

ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យអាជ្ញាធរខេត្តស្វាយរៀងពន្លឿនការដោះស្រាយ ខណៈអាជ្ញាធរបន្តគេចវេសក្នុងការដោះស្រាយបញ្ហាជូនពួកគាត់។ សង្គមស៊ីវិលលើកឡើងថា ការពន្យារពេលដោះស្រាយរបស់អាជ្ញាធរ និងតុលាការនឹងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយបញ្ហាទាំងអស់ នឹងធ្លាក់ទៅលើរដ្ឋាភិបាល។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបរបស់លោក សោម សុធា អះអាងថា ពួកគាត់ធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក ដោយអ្នកខ្លះលក់ដី និងទ្រព្យសម្បត្តិអស់នៅតែសង បំណុលធនាគារមិនរួច ខណៈអាជ្ញាធរនៅតែពន្យារពេលដោះស្រាយជូនពលរដ្ឋ។
លោក សោម សុធា បានបង្កើតក្រុមហ៊ុនភូមិខ្មែរគ្រុបកាលពីឆ្នាំ២០១៦ និងរកស៊ីយ៉ាងផុលផុសក្នុងឆ្នាំ២០២២ ដោយវិនិយោគលើវិស័យកសិកម្ម ភោជនីយដ្ឋាន គម្រោងដីឡូត៍ និងផ្ទះល្វែង ដែលកំពុងឈរជើងនៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធជាច្រើនទៀត រួមមាន ភូមិពងទាខ្មែរ ភូមិកាហ្វេ និងភូមិមរតក ដែលជាវិស័យអចលនទ្រព្យ។ ក្រោយដំណើរការបានប្រហែល៥ឆ្នាំ ក្រុមហ៊ុនមួយនេះបានអះអាងថា មានបញ្ហាសេដ្ឋកិច្ច ខណៈអគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមបទចោទឆបោកពលរដ្ឋ ទាក់ទងរឿងប្រមូលលុយពីពលរដ្ឋក្រោមរូបភាពវិនិយោគ សន្យាឱ្យការប្រាក់ ៤.៤ ភាគរយក្នុងមួយខែ និងពាក់ព័ន្ធការលក់ដីខ្យល់ឱ្យអ្នកភូមិរាប់រយគ្រួសារនៅខេត្តស្វាយរៀង។
អតិថិជនទិញផ្ទះល្វែង ពីគម្រោងភូមិមរតក របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក ប៊ូ ឡន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ចាប់តាំងពីសមត្ថកិច្ចចាប់ខ្លួនលោក សោម សុធា មកដល់បច្ចុប្បន្នដំណោះស្រាយសម្រាប់ពួកគាត់គឺស្ងាត់ឈឹង។ លោកថា អាជ្ញាធរខេត្ត និងមន្ត្រីសុរិយោដីខេត្តស្វាយរៀង និយាយកុហក និងពន្យារពេលដោះស្រាយឲ្យពួកគាត់ម្ដងហើយម្ដងទៀត។
លោក ប៊ូ ឡន៖ «កាលពីទិញផ្ទះហ្នឹង យើងខ្ចីលុយធនាគារមក គិតថា ផ្ទះហ្នឹង វាសុទ្ធតែឧកញ៉ា សុទ្ធតែអ្នកធំសាលាខេត្តគេអនុញ្ញាតឲ្យសាងសង់អ៊ីចឹង។ យើងជឿទុកចិត្តទៅលើខាងសាលាខេត្ត ជឿទុកចិត្តទៅលើច្បាប់អ៊ីចឹង។ ប្រជាពលរដ្ឋនាំ គ្នាទិញទាំងខ្ញុំទាំងអីទៅខ្ចីលុយធនាគារទិញ សុខចិត្តអត់បង់ជាមួយបុរី សុខចិត្ត បង់ជាមួយធនាគារទៅ ដើម្បីឲ្យលុយខាងបុរីគ្រប់ទៅ បុរីគេឆាប់ធ្វើផ្ទះបាន ដល់ ហើយសព្វថ្ងៃនេះ វាជួបវិបត្តិតែរឿងជំពាក់ធនាគារ។ នៅរកលុយដោះធនាគាររហូតដល់ផ្ទះដែលយើងទិញមិនដឹងថា បានឬអត់ទៀត»។
លោក ប៊ូ ឡន បន្តថា អាជ្ញាធរបានផ្សព្វផ្សាយអំពីការអភិវឌ្ឍខេត្តរាល់ថ្ងៃនៅលើបណ្ដាញសង្គម ប៉ុន្តែដំណោះស្រាយសម្រាប់ពួកគាត់ជាជនរងគ្រោះវិញ គឺស្ងាត់ឈឹង។ លោកស្នើឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ចំពោះករណីនេះ ពីព្រោះបច្ចុប្បន្ន ពួកគាត់មិនមានជំនឿទៅលើអាជ្ញាធរខេត្តសា្វយរៀងថា នឹងដោះស្រាយឲ្យពួកគាត់នោះឡើយ។
លោក ប៊ូ ឡន៖ «សម្រាប់ខ្ញុំដែលជាជនរងគ្រោះទៅលើរឿងដីរបស់ សោម សុធា ហ្នឹងនៅខេត្តស្វាយរៀងនេះ ខ្ញុំសុំសំណូមពរដល់ថ្នាក់ដឹកនាំកំពូលតែម្ដង បើថ្នាក់ខេត្តប្រហែលជាគាត់អាចដោះស្រាយមិនចេញទេ។ គាត់បានពន្យារពេលឲ្យប្រជាពលរដ្ឋរង់ចាំហើយកើតទុក្ខ។ សម្រាប់ខ្ញុំ ខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំកំពូលដែលពាក់ព័ន្ធរឿងហ្នឹង សូមឲ្យគាត់ជួយដោះស្រាយឲ្យប្រជាពលរដ្ឋផង ព្រោះប្រជាពលរដ្ឋទិញដី ទិញផ្ទះនៅសង្ឃឹមទៅលើច្បាប់របស់ប្រទេសកម្ពុជាយើង ហ្នឹងហើយ ដល់ឥឡូវច្បាប់អត់គោរពប្រជាពលរដ្ឋវិញ ដល់អ៊ីចឹងពួកខ្ញុំនេះ មិនដឹងថា ទៅសង្ឃឹមអីទៀតអ៊ីចឹង»។
រីឯអតិថិជនទិញដីពីក្រុមហ៊ុនភូមិខ្មែរគ្រុបលោក អ៊ុក ណែម ប្រាប់ទូរទស្សន៍អាស៊ីសេរីថា គ្រួសាររបស់លោកទិញដីចំនួន ៣ ប្លង់អស់ប្រាក់ជាង ១ ម៉ឺន ដុល្លារ ដោយប្រាក់នេះ គ្រួសារខ្ចីពីធនាគារ។ លោកបន្តថា ទោះបីជាគ្រួសារលោក បានបង់លុយគ្រប់ចំនួនតាំងពីថ្ងៃទិញ ប៉ុន្តែដីដែលលោក និងពលរដ្ឋដទៃទៀតទិញនេះ គឺជាដីខ្យល់។
លោក អ៊ុក ណែម៖ «សំណូមពរឲ្យរដ្ឋាភិបាល ជួយដោះស្រាយឲ្យប្រជាពលរដ្ឋ បើមិនបានអីឲ្យបានដោះធនាគារវិញរួច ឲ្យជួយរដ្ឋាភិបាល អាជ្ញាធរខេត្ត ឲ្យជួយបន្តគ្នា កុំនៅស្ងាត់ៗ តែនៅស្ងាត់ៗងាប់អស់ហើយប្រជាជន»។
ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតប ពីអភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី៤ ខែមីនា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែមីនាថា ការពន្យារពេលដោះស្រាយរបស់អាជ្ញាធរ និងតុលាការនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកថាអាជ្ញាធរត្រូវពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប និងពលរដ្ឋដទៃទៀតឲ្យបានឆាប់ ដើម្បីកុំឲ្យពួកគាត់ជួបវិបត្តិផ្សេងៗ និងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ហើយបញ្ហាទាំងអស់នេះ នឹងធ្លាក់ទៅលើរដ្ឋាភិបាល។
លោក អំ សំអាត៖ «បញ្ហាទាំងអស់ហ្នឹង យើងឃើញថា មានក្រុមហ៊ុនភូមិខ្មែរគ្រុបនេះ ក្រុមហ៊ុនផ្សេងៗទៀត ដែលប្រជាពលរដ្ឋកំពុងរងគ្រោះ ដោយសារតែ ការចាញ់បោក។ អ៊ីចឹងបើបញ្ហាហ្នឹង កើតឡើងកាន់តែច្រើននៅក្នុងសង្គម ហើយដំណោះស្រាយមិនមាន វាអាចបង្កើតនៅភាពអយុត្តិធម៌នៅក្នុងសង្គម ហើយវាកើតទៅជាបាតុភាពមួយផ្សេងទៀត សម្រាប់សង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់សម្រាប់សង្គម ប្រជាធិបតេយ្យ។ អ៊ីចឹងគឺអ្វីដែលសំខាន់ អាជ្ញាធរ តុលាការ ត្រូវតែពន្លឿនទៅ លើការដោះស្រាយបញ្ហានេះ ឲ្យបានឆាប់»។
ប្រជាពលរដ្ឋរងគ្រោះអះអាងថា ពួកគាត់នាំគ្នាយកលុយទៅទិញដី និងផ្ទះពីក្រុមហ៊ុនរបស់លោក សោម សុធា ដោយសារពួកគាត់ឃើញអ្នកជំនួញរូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយ អតីតជំនួយការ របស់លោក ហ៊ុន សែន គឺលោក ដួង តារា ហើយបុគ្គលរូបនេះបានថ្លែងការពារគម្រោងលក់ដីឡូតិ៍និងផ្ទះរបស់លោក សោម សុធា ដោយចំហធ្វើឱ្យពលរដ្ឋមានទំនុកចិត្តជាខ្លាំង។ ប៉ុន្តែបច្ចុប្បន្នបុគ្គលទាំងពីរនាក់នេះកំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងអំពើឆបោកពលរដ្ឋ។
ប្រជាពលរដ្ឋរងគ្រោះ អះអាងថា ប្រសិនបើអាជ្ញាធរខេត្ត និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនអើពើដោះស្រាយសំណបន្តទៀតនោះ ពួកគាត់នឹងប្រមូលផ្ដុំគ្នាតវ៉ា ទ្រង់ទ្រាយធំនៅមុខសាលាខេត្តស្វាយរៀងតែម្តង៕









