សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ជូន​ដល់​ជនភៀសសឹក ខណៈ​ពួកគាត់​កំពុង​ខ្វះខាត​ជីវភាព

0
50
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ប័ណ្ណ​ក្រីក្រ ជូន​ដល់​ជនភៀសសឹក ខណៈ​ដែល ពួកគាត់​កំពុងតែ​ប្រឈម​ជីវភាព​ខ្វះខាត បាត់បង់​ផ្ទះសម្បែង និង​គ្មាន​ចំណូល សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ដែល​តម្រូវ​ឱ្យ​មាន​ប្រាក់​ឧបត្ថម្ភ​ខ្លះ ពី​រដ្ឋ​តាមរយៈ​គោលនយោបាយ​ប័ណ្ណ​សមធម៌។ ពួកគាត់​ថា ការ​ផ្ដល់​នូវ​ប័ណ្ណ​សមធម៌ អាច​កាត់បន្ថយ លើ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​អាច​បាន​ប្រាក់ឧបត្ថម្ភ ប្រចាំខែ គ្រាន់​ទុក​ចំណាយ​លើ​ការ​ហូបចុក​ប្រចាំថ្ងៃ របស់​ជនភៀសសឹក។

បើ​ទោះជា​ប្រទេសជាតិ​កំពុង​រង​ការ ញាំញី ព្រោះ​ទង្វើ​ឈ្លានពាន និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​អ្នកភូមិ​ខ្មែរ​អស់​រាប់ពាន់​ខ្នង ពី​សំណាក់​យោធា​ថៃ​ក្ដី រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​ចេញ​សាច់ប្រាក់​ឧបត្ថម្ភ ដល់​ជនភៀសសឹក ឱ្យ​បាន​សមរម្យ​នៅឡើយ ខណៈ ពួកគាត់​ប្រឹង​ត្រដរ រស់នៅ​ទាំង​វេទនា​នៅ​តាម​ជំរំ ដោយ​ពឹង​អាស្រ័យ​តែ​ទៅលើ អំណោយ​បន្តិច​បន្តូច​ពី សប្បុរសជន។ ជនភៀសសឹក​ថា មក​ទល់​ពេល​នេះ​រដ្ឋាភិបាល ធ្លាប់​ផ្ដល់​ថវិកា​ដល់​ជនភៀសសឹក​បានតែ​ម្ដង​គត់ គឺ​ក្នុង​១​គ្រួសារ បាន ៣​ម៉ឺន​រៀល។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់ «សង់ត្រាល់» បាន​លើកឡើង ពី​ក្ដី​ព្រួយបារម្ភ ជុំវិញ​ស្ថានភាព​ជនភៀសសឹក នៅក្នុង​សប្ដាហ៍​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកថា ជនភៀសសឹក​ខ្លះ ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ស្ថានភាព​រស់នៅ និង​ជីវភាព​គ្រួសារ​ដោយសារតែ​បាត់បង់​ផ្ទះសម្បែង ដីស្រែ​ចម្ការ ធ្វើ​កសិកម្ម បាត់បង់​ការងារ មុខរបរ​ចិញ្ចឹមជីវិត​ទាំងស្រុង ហើយ​ត្រូវ​ស្នាក់នៅ​ក្នុង​ជំរំ​ភៀស​សឹក ដោយ​ពឹងផ្អែក​ទាំងស្រុង​តែ​លើ​​ជំនួយ​សប្បុរស​នានា។

ទន្ទឹមគ្នា​នោះ ជនភៀសសឹក​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ស្បៀង និង​បារម្ភ​ថ្ងៃ​អនាគត មិន​មាន​ដីស្រែ​ចម្ការ សម្រាប់​ដាំ​ដុះ​បង្កបង្កើនផល ព្រមទាំង​គ្មាន ទីជម្រក​សមរម្យ សម្រាប់​សមាជិកគ្រួសារ ព្រោះ​ការ​រស់នៅ​ក្រោម​តង់​កៅស៊ូ ក្នុង​ជំរំ​ប្រឈម​បញ្ហា​សុខភាព​គ្រប់​ពេល​វេលា ខណៈ​អាកាសធាតុ​ឡើង​ក្ដៅ​ខ្លាំង នៅ​រដូវប្រាំង ហើយ ២ ទៅ​៣​ខែ​ខាងមុខ​ទៀត​នឹង ដល់​រដូវភ្លៀង ដែល​ធ្វើ​ឱ្យ​ពួកគាត់ កាន់តែ​លំបាក។ ជា​ក្ដី​បារម្ភ​ទៀត​នោះ​នៅពេល មាន​ឈឺ​ថ្កាត់ ម្ដងៗ ពួកគាត់​ត្រូវ​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ហើយ ត្រូវ​ចេញថ្លៃ ព្យាបាល​ដោយ​ខ្លួនឯង ថ្វី​ត្បិត​ថា នៅ​តាម​ជំរំ​មាន​ការិយាល័យ​ពេទ្យ​ស្ម័គ្រចិត្ត ចាំ​ព្យាបាល​ឥតគិតថ្លៃ​ក្ដី ការ​ព្យាបាល​នោះ បាន​ត្រឹម​តែ​ប្រភេទ​ជំងឺ ផ្ដាសាយ ឬ ការសង្គ្រោះ​បឋម​ប៉ុណ្ណោះ។

បន្ថែម​ពី​នោះ អង្គការ​សង់ត្រាល់ រៀបរាប់​ថា ជនភៀសសឹក​ភាគច្រើន រស់នៅ​ក្នុង​សភាព​មិន​ប្រាកដប្រជា ព្រោះ មិនទាន់​ហ៊ាន ចេញ​ទៅ​រក​ការងារ​ធ្វើ នៅ​តាម​ខេត្ត​នានា​បាន ព្រោះ​បារម្ភ​ក្រែង ថ្ងៃ​ណាមួយ រដ្ឋាភិបាល មាន​ដំណោះស្រាយ ឧបត្ថម្ភ​ដីធ្លី ឬ​ផ្ទះ ដល់​ជនភៀសសឹក ហើយ​ចំ​ពេល​ពួកគាត់​មិន រស់នៅ​ក្នុង​ជំរំ​ភៀស​សឹក គឺ​ប្រាកដ​ណាស់ អាជ្ញាធរ​ធ្លាប់​អះអាង​ថា នឹង​ពុំ​ទទួល​បាន​ដំណោះស្រាយ ឬ​អំណោយ ពី​រដ្ឋាភិបាល​នោះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ លោក មឿន តុលា លើកឡើង​ថា ក្នុង​ពេល​ជាបន្ទាន់ រដ្ឋាភិបាល​គួរ​ដាក់ បញ្ចូល​ពលរដ្ឋ​ដែល​ជា​ជនភៀសសឹក ឱ្យ​ទទួល​បាន ប្រព័ន្ធ​សន្តិសុខ​សង្គម ឬ ជំនួយ​សង្គម ដូចជា ប័ណ្ណ​ក្រីក្រ ដើម្បី​ឱ្យ​ពួកគាត់ អាច​ទទួល​បាន​ជំនួយ​ជា​សាច់ប្រាក់ សេវា​ថែទាំ​សុខភាព និង​សេវា​សង្គម ផ្សេងៗ ដោយ​ឥតគិតថ្លៃ​។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​ក៏​គួរតែ​ផ្ដល់​ដី​លំនៅឋាន​ថ្មី ជូន​ពួកគាត់ ក៏ដូចជា​ដី​កសិកម្ម​សម្រាប់​ស្ដារ​ជីវភាព​ឡើងវិញ។

លោក មឿន តុលា៖ «ចំណុច​ទី​២​ខ្ញុំ​គិតថា មិន​គួរ​ទុក​ពួកគាត់​ឱ្យ រស់នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ អ៊ីចឹង​ទេ។ យល់​ល្អ​រដ្ឋ​គួរ​រក​ដី ហើយ​ចែក​ពួកគាត់ ជនភៀសសឹក​។ មិនមែន​តែ​ដី​ផ្ទះ​ទេ គឺ​ទាំង​ចម្ការ ដីស្រែ ដើម្បី​ឱ្យ​ពួកគាត់ អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ស្ដារ​ជីវភាព​គាត់​ឡើងវិញ​។ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​ស្នើ​ឱ្យ​ដាក់​ចូល​ពួកគាត់​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម និង​កម្មវិធី​ជំនួយ​សង្គម​របស់​រដ្ឋ»។

ជាមួយគ្នា​នោះ ជនភៀសសឹក​ម្នាក់ ដែល​រស់នៅ​ក្នុង តំបន់​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោក ព្រំ ចិត្ត លើកឡើង​ថា ការ​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ដល់​ជនភៀសសឹក​គឺជា​រឿង​ចាំបាច់​បំផុត ព្រោះថា បច្ចុប្បន្ន ជនភៀសសឹក ស្ទើរតែ ទាំងអស់ ដែល​មកពី​តំបន់​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ជាង ១​ពាន​គ្រួសារ សុទ្ធសឹងតែ ជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ខណៈ​ដែល​ឥឡូវនេះ ដីធ្លី និង​ផ្ទះសម្បែង ក៏​គ្មាន ដូច្នេះ​លោក​ថា រដ្ឋាភិបាល​គួរតែ ផ្ដល់​ជូន​នូវ​ប័ណ្ណ​សមធម៌ គ្រាន់​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ខ្លះ​និង ងាយស្រួល សម្រាប់​ព្យាបាល ជំងឺ​ដោយ​ឥតគិតថ្លៃ។

លោក ព្រំ ចិត្ត៖ «ប័ណ្ណ​ក្រីក្រ​នៅ​លើក​នេះ​ក្នុង​១​ខែ​គេ​បើក​បាន ៣​ម៉ឺន ៤​ពាន់​រៀល ក្នុង​១​គ្រួសារ​។ សម្រាប់​អ្នក​ដែល​អត់​មាន​ប័ណ្ណ​ក្រីក្រ វា​មាន​ផល​លំបាក​មែនហើយ ទៅ​ពេទ្យ​អ៊ីចឹង គេ​គិតលុយ។ បើ​យើង​មាន​ប័ណ្ណ​ក្រីក្រ យើង​អត់​មានបាន​អស់​សេវាកម្ម​អ្វី​នោះ​ទេ គឺ​គេ​គិត ពី​ខាង ប័ណ្ណ​ហ្នឹង​ទាំង​ម្ដង សម្រាប់​គ្នា​អត់​ប័ណ្ណ មាន​ផល​លំបាក»។

ការ​លើក​ឡើង​នេះ ក្រោយពី​ជនភៀសសឹក ជាច្រើន​ដែល​រស់​នៅ​តាម​ជំរំ​ក្នុង​ខេត្ត​ជាប់​ព្រំដែន ព្រំដែន​ថៃ បាន​បន្ត​រស់នៅ​ក្នុង​ជំរំ ជាង​២​ខែ​មក​ហើយ នៅ​មិនទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​​​​​​​​​បាន​ហើយ ពួកគាត់ ក៏​ពុំ​ទាន់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ណាមួយ ពី​រដ្ឋាភិបាល​ឱ្យ​បាន​សមរម្យ​នោះ​ឡើយ​។ សព្វថ្ងៃ​នេះ ពួកគាត់ រស់នៅ​ដោយ ពឹង​អាស្រ័យ តែ​ទៅលើ ​អំណោយ ពី​សប្បុរសជន​យូរៗ មាន​ម្ដង និង​ចាយវាយ ថវិកា​ដែល​នៅ​ខ្លះ កាលពី​មិន​ទាន់​ផ្ទុះ​សង្គ្រាម។

រីឯ​ជំនួយ​ពី​រដ្ឋាភិបាល​ពលរដ្ឋ អះអាង​ថា ធ្លាប់​ទទួល​បាន​ជា ថវិកា​ចំនួន ១​លើក​គត់ អំឡុង​ពេល យោធា​ថៃ និង​កម្ពុជា កំពុងតែ​ប្រយុទ្ធ​គ្នា​ខ្លាំង​​នៅ​តាម​ព្រំដែន ហើយ​ថវិកា​បាន​ត្រឹម​តែ ២ ទៅ​៣​ម៉ឺន រៀល​ប៉ុណ្ណោះ ក្នុង​១​គ្រួសារ។ ទោះជា​យ៉ាងណា សម្រាប់​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ស្រាប់ ពួកគាត់​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ប្រចាំខែ ចន្លោះ ពី ៣ ទៅ​៦​ម៉ឺន​រៀល ទៅតាម​ចំនួន សមាជិកគ្រួសារ ច្រើន ឬ​តិច ហើយ ទន្ទឹមគ្នា​នោះ ពេល​ឈឺ​ស្កាត់ ម្ដងៗ ពួកគាត់​អាច ទៅ​ព្យាបាល​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ក្បែរៗ​នោះ ​ដោយ​ឥត​ថ្លៃ។

ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាចទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក ជា សុមេធី ដើម្បី​បញ្ជាក់​បន្ថែម ជុំវិញ​នេះ​បានទេ​នៅ​ថ្ងៃទី​១៣ ខែ​មករា។

ទាក់ទិន​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ជនភៀសសឹក​ឱ្យ​បាន​ដិត​ដល់​ជាពិសេស ត្រូវ​រៀបចំ ទីជម្រក អាហារ​ហូបចុក ទឹក​ស្អាត និង​បង្គន់​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ។ ជាមួយគ្នា​នោះ លោក​ថា ការ​ផ្ដល់​ប័ណ្ណ​សមធម៌ ឬ​សេវា​គាំពារ សង្គម​ផ្សេង ក៏​ជា​រឿង​ដ៏​ចាំបាច់ ដើម្បី​ធ្វើ​យ៉ាងណា ជួយ​កាត់បន្ថយ ទុក្ខ​លំបាក ជូន​ជនភៀសសឹក បាន​មួយ​គ្រាៗ​ផង​ដែរ។

លោក យង់ គិមអេង៖ «កុំឱ្យ​គាត់​មាន​ផល​ប៉ះពាល់​ខាង​ផ្លូវចិត្ត​ហ្នឹង​ធ្ងន់ធ្ងរ​។ នេះ​ជា​រឿង​សំខាន់​ដែល​ខ្ញុំ​ថា ភាគី​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​គួរតែ​ពន្លឿន​ការ​ដោះស្រាយ ជូន​ពួកគាត់​ហើយ គិតគូរ​អំពី ការ​ស្នាក់នៅ ហូបចុក និង​បញ្ហា​សុខភាព អនាម័យ​របស់​ពួកគាត់​គ្រប់បែបយ៉ាង»។

ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​ក្រីក្រ គឺជា​យន្តការ​ផ្លូវការ​របស់​រដ្ឋាភិបាល ដើម្បី​កំណត់​អត្តសញ្ញាណ និង​ផ្ដល់​ជំនួយ​សង្គម​ដល់​គ្រួសារ​ក្រីក្រ ដែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំង និង​ល្មម​។ ទន្ទឹមគ្នា​នោះ អ្នក​ដែល​ទទួល​បាន​ប័ណ្ណ​សមធម៌ នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ប្រាក់ ឧបត្ថម្ភ​ប្រចាំខែ តាមរយៈ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់​គ្រួសារ។

បើ​ទោះជា​បែបនេះ​ក្ដី ការ​ផ្ដល់​ប័ណ្ណ​សមធម៌​នេះ ធ្លាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង រិះគន់​ថា ផ្ដល់​ជូន​ពលរដ្ឋ ធ្វើឡើង ដោយ​ខ្វះ តម្លាភាព ខណៈ​គ្រួសារ ខ្លះ​មាន​ទំនាក់ទំនង ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន គឺ​តែងតែ​ទទួល​បាន ប័ណ្ណ​សមធម៌​នេះ បន្ត​ពី មួយឆ្នាំ ទៅ​មួយ​ឆ្នាំ បើ​ទោះ​ជា​ជីវភាព ពួកគាត់​មាន​ដល់​ទៅផ្ទះ​ធំៗ និង ឡាន​ទំនើបៗ ក្ដី ចំណែក ពលរដ្ឋ​ខ្លះ ក្រ​រហូត រកតែ អង្ក​ច្រក​ឆ្នាំង គ្មាន គឺ ពុំ​ទទួល បាន​ប័ណ្ណ​សមធម៌​នោះ​ឡើយ ព្រោះតែ​មែន​ជា ខ្សែស្រឡាយ​បក្ខពួក ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ហើយ អ្នក​ខ្លះទៀត ត្រូវ​បាន​រើសអើង​មិន​ផ្ដល់​ប័ណ្ណ​សមធម៌​ឱ្យ ព្រោះតែ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ