អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ច​ន្ធី ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​

0
85
អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី។ រូប៖ បណ្ដាញសង្គម
អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី។ រូប៖ បណ្ដាញសង្គម

​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ច​ន្ធី ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ហើយ នៅ​យប់​ថ្ងៃទី​២៤ កុម្ភៈ​។ នេះ​បើ​តាម​ភរិយា​លោក ស៊ុន ចន្ធី គឺ​អ្នកស្រី យាន ស្រីយ៉ាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​។​

អ្នកស្រី យាន ស្រីយ៉ាន ឱ្យ​ដឹង​ថា អ្នកស្រី​ទើប​ទទួល​បាន​ទូរស័ព្ទ​ពី​ស្វាមី​នៅ​ម៉ោង ៨​យប់​នេះ​។ អ្នកស្រី​អះអាង​ថា លោក ស៊ុន ចន្ធី បាន​ហៅ​ទូរស័ព្ទ​មក​អ្នកស្រី​ផ្ទាល់ ដោយ​បញ្ជាក់​ថា ការ​ដោះលែង​នេះ​ធ្វើឡើង​តាម​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៤ បន្ទាប់ពី​វិលត្រឡប់​មកពី​ជួប​អ្នកគាំទ្រ នៅ​ប្រទេស​ជប៉ុន​។ លោក​ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ពីបទ​«​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការរិះគន់ លើ​ការចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ ដែល​លោក​ថា មាន​លក្ខណៈ​លម្អៀង និង​រើសអើង​និន្នាការ​នយោបាយ​។

លោក ស៊ុន ច​ន្ធី ទើបត្រូវ​នាំ​ខ្លួន​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ខេត្ត​ពោធិ៍សាត់ ​មក​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ក្រោម​បទចោទប្រកាន់ «​រួមគំនិត​ក្បត់​» ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០២៤ ដែល​ជា​សំណុំរឿង​ថ្មី​មួយ​ទៀត៕

វីដេអូក្រោយលោកចេញពីពន្ធនាគារ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ