

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនសង្គមលោក ធូ វ៉ាឃីម ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ក្រោមបទចោទប្រកាន់«ញុះញង់» ទាក់ទងនឹងរឿងបញ្ចេញមតិ។ គ្រួសារសោកស្ដាយ និងទទូចឲ្យតុលាការជាន់ខ្ពស់ជួយផ្ដល់យុត្តិធម៌ដល់យុវជនរូបនេះ។
សកម្មជនសង្គមលោក ធូ វ៉ាឃីម ខកចិត្ត និងចាត់ទុកការសម្រេចរបស់តុលាការ ដែលកាត់ឲ្យលោកមានទោស ២ ឆ្នាំ ពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីបញ្ហាសង្គម ថា ជារឿងអយុត្តិធម៌ និងបង្ហាញអំពីសេរីភាពបញ្ចេញមតិកាន់តែរួមតូច។
ការលើកឡើងនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ធូ វ៉ាឃីម ពីបទ «ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដោយយករឿងលោកបង្ហោះសារ និងបញ្ចេញមតិលើ បណ្ដាញសង្គម ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ រួមទាំងការដឹកនាំរបស់រដ្ឋាភិបាល និងបញ្ហាជម្លោះព្រំដែន មកធ្វើជាសំអាងហេតុ ដើម្បីចោទប្រកាន់ និងកាត់ក្ដី។
លោកមេធាវី អែម ចន្ថា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែមីនា ថា កូនក្ដីរបស់លោក នឹងប្ដឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស ដើម្បីស្វែងរកយុត្តិធម៌ ទៀត។ លោកចាត់ទុកការសម្រេចរបស់តុលាការ ឲ្យកូនក្ដី ជាប់ ពន្ធនាគារ ២ ឆ្នាំ និងពិន័យប្រាក់ ៤ លានរៀល ឬស្មើ ១ ពាន់ដុល្លារ ថា ជារឿងធ្ងន់ធ្ងរ ពីព្រោះអ្វី ដែល កូនក្ដីលើកឡើងលើបណ្ដាញសង្គម គឺជាសេរីភាព បញ្ចេញមតិ ក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ។
លោក អែម ចន្ថា៖ «ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានចែងរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋមានសិទ្ធិសម្ដែងមតិ ពាក់ព័ន្ធនឹងនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការព្រួយបារម្ភពីជោគវាសនាជាតិ ពីការដឹកនាំ ពី ទឹកដី ដែលទាំងអស់នេះ គឺមានចែង និងបញ្ជាក់យ៉ាងច្បាស់រដ្ឋធម្មនុញ្ញ ក៏ដូចជា សន្ធិសញ្ញាផ្សេងៗរបស់អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ឬការសម្ដែងមតិ។ ក្នុងនាមជាថ្នាក់ដឹកនាំ ជាមន្ត្រីសាធារណៈវាជាគោលដៅមួយ ដែល ប្រជាពលរដ្ឋអាចនឹងធ្វើការរិះគន់បានក្នុងការកែលម្អ។ ប្រជាពលរដ្ឋគ្មាន ចេតនាណាមួយ ធ្វើឲ្យមានចលាចលទេ។ គាត់គ្រាន់តែចង់ធ្វើម៉េចឲ្យស្ថានការណ៍ វាល្អ ធ្វើ ម៉េចឲ្យការដឹកនាំជាតិវាល្អប៉ុណ្ណឹង ប្រទេសជាតិគង់វង្ស ស្ថិតស្ថេរនេះ ជាការសម្ដែងមតិរបស់គាត់អ៊ីចឹង»។
លោក ធូ វ៉ាឃីម ជាអតីតព្រះសង្ឃ និងសកម្មជនសង្គម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៥ ក្រោយពេលលោកបញ្ចេញមតិជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសង្គមនៅលើបណ្តាញសង្គម។ គិតមកដល់ពលនេះ លោកជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ជិត ១ឆ្នាំហើយ។
បងប្រុសលោក ធូ វ៉ាឃីម គឺលោក ធូ អុង សោកស្ដាយ ចំពោះការសម្រេចរបស់តុលាការ ដោយថា ប្អូនរបស់លោកមិនមានកំហុសដូចការចោទប្រកាន់ឡើយ។ លោកទទូចឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងប្អូន ប្រុស ឲ្យមានសេរីភាព ដើម្បីអាចបន្តការសិក្សា និងធ្វើការងារសង្គមបន្តទៀត។
លោក ធូ អុង៖ «សូមសំណូមពរឲ្យខាងតុលាការ កាត់ក្ដីឲ្យយុត្តិធម៌បន្តិចទៅ ពីព្រោះគ្នាគ្មានកំហុសអី ហើយដាក់ទោសគ្នា ២ ឆ្នាំ ពិន័យប្រាក់ ៤ លានរៀល ។ ខ្ញុំ សុំស្នើសុំខាងតុលាការបន្ធូរបន្ថយទោសខ្លះទៅ គ្នាអត់ ទី១ ម្ដាយខ្ញុំគឺខ្វះខាតខ្លាំង គ្មានលុយគ្មានកាក់ណាយកមកបង់ខាងតុលាការ»។
ក្នុងអត្ថបទខ្លី ដែលអង្គការលីកាដូ បានចងក្រង និងផ្សព្វផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៨២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ក្រោយពេលប្រជាពលរដ្ឋ បានចែករំលែកទស្សនៈ ការបញ្ចេញមតិ និងការយល់ឃើញដែលភាគច្រើនត្រូវ បានបង្ហោះ និងចែករំលែកបន្តនៅលើបណ្ដាញសង្គម អំពីប្រធានបទជាច្រើន ដូចជាឃាតកម្មលើសកម្មជននយោបាយលោក លិម គិមយ៉ា ស្ថានភាពនៃការផ្តល់ជំនួយពីបរទេសមកប្រទេសកម្ពុជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហា សង្គមផ្សេងៗទៀតជាច្រើន។
លីកាដូចាត់ទុកឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាប់អួរនៃ សេរីភាពក្នុងការបញ្ចេញមតិ និងទាមទារឲ្យអាជ្ញាធរត្រូវតែបញ្ឈប់ការចាប់ ខ្លួនចោទប្រកាន់ និងឃុំខ្លួនចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមអ្នកសារព័ត៌មាន និង សកម្មជន នយោបាយដោយគ្រាន់តែអ្នកទាំងនោះបានបញ្ចេញមតិរបស់ពួកគេ។
ជាមួយគ្នានេះ អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ អំពាវនាវឲ្យ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពនិងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ ក្នុងការបញ្ចេញគំនិតមតិយោបល់ និងទស្សនៈរបស់ពួកគេ មិនថា ជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្ដាញសង្គមនោះទេ៕








