

មន្ត្រីបរិស្ថានខេត្តក្រចេះ ចេញមុខអះអាងការពារថា ក្រុមហ៊ុនវៀតណាម មិនបានលួចឈូសឆាយដីព្រៃសហគមន៍ ដូចពលរដ្ឋលើកឡើងនោះទេ ។ ប៉ុន្តែពលរដ្ឋថា មន្ត្រីបរិស្ថានខេត្តក្រចេះ កំពុងតែគេចវេះមិនទទួលខុសត្រូវ ការបាត់បង់ដីព្រៃសហគមន៍សំពុង ក្រោយក្រុមហ៊ុនវៀតណាមបានរំលោភយក។
មន្ទីរបរិស្ថានខេត្តក្រចេះ នៅពីថ្ងៃទី០៩ ខែមីនា បានចេញមុខការពារក្រុមហ៊ុនវៀតណាម ឈ្មោះ កសិកម្ម យុវជនស្វាយរៀង ដោយអះអាងថា ក្រុមហ៊ុនមួយនេះមិនបានឈូសឆាយដីព្រៃសហគមន៍សំពុង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដូចការលើកឡើងរបស់ពលរដ្ឋនោះឡើយ។ ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង គឺបានឈូសឆាយដីព្រៃស្ថិតនៅក្នុងបរិវេណរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា តំណាងពលរដ្ឋរងគ្រោះដីធ្លី លោកស្រី អ៊ែល រ៉ូស្សា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១០ ខែមីនាថា ក្រុមហ៊ុនវៀតណាមពិតជាបានឈូសឆាយដីព្រៃសហគមន៍សំពុងប្រាកដមែន ហើយប្រជាការពារភូមិ និងលោកមេឃុំក៏បានអះអាងដូច្នេះដែរ។ លោកស្រី ចាត់ទុកការបដិសេធរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ជាការគេចវេះមិនទទួលត្រូវ ចំពោះការបាត់បង់ដីព្រៃសហគមន៍មួយនេះ។
លោកស្រី អ៊ែល រ៉ូស្សា៖ «ខាងខត្តមកប្រជុំថាដីប្រជាពលរដ្ឋអត់ប៉ះពាល់ និងជាមួយដីសហគមន៍ទេ គឺថាខាងក្រុមហ៊ុនកាម៉ាដេនូ ឈូសឆាយប៉ុណ្ណាវាគ្រប់ចំនួនហើយគឺកាន់កាប់តែប៉ុណ្ណឹងទេ ប៉ុន្តែនៅពេលផ្ទេរសិទ្ធស្រាប់តែប៉ះពាល់ដល់ដីប្រជាពលរដ្ឋ និងដីសហគមន៍ បានខ្ញុំឆ្ងល់ថា ក្រុមហ៊ុន កាម៉ាដេនូ បានទទួលសិទ្ធតែប៉ុណ្ណឹងទេអត់មានរុករាន ទន្ទ្រានថែមទៀតទេ តែហេតុអ្វីបានរុករានទន្ទ្រានថែមទៀតអញ្ចឹងមានន័យថា បោកប្រជាពលរដ្ឋ»។
លោកស្រី អ៊ែល រ៉ូស្សា អះអាងទៀត ថា អភិបាលខេត្តក្រចេះ កាលពីពេលកន្លងទៅបានសន្យាជាមួយពលរដ្ឋ ដោយរក្សាដីព្រៃសហគមន៍ ដីព្រៃជំនឿ ដីព្រៃបម្រុងទុក និងដីស្រែចម្ការរបស់ពលរដ្ឋ មិនអនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនវៀតណាមបានបំពាន និងធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋថែមទៀត។
ចំណែកប្រធានសហគមន៍សំពុង លោក យ៉ប ចាន់ធំ ឲ្យដឹងថា កាលពីឆ្នាំ២០១១ដីព្រៃសហគមន៍សំពុងមានផ្ទៃដីជាង ១ពាន់(១.៣៩៨)ហិកតារ ក្នុងនោះមានដីព្រៃជំនឿ ដីព្រៃបម្រុងទុករបស់ពលរដ្ឋ ប៉ុន្តែបច្ចុប្បន្នដីព្រៃសហគមន៍មួយនេះនៅសល់ផ្ទៃដីជាង៤០០ហិកតារ ដោយក្រុមហ៊ុនវៀតណាមអះអាងថា ដីព្រៃសហគមន៍ជាងពាក់កណ្ដាលនេះ គឺស្ថិតនៅក្នុងប្លង់រឹងរបស់ក្រុមហ៊ុន។
លោក យ៉ប ចាន់ធំ៖ «យក៤៦១ហិកតារដក ជាមួយពាន់បីរយកៅសិបប្រាំបី (១.៣៩៨ )ហិកតារ ដកចេញទៅឃើញហើយថាបាត់ប៉ុន្មាន សោកស្ដាយដែល តែក្រុមហ៊ុនគេថាបើយើងមិនឲ្យគេ ក៏គេនៅតែយកដដែល»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១០ ខែមីនា។

នេះមិនមែនជាលើកទីមួយនោះ ដែលអាជ្ញាធរខេត្តក្រចេះ បានចេញមុខកាងការពារក្រុមហ៊ុនវៀតណាមមួយនេះ លើសពីនោះ មេការក្រុមហ៊ុនបានបញ្ជាឲ្យមន្ត្រីបរិស្ថានខេត្តក្រចេះ ចាប់តំណាងពលរដ្ឋរងគ្រោះដីធ្លីម្នាក់ដាក់ពន្ធនាគារទៀតផង។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរ និងសហគមន៍ត្រូវជជែកពិភាក្សា និងបង្ហាញឯកសារពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចប់បញ្ហានេះ។
លោក យិន ម៉េងលី៖ «អ៊ីចឹងយើងលាតត្រដាងទាំងអស់គ្នា យកឯកសារដាក់កណ្ដាលអង្គុយជជែកគ្នា នៅសាលាឃុំ នៅសាលាស្រុក ធ្វើម៉េចឲ្យមានភាពស្នើគ្នាក្នុងការជជែក កុំឲ្យមានការគំរាមកំហែងស្លុតគាត់ ឲ្យគាត់បង្ហាញមក ហើយអញ្ចឹងយើងអាចដោះស្រាយបានហើយ យើងអាចបោះបង្គោល ហើយឈប់មានបញ្ហាហើយ វាងាយស្រួលទេ ឲ្យតែយើងមានឆន្ទៈរួមគ្នាស្វែងរកការពិត វានឹងដោះស្រាយបាន»។
ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ក្រៅពីឈូសឆាយព័ទ្ធយកដីព្រៃសហគមន៍សំពុងហើយនោះ ក្រុមហ៊ុនទាំងពីរនេះ ក៏បានឈូសឆាយបំផ្លាញផលដំណាំ ដុតផ្ទះសម្បែង និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ជាង៣០០គ្រួសារ។ លើសពីនោះ មេការដែលជាជនជាតិវៀតណាម បានគំរាមកំហែង ដោយបញ្ជាឲ្យអាជ្ញាធរខេត្ត និងមន្ត្រីបរិស្ថានខេត្តក្រចេះ កែសំណុំរឿងធ្វើយ៉ាងណាចាប់តំណាងពលរដ្ឋបន្ថែមទៀតដាក់ពន្ធនាគារ ពីព្រោះមេការរូបនោះចោទពលរដ្ឋទាំងនោះថា តែងតែចេញមុខតវ៉ាប្រឆាំងទៅនឹងក្រុមហ៊ុន៕









