

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែឧសភា បានច្រានចោលការចុះផ្សាយរបស់ក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃដែលថា កងកម្លាំងកម្ពុជាបានបំផ្ទុះអាវុធចំនួន ៥គ្រាប់ នៅភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិកម្ពុជាចាត់ទុកការផ្សព្វផ្សាយរបស់ថៃជាព័ត៌មានមិនពិត និងមានចេតនាបំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អ្នកឃ្លាំមើល យល់ថា ភាគីថៃ នៅតែបង្កើនសកម្មភាពឈ្លានពានកម្ពុជាគ្រប់រូបភាព និងបង្កហេតុផ្សេងៗ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យល់ព្រមចុះកិច្ចព្រមព្រៀងថ្មីមួយថៃ ដូចដែលគ្រួសារត្រកូលហ៊ុន ធ្វើតាមការគូសវាសរបស់វៀតណាម។
ស្ថានភាពនៅតាមព្រំដែនខ្មែរ-ថៃ នៅតែបន្តឡើងកម្តៅម្តងម្កាលដោយភាគីទាំងពីរ តែងចោទគ្នាទៅវិញទៅមកពីការបង្កហេតុនិងការផ្ទុះអាវុធ។ ជាក់ស្តែងនៅថ្ងៃទី២២ ខែឧសភា នេះក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃបានចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបំផ្ទុះអាវុធចំនួន ៥គ្រាប់ នៅភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅថ្ងៃទី២២ ខែឧសភា បានច្រានចោលការចុះផ្សាយរបស់ក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃដែលថា កងកម្លាំងកម្ពុជាបានបំផ្ទុះអាវុធចំនួន ៥គ្រាប់ នៅភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្រសួងការពារជាតិកម្ពុជាចាត់ទុកការផ្សព្វផ្សាយរបស់ថៃជាព័ត៌មានមិនពិត និងមានចេតនាបំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកស្រី ម៉ាលី សុជាតា បានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទកម្ពុជា ព្រមទាំងប៉ះពាល់ដល់ការទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិកម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានទាំងនេះជាបន្ទាន់ និងអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្រោមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
កាសែត The National បានដកស្រង់សម្ដីកងទ័ពជើងគោកថៃនៅថ្ងៃនេះថា សំឡេងកាំភ្លើងចំនួនប្រាំគ្រាប់ពីខាងកម្ពុជាជិតសុរិន្ទ។ ភាគីកម្ពុជាហាក់ដូចជាមានបំណងយាយីកងទ័ពថៃ ហើយទង្វើនេះបានរំលោភលើសេចក្តីថ្លែងការណ៍រួម។ អង្គភាពនានានៅក្នុងតំបន់នោះកំពុងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ហើយនៅតែត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពតាមការចាំបាច់។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ភាគីថៃនៅតែបង្កើនសកម្មភាពបំពុលសង្គម និងឈ្លានពានកម្ពុជាគ្រប់រូបភាព ពីព្រោះថៃសង្កត់រហូតដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឆ្លើយយល់ព្រមចុះកិច្ចព្រមព្រៀងថ្មីមួយថៃ ដាក់កម្ពុជានៅក្រោមឥទ្ធិពលថៃដូចដែលថៃចង់បាន។
លោក គឹម សុខ បន្ថែមទៀតថា គោលការណ៍កិច្ចព្រមព្រៀងថ្មីដែលថៃចង់ដាក់កម្ពុជាឲ្យឋិតនៅក្រោមឥទ្ធិពលរបស់ថៃ ទី១ ថៃចង់ឲ្យទំនាក់ទំនងនិងបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើតាមការគូសវាសរបស់ថៃ ដូចដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ធ្វើតាមការគូសវាសរបស់វៀតណាមដែរ។ ហើយទី២ ថៃចង់ទាត់ចោលឯកសារពីមុនទាំងអស់ ដែលបន្សល់ទុកដោយបារាំង រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ ហើយងាកទៅផលិតឯកសារថ្មីទ្វេភាគីនិងគូសផែនទីថ្មី និងទី៣ ថៃចង់ឲ្យគ្រប់ទំនាស់រវាងកម្ពុជា-ថៃ ត្រូវដោះស្រាយពីភាគីសុទ្ធសាធ មិនឆ្លងទៅស្ថាប័នអន្តរជាតិឬក៏ប្ដឹងទៅតុលាការអន្តរជាតិនោះទេ។
លោក គឹម សុខ៖ «ដំណោះស្រាយដែលមានប្រសិទ្ធភាពមានតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែតប្រមូលយកសំណុំរឿងដែលថៃឈ្លានពានកម្ពុជាទាំងអស់ ប្ដឹងទៅតុលាការអន្តរជាតិជាបន្ទាន់ ហើយងាកមកផ្សះផ្សាផ្ទៃក្នុងជាតិពង្រឹងកម្លាំងជាតិកម្ពុជាឡើងវិញ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ»។
ទន្ទឹមគ្នានេះ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ការផ្សព្វផ្សាយព័ត៌មានមិនពិត មួលបង្កាច់ម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលខាងកម្ពុជាតាមបដិសេធ គឺជាសង្គ្រាមព័ត៌មាន និងចិត្តសាស្ត្រ។ លោកបន្តថា ដើម្បីទប់ទល់នឹងទង្វើរបស់ភាគីថៃ គឺមានតែភាគីកម្ពុជា បើកលំហព័ត៌មានពិត ផ្សាយឲ្យបានទូលំទូលាយ និងអាចជឿទុកចិត្តបានពីប្រជាពលរដ្ឋ។
មកទល់ពេលនេះ ថ្វីដ្បិតតែប្រទេសកម្ពុជា កំពុងរងគ្រោះបាត់បង់ទឹកដីពីការឈ្លានពានរបស់យោធាថៃក្តី ក៏រដ្ឋាភិបាលត្រកូលហ៊ុន មិនបានបើកលំហសេរីភាពសារព័ត៌មានដែរ និងថែមទាំងបំបិទសិទ្ធិមិនឲ្យពលរដ្ឋ និងអ្នកសារព័ត៌មានផ្សព្វផ្សាយអំពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃឡើយ។ ដោយឡែកភាគីថៃវិញ យោធាថៃ មិនត្រឹមតែផ្សព្វផ្សាយព័ត៌មានចោទប្រកាន់កម្ពុជានោះទេ ថែមទាំងប្រើប្រាស់កម្លាំងចូលឈ្លានពានយកទឹកដីកម្ពុជាទាំងកម្រោលជាបន្តបន្ទាប់។
បច្ចុប្បន្នយោធាថៃ បានកាត់ឆ្វៀលដីដែលដណ្ដើមពីកម្ពុជា ទាំងមុន និងក្រោយផ្ទុះសង្គ្រាម យកទៅចែកឱ្យពលរដ្ឋថៃសម្រាប់បង្កបង្កើនផល និងចេញប្លង់រឹងឱ្យកាន់កាប់ស្របច្បាប់ជាបន្តបន្ទាប់។ យោធាថៃបានប្រកាសថា តំបន់ដែលយោធាថៃកាន់កាប់នោះ នឹងត្រូវអភិវឌ្ឍជាទីប្រជុំជន ឬជាទីក្រុងខ្សែក្រវាត់ព្រំដែន ហើយភាគីថៃនឹងមិនប្រគល់ឱ្យកម្ពុជាវិញនោះឡើយ។
កាលពីថ្ងៃទី២១ ខែឧសភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក កែវ ឈា បានថ្លែងនៅក្នុងកិច្ចពិភាក្សាដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី «ការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ» នៅទីក្រុងញូវយ៉កថា សកម្មភាពឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជាកន្លងមក បានបណ្តាលឱ្យមានផលវិបាកផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងនោះបានធ្វើឱ្យជនស៊ីវិលជាង៦សែន៤ម៉ឺន ( ៦៤៩,០០០) នាក់ត្រូវផ្លាស់ទីលំនៅ។ លោក បន្ថែមថា មកទល់ពេលនេះ មនុស្សប្រមាណ ៣ម៉ឺន២ពាន់ (៣២,១៦០) នាក់នៅតែបន្តបាត់បង់ទីជម្រក ដោយសារតែផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនរបស់ពលរដ្ឋខ្មែរ ត្រូវបានយោធាថៃ បំផ្លិចបំផ្លាញ។ ក្រៅពីនេះ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏បានទទួលរងការវាយប្រហាររហូតខ្ទេចខ្ទាំផងដែរ។ លោកចាត់ទុកថា នេះគឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ៕









