

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានប្រកាសថា រដ្ឋាភិបាលរបស់លោក និងបន្តបិទច្រកទ្វារ សាងសង់ជញ្ជាំងកំពែង តាមបណ្ដោយព្រំដែន ដែលជាប់នឹងកម្ពុជា និងលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ ជាមួយកម្ពុជា ក្រោយបង្កើតរដ្ឋាភិបាលថ្មីរួច។ អ្នកឃ្លាំមើល ថា ការលើកឡើងរបស់លោក អានុទីន បានបង្ហាញពីមហិច្ឆតា ពង្រីកការឈ្លានពានមកលើកម្ពុជា ដែលធ្វើឱ្យការចរចាជម្លោះព្រំដែន កាន់តែស្មុគស្មាញ និងកាន់តែពិបាក។
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ដែលជាបេក្ខជនអាទិភាពទីមួយ នឹងអាចក្លាយជានាយករដ្ឋមន្ត្រីថៃបន្ត គឺលោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ម្សិលមិញថា លោកនឹងមិនធ្វើឱ្យអ្នកគាំទ្ររបស់លោកខកចិត្តនោះឡើយ ដោយលោកនឹងធ្វើតាមការសន្យា ក្រោយពេលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
ការសន្យា ដែលលោក អានុទីន បានលើកឡើងជាពិសេសនោះ គឺការបន្តបិទព្រំដែន ជាមួយកម្ពុជា ការសាងសង់កំពែងតាមបណ្ដោយព្រំដែន ដែលនៅជាប់នឹងកម្ពុជា និងការលុបចោល អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ ស្ដីពីការអភិវឌ្ឍរួមគ្នានៅលើដែនសមុទ្រជាមួយកម្ពុជា។ លោក អានុទីន អះអាងថា ផែនការទាំងនេះ ធ្វើឡើងគឺដើម្បីការពារផលប្រយោជន៍ដ៏លើសលប់ របស់ប្រទេសថៃ និងជាការបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋថៃ ដែលបានបោះឆ្នោតឱ្យគណបក្សភូមិចៃថៃ របស់លោក។
ក្រៅពីនេះ លោក អានុទីន បានប្ដេជ្ញានាំប្រទេសថៃត្រឡប់មកលើឆាកអន្តរជាតិវិញ ដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងមិនឱ្យប្រទេសណាមួយ មកគំរាមកំហែងដល់ប្រជាពលរដ្ឋថៃទៀតនោះឡើយ ទោះបីជាពេលនេះ យោធាថៃកំពុងតែធ្វើសកម្មភាពឈ្លានពានមកលើកម្ពុជា គ្មានលស់ថ្ងៃក៏ដោយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការលើកឡើងរបស់លោក អានុទីន ហាក់បង្ហាញអំពីបំណង ពង្រីកការឈ្លានពានមកលើកម្ពុជា ដែលធ្វើឱ្យការចរចាជម្លោះព្រំដែន កាន់តែស្មុគស្មាញ និងពិបាក។ លោកបន្តថា ស្ថិតក្នុងស្ថានភាពគំរាមកំហែងបែបនេះ រដ្ឋាភិបាលកម្ពុជា ត្រូវតែប្រើប្រាស់នូវយន្តការច្បាប់អន្តរជាតិ ដើម្បីបង្ការសង្គ្រាមឈ្លានពានដោយអាវុធ ពីសំណាក់យោធាថៃ មកលើកម្ពុជា ជាលើកទី៣ បន្តទៀត។
លោក ម៉ែន ណាត៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវគិតគូរឡើងវិញ មិនអាចចរចាទ្វេភាគី ងាប់ក្រឡាអ៊ីចឹងនោះទេ។ បើធ្វើអ៊ីចឹង ទោះ១០០ឆ្នាំ ឬ២០០ឆ្នាំទៀត ក៏មិនអាចរកយុត្តិធម៌ឱ្យកម្ពុជា បាននោះដែរ។ រឿងហ្នឹង ដូចនូវអ្វីដែលលោក ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីមុនផ្ទុះសង្គ្រាមកន្លងទៅហ្នឹង ថា រឿងហ្នឹងត្រូវប្ដឹងទៅតុលាការអន្តរជាតិ»។
នេះមិនមែនជាលើកទី១ នោះទេ ដែលលោក អានុទីន ជាអ្នកនយោបាយអភិរក្សនិយមរបស់ថៃ បានថ្លែងសារនយោបាយ ដែលជាការគំរាមកំហែងមកលើបូរណភាពទឹកដីកម្ពុជា។ ក្នុងនោះ លោកបានលើកយក រឿងសាងសង់កំពែងតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីឃោសនារកប្រជាប្រិយភាព ទោះបីជា ការសាងសង់របងតាមព្រំដែន ដោយឯកតោភាគី គឺជារឿងខុសច្បាប់ និងបំពានទៅលើបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតក៏ដោយ។
ទន្ទឹមគ្នានេះ លោក អានុទីន បានប្រកាសជាច្រើនដង អំពីផែនការលុបចោលអនុស្សរណៈយោគយល់គ្នា ជាមួយកម្ពុជា ឆ្នាំ២០០១ ស្ដីពីការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ដែនសមុទ្រ ដែលគេអះអាងថា «ត្រួតស៊ីគ្នា» និងការកែប្រែលក្ខខណ្ឌក្នុងអនុស្សរណៈឆ្នាំ ២០០០ ស្ដីពីការបោះបង្គោលព្រំដែនគោក ជាមួយកម្ពុជាទៀតផង។
លោក ម៉ែន ណាត លើកឡើងថា បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ជាមួយកម្ពុជា ថៃនឹងបើកការឈ្លានពានក្នុងដែនសមុទ្ររបស់កម្ពុជា ដោយភាគីថៃ អាចនឹងប្រើប្រាស់កិច្ចព្រមព្រៀង ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ ដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានព្រមព្រៀងគ្នា ជាមួយប្រទេសវៀតណាម ដោយខុសច្បាប់ កាលពីឆ្នាំ១៩៨២ ធ្វើជាលេស។ លោកបន្តថា វៀតណាម និងថៃ បានយកកិច្ចព្រមព្រៀងឆ្នាំ១៩៨២ នេះ ទៅកំណត់ដែនសមុទ្រជាមួយគ្នា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឱ្យកម្ពុជា ប្រឈមនឹងការបាត់បង់ដែនសមុទ្រ ចំនួន ៦ម៉ឺនគីឡូម៉ែត្រការ៉េ។
ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជា-ថៃ នេះដែរ នៅថ្ងៃសែនចូលឆ្នាំចិននេះ យោធាថៃ បានធ្វើសកម្មភាពឈ្លានពានចូលក្នុងទឹកដីកម្ពុជា ជាច្រើនទីតាំង។ ក្នុងនោះ នៅតំបន់ភូមិជោគជ័យ ទាហានថៃបានបន្តសកម្មភាពប្រើគ្រឿងចក្រកាយប្រឡាយធំៗ និងរាយបន្លាលួស ទោះបីជាមានការរារាំងពីទាហានខ្មែរក៏ដោយ។
ចំណែកនៅតំបន់អូរស្មាច់ ទាហានថៃ បានកាយប្រឡាយ និងរាយបន្លាលួស ព័ទ្ធយកដីធ្លី និងភូមិម្ករ របស់ពលរដ្ឋខ្មែរជាច្រើនទីតាំង និងបានកម្ទេចផ្ទះសម្បែង វត្តអារាម នៅក្នុងតំបន់នោះទៀតផង។ រីឯតំបន់ថ្មដា ទាហានថៃបានរាយបន្លាលួសដាក់ពីលើទូ កុងតឺន័រ បន្ថែមមួយជាន់ទៀត។
ដោយឡែក នៅឯតំបន់ប្រាសាទតាមានធំ ប្រាសាទតាក្របី ប្រាសាទខ្នា និងតំបន់ថ្មដា ហាក់មានភាពតានតឹងជាងមុន ដោយសារមានហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងតំបន់ទាហានខ្មែរឈរជើង លាយឡំជាមួយសំឡេងគ្រាប់ផ្ទុះមួយចំនួន។ ភាគីថៃបានចោទថា ទាហានខ្មែរជាអ្នកដុតព្រៃ ដើម្បីចល័តទ័ព និងអាវុធ ក៏ប៉ុន្តែ ក្រោយមកទាហានភូមិភាគ២ របស់ថៃ បានចេញមកបញ្ជាក់ថា សំឡេងផ្ទុះទាំងនេះ គឺបណ្ដាលមកពីការផ្ទុះគ្រាប់កាំភ្លើង ដែលបន្សល់ទុកពីសង្គ្រាមតាមព្រំដែន ២១ថ្ងៃ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានអះអាងថា គិតមកដល់ពេលនេះ ទីតាំងរបស់កម្ពុជា ដែលត្រូវទាហានថៃ ចូលឈ្លានពាន និងកំពុងកាន់កាប់ មានចំនួនកើនដល់ ៤៥ទីតាំងហើយ។ លោកអះអាងទៀតថា តំបន់ដែលទាហានខ្មែរកំពុងគ្រប់គ្រង និងមិនបាត់បង់ដោយសារសង្គ្រាម មានចំនួន ១៣ទីតាំង រួមមាន ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្ទ្រីយ៍ ភ្នំតាង៉ោល បង្គោល៨ មុំបី ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ ភ្នំ៣៣៣ និងភ្នំ៣៩៨ ជាដើម៕









