

កម្មការិនីនៅរោងចក្រកាត់ដេរ Cambo Unisoll ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើការរហូតដួលសន្លប់រហូតបាត់បង់ជីវិត នៅម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈនេះ។
សហព័ន្ធសហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើហ្វេសប៊ុកថា កម្មការីនីឈ្មោះ យីម រីន អាយុ៣២ឆ្នាំ ដែលមានកូនចំនួន២ បានដួលសន្លប់ដកចង្កាមាន់នៅម៉ាស៊ីនដេរ ហើយត្រូវបានអ្នកធ្វើការជាមួយគ្នា និងគ្រូពេទ្យប្រចាំរោងចក្រព្យាយាមជួយសង្គ្រោះបឋម ប៉ុន្តែមិនបានធូរស្រាល។ ប្រភពដដែលបន្តថា បន្ទាប់មក លោកស្រី យីម រីន ត្រូវបានបញ្ជួនតាមឡានរោងចក្រទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល នៅតែមិនអាចជួយសង្គ្រោះជីវិតលោកស្រីបាន។
បច្ចុប្បន្ន សាកសពលោកស្រី ត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ក្រោយពីមានករណីស្លាប់នេះ មន្ត្រីក្រសួងការងារ ផ្នែកទប់ស្កាត់ករណីសន្លប់ និងបង្ការហានិភ័យការងារ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅរោងចក្រ Cambo Unisoll ដើម្បីពិនិត្យកន្លែងធ្វើការងារក្រុមកម្មករ។
កម្មកររោងចក្រមួយចំនួនបានលើកឡើងថា បញ្ហាដែលតែងធ្វើឱ្យកម្មករដួលសន្លប់ គឺដោយសារមិនមានលុយកាក់ទិញអាហារហូបចុកឱ្យបានគ្រប់គ្រាន់ ឬអាហារដែលខ្វះជីវជាតិ ហើយម្យ៉ាងទៀត ពួកគាត់មិនហ៊ានសុំច្បាប់ឈប់សម្រាកនៅពេលមានបញ្ហាសុខភាពឡើយ ដោយសាររងការគំរាមកាត់ប្រាក់ខែពីចៅកែ៕









