខ្លាឃ្មុំ ស្ថិតនៅ​សង្កាត់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ វិញ ត្រូវ​ទាហាន​ថៃ​តម្រៀប​ទូ​កុងតឺន័រ កាយ​ប្រឡាយ​ធំៗ ដើម្បី​ធ្វើជា​ព្រំប្រទល់ និង​រាយ​បន្លា​លួស​ថែម​មួយ​ជាន់​ទៀត ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង ត្រូវ​យោធា​ថៃ ឈូស​កម្ទេច​ចោល​រាប​ដល់​ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ