

ក្រុមមេខ្លោងដែលមានឥទ្ធិពលមានងារជាឧកញ៉ា និងជាមន្ត្រីកំពូលៗក្នុងជួរបក្សមួយចំនួនដែលរងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតែរស់នៅក្រៅសំណាញ់ច្បាប់ និងគ្មានវិធានការស៊ើបអង្កេតណាមួយលើពួកគេឡើយ។ អ្នកឃ្លាំមើលថា សេដ្ឋកិច្ចគណបក្សប្រជាជនកម្ពុជានឹងដួលរលំ ទើបរដ្ឋាភិបាលត្រកូលហ៊ុន មិនចាត់វិធានលើមេខ្លោងអ្នកមានអំណាចដែលកាងឧស្សាហកម្មឆបោកតាមអនឡាញ។
បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានចាក់ឫសយ៉ាងជ្រៅ និងរីកសាយភាពស្ទើរតែទាំងប្រទេសកម្ពុជា។ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមតាមអនឡាញនៅកម្ពុជាបានឈានដល់កម្រិតមួយធ្ងន់ធ្ងរ ដោយបណ្ដាញឧក្រិដ្ឋជនបានពង្រីកឧស្សាហកម្មឆបោកតាមអនឡាញឱ្យរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងកម្ពុជា ហើយជនរងគ្រោះដែលជាជនបរទេសចម្រុះជាសាសន៍នៅជុំវិញពិភពលោកត្រូវបានឧក្រិដ្ឋជនល្បួងបញ្ឆោតនិងបង្ខាំងធ្វើទារុណកម្មក្នុងអគារ ដើម្បីបង្ខំឱ្យធ្វើការខុសច្បាប់។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែកុម្ភៈថា ក្រុមឧក្រិដ្ឋជនម៉ាហ្វីយ៉ា (Mafia) ចិនមួយចំនួនអាចនាំបណ្ដាញចូលពង្រីកឧក្រិដ្ឋកម្មជួញដូរមនុស្ស និងធ្វើមជ្ឈមណ្ឌលតាមអនឡាញនៅកម្ពុជាបាន គឺដោយសារតែមានរដ្ឋាភិបាលត្រកូល ហ៊ុន ជាអ្នកឃុបឃិត និងកាងការពារ។ អ្នកស្រីថា ប្រព័ន្ធដឹកនាំបែបគ្រួសារបក្ខពួកនិយម និងអំពើពុករលួយក៏បានផ្ដល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនអាចពង្រីកបណ្ដាញឆបោកតាមនៅកម្ពុជាបានយ៉ាងឆាប់រហ័ស។
អ្នកស្រី មូរ សុខហួរ បន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន បង្ក្រាបលើឧក្រិដ្ឋកម្មអនឡាញចុងក្រោយនេះមិនបានធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិមានជំនឿចិត្តឡើយ ដោយសារតែគ្មានការចាប់ខ្លួនមេខ្លោងពិតប្រាកដយកមកផ្ដន្ទាទោសតាមច្បាប់។ អ្នកស្រីយល់ថា រដ្ឋាភិបាលត្រកូល ហ៊ុន មិនមែនកំពុងធ្វើយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ប៉ុន្តែធ្វើសកម្មភាពបង្ក្រាបទីតាំង និងចាប់ខ្លួនល្មើសតូចតាច ដើម្បីបិទបាំង និងការពារឧក្រិដ្ឋជនដែលជាមេខ្លោងធំៗឱ្យបន្តរកស៊ីរបរខ្មៅងងឹតជួយគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរនៃរដ្ឋាភិបាលត្រកូល ហ៊ុន បន្តចុះបង្ក្រាបទីតាំងអគារអនឡាញជាបន្តបន្ទាប់ដោយអះអាងថា នឹងកម្ចាត់ឧក្រិដ្ឋកម្មនេះឱ្យអស់នៅក្នុងរយៈពេលដ៏ខ្លី។ ថ្វីត្បិតមានការចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាជនបរទេសមួយចំនួន ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលកម្ពុជាបានព្យាយាមបិទបាំងព័ត៌មានជាច្រើនជាពិសេសការបង្ហាញមុខជនសង្ស័យជាសាធារណៈ និងនីតិវិធីក្នុងដំណើរការផ្លូវច្បាប់ផ្ដន្ទាទោសលើអ្នកពាក់ព័ន្ធ។ លើសពីនេះទៀត រដ្ឋាភិបាលត្រកូល ហ៊ុន ក៏បានព្យាយាមបំបិទព័ត៌មានស្ទើរតែទាំងស្រុងនៅក្រោយពេលដែលមានប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារឆបោកតាមតាមអនឡាញនីមួយៗ និងគ្មានការស៊ើបអង្កេតស៊ីជម្រៅស្វែងរកម្ចាស់កម្មសិទ្ធិនៃអគារដែលឧក្រិដ្ឋជនជួល និងអ្នកដែលពាក់ព័ន្ធយកមកអនុវត្តទោសតាមផ្លូវច្បាប់ឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី១៣ ខែកុម្ភៈ។
មកដល់ពេលនេះ មានអតីតអ្នកឧកញ៉ាតែម្នាក់ប៉ុណ្ណោះគឺលោក លី គួង ត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំក្នុងពន្ធនាគារបន្ទាប់ពីសមត្ថកិច្ចបានចុះបង្ក្រាបអគារអនឡាញនៅក្នុងបរិវេណកាស៊ីណូខ្ញុំនៅតំបន់ព្រែកចាក ខេត្តកំពតដែលស្គាល់ថា ជាកម្មសិទ្ធិរបស់លោក លី គួង ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារត្រកូល ហ៊ុន។
ទោះជាយ៉ាងណា ក្រុមឧកញ៉ាមួយចំនួនទៀតដែលមានអគារកាស៊ីណូ និងអគារពាណិជ្ជកម្មជួល ឬបម្រើឱ្យក្រុមឧក្រិដ្ឋជនរកស៊ីឆបោកតាមអនឡាញជាច្រើនទៀតនៅតែរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។ ជាក់ស្ដែងម្ចាស់កាស៊ីណូឋានសួគ៌បូកគឺលោក សុខ គង់ និងម្ចាស់កាស៊ីណូក្រោនគឺលោក កុក អាន ជាដើមបានរងគ្រោះចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាយូរមកហើយពិសេសតាមរយៈការជួលអគារឱ្យក្រុមឧក្រិដ្ឋជនបង្ខាំងជនរងគ្រោះរាប់សិបនាក់។ ទោះជាសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងអគាររបស់ក្រុមឧកញ៉ាទាំងនោះដោយមានជនរងគ្រោះរាប់សិបនាក់នាំគ្នាសម្រុកចេញពីអគារ ក៏អាជ្ញាធរមិនស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវនោះទេ។ ក្រៅពីនេះទីតាំងសំខាន់ៗផ្សេងទៀតដូចជា អគារតំបន់អូរស្មាច់របស់សមាជិកបក្សសភាលោក លី យ៉ុងផាត់ ដែលរងការចោទប្រកាន់ថា ជាសម្បុកនៃក្រុមឧក្រិដ្ឋជនអនឡាញនៅតែបន្តដំណើរដោយសេរី៕









