

មេដឹកនាំកម្ពុជាពីរនាក់ឪពុក និងកូន នៃគ្រួសារត្រកូលហ៊ុន បានរក្សាភាពស្ងៀមស្ងាត់ ក្នុងរឿងជម្លោះព្រំដែន ក្រោយយោធាថៃបានគំរាមពីការផ្ទុះសង្គ្រាមតាមព្រំដែនជាលើកទីបី ជាច្រើនលើក។ ប៉ុន្តែជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រឱ្យប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ឱ្យរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំខ្មែរឱ្យបានធំទៅវិញ។ មន្ត្រីបក្សប្រឆាំងយល់ថា ភាពស្ងៀមស្ងាត់នេះ មិនទំនងជាការភ័យខ្លាចសារគំរាមរបស់យោធាថៃ និងភាពទាល់ច្រករបស់មេដឹកនាំកម្ពុជា។
ខណៈយោធាថៃ និងពលរដ្ឋរបស់ថៃ កំពុងមមាញឹកសាងសាងសំណងផ្សេងៗរាល់ថ្ងៃនៅ លើទឹកដីខ្មែរដែលពួកគេបានឈ្លានពានកាន់កាប់នោះ ភាគីមេដឹកនាំកម្ពុជាវិញ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហាក់រក្សាភាពស្ងៀមស្ងាត់មិនបញ្ចេញមតិអ្វីទៀតនោះទេ។
នៅលើបណ្ដាញសង្គមរបស់លោក ហ៊ុន សែន នៅរយៈកាលចុងក្រោយនេះ ក៏មិនបានចេញសារសំខាន់អំពីរឿងព្រំដែននោះដែរ ក្រៅតែពីការបង្ហោះវីដេអូបទចម្រៀង ដែលមានអត្ថន័យអួតសរសើររឿងផ្ទាល់ខ្លួននោះឡើយ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ ក៏មិនខុសគ្នាពីឪពុកនោះដែរ ដោយលោកបានបង្ហាញពីសកម្មភាពចុះជួបតំណាងអង្គការ និងតំណាងប្រទេសអន្តរជាតិមួយចំនួន។
យ៉ាងណាមិញ ថ្លែងនៅក្នុងកម្មវិធី បិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃសុក្រ នេះ លោក ហ៊ុន ម៉ាណែត បានរំលេចបញ្ហានេះបន្តិចដែរ ដោយលោកអះអាងថា ទោះបីកម្ពុជា មានបញ្ហាព្រំដែនជាមួយថៃ តែមិនបានយកប្រជាពលរដ្ឋថៃ ធ្វើជាសត្រូវនោះទេ ចំណែករឿងជាតិទឹកដី និងរឿងកងទ័ព ក៏រដ្ឋាភិបាល មិនបំភ្លេចភ្លេចនោះដែរ។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រគម្រោងរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី របស់ប្អូនលោក គឺលោក ហ៊ុន ម៉ានី ដោយអះអាងថា ដើម្បីកុំឱ្យពិបាកចិត្ត និងដើម្បីរំលឹកដល់កងទ័ព និងជនភៀសសឹក។
លោក ហ៊ុន ម៉ាណែត៖ «យើងរៀប ឬមិនរៀបនៅពេលចូលឆ្នាំ យើងមិនអាចសុំទេវតាពន្យារពេលចុះបានទេ។ ទីពីរ តើការលំបាក របួសដៃរបួសជើងហ្នឹង តើយើងត្រូវដេកស្ដូកទេ។ អត់ទេ កងទ័ពនៅខាងមុខខំប្រឹងការពារទឹកដី ដើម្បីឱ្យប្រទេសជាតិនៅខាងក្រោយរឹងមាំ ដើម្បីឱ្យដំណើរការប្រក្រតីជួយពង្រឹងខ្លួន។ បើសិនជាគាត់ការពារនៅខាងមុខ អ្នកនៅខាងក្រោយលែងធ្វើអ្វីអស់ហើយ តើយ៉ាងម៉េច»។
ទោះជាយ៉ាងណា នៅក្នុងសុន្ទរកថានេះ លោក ហ៊ុន ម៉ាណែត មិនបានលើកឡើងពីស្ថានភាពនៅតាមព្រំដែន ការគំរាមរឿងផ្ទុះសង្គ្រាម ពីសំណាក់យោធាថៃ និងយន្តការដោះស្រាយជាក់លាក់នោះឡើយ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ហាក់មានគោលបំណងថ្នមស្ថានការណ៍ និងគេចវេះពីការទទួលខុសត្រូវ។ លោកបន្តថា មេដឹកនាំកម្ពុជា ទំនងមានការភ័យខ្លាច បន្ទាប់ពីភាគីថៃ បានគំរាមពីការផ្ទុះសង្គ្រាមជាលើកទីបី ដែលអាចប៉ះពាល់ដល់តុល្យភាពអំណាចរបស់គ្រួសារត្រកូលហ៊ុន ទើបនិយាយពីបញ្ហានេះ បែបសុភាព ដែលខុសពីពេលមុនផ្ទុះសង្គ្រាម។
លោក អ៊ុំ សំអាន៖ «ការបាត់បង់ទឹកដីមិនអាចទាមទារមកវិញបាន ហើយថៃកំពុងឈ្លានពាន បែរជានាំគ្នាសប្បាយទៅវិញ។ ហើយប្រពន្ធកូន ទាហានខ្មែរ ដែលកំពុងកាន់ទុក្ខ កំពុងសោកសៅ យើងបែរជាសប្បាយក្នុងបុណ្យចូលឆ្នាំខ្មែរ ជាការប្រមាថដល់វិញ្ញាណក្ខន្ធរបស់ទាហានខ្មែរ ដែលពួកគាត់បានបូជាអាយុជីវិត ដើម្បីការពារទឹកដី»។
កាលពីមុនផ្ទុះសង្គ្រាមនៅតាមបណ្ដោយព្រំដែនជាមួយថៃ មេដឹកនាំកម្ពុជា បានថ្លែងសារបែបក្ដៅជាបន្តបន្ទាប់ ដោយលោក ហ៊ុន សែន បានព្រមានប្រទេសថៃ ពីការលេងល្បែងបិទព្រំដែន និងលូកដៃចូលកកូរកកាយរឿងនយោបាយផ្ទៃក្នុងរបស់ថៃ។ចំណែកលោក ហ៊ុន ម៉ាណែត បានព្រមានថៃពីឱសានវាទបន្ទាត់ក្រហម បើថៃឈ្លានពានមកលើកម្ពុជា។ ក្រោយការថ្លែងសារនេះ បានធ្វើឱ្យប្រជាប្រិយភាពរបស់មេដឹកនាំពីរនាក់ឪពុក និងកូនកើនឡើង និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្រោយស្លាករួបរួមគ្នា។
ក៏ប៉ុន្តែកាលនោះ លោក ហ៊ុន ម៉ាណែត ដែលធ្លាប់ត្រូវឪពុកនិយាយលើកសរសើរពីជំនាញក្នុងវិស័យយោធា ហាក់មិនបានប៉ាន់ប្រមាណពីកម្លាំងយោធារបស់កម្ពុជានោះឡើយ រហូតដល់ពេលផ្ទុះសង្គ្រាមនៅតាមព្រំដែន កម្ពុជាបានចាញ់ប្រៀបថៃ នៅលើមរភូមិចំនួន ២លើក រហូតត្រូវយោធាថៃចូលកាន់កាប់ទឹកដីជាបន្តបន្ទាប់ ចំនួនជាង ៤០តំបន់។
បន្ទាប់ពីចាញ់ប្រៀបនៅលើសមរភូមិមក លោក ហ៊ុន ម៉ាណែត ហាក់មិនទាន់អស់ទ្រឹស្ដីនិយាយនោះឡើយ។ លោកបានថ្លែងនៅតាមវេទិកាដោយស្នើឱ្យប្រជាពលរដ្ឋផ្ដល់ភាពជឿជាក់ និងបន្តមានទំនុកចិត្តលើរដ្ឋាភិបាល និងលើកឡើងពីយុទ្ធសាស្ត្រ ដែលលោកបានដាក់ឈ្មោះថា «ស្ងាត់ តែមិនស្ងៀម»។ ក៏ប៉ុន្តែ ក្រៅស្នើសុំភាគីថៃចរចាទ្វេភាគី ការដាក់លិខិតតវ៉ា និងការនិយាយលាតត្រដាងនៅក្នុងសារព័ត៌មានអន្តរជាតិ និងវេទិការបស់អង្គការសហប្រជាជាតិ ហើយនោះ លោក ហ៊ុន ម៉ាណែត មិនទាន់ប្រកាស អំពីការប្ដឹងថៃទៅការតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះឡើយ។
ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើទោះបីជាមេដឹកនាំកម្ពុជា ឡើងនិយាយថ្លែងសារ ឬអត់ក្ដី ក៏គ្មានបានផលចំណេញអ្វីដល់កម្ពុជានោះឡើយ ប្រសិនបើកម្ពុជា មិនទាន់ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ខណៈយោធាថៃ កំពុងធ្វើសកម្មភាពពង្រីកការឈ្លានពានចូលក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ។
លោក ម៉ែន ណាត៖ «បើលោក ហ៊ុន សែន នៅតែចេញមកនិយាយច្រើនដូចមុន វានឹងធ្វើឱ្យមានរឿងសៅហ្មងច្រើនណាស់ ដូចដែលថៃឈ្លានពានមកលើកម្ពុជាអ៊ីចឹង គឺដោយសារលោក ហ៊ុន សែន ស្រែកឡូឡាហ្នឹងហើយ ដែលនាំឱ្យថៃយកលេសវាយប្រហារមកលើកម្ពុជា និងកំពុងពង្រីកការឈ្លានពានមកលើកម្ពុជាបន្ថែមទៀត។ ដូច្នេះលោក ហ៊ុន សែន គួរតែរក្សាភាពស្ងប់ស្ងាត់ទៅ។ ហើយបើជៀសវាងបាន គួរកុំបង្ហោះចម្រៀងសប្បាយៗច្រើនពេក ព្រោះវាអត់បានចំណេញជាតិទេ»។
ក្រៅពីភាពស្ងប់ស្ងាត់របស់មេដឹកនាំជុំវិញការលើកឡើងរឿងបញ្ហាព្រំដែន ស្ថាប័ន និងក្រសួងពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងការពារជាតិ បានចេញសេចក្ដីថ្លែងការណ៍ ពីបច្ចុប្បន្នភាពតាមព្រំដែន ដោយបង្ហាញតែព្រឹត្តិការណ៍ទូទៅ និងការអះអាង ដែលមានខ្លឹមសារដដែលៗ ប៉ុណ្ណោះ ដោយក្រសួងមិនបានប្រកាសពីព័ត៌មានស៊ីជម្រៅ និងភាពតានតឹងនៅតាមព្រំដែននោះឡើយ។
អ្នកឃ្លាំមើលព្រមានថា ការរក្សាភាពស្ងៀមស្ងាត់ ដោយគ្មានសកម្មភាពយន្តការច្បាប់អន្តរជាតិ របស់មេដឹកនាំកម្ពុជា និងធ្វើឱ្យយោធាថៃពង្រីកការឈ្លានពានមកលើកម្ពុជា នៅតាមតំបន់ព្រំដែនកាន់តែជ្រៅ និងបណ្ដាលឱ្យកម្ពុជា បាត់បង់ទឹកដីទាំងនោះជាអចិន្ត្រៃយ៍៕








