អាជ្ញាធរ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទៅ​សាកសួរ​ករណី​ផ្តល់​បទសម្ភាសន៍​ពី​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​កូន​ឧកញ៉ា​ទ្រីភាព

0
2
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

អាជ្ញាធរ​ឃុំ​រួសរាន់ ក្នុងស្រុក​រវៀង កាលពី​ថ្ងៃទី​២១ ខែ​ឧសភា បាន​កោះហៅ សមាជិក​សហគមន៍​ម្នាក់​ទៅ​ជួប ដើម្បី​សាកសួរ ជុំវិញ​ការ​ផ្តល់​បទសម្ភាសន៍​ជាមួយ ទូរទស្សន៍​អាស៊ីសេរី​(TFA) ពី​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​របស់​កូន​ឧកញ៉ា​ទ្រី ភាព។ ពលរដ្ឋ​ចាត់ទុក​ការ កោះហៅ​សមាជិក​សហគមន៍​ទៅ​សួរនាំ​នេះ ថា ជា​គំរាមកំហែង និង​ដាក់​សម្ពាធ​មិន​ឲ្យ​ពួកគាត់​និយាយ​ស្ដី តាម​បញ្ជា​ក្រុមហ៊ុន។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី អះអាង​ថា ការ​កោះហៅ​សមាជិក​សហគមន៍​សួរនាំ​នេះ មិនមែន​ជា ដំណោះស្រាយ​នោះ​ទេ ផ្ទុយទៅវិញ គឺ​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ឈឺចាប់ និង​ជំរុញ​ឲ្យ បន្ត​ទាមទារ​រក​យុត្តិធម៌​ទៀត។

មេឃុំ​រួសរាន់ កាលពី​ថ្ងៃទី​២១ ខែឧសភា បាន​កោះ ហៅ​សមាជិក​សហគមន៍ ការពារ​ដីធ្លី​ឫស្សីស្រុក លោកស្រី យឹម យីត ទៅ​ជួប​នៅ​សាលាឃុំ​រួសរាន់ ដើម្បី​សាកសួរ​រឿង​វីដេអូ ដែល​គាត់​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាស៊ីសេរី (TFA)​ពាក់ព័ន្ធ នឹង​បញ្ហា​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដីធ្លី និង​ដំណាំ​របស់​ពួកគាត់​។ ក្នុង​ជំនួប​នោះ អាជ្ញាធរ​ឃុំ បាន​ប្រាប់​ឲ្យ​លោកស្រី លុប​វីដេអូ ដែល​បាន​និយាយ​ជាមួយ អ្នកសារព័ត៌មាន​ចេញ​វិញ​។ ប៉ុន្តែ​លោកស្រី យឹម យីត និយាយ​ទៅកាន់​អាជ្ញាធរ ថា លោកស្រី មិន​មាន​វីដេអូ​នោះ​ទេ ហើយ​ការ​ផ្ដល់​បទសម្ភាសន៍ របស់​លោក​ស្រី ជាមួយ​អ្នកសារព័ត៌មាន គឺ​គ្រាន់​បង្ហាញ​នូវ ទីតាំង ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស ឆាយ​ជាក់ស្ដែង​តែប៉ុណ្ណោះ។

ពលរដ្ឋ​រងគ្រោះ​នៅ​ស្រុក​រវៀង សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែឧសភា​ថា អាជ្ញាធរ​ឲ្យ​សមាជិក​សហគមន៍​លោកស្រី យឹម យីត ទៅ​ជួប​នេះ គឺ​ចង់​ឲ្យ​លោកស្រី​លុប​វីដេអូ ដែល​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ អ្នកសារព័ត៌មាន​វិញ ដោយ​លើក​ហេតុផល​ថា ប៉ះពាល់​ដល់​ក្រុមហ៊ុន​។ លោក​បន្ត​ថា កន្លងមក​អាជ្ញាធរ​ឃុំ និង​ស្រុក មិនបាន​ជួយ​រក​ដំណោះស្រាយ ឲ្យ ពួកគាត់​នោះ​ទេ ប៉ុន្តែ​បែរជា មក ដាក់​សម្ពាធ និង​គាបសង្កត់​មិន​ឲ្យ​ពួកគាត់ និយាយ​ស្ដី​ទៅវិញ។

លោកស្រី យឹម យីត៖ «ក្រុមហ៊ុន ថា ហៅ​ឈ្មោះ​នេះ គឺ​អាជ្ញាធរ​ហៅ​ឲ្យ ហៅ​ឈ្មោះ​ណា គឺ​អាជ្ញាធរ​ហៅ​ឲ្យ​ឃុបឃិត​គ្នា​។ សព្វថ្ងៃ​ហៅ​ដល់​ទៅ​សួរ​ទៅ​ថា ហៅ​ខ្ញុំ​ខុស​រឿង​អី​គេ​ថា គេ​អត់​មាន​ខុស​អី ប៉ុណ្ណ​ក្រុមហ៊ុន​អ្នកប្ដឹង ក្រុមហ៊ុន​ឲ្យ​ហៅ គេ​ឆ្លើយ​អ៊ីចឹង​។ ម្សិលម្ង៉ៃ ថ្ងៃទី​២១ ខែឧសភា ខ្ញុំ​សួរ​គេ​និយាយ​ដូចគ្នា​ថា ទំនាស់​នឹង​ក្រុមហ៊ុន វា​អាច​កិត្តិយស​ដល់​ក្រុមហ៊ុន យើង​ទៅ​ធ្វើ​រូបភាព​អ៊ីចឹង​ដូច​ថា ទៅ​មើល​ចម្ការ​ដែល គេ​យក ខ្លះ​ក៏​យំ ខ្លះ​ក៏​សម្ដែង​រឿង​បាត់​ចម្ការ តាំងពី​បាត់​ទៅ​ខ្វះខាត​លុយកាក់ ចិញ្ចឹម​កូន កូន​រៀន​កូន​អី​និយាយ​តាម​ធម្មតា ដល់​អ៊ីចឹង​គេ​បង្ហោះ​រូបភាព​ផ្ញើ​បន្តៗ​អ្នក កាសែត​គេ​មក​។ គេ​ហៅ​ទៅ​និយាយ​អំពី​រឿង​ហ្នឹងឯង គេ​ថា ឲ្យ​ឈប់​ធ្វើ​អ៊ីចឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន»។

ពលរដ្ឋ​រូប​នេះ​ថា បច្ចុប្បន្ន ទោះបីជា​រង​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព ក៏ដោយ ប៉ុន្តែ​ពួកគាត់​មិន​ភ័យខ្លាច​ទៀត​នោះ​ទេ ពីព្រោះ​ដីធ្លី​ជា​ឆ្នាំងបាយ និង​ជា​អាយុជីវិត​របស់​ពួកគាត់។ លោក​ចាត់ទុក ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា កាន់តែ​ធ្វើ ឲ្យ​ពួកគាត់​ឈឺចាប់ ប៉ុន្តែ​ពួកគាត់​មិន​បោះបង់​ការ​ទាមទារ​ដំណោះស្រាយ​ឡើយ។

លោកស្រី យឹម យីត៖ «​បើ​មិន​ឃុំ ប៉ូលីស ក៏​ស្រុក​រាល់ដង​ចូល​ស៊ាំ​បាត់​ហើយ ចង់​គ្រប់គ្នា​ហើយ​។ ក្រឡា​គេ​ចង់​គាបសង្កត់​អ៊ីចឹង សព្វថ្ងៃ​នេះ បើ​ដើរកាត់​ផ្លូវ​គេ​ហៅ​ផ្ដិតមេដៃ អ្នកខ្លះ​គេ​ឲ្យ​ផ្ដិតមេដៃ​ឲ្យ​ដក​ញតិ្ត​ខ្លះ​គេ​ឲ្យ​ផ្តិត​មេដៃ គេ​ថា ចេញចូល​ស្រួល គ្រប់​រូបភាព​។ ខ្ញុំ​យល់ថា គេ​គំរាម គេ​គាបសង្កត់​ហ្នឹង សម្រាប់​យើង​ឈឺចាប់​ហ្នឹង»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ​ពី​មេឃុំ​រួសរាន់ លោក ប្រាក់ វ៉េត បានទេ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា​នេះ។

ក្រៅពី​សមាជិក​សហគមន៍​នោះ នៅ​ថ្ងៃទី​១១ ខែឧសភា អធិការដ្ឋាន​នគរបាល ស្រុក​រវៀង បាន​កោះហៅ​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោក ឡុំ សែ ឲ្យ​ចូល ឆ្លើយ​បំ​ភ្លើ ពាក់ព័ន្ធ​រឿង​ដឹកនាំ​ពលរដ្ឋ​ចេញ​តវ៉ា ករណី​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​លោក ទ្រី ដាលុច រំលោភ​យក​ដី​ពួកគាត់។

ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់​លោក ទ្រី ដាលុច ក្រៅពី​ដណ្ដើម​យក​ដី​ស្រែចម្ការ របស់​ប្រជាពលរដ្ឋ នៅ​ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង​ហើយ​នោះ ក្រុមហ៊ុន​នេះ ក៏បាន​ច្បាម​យក​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ភាគ​ខាងជើង រាប់ពាន់​ហិកតារ ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់ថា សកម្មភាព របស់​អាជ្ញាធរ​នេះ គឺជា​ការ​រឹតត្បិត និង​បង្ហាញថា អាជ្ញាធរ​ឃុំ មិនមែន​ជា តំណាង ស្របច្បាប់ ដែល ពលរដ្ឋ​ផ្ដល់​ការ​ទុកចិត្ត​នោះ​ទេ​។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ មិនអាច ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បានទេ អាជ្ញាធរ​ត្រូវ​របាយការណ៍​ទៅ ថ្នាក់លើ​បន្ត ដោយ​មិន​ត្រូវ​គំរាមកំហែង​ពលរដ្ឋ​ឡើយ ពីព្រោះ​ពលរដ្ឋ​នឹង​បាត់បង់ ទំនុកចិត្ត ខណៈ​ការបោះឆ្នោត​ជិត​មកដល់​ដែរ។

លោក យិន ម៉េងលី៖ «ការ​ផ្ដល់​សម្ភាសន៍​ទៅដល់​សារព័ត៌មាន​ផ្សេងៗ​ទៀត អត់​មាន បទល្មើស​ទេ គ្មាន​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ទេ ប៉ុន្តែ​ការ​គំរាមកំហែង​មក​លើ​ពួកគាត់​អាហ្នឹង ជា​បទល្មើស​ដែល​មាន​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។ ការ​ផ្ដល់​សម្ភាសន៍​ទៅដល់​សារព័ត៌មាន​នេះ គឺ​គាត់​មាន​គោលបំណង​គាត់​ចង់​ឲ្យ សារព័ត៌មាន ពាំនាំ​កង្វល់​របស់​ពួកគាត់​ពី​ថ្នាក់​មូលដ្ឋាន​មកដល់​ថ្នាក់​ជាតិ ដើម្បី ជួយ​រក​ដំណោះស្រាយ​ហើយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​សារព័ត៌មាន​ហ្នឹង​ដើរ តួនាទី​សំខាន់​ណាស់ ដើម្បី​ពាំនាំ​នូវ​គោលនយោបាយ​ផ្សេងៗ របស់​រដ្ឋាភិបាល ពី​ថ្នាក់​ជាតិ​មក​ពលរដ្ឋ​បានដឹង ហើយ​បាន​ពាំនាំ​បញ្ហា​របស់​ប្រជាពលរដ្ឋ ពី​ថ្នាក់ មូលដ្ឋាន មក​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជា​អ្នកធ្វើ​ការ​ដោះស្រាយ»។

ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់​លោក ទ្រី ដា​លុច បាន​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ក្រោយពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ ពី​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុងតែ ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ។ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន គឺជា​កម្មសិទ្ធិ​របស់​លោក ទ្រី ដាលុច ដែល​ជា​កូនប្រុស​ច្បង​របស់​អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញ​ខាង​រកស៊ី​ឈើ និង​បំផ្លិច បំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​លោក ទ្រី ដាលុច គឺជា​ទីប្រឹក្សា របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ស៊ី​.​ឌី​.​ស៊ី (CDC)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ