

តុលាការវៀតណាមនៅខេត្តលង់ហោរនៅថ្ងៃទី១៨ វិច្ឆិកា បើកសវនាការកាត់ទោសព្រះសង្ឃខ្មែរក្រោមមួយអង្គ និងសកម្មជនខ្មែរក្រោមចំនួន២រូបផ្សេងទៀតដាក់ពន្ធនាគារម្នាក់ៗចំនួន ៣ឆ្នាំ៦ខែ ក្រោយពួកគាត់បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជិត ៨ ខែ។ ក្នុងថ្ងៃជាមួយគ្នា អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរដដែលក៏បានចាប់ខ្លួនសកម្មជនស្ត្រីខ្មែរក្រោមមួយរូបក្រោយពីសកម្មជនរូបនោះបានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមបង្ហាញពីសកម្មភាពរបស់អាជ្ញាធរវៀតណាមដែលកំពុងចុះឃ្លាំមើល និងតាមដានរំខានការរស់នៅរបស់អ្នកស្រី។
ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលត្រូវបានតុលាការវៀតណាមកាត់ទោសជាប់ពន្ធនាគាររួមមានព្រះតេជព្រះគុណ គឹម សំរិន្ទ លោក ថាច់ ស្វឹងដុង និងលោក ថាច់ ង៉ា ដោយពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភសេរីភាពប្រជាធិបតេយ្យ តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងចែករម្លែកព័ត៌មានអំពីសិទ្ធិជនជាតិដើម និងបញ្ហារំលោភបំពានសិទ្ធិខ្មែរក្រោមប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាមនៅលើបណ្ដាញសង្គម។
ការកាត់ទោសទៅលើព្រះសង្ឃ និងសកម្មជនខ្មែរក្រោមនៅពេលនេះប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់សមាជិកក្រុមគ្រួសារជនជាប់ឃុំចូលរួមស្តាប់ក្នុងសវនាការនោះឡើយ។ ចំណែកមេធាវីក៏មិនមាននោះដែរ។ គ្រួសារជនជាប់ឃុំឱ្យទូរទស្សន៍អាស៊ីសេរីដឹងនៅថ្ងៃទី១៨ វិច្ឆិកា ថា ពួកគាត់មិនទទួលបានព័ត៌មាន ឬត្រូវបានតុលាការជូនដំណឹងពីការកាត់ទោសនោះទេ រហូតដល់មានព័ត៌មានវៀតណាមផ្សព្វផ្សាយ និងត្រូវបានពលរដ្ឋខ្មែរក្រោមមួយចំនួនចែករម្លែកព័ត៌មានពីការកាត់ទោសនេះនៅលើបណ្ដាញសង្គមទើបពួកគាត់បានដឹង។
បើតាមសារព័ត៌មានអនឡាញក្រុងព្រែកឫស្សី ឬកឹងថើអនឡាញ (Can Tho Online) ចុះផ្សាយនៅរសៀលថ្ងៃទី១៨ វិច្ឆិកា បង្ហាញថា នៅក្នុងសវនាការ ក្រៅតែពីវត្តមានរបស់ព្រះសង្ឃ និងសកម្មជនខ្មែរក្រោម និងមន្ត្រីនគរបាលវៀតណាមដែលកំពុងអង្គុយ និងឈមអមជនជាប់ចោទ មិនមានឡើយវត្តមានរបស់មេធាវីការពារសិទ្ធិរបស់ពួកគាត់ និងសមាជិកក្រុមគ្រួសារ។
ឈរក្នុងរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ខៀវរបស់អ្នកជាប់ឃុំ និងមានរូបរាងស្គមស្គាំងជាងមុនពេលចាប់ខ្លួនកាលពីខែចុងខែមីនា ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង៣អង្គនិងរូប បង្ហាញនូវទឹកមុខស្រងូតស្រងាត់ តែហាក់មិនតក់ស្លុតចំពោះសវនាការមួយនេះ។ ដោយឡែកបើតាមរូបថតគេមើលឃើញនៅលើសារព័ត៌មានវៀតណាមដដែល សកម្មជនខ្មែរក្រោមលោក ថាច់ ង៉ា នៅលើផ្ទៃមុខរបស់គាត់មានស្នាមជាំជាខ្សែសញ្ញាជើងក្អែកជាច្រើនកន្លែងដែលមើលទៅហាក់ដូចជាស្នាមរំពាត់ ឬខ្សែភ្លើងដែលគេវាយទៅលើផ្ទៃមុខរបស់នរណាម្នាក់ដែលមិនទាន់រលុបបាត់។
ថ្លែងក្នុងលក្ខខណ្ខមិនបញ្ចេញឈ្មោះ និងសំឡេងព្រោះបារម្ភពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម សាច់ញាតិព្រះសង្ឃ និងសកម្មជនខ្មែរក្រោម សោកស្តាយដែលតុលាការ និងអាជ្ញាធរវៀតណាមមិនផ្តល់ដំណឹង និងអនុញ្ញាតឱ្យសាច់ញាតិបានទៅជួបសកម្មជន និងចូលរួមស្តាប់ក្នុងសវនាការ។ ពួកគាត់សំដែងការបារម្ភពីស្ថានភាពសុខភាព និងសុវត្ថិភាពរបស់ជនជាប់ឃុំក្រោយឃើញរូបថតពួកគាត់ស្គមស្គាំង និងអ្នកខ្លះមានស្នាមជាំខ្លាំងនៅលើផ្ទៃមុខ ដែលពួកគាត់ហាក់បារម្ភថាអាចទទួលរងនូវការវាយដំ ឬធ្វើទារុណកម្មពីអាជ្ញាធរវៀតណាម។
ព្រះតេជព្រះគុណ គឹម សំរិន្ទ លោក ថាច់ ស្វឹងដុង និងលោក ថាច់ ង៉ា ត្រូវបានអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំងចាប់សម្រាតស្បង់ចីពរបង្ខំផ្សឹក និងចាប់ឃុំខ្លួននៅថ្ងៃទី២៨ ខែមីនា និងយកទៅឃុំឃាំងនៅក្នុងពន្ធនាគារខេត្តរហូតដល់នាំឡើងសវនាការកាត់ទោសនៅពេលនេះ។
មុនត្រូវបានចាប់ផ្សឹក និងឃុំខ្លួន ព្រះតេជព្រះគុណ គឹម សំរិន្ទ គឺជាអតីតព្រះគ្រូសូត្រស្តាំ នៃវត្តចាកអាគ្រោង ស្ថិតក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង។ ព្រះអង្គត្រូវបានអាជ្ញាធរវៀតណាមបណ្តេញចេញមិនឱ្យគង់នៅក្នុងទីអារាមដែលជាវត្តស្រុកកំណើត ដោយសារតែព្រះអង្គបានយករូបសំណាកលោកឧកញ៉ា សឺន គុយ ដែលជាវីរបុរសរបស់ខ្មែរក្រោមទៅតម្កល់ទុកនៅក្នុងកុដិរបស់ព្រះអង្គសម្រាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទៅគោរពបូជា ហើយអាជ្ញាធរបានគំរាមមិនឱ្យព្រះចៅអធិការទាំង ១៤៣វត្តនៅក្នុងខេត្តព្រះត្រពាំងទទួលឱ្យព្រះអង្គគង់នៅ ទើបព្រះអង្គត្រូវបង្ខំចិត្តទៅគង់នៅក្នុងអាស្រមដែលសាងសង់នៅក្នុងបរិវេណដីផ្ទះជាមួយម្តាយ រហូតដល់ពេលព្រះអង្គត្រូវបានអាជ្ញាធរវៀតណាមចាប់សម្រាតស្បង់ចីពរបង្ខំផ្សឹកនៅថ្ងៃទី២៨ មីនា។
ចំណែកសកម្មជន ថាច់ ស្វឹងដុង និង ថាច់ ង៉ា មុនត្រូវបានចាប់ខ្លួន តែងបានចូលរួមធ្វើសកម្មភាពសង្គម និងរៀបចំប្រារព្ធពិធីសិទ្ធិមនុស្សជាមួយសកម្មជនផ្សេងទៀត និងតែងបានជួយផ្សព្វផ្សាយ និងចែករម្លែកព័ត៌មានអំពីកម្ពុជាក្រោមនៅលើបណ្ដាញសង្គម។ សកម្មជនទាំងពីរនាក់នេះធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមដាក់កម្លាំងតាមឃ្លាំមើលសកម្មភាពដល់ផ្ទះ និងកោះហៅទៅសួរនាំនៅសាលាឃុំជាច្រើនលើក ជាពិសេសពាក់ព័ន្ធនឹងការចែកចាយសៀវភៅសិទ្ធិជនជាតិដើម រូបថតលោកឧកញ៉ា សឺន គុយ និងចង ឬលាបពណ៌ទង់ជាតិខ្មែរក្រោមនៅមុខផ្ទះ និងនៅលើជញ្ជាំងផ្ទះជាដើម។
ចំណែករឿងដាច់ដោយឡែកមួយទៀត នៅថ្ងៃទី១៨ វិច្ឆិកា ដដែលនេះ សកម្មជនស្ត្រីខ្មែរក្រោមអ្នកស្រី ថាច់ ធី វ៉ារី អាយុ ៥៤ឆ្នាំ ត្រូវបានអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំងចាប់ខ្លួនដោយចោទប្រកាន់ពីបទរំលោភសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌប្រទេសវៀតណាមដូចគ្នា ពាក់ព័ន្ធទៅនឹងសកម្មភាពការពារសិទ្ធិសេរីភាព និងចែករំលែកព័ត៌មាននៅលើបណ្ដាញសង្គម។
នៅមុនថ្ងៃចាប់ខ្លួន អាជ្ញាធរវៀតណាមបានដាក់កម្លាំងនគរបាលមូលដ្ឋានចុះឃ្លាំមើល និងតាមដានសកម្មភាពរបស់អ្នកស្រី ដែលធ្វើឱ្យអ្នកស្រីមានការរំខានចិត្តនៅក្នុងការរស់នៅ និងបានធ្វើការផ្សាយផ្ទាល់នៅលើទូរស័ព្ទរិះគន់ធ្ងន់ៗពីការគាបសង្កត់របស់អាជ្ញាធរវៀតណាមទៅលើសកម្មជនខ្មែរក្រោមដូចជាអ្នកស្រី។ លើសពីនេះ អ្នកស្រី ថាច់ ធី វ៉ារី តែងបានចូលរួមសកម្មភាពជាមួយសកម្មជនខ្មែរក្រោមផ្សេងទៀតនៅក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សនានា ដូចជាទិវាសិទ្ធិជនជាតិដើម និងសិទ្ធិនារីជាដើម។ ចំណុចពិសេសបំផុតមួយរបស់សកម្មជនស្ត្រីខ្មែរក្រោមរូបនេះ គឺគាត់បានសាក់រូបទង់បីពណ៌របស់ខ្មែរក្រោមនៅលើដៃទាំងសងខាងរបស់គាត់ និងមិនខ្លាចញញើតក្នុងការតស៊ូមតិប្រឆាំងអាជ្ញាធរវៀតណាមនៅពេលមានការរំលោភបំពានសិទ្ធិខ្មែរក្រោម។
ប៉ុន្មានម៉ោងក្រោយការកាត់ទោសព្រះសង្ឃ និងចាប់ខ្លួនសកម្មជនខ្មែរក្រោមនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលវៀតណាមចំពោះអំពើរំលោភបំពានខ្មែរក្រោមជាបន្តបន្ទាប់នេះ។ ពួកគេចាត់ទុកវាជាអំពើយុត្តិធម៌ និងរំលោភសិទ្ធិខ្មែរក្រោមធ្ងន់ធ្ងរ ដោយយកមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌប្រទេសវៀតណាមជាលេសក្នុងការគាបសង្កត់ បំបិទសិទ្ធិសេរីភាព និងចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ។
សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវឱ្យប្រទេសវៀតណាមក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវមានកាតព្វកិច្ចលើកកំពស់ ការពារ និងគោរពសិទ្ធិមនុស្ស និងត្រូវដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមកំពុងជាប់ឃុំទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
រាប់ទាំងការចាប់ខ្លួនសកម្មជនស្ត្រីខ្មែរក្រោមអ្នកស្រី ថាច់ ធីវ៉ារី នៅពេលនេះ រហូតមកដល់ពេលនេះ គឺមានព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ១២អង្គនិងរូបហើយ កំពុងជាប់ក្នុងពន្ធនាគារ ភាគច្រើនត្រូវបានចោទប្រកាន់ពីបទរំលោភសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌប្រទេសវៀតណាម៕









