

ពលរដ្ឋនៅខេត្តព្រះវិហារ កំពុងតែប្រឈមមុខគ្មានដីធ្វើស្រែចម្ការ ដើម្បីអាស្រ័យផលនូវរដូវវស្សានោះទេ ក្រោយក្រុមហ៊ុនរបស់កូនលោក ទ្រី ភាព គឺលោក ទ្រី ដាលុច បង្ខំ និងរំលោភយកដីធ្លីរបស់ពួកគាត់។ មន្ត្រីសង្គមស៊ីវិល បញ្ហានេះអាជ្ញាធរគួរដោះស្រាយ មិនគួរទុកអូសបន្លាយបែបនេះឡើយ។
ពលរដ្ឋរាប់ពាន់គ្រួសារ នៅខេត្តព្រះវិហារ កំពុងប្រឈមមុខខ្វះដីធ្វើស្រែចម្ការ ដើម្បីបង្កបង្កើនផល នូវរដូវវស្សា ក្រោយពីក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់លោក ទ្រី ដាលុច បង្ខំ និងរំលោភយកដីស្រែចម្ការរបស់ពួកគាត់។ ពលរដ្ឋស្នើរដ្ឋាភិបាលជួយរកដំណោះស្រាយ ធ្វើយ៉ាងណាកុំឲ្យក្រុមហ៊ុនមួយនេះគំរាមកំហែង និងបង្ខំឲ្យពលរដ្ឋលក់ដីស្រែចម្ការទៅក្រុមហ៊ុនតទៅទៀត។
ពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារម្នាក់ សុំមិនបញ្ចេញឈ្មោះ បារម្ភពីសុវត្ថិភាព អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែមីនាថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានដណ្ដើមយកដីប្រជាពលរដ្ឋចំនួន៤ឃុំ ក្នុងស្រុករវៀង ដោយបង្ខំឲ្យពលរដ្ឋលក់ដីស្រែចម្ការឲ្យទៅក្រុមហ៊ុន បើសិនពលរដ្ឋមិនព្រមលក់ឲ្យនោះទេ ក្រុមហ៊ុននឹងមិនផ្ដល់ប្រាក់សំណងឲ្យឡើយ។ លោកថា រហូតមកដល់ពេលនេះ មិនមានអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយឲ្យពលរដ្ឋឡើយ ក្រៅពីលួងលោម និងបង្ខំពលរដ្ឋឲ្យប្រគល់ដីឲ្យទៅក្រុមហ៊ុន ហើយបច្ចុប្បន្នមានពលរដ្ឋមួយចំនួននាំគ្នាទៅរកតំបន់ផ្សេង ដើម្បីកាប់រុករានដីព្រៃធ្វើស្រែចម្ការ សម្រាប់អាស្រ័យផលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «អត់ទេបងអើយ ខ្លះគេមានដីច្រើនទទួលបានផលសំណងច្រើន ទៅទិញនៅឆ្ងាយៗ នៅខាងព្រៃទាល ទឹកដីខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ទឹកដីខេត្តព្រះវិហារ ទៅក្នុងៗព្រៃចាស់ ខាងជើងព្រៃឡង់»។
ចំណែកក្រុមប្រឹក្សាស្រុករវៀងមកពីគណបក្សជំទាស់ សុំមិនបញ្ចេញឈ្មោះ លើកឡើងថា ពលរដ្ឋរាប់ពាន់គ្រួសារបង្ខំចិត្តទទួលយកសំណង់ ពីក្រុមហ៊ុនដែលបានផ្ដល់ឲ្យ ពីព្រោះពួកគាត់មិនមានជម្រើសនោះឡើយ។ លោកសោកស្ដាយ ដែលលោកគ្មានសមត្ថភាពជួយពលរដ្ឋរងគ្រោះ ដោយសារបច្ចុប្បន្នមន្ត្រីគណបក្សប្រឆាំងជាគោលដៅរបស់អាជ្ញាធរកំពុងតាមចាប់កំហុស។ លោកទទូចឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ និងគិតគូរដល់ជីវភាពរបស់ពលរដ្ឋ ប្រសើរជាងគំរាមកំហែង និងបង្ខិតបង្ខំពលរដ្ឋដូចសព្វថ្ងៃ។
ក្រុមប្រឹក្សាស្រុករវៀងសុំមិនបញ្ចេញឈ្មោះ៖ «គាត់សង្ឃឹមលើខ្ញុំដែរ ប៉ុន្តែខ្ញុំដោះស្រាយវាមិនរួច ខ្ញុំនាំប្រជាពលរដ្ឋទៅតវ៉ាដោយអហិង្សាដែរ តវ៉ាដោយអត់ជោគជ័យ រហូតគេគំរាមខ្ញុំ ហើយមុនប្រគល់ដីអោយគេ គាត់យំស្រែក ហើយសំណងតិចតួចក៏ចេះតែទទួលយក ព្រោះគេថាបើមិនព្រមទទួល គេនឹងវៃមិនប្រគល់សំណង»។
ពលរដ្ឋនៅឃុំរួសរាន ឲ្យដឹងថា ភ្នំចំនួនពីរ ដែលទីសក្ការបូជា ត្រូវបានក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ឈូសឆាយកាយយករ៉ែដែក ដោយគ្មានញញើតអ្វីនោះទេ។ ចំណែកប្រជាពលរដ្ឋនៅតំបន់នោះក៏មិនហ៊ានចេញតវ៉ានោះដែរ ដោយសារពួកគាត់ខ្លាចអាជ្ញាធរចាប់ដាក់ពន្ធនាគារ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី និងតំណាងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន លោក ដេត សិលា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៥ ខែមីនា។
ក្រៅពីដណ្ដើមដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនមួយនេះ បានបំផ្លាញផ្លូវជាតិចំនួន២ខ្សែរងការខូចខាតស្ទើរតែទាំងស្រុង ក្នុងនោះ មានផ្លូវជាតិលេខ២១៣ ចាប់ពីផ្លូវបំបែកស្រុកឆែប រហូតដល់ផ្លូវបំបែកភ្នំដែក នៃស្រុករវៀង និងផ្លូវជាតិលេខ៦២ ចាប់ពីផ្លូវបំបែកភ្នំដែក រហូតដល់ខេត្តកំពង់ធំ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរមានតួនាទីយ៉ាងសំខាន់ក្នុងការរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ពលរដ្ឋ ដូច្នេះអាជ្ញាធរត្រូវពន្លឿនរកដំណោះស្រាយ មិនគួរអូសបន្លាយបែបនេះឡើយ។ លោកថា ក្រសួងពាក់ព័ន្ធមិនគួរទុកឲ្យពលរដ្ឋឈឺចាប់ និងរងទុក្ខវេទនានោះឡើយ។
លោក យិន ម៉េងលី៖ «ក្រសួងត្រូវចុះមើលធ្វើអធិការកិច្ចជាបន្ទាន់ដើម្បីពិនិត្យមើល ដើម្បីស្វែងរកដំណោះស្រាយណាមួយ ដើម្បីបញ្ចប់បញ្ហា កុំទុកចោលអោយប្រជាពលរដ្ឋកាន់តែឈឺចាប់យូរឡើងៗតិចទៀត ហើយសូមធ្វើការពិចារណាឡើងវិញចំពោះទុក្ខវេទនាសេចក្ដីអំពាវនាវរបស់ប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣ ទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករក និងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស។ លោក ទ្រី ដាលុច ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងរកស៊ីឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕









