ពលរដ្ឋ​នៅ​រតនគិរី​ថា អាជ្ញាធរ​ប៉ុនប៉ង​ចាប់​តំណាង​ខ្លួន ក្រោយ​ហាម​គ្រឿងចក្រ​​កម្ទេច​ស្ពាន​ឈើ​ប្រើ​ប្រចាំថ្ងៃ

0
8
អ្នកស្រី សេក សុភ័ក្រសឿម៉ូនា ភរិយា​មន្ត្រី​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែល​កំពុង​មាន​បញ្ហាដីធ្លីជាមួយពលរដ្ឋ នៅ​ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូប៖ កាសែតហ្វ្រេសញូវ
អ្នកស្រី សេក សុភ័ក្រសឿម៉ូនា ភរិយា​មន្ត្រី​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែល​កំពុង​មាន​បញ្ហាដីធ្លីជាមួយពលរដ្ឋ នៅ​ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូប៖ កាសែតហ្វ្រេសញូវ

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្តរតនគិរី​អះអាង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស​ចំនួន​៣​នាក់ ប៉ុនប៉ង​ចាប់​តំណាង​របស់​ពួកគាត់ ក្រោយ​ពលរដ្ឋ​បាន​នាំគ្នា​ហាមឃាត់​គ្រឿងចក្រ​មិន​ឲ្យ​កម្ទេច​ស្ពានឈើ ដែល​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ ប្រសើរ​ជាង​តាម​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​កា​ណាត់ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្តរតនគិរី អះអាង​ថា កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ មាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ចំនួន​៣​នាក់ ប៉ុនប៉ង​ចាប់​តំណាង​ពលរដ្ឋ ក្រោយ​ពលរដ្ឋ​នាំគ្នា​ហាមឃាត់​គ្រឿងចក្រ របស់​លោក ជំទាវ សេក សុភ័ក្រសឿម៉ូនា មិន​ឲ្យ​កាយ​កម្ទេច​ស្ពានឈើ​ឆ្លង​អូរ ដែល​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​កសិផល​ប្រចាំថ្ងៃ។

តំណាង​ពលរដ្ឋ លោក សល់ ព្លុក អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស​ចំនួន​៣​នាក់ ប៉ុនប៉ង​ចាប់ លោក សឿន កេត ដែល​ជា​តំណាង​របស់​ពលរដ្ឋ ប៉ុន្តែ​ភ្លាមៗ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាង​២០​នាក់​បាន​ជួយ លោក សឿន កេត ទាន់ពេល។ លោក​ថា ពលរដ្ឋ​នៅតែ​បារម្ភ​ខ្លាច អាជ្ញាធរ​ស្រុក​មក​ចាប់​តំណាង​របស់​ពួកគាត់​ម្ដងទៀត ពេល​លោក សឿន កេត នៅ​ម្នាក់ឯង។

លោក សល់ ព្លុក៖ «សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សូម​ជួយ​ដោះស្រាយ​ជម្លោះ​បញ្ហា​ដីធ្លី ឲ្យ​យើងខ្ញុំ​ជា​ជនរងគ្រោះ​ផង ពីព្រោះ​សព្វថ្ងៃ​នេះ​យើង​វេទនាណាស់ ផ្លូវ​ដឹក​កសិផល​ក៏​មិន​ស្រួល​ដែរ ធ្វើ​ផ្លូវ​វាង​ចូល​ទៅ​ចម្ការ ហើយ​គេ​ចង់​បំផ្លាញ​ស្ពាន បំផ្លាញ​ផ្លូវ​យើង​ទៅ​ចម្ការ ព្រួយបារម្ភ​ជាពិសេស អត់​មាន​មធ្យោបាយ​ចេញចូល​ទៅ​ចម្ការ គេ​បិទផ្លូវ​មិន​ឲ្យ​យើងខ្ញុំ​ចេញចូល»។

លោក សល់ ព្លុក អះអាង​ទៀត​ថា សមត្ថកិច្ច​បាន​ចុះទៅ​សួរនាំ​ពលរដ្ឋ​ពាក់ព័ន្ធ​ស្ពានឈើ និង​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ទេ។ ពលរដ្ឋ​ទាមទារ​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស ឈប់​ប៉ុនប៉ង​ចាប់​តំណាង​របស់​ពួកគាត់​ទៀត ហើយ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​វិញ ទើប​ជា​រឿង​ល្អ​ប្រសើរ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​លោក ជំទាវ សេក សុភ័ក្រសឿម៉ូនា ដើម្បី​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​។ ចំណែក​មេឃុំ​តា​ឡាវ លោក ថា ប៊ុនឡត បាន​ចុច​បិទ​ទូរស័ព្ទ ពេល​ឮ​ថា អ្នក​យកព័ត៌មាន​ទូរទស្សន៍​អាស៊ីសេរី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ចេញមុខ​ការពារ​នៅ​ថ្ងៃទី​១៧ កុម្ភៈ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស ទទួល​បាន​ពាក្យបណ្ដឹង​ពី លោក សេង សុផល ដែល​ជា​មេការ​ចាំ​ចម្ការ​ឲ្យ ឈ្មោះ សេក សុភ័ក្រសឿម៉ូនា ថា មាន​តំណាង​ពលរដ្ឋ​ឈ្មោះ សឿន កេត បាន​គប់​បែក​កញ្ចក់​អេស្កាវ៉ាទ័រ​ដែល​កំពុង​កាយ​ស្ពានឈើ។ លោក​បញ្ជាក់​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស​៦​នាក់ បាន​ចុះទៅ​សួររក​លោក សឿន កេត តាម​ការ​បង្គាប់​បញ្ជា​របស់​ព្រះរាជអាជ្ញា​រង​ខេត្តរតនគិរី​លោក ឡេង លីណា។ លោក អេង ហ៊ី អះអាង​ថា ស្ពាន​ដែល​លោក សឿន កេត និង​ប្រពន្ធ​រារាំង​មិន​ឱ្យ​មេការ​ចាំចម្ការ​កាយ​នោះ គឺ​ស្ថិតនៅ​លើ​ដី​របស់​ឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា។ លោក​បញ្ជាក់​បន្ថែម​ថា ករណីនេះ មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី។

ទោះជា​យ៉ាងណា អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរ​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ដោយ​សន្តិវិធី ប្រសើរ​ជាង​យក​ពលរដ្ឋ​រងគ្រោះ​ធ្វើជា​សត្រូវ ពីព្រោះ​បញ្ហា​ទាំងនេះ មិន​គួរ​អូស​បន្លាយ​រហូតដល់​មាន​ការ​ចាប់ខ្លួន និង​ប្រើប្រាស់​ហិង្សា​បែប​នេះ​ឡើយ។

លោក យិន ម៉េងលី៖ «ភាគី​ទាំងពីរ​ជួបគ្នា​ចរចា​គ្នា​ទៅ ហើយ​អាជ្ញាធរ​ខេត្ត​លោក​ជា​អ្នកសម្របសម្រួល​បញ្ហា​នេះ ដើម្បី​បញ្ចប់​កុំ​ឲ្យ​មាន​បញ្ហា​របៀប​នេះ​កើត​ឡើង​ទៀត វា​ប៉ះពាល់​ដល់​ខេត្ត មុខមាត់​ខេត្ត​ក៏​ដូច​រដ្ឋាភិបាល​ដែរ»។

ពលរដ្ឋ​លើកឡើង​ថា ពលរដ្ឋ​បាន​អាស្រ័យ​ផល​នៅ​ដី​របស់​ពួកគាត់​តាំងពី​ដូនតា​មក ប៉ុន្តែ​លោកជំទាវ សេក សុភ័ក្រសឿម៉ូនា ដែល​ពលរដ្ឋ​តែង​ឮ​គេ​ហៅថា ជំទាវ វី បាន​ដណ្ដើម​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ចំនួន​២៥​គ្រួសារ កាល​ពី​ឆ្នាំ​២០២៤ ដែល​មាន​ទំហំ​ជិត​១​រយ (៨៥)​ហិកតារ។ ពលរដ្ឋ​ថា ជំទាវ​មាន​លុយ​មានអំណាច​រូប​នេះ ក៏បាន​ជួល​ឲ្យ​អាជ្ញាធរ​ស្រុក​អណ្ដូងមាស ធ្វើទុក្ខបុកម្នេញ និង​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ថែមទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ