លោក ដុង លីឆេង ពី​ឧក្រិដ្ឋជន​នៅ​ចិន​ក្លាយជា​អ្នកជំនួញ​ស្និទ្ធ​នឹង​ត្រកូល ហ៊ុន និង​មាន​សញ្ជាតិ​ខ្មែរ

0
61
មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប៖ បណ្ដាញសង្គម
មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប៖ បណ្ដាញសង្គម

មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) គឺជា​អ្នកជំនួញ​ធំ​រកស៊ី​លើ​វិស័យ​បន​ល្បែង​កាស៊ីណូ និង​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋកម្ម​មិន​ខុសពី​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នោះ ទេ​។ តុលាការ​ចិន​បាន​ផ្ដន្ទាទោស​អ្នកជំនួញ​ចិន​រូប នេះ​កាលពី​ឆ្នាំ​២០០៨ ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់​។ ក្រោយមក លោក​បាន​រត់​គេច​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា​ទិញ​សញ្ជាតិ​ខ្មែរ ដើម្បី​បន្ត​រកស៊ី​លើ​វិស័យ​បន​ល្បែង និង​បង្កើត​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​នៅ​ខេត្ត​ព្រះសីហនុ។ ឧក្រិដ្ឋជន​រូប​នេះ​ក៏​ធ្លាប់​ផ្តល់​យន្តហោះ​ឯកជន​ឱ្យ​លោក ហ៊ុន សែន ប្រើប្រាស់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។

លោក ដុង លី​ឆេង គឺជា​អ្នកជំនួញ​ចិន​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​មាន​ទ្រព្យសម្បត្តិ​រាប់​សិប​លាន​ដុល្លារ និង​រកស៊ី​លើ​វិស័យ​កាស៊ីណូ អចលនទ្រព្យ និង​សណ្ឋាគារ​។ លោក​ក៏​ស្ថិត​ក្នុងចំណោម​អ្នកជំនួញ​ចិន​ដែល​មាន​ប្រវត្តិ​ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋកម្ម និង​រត់គេច​ពី​ការ​ទទួល​ទោស​នៅ​តុលាការ​ចិន មក​សំងំ​សាងសង់​អាជីវកម្ម និង​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក្រោម​ស្លាក​កាស៊ីណូ​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រួម​ទាំង​ឥស្សរជន​កំពូលៗ និង​ការ​ទិញ​សញ្ជាតិ​ខ្មែរ។

លោក ដុង លីឆេង មាន​អាយុ ៥៨​ឆ្នាំ​មាន​ស្រុកកំណើត​ក្នុង​ខេត្ត​យូណាន (Yunnan) ប្រទេស​ចិន និង ចាប់ផ្តើម​ធ្វើ​ជំនួញ​លើ​វិស័យ​បន​ល្បែង​កាស៊ីណូ គម្រោង​អចលនទ្រព្យ និង​សណ្ឋាគារ​តំបន់​ព្រំដែន​ចិន​-​មីយ៉ាន់ម៉ា ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩០​។ លោក​ត្រូវ​បាន​កាសែត​ស្រុក​ចិន​ពិពណ៌នា​ថា ជា​អ្នកជំនួញ​សប្បុរស​តាមរយៈ​ការ​បរិច្ចាគ​លុយ​ដល់​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ម្ដងៗ​រាប់​លាន​ដុល្លារ។

លោក ដុង លីឆេង ក៏​ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ដំបូង​គេ​បង្អស់​ក្នុង​ខេត្ត​យូណាន​មាន​ឈ្មោះថា​ក្រុមហ៊ុន រ៉ូយលី អ៊ែឡាញស៍ (Ruili Airlines) និង​ធ្លាប់​ជា​សមាជិក​សន្និសីទ​ពិគ្រោះ​យោបល់​គោល​នយោបាយ​ប្រជាជន​ចិន (CPPCC) ប្រចាំ​តំបន់​យូណាន។ ទោះជា​យ៉ាងណា លោក​បាន​បាត់បង់​មុខតំណែង​ដ៏​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​កុម្មុយនិស្ដ​ចិន និង​ចាប់ផ្ដើម​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​បន្ទាប់ពី​តុលាការ​ចិន​រក​ឃើញ​ថា ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​របស់​លោក​នៅ​តាម​ព្រំដែន​ចិន​-​មីយ៉ាន់ម៉ា ពាក់ព័ន្ធ​នឹង​ល្បែង​អនឡាញ​ខុសច្បាប់ និង​អំពើ​លាងលុយកខ្វក់។

នៅ​ឆ្នាំ​២០០៨ តុលាការ​ចិន​បាន​កាត់ទោស​លោក ដុង លីឆេង ពី​បទ​បើក​កាស៊ីណូ​ខុសច្បាប់ ការ​លាង​លុយកខ្វក់ និង​ការរៀបចំ​ល្បែងស៊ីសង​តាម​អនឡាញ។ ទោះជា​យ៉ាងណា លោក​ត្រូវ​បាន​ឃុំខ្លួន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​តុលាការ​បាន​ព្យួរទោស និង​អនុញ្ញាត​ឱ្យ​រស់នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ឃ្លាំមើល​។ មូលហេតុ​សំខាន់​គឺ​ដោយសារ​លោក​បាន​សារភាព និង​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ក្នុង​ការ​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ​ជាច្រើន។

បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​រស់នៅ​ក្រៅ​គុក ឧក្រិដ្ឋជន​រូប​នេះ​បាន​ឆក់​ឱកាស​រត់គេច​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​ចិន និង​បន្តសកម្មភាព​អាជីវកម្ម​វិស័យ​កាស៊ីណូ​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​ពោរពេញ​ដោយ​អំពើពុករលួយ និង​មាន​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ។ តាម​របាយការណ៍​ស៊ើបអង្កេត​មួយចំនួន​បង្ហាញថា ឧក្រិដ្ឋជន ដុង លីឆេង បាន​ចូល​មក​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០១០ និង​បាន​បើក​ក្រុមហ៊ុន​ថ្មីស្រឡាង​មួយ​ឈ្មោះ ធី​.​ស៊ី ខាប់ពីតូល (T.C Capital Co. Ltd) ដើម្បី​ពង្រីក​ការ​រកស៊ី​លើ​វិស័យ​អចល​ទ្រព្យ ក្រុមហ៊ុន​អាកាសចរណ៍ និង​កាស៊ីណូ។ ក្នុងអំឡុងពេល​ឧក្រិដ្ឋជន​រូប​នេះ​បាន​មក​ពង្រីក​មុខ​ជំនួញ​លើ​ទឹកដី​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ តុលាការ​ប្រទេស​ចិន​បាន​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋជន ដុង លីឆេង ជា​ថ្មី​ទៀត​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​លាង​លុយកខ្វក់​។ ទោះជា​បី​ពេលនោះ​ឧក្រិដ្ឋជន ដុង លីឆេង ល្បីល្បាញ​ពាក់ព័ន្ធ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម និង​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សព្វ​ព្រោងព្រាត ក៏​លោក​អាច​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​រំកិល​ខ្លួន​យ៉ាង​កៀក​នឹង​ឥស្សរជន​នយោបាយ​កំពូល​នៅ​កម្ពុជា។

ក្នុង​ឆ្នាំ​២០១៤ ឧក្រិដ្ឋជន ដុង លីឆេង បាន​ទិញ​សញ្ជាតិ​ខ្មែរ​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​មានឈ្មោះ​ក្នុង​សញ្ជាតិ​ខ្មែរ​ថា តុង ហេង (Tong Heng)​។ លើស​ពី​នេះ កាល​ពី​ឆ្នាំ​២០១៨ ឧក្រិដ្ឋជន ដុង លីឆេង ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​ផ្ដល់​យន្តហោះ​ឯកជន​ឱ្យ​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​ជិះ​ទៅ​ប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក (US) ថែម​ទៀត​ផង​។ ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ឧក្រិដ្ឋជន ដុង លីឆេង ក៏បាន​បង្កើត​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​នៅ​ខេត្ត​ព្រះសីហនុ​ក្រោម​ស្លាក​វិនិយោគ​នៃ​ក្រុមហ៊ុន​របស់​លោក​ឈ្មោះ ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co.Ltd) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​លោក ហ៊ុន សែន នៅ​តំបន់ឆ្នេរ​អូរត្រេះ ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ទំហំ​ផ្ទៃដី​ជាង ៥៥​ហិកតារ កាលពី​ឆ្នាំ​២០១៦​។ គម្រោង​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន​គឺ​ផ្តោត​លើ​ការបង្កើត​ជា​អគារ​កាស៊ីណូ សណ្ឋាគារ ផ្សារ​ទំនើប និង​លំនៅឋាន​ជាដើម​ដែល​ទំហំ​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង ៣៦០​លាន​ដុល្លារ​។ លោក​ក៏​ជា​អ្នកជំនួញ​ចិន​ដ៏​ធំ​ម្នាក់​បាន​រួម​ចំណែក​វិនិយោគ​សាងសង់​អគារ​ពាណិជ្ជកម្ម​តំបន់​ក្រុងព្រះសីហនុ​ដែល​គេ​ហៅថា ឆៃណាថោន (ChinaTown) ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​ដែល​បច្ចុប្បន្ន​ទីតាំង​អគារ​ក្នុង​តំបន់​នេះ​រង​ការ​ចោទប្រកាន់​ថា ជា​សម្បុក​នៃ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស (UK) ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន និង​ស្ថាបនិក​ក្រុមហ៊ុន​នេះ​គឺ​ឧក្រិដ្ឋជន ដុង លីឆេង ចូលក្នុង​បញ្ជីខ្មៅ​កាលពី​ឆ្នាំ​២០២៣ ដោយសារតែ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អន​ឡាញ និង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​។ រដ្ឋាភិបាល​អង់គ្លេស​លា​ត​ត្រដាង​ថា តំបន់​នៃ​អគារ ហ្គោល​ឌិន សាន់ ស្កា​យ​គឺជា​មជ្ឈមណ្ឌល​ឆបោក​តាម​តាម​អនឡាញ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​គេ​បោក​បញ្ឆោត និង​ទទួលរង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ។

ទន្ទឹម​នឹង​ចំណាត់​រដ្ឋាភិបាល​អង់គ្លេស​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​២០២៥ ក៏​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​ឧក្រិដ្ឋជន ដុង លីឆេង និង​ក្រុមហ៊ុន​ធំៗ​ចំនួន ៦ ក្នុង​នោះ​រួម​ទាំង​ក្រុមហ៊ុន ធី​.​ស៊ី ខាប់ពីតូល (T.C Capital Co. Ltd) និង​ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេន​មិន (Golden Sun Sky Entertainment Co.Ltd) ចូលក្នុង​បញ្ជីខ្មៅ ដោយសារ​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អន​ឡាញ និង​ការ​បង្ខាំង​មនុស្ស។ អាមេរិក​រកឃើញ​ថា បណ្ដា​អគារ​កាស៊ីណូ​នៃ​ក្រុមហ៊ុន​របស់​ឧក្រិដ្ឋជន ដុង លីឆេង ត្រូវ​បាន​បម្លែង​ទៅជា​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​បាន​ជួញដូរ និង​បង្ខំ​ឱ្យធ្វើ​ការបោកប្រាស់​អនឡាញ។ លើស​ពី​នេះ ប្រតិបត្តិ​បណ្ដាញ​ក្រុមហ៊ុន​ទាំងនេះ​បាន​លួច​លុយ​ជនរងគ្រោះ​ជាច្រើន​នាក់​នៅ​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​នៅ​ប្រទេស​ផ្សេងៗ​រាប់ពាន់​លាន​ដុល្លារ។

ទោះបី​ប្រទេស​លោក​សេរី​ចាត់វិធានការ​ក៏​បណ្ដាញ​ក្រុមហ៊ុន ឧក្រិដ្ឋជន ដុង លីឆេង នៅតែ​បន្ត​ដំណើរការ​។ បច្ចុប្បន្ន មជ្ឈមណ្ឌល​កម្សាន្ត​ក្នុង​បរិវេណ​ក្រុមហ៊ុន ហ្គោលដិន សាន់ ស្កាយ (Golden Sun Sky Hotel & Casino) និង​តំបន់​អគារ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឆៃណាថោន ជាច្រើន​ទៀត​របស់​មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន​គឺ​លោក ដុង លីឆេង នៅតែ​រង​ការ​ចោទប្រកាន់​ថា បន្ត​បង្ខាំង​មនុស្ស​រាប់​សិប​នាក់​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​នៅ​ឡើយ។

ស្ថាប័ន​ជំនាញៗ​មួយចំនួន​វាយតម្លៃ​ថា មុខ​ជំនួញ​បន​ល្បែង​កាស៊ីណូ និង​អំពើ​ឧក្រិដ្ឋកម្ម​របស់​ឧក្រិដ្ឋជន ដុង ល​ឆេង អាច​បន្ត​ដំណើរការ​បាន​ដល់​សព្វថ្ងៃ​គឺ​ដោយសារតែ​ទទួល​បាន​ការ​កាង​ការពារ​ពី​រដ្ឋាភិបាល​នៃ​ក្រុមហ៊ុន​គ្រួសារ​ត្រកូល ហ៊ុន។

ឧក្រិដ្ឋជន ដុង លីឆេង ស្ថិត​ក្នុង​ចំណោម​អ្នកជំនួញ​ជនជាតិ​ចិន​ពីរ​នាក់​ទៀត​រួមមាន​លោក ស៊ី ជីជាំង (She Zhijiang) និង​ឧក្រិដ្ឋជន ស៊ូ អៃមីន (Xu Aimin) ដែល​ពិភពលោក​ស្គាល់​ថា ជា​មហាសេដ្ឋី​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ និង​អ្នកជា​ជំនួញ​មាន​ឥទ្ធិពល​ក្នុង​ការ​ពង្រីក​បន​ល្បែង​កាស៊ីណូ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក ស៊ី ជីជាំង ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០២២ និង​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ការបង្កើត​បណ្ដាញ​ឆបោក​តាម​អនឡាញ​។ រីឯ ឧក្រិដ្ឋជន ស៊ូ អៃ​មីន (Xu Aimin) កាលពី​ឆ្នាំ​២០១៣ ត្រូវ​បាន​តុលាការ​ចិន​កាត​ទោស​ឱ្យ​ជាប់គុក ១០​ឆ្នាំ​ពី​បទ​បើក​បន​ល្បែង​ខុសច្បាប់ ប៉ុន្តែ​ឧក្រិដ្ឋជន​រូប​នេះ​បាន​រត់​ចូល​កម្ពុជា ដើម្បី​ធ្វើ​ជំនួញ​អាជីវកម្ម តាមរយៈ​ការទិញ​សញ្ជាតិ​ខ្មែរ និង​ទទួល​បានការ​កាង​ការពារ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ