អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ការអប់រំ​ដល់ក្មេង​ទំនើង​ជាង​ជា​បញ្ជូន​ពួកគេ​ទៅ​ធ្វើ​ការងារ​លុត​ដំ​នៅ​តាម​តំបន់​ព្រំដែន

0
7
ទិដ្ឋភាព​ក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាព​ក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​យល់ថា រដ្ឋាភិបាល​គួរ​ផ្ដោត​លើ​ការអប់រំ​ផ្លូវចិត្ត និង​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ​ដល់​ក្រុម​ក្មេង​ទំនើង ជាជាង​បញ្ជូន​ពួកគេ​ទៅ​ឃុំខ្លួន និង​ធ្វើការ​លុត​ដំ​ដោយ​កម្លាំង​ពលកម្ម​នៅ​តំបន់​ព្រំដែន​។ មន្ត្រី​សិទ្ធិមនុស្ស​ក៏​បារម្ភ​ថា ការ​បញ្ជូន​អ្នកទោស​ក្មេង​ទំនើង​ទៅ​តំបន់​ដាច់ស្រយាល​នេះ នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​រង​សម្ពាធ​ផ្លូវចិត្ត និង​ការ​ផ្ដាច់​ទំនាក់ទំនង​ពី​ក្រុម​គ្រួសារ ដោយសារ​សាច់ញាតិ​មួយចំនួន​គ្មាន​លទ្ធភាព​ទៅ​សួរសុខទុក្ខ។

ចំណាត់ការ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ផ្ទេរ​អ្នកទោស​ជា​ក្មេង​ទំនើង​ជិត ៨០០​នាក់​ទៅ​ឃុំខ្លួន និង​បង្ខំ​ឲ្យ​ធ្វើការ​នៅ​តាម​តំបន់​ព្រំដែន កំពុង​រង​ការ​រិះគន់​ថា ខ្វះ​ការ​គិតគូរ​ស៊ីជម្រៅ និង​អាច​ធ្វើ​ឱ្យ​ជន​ជាប់ឃុំ​ប្រឈម​ការរំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ ខែឧសភា​ថា ចំណាត់ការ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ផ្ទេរ​អ្នកទោស​ក្មេង​ទំនើង​ទៅ​ឃុំខ្លួន និង​ធ្វើ​ការងារ​នៅ​តំបន់​ជាយដែន​នេះ​ទំនង​ធ្វើឡើង​ដើម្បី​តែ​ផ្គាប់ចិត្ត​មេ​កើយ និង​អនុវត្ត​យ៉ាង​ប្រញាប់ប្រញាល់​ដោយ​មិនបាន​សិក្សា​ឱ្យ​បាន​ល្អិតល្អន់​នៅឡើយ​។ លោក​យល់ថា ការ​ផ្ដល់​ការអប់រំ​ផ្លូវចិត្ត​តាម​បែប​ព្រះពុទ្ធសាសនា និង​ការ​រួម​ចំណែក​របស់​រដ្ឋាភិបាល ដើម្បី​បណ្ដុះ​ផ្នត់គំនិត​ស្នេហា​ជាតិ​បញ្ជ្រាប​ឱ្យ​ក្រុម​ក្មេង​ទំនើង​ចេះ​គិតគូរ​ស៊ីជម្រៅ​ពី​ជោគវាសនា​របស់​ជាតិ គឺជា​កត្តា​សំខាន់ ជាជាង​ការ​បញ្ជូន​ពួកគេ​ដោយ​ឱ្យធ្វើ​ការងារ​លុត​ដំ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។

លោក ប៉ោ មករា បន្ថែម​ថា អ្នកទោស​ក្មេង​ទំនើង​មិនមែន​ជា​បន្ទុក​សង្គម​ឡើយ ប៉ុន្តែ​ជា​ជនរងគ្រោះ​ពី​សង្គម​ដែល​ញាំញី​ដោយ​អំពើ​អបាយមុខ រួម​ទាំង​បញ្ហា​ជីវភាព​គ្រួសារ និង​កត្តា​វិស័យ​អប់រំ​គ្មាន​ប្រសិទ្ធភាព​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាដើម។

លោក ប៉ោ មករា៖ «​អ៊ីចឹង​សំខាន់ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដល់​គំនិត ផ្ដល់​នូវ​ការ​គិត​ស៊ីជម្រៅ​ទៅដល់​ពួកគាត់​ក្នុង​ការ​ស្រឡាញ់​ខ្លួនឯង ក្នុង​ការ​ស្រឡាញ់​ជាតិ ក្នុង​ការ​ថែរក្សា​គ្រួសារ សង្គមជាតិ​របស់​គាត់​។ ព្រោះ​យើង​ដឹង​ហើយ​ថា ពួកគាត់​ក៏​ជា​ក្រុម​មនុស្ស​ដែល​រងគ្រោះ​ពី​លទ្ធផល​របស់​សង្គម ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រឿង​ស្រវឹង សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​អូសទាញ​ពួកគាត់​ឱ្យ​ចូល​ទៅ​ក្នុង​ល្បែង​ភ្លើតភ្លើន​។ បញ្ហា​ដែល​ធំ​ហ្នឹង​គឺ​វា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែល​កំពុងតែ​អុកឡុក កំពុងតែ​ញាំញី​នៅក្នុង​សង្គម​កម្ពុជា​នៅ​មូលដ្ឋាន​ហ្នឹង សំខាន់​មែនទែន ធ្វើ​ឱ្យ​យុវជន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ហ្នឹង បោះបង់​ការសិក្សា បោះបង់​ការ​ស្រឡាញ់​អនាគត​របស់​ខ្លួនឯង បោះបង់ចោល​គ្រួសារ ដោយសារតែ​បញ្ហា​គ្រឿងញៀន»។

ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២១ ខែមេសា ប្រកាស​ថា ក្រុម​អ្នកទោស​ជា «​ក្មេង​ទំនើង​» ដែល​ជា​យុវជន​សរុប​ចំនួន​ជិត ៨​រយ​នាក់ (៧៩០​នាក់​) នៅ​តាម​មជ្ឈមណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តពោធិ៍សាត់ និង​ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ​។ ចំណាត់ការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នេះ​ធ្វើឡើង​តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បញ្ជាក់​ថា ការផ្ទេរ​ទណ្ឌិត​ក្មេង​ទំនើង​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​បង្កើន​ការអប់រំ​កែប្រែ​ស្ដារ​នីតិសម្បទា​តាមរយៈ​ការចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​កសាង​សមត្ថភាព​ជំនាន់​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ រួម​ទាំង​ការ​ស្រលាញ់​ជាតិ​មាតុភូមិ​ផង​។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បន្ថែម​ថា កម្មវិធី​បណ្ដុះបណ្ដាល​នោះ រួមមាន​ជំនាញ​កសិកម្ម​ដូចជា ការ​ដាំដុះ​បន្លែបង្ការ ការ​ចិញ្ចឹម​សត្វ និង​ជំនាញ​សំណង់ ដូចជា​ការ​ចាក់​គម្រប​លេណដ្ឋាន និង​សំណង​បេតុង​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​ជួរមុខ​ដែល​កំពុង​ឈរជើង​ការពារ​អធិបតេយ្យ​ជាតិ។

ទាក់ទង​នឹង​រឿង​នេះ មន្ត្រី​សិទ្ធិមនុស្ស​ព្រួយបារម្ភ​ថា ការ​បញ្ជូន​ក្មេង​ទំនើង​ទៅកាន់​ពន្ធនាគារ និង​បម្រើ​ការងារ​តាម​ព្រំដែន​នេះ អាច​រំលោភសិទ្ធិ​ជន​ជាប់ឃុំ តាមរយៈ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ និង​ហួសហេតុ​ព្រមទាំង​ការ​ធ្វើ​ទារុណកម្ម​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ ប្រសិនបើ​អ្នក​អនុវត្ត​ច្បាប់​មិន​គោរព​តាមច្បាប់​ស្ដីពី​ការងារ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ការ​បញ្ជូន​ទណ្ឌិត​ដែល​គេ​ហៅថា ជា​ក្មេង​ទំនើង​ទៅ​ឃុំខ្លួន​ផង និង​បង្ខំ​ធ្វើការ​នៅ​តាម​ព្រំដែន​ផង គឺជា​វិធានការ​ថ្មី​ដែល​ផ្ទុយ​ពី​គោលការណ៍​អនុវត្ត​ទោស​ការងារ​សហគមន៍ និង​អាច​បង្ក​ក្ដី​បារម្ភ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​។ លោក​ពន្យល់​ថា គោលការណ៍​អនុវត្ត​ទោស​ការងារ​សហគមន៍ អ្នក​មានទោស​អតិបរមា​ចាប់ពី ៣​ឆ្នាំ​ចុះក្រោម​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវធ្វើ​ការងារ​ចន្លោះ​ពី ៣០ ទៅ ២០០ ម៉ោង ដើម្បី​ផលប្រយោជន៍​សាធារណៈ​ដោយ​គ្មាន​ប្រាក់កម្រៃ រីឯ​ការប្រើ​កម្លាំង​ពលកម្ម​ក៏​ត្រូវ​អនុវត្ត​ស្របតាម​ច្បាប់​ការងារ​ផង​ដែរ។

លោក អំ សំអាត៖ «​ការផ្ទេរ ពួកគេ​ទៅកាន់​ពន្ធនាគារ​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​ហ្នឹង ក៏ត្រូវ​តែ​មាន​ការ​ជូន​ដំណឹង​ទៅ​ក្រុម​គ្រួសារ​គេ​ឱ្យ​បាន​ដឹង ហើយ​បើសិនជា ឱ្យ​អនុវត្ត​ទោស​ការងារ​សហគមន៍ ក៏​ត្រូវ​ប្រាប់​ក្រុមគ្រួសារ​គេ​ឱ្យ​បាន​ដឹង​ដែរ ព្រោះ​វា​ទាក់ទង​ជាមួយនឹង​ការ​សួរសុខទុក្ខ សម្ពន្ធភាព​រវាង​គ្រួសារ និង​ជន​ជាប់ឃុំ​។ កាលណា​តែ​បញ្ជូន​ទៅ​ឆ្ងាយ​ពី​ផ្ទះសម្បែង សាច់ញាតិ​ដែល​រស់នៅ ឪពុកម្ដាយ​រស់នៅ ដូចជា​នៅ​ឧត្ត​រ​មានជ័យ ឬក៏​ពោធិ៍សាត់​មជ្ឈមណ្ឌល ម​៤ ហ្នឹង វា​ឆ្ងាយ​អ៊ីចឹង​ទៅ វា​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​សាច់ញាតិ​ជាមួយ​គាត់​ហ្នឹង​អាច​នឹង​ឃ្លាតឆ្ងាយ ដោយសារតែ​អ្នកខ្លះ​ជីវភាព​ក្រីក្រ គាត់​គ្មាន​លទ្ធភាព​ក្នុង​ការ​ធ្វើដំណើរ សួរសុខទុក្ខ​កូន​អ៊ីចឹង​ទៅ»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២២ ខែឧសភា​។​

លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ស សុខា គឺជា​មេគំនិត​ក្នុង​ការ​បញ្ជូន​អ្នកទោស​ក្មេង​ទំនើង​ទៅ​ឃុំខ្លួន និង​បម្រើ​ការងារ​នៅ​តាម​ព្រំដែន ខណៈ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន អសមត្ថភាព​ដោះស្រាយ​បញ្ហា​ក្មេង​ទំនើង​ដែល​កំពុង​កើនឡើង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា កំណើន​ក្មេង​ទំនើង​ក្នុង​សង្គម គឺ​បណ្ដាលមកពី​ការដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ជាពិសេស​គឺ​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មាន​ចរិត​ទំនើង ធ្វើ​ឱ្យ​សីលធម៌​សង្គមជាតិ​ធ្លាក់ចុះ​និង​បណ្ដោយ​ឱ្យ​អំពើ​អបាយមុខ​ដូចជា គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង និង​ឧក្រិដ្ឋកម្ម​រីក​រាលដាល​ពាសពេញ​ប្រទេស​។ ពួកគាត់​ថា បញ្ហា​ទាំងនេះ​បាន​ក្លាយជា​អន្ទាក់​បំផ្លាញ​អនាគត​យុវជន ជាពិសេស​អ្នក​ដែល​ខ្វះ​ឱកាស​ទទួល​បាន​ការអប់រំ​ពេញលេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ