

ដើមទ្រាំងដែលជាប្រភពចំណូលមួយរបស់ពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានអ្នកមានលុយនិងអំណាច ឈូសបំផ្លាញចោលរាប់ពាន់ដើម ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជន។ អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា កំពុងតែស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកដែលជាប់ពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់។
ពលរដ្ឋរស់នៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អះអាងថា អ្នកមានលុយនិងអំណាច បានឈូសឆាយបំផ្លិចបំផ្លាញដើមទ្រាំងចោលរាប់ពាន់ដើម ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ខណៈរុក្ខជាតិមួយនេះ ជាប្រភពចំណូលចុងក្រោយរបស់ពលរដ្ឋនៅតំបន់នោះរាប់ពាន់គ្រួសារ។
អ្នកកាសែតនិងជាសកម្មជនបរិស្ថាន នៅឃុំអន្លង់ភេ ដែលតែងតែចុះឃ្លាំមើលព្រៃឈើនៅតំបន់ព្រៃឡង់ លោក អ៊ុក ម៉ៅ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែកុម្ភៈថា ដីព្រៃដែលមានដើមទ្រាំងជាង១០ហិកតារត្រូវបានក្រុមឈ្មួញឈូសបំផ្លាញចោល យកដីធ្វើជាកម្មសិទ្ធិ។ លោកថា ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ភាគច្រើននាំគ្នាកាប់ធាងទ្រាំងធ្វើជាចង្កឹះ ស្លាបព្រា វែក ឈើច្រត់ ដើម្បីលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ចំណែកស្លឹកវា ពលរដ្ឋនាំគ្នា យកទៅត្បាញធ្វើជាកន្ទេល ការុង និងប្រក់ដំបូលផ្ទះជាដើម។
លោក អ៊ុក ម៉ៅ៖ «សោកស្ដាយណាស់ តែដោយសារអ្វី ដោយសារតែអ្នកមានលុយ អ្នកមានអំណាច ឃុបឃិតគ្នាជាមួយមន្ត្រីដែលគ្រប់គ្រង គាត់ធ្វើព្រងើយកន្តើយ ហើយអ្នកមានលុយមានអំណាចគាត់យកគ្រឿងចក្រទៅឈូសឆាយធ្វើឲ្យបាត់បង់សេដ្ឋកិច្ចរបស់ពលរដ្ឋជាច្រើននៅក្នុងឃុំអន្លង់ភេ»។
ពលរដ្ឋរស់នៅឃុំអន្លង់ភេ លោក សូ សុផល អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធចាត់វិធានការតាមច្បាប់ ដើម្បីទប់ស្កាត់កុំឲ្យមានការឈូសបំផ្លាញបែបនេះតទៅទៀត។
លោក សូ សុផល៖ «ដើមទ្រាំងខ្ញុំអោបម្នាក់ឯងអត់ជុំទេ ទាល់តែអោប៤នាក់ទើបជុំឥឡូវមានគ្រឿងចក្រ មិនដឹងគ្រឿងចក្រខាងណាទេ មកគាស់កកាយដើមធំៗ អញ្ចឹងសូមលោកអភិបាលស្រុក និងអភិបាលខេត្តសូមជួយមើលកន្លែងនេះផង»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែកុម្ភៈថា អាជ្ញាធរពាក់ព័ន្ធកំពុងតែស្រាវជ្រាវស្វែងរកជនប្រព្រឹត្ត និងអ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ ដើម្បីចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងចំពោះជនណាម្នាក់នោះឡើយ។
លោក ម៉ែន គុង៖ «សុំបញ្ជាក់ជូនថា ឥឡូវនេះរកឃើញមុខសញ្ញាមួយចំនួនហើយ កំពុងតែស្រាវជ្រាវបន្តទៀត ហើយកិច្ចការទាំងអស់នេះ សមត្ថកិច្ចធ្វើតាមនីតិវិធីរបស់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវតាមគោលការណ៍របស់ឯកឧត្ដមរបស់អភិបាលខេត្ត ត្រូវតែដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកណាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ»។
ទោះជាយ៉ាងណា អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី ជំរុញឲ្យអាជ្ញាធរ ស៊ើបអង្កេតទៅលើអ្នកដែលមានភារកិច្ចការពារ ដោយលោកសង្កត់ធ្ងន់ថា បើអាជ្ញាធរគ្រាន់តែស្រាវជ្រាវ ហើយមិនបានចាត់វិធានការឲ្យចំចំណុចនោះទេ សកម្មភាពកាប់បំផ្លាញ នឹងបន្តកើតមានដដែល។
លោក យិន ម៉េងលី៖ «ត្រូវតែមានការត្រួតពិនិត្យទៅលើអ្នកដែលទទួលខុសត្រូវទាំងអស់នោះ ហេតុអ្វីបានជាឲ្យមានអំពើទាំងអស់នោះកើតឡើង ត្រួតពិនិត្យឡើងវិញ ទើបធ្វើឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព និងបញ្ហាទាំងអស់មានការថយចុះ ហើយការអនុវត្តច្បាប់អត់មានស្តង់ដារ កុំឲ្យមានលេចពាក្យថាការអនុវត្តច្បាប់ស្តង់ដារនេះ ស្តង់ដារនោះ វាមិនមែនជារឿងល្អនោះទេ»។
ដើមទ្រាំង ជារុក្ខជាតិមួយប្រភេទ ដុះតាមព្រៃភ្នំ ហើយដើមរបស់វា គឺស្រដៀងនិងដើមជ្រែ និងដើមត្នោត និងមានអត្ថប្រយោជន៍ដូចទៅនឹងដើមត្នោតដែរ។ ភាគច្រើនគេសង្កេតឃើញថា សហគមន៍នៅតំបន់ការពារធនធានធម្មជាតិ នាំគ្នាកាប់ធាងរបស់វាយកទៅកែច្នៃធ្វើជា ចង្កឹះ ស្លាបព្រា វែក ឈើច្រត់ រីឯស្លឹករបស់វាពលរដ្ឋតែងតែនាំគ្នាយកទៅប្រក់ដំបូលផ្ទះ ត្បាញជាកន្ទេល ការុង និងធ្វើជាមួក។ លើសពីនោះ គេក៏យកស្លឹកវា ទៅចារជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗទៅតាមរបៀបបុរាណ។ ចំណែកផ្លែវាវិញ គឺស្រដៀងទៅនឹងផ្លែស្លា ដែលមានសាច់ដូចផ្លែដូង និងរសជាតិផ្អែមតិចៗ។ ដើមទ្រាំងភាគច្រើនដុះនៅតាមបណ្ដាខេត្តដែលសម្បូរព្រៃឈើដូចជា ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី និងក្រចេះជាដើម៕








