

ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសថៃ ព្រួយបារម្ភខ្លាចអាជ្ញាធរថៃ ចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ ហើយប្រឈមបញ្ហាគ្មានការងារធ្វើ ការព្រួយបារម្ភនេះ គឺក្រោយពីក្រសួងការងារថៃ បានប្រកាសលែងទទួលពលរដ្ឋខ្មែរឲ្យធ្វើការនៅក្នុងប្រទេសថៃទៀត។ ទន្ទឹមគ្នានោះ ពួកគាត់ថាថៅកែថៃ ភាគច្រើន ដែលបានធានាសុវត្ថិភាពជូនពលករខ្មែរកន្លងមក ក៏លែងហ៊ានធានាសុវត្ថិភាពទៀតនោះដែរ ព្រោះតែអាជ្ញាធរថៃ ដាក់សម្ពាធមកលើពួកគាត់ខ្លាំងពេក។
បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ធ្លាប់បានធានា ដល់ពលករខ្មែរ ដែលមកពីប្រទេសថៃវិញ នឹងទទួលបានការងារ និងប្រាក់ខែសមរម្យក្ដី ពលរដ្ឋខ្មែរ ភាគច្រើន ពិបាករកការងារធ្វើ។
មានដើមកំណើតនៅខេត្តបន្ទាយមានជ័យលោកស្រី ឈុំ ដាវីន ប្រាប់ទូរស័ព្ទអាស៊ីសេរី នៅថ្ងៃទី១២ ខែមីនាថា សព្វថ្ងៃលោកស្រីធ្វើការងារជាកម្មករសំណង់ នៅឯជាយក្រុងបាងកក ប្រទេសថៃ។ លោកស្រីពុំហ៊ាន ចេញក្រៅផ្ដេសផ្ដាសនោះទេ ព្រោះបារម្ភពីសុវត្ថិភាព។ សព្វថ្ងៃនេះលោកស្រីថា ចាប់តាំងពីប្រទេសទាំងពីរមានជម្លោះព្រំដែនមក ប៉ូលិសថៃតាមចាប់ពលករខ្មែរជំរិតទារលុយ តាមអំពើចិត្ត បើទោះបីជា ពលករទាំងនោះមានលិខិតឆ្លងដែន និងឯកសារគ្រប់គ្រាន់ក្ដី។
លោកស្រីមកធ្វើការនៅប្រទេសថៃ បានជាង៥ខែហើយ ក្រោយពីវិលត្រឡប់ទៅស្រុកខ្មែរវិញ អំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃលើកទី១ នៅខែកក្កដា ឆ្នាំ២០២៥។ លោកស្រីបានរកការងារធ្វើជាច្រើន នៅស្រុកខ្មែរ ប៉ុន្តែ ជួបតែថៅកែបោកប្រាស់ បង្ខំឱ្យកម្មករធ្វើការលើសកម្លាំង ប៉ុន្តែពុំបើកលុយឱ្យ រហូត ទ្រាំលែងបានក៏សម្រេចត្រឡប់មកធ្វើការនៅថៃវិញ។
ថ្មីៗនេះ លោកស្រីព្រួយបារម្ភជាខ្លាំង ដែលអាជ្ញាធរថៃប្រកាសលែងទទួលពលករខ្មែរទៀត។ លោកស្រីថានឹងត្រឡប់ទៅស្រុកខ្មែរវិញ ព្រោះ ថៅកែថៃ បានបញ្ជាក់ថា លែងធានាសុវត្ថិភាពជូនពួកគាត់ ព្រោះជាគោលនយោបាយរបស់រដ្ឋាភិបាលថៃ។ លោកស្រីបន្តថា ប្រសិនបើទៅស្រុកខ្មែរវិញឆាប់ៗ មិនទាន់ដឹងថា ត្រូវធ្វើការងារអ្វីនោះឡើយ ព្រោះថានៅស្រុក ខ្មែរពិបាករកការងារធ្វើ ខុសពីប្រទេសថៃ សម្បូរការងារ ហើយថ្លៃឈ្នួលក៏បានខ្ពស់ជាង។
លោកស្រី ឈុំ ដាវីន៖ «នៅខ្មែរយើងវាពិបាកត្រង់ការងារមានហើយ ប៉ុន្តែពួកមេការវាបោកយើង។ យើងកម្រដើរបានជួបកន្លែងល្អ។ បើនៅថា បើថៅកែគេនៅតែទទួល នៅតែធានាសុវត្ថិភាពឱ្យ និងនិយាយឱ្យ ពេលប៉ូលិសចាប់ គឺចេះតែបន្តនៅ បើគេមិនទទួលជួយទេ ក៏មានតែត្រឡប់ទៅខ្មែរយើងវិញ»។
នៅថ្ងៃទី១១ ខែមីនា សារព័ត៌មានថៃ ឈ្មោះ Khaosod English បានចុះផ្សាយ ដោយស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី ទ្រីណុច ធៀនថុង ( Trinuch Thienthong) បានថ្លែងកាលពីថ្ងៃទី៩ មីនាថា គោលនយោបាយថ្មីរបស់រដ្ឋាភិបាល លោក អនុទិន ចាន់វិរៈគុល ថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យពលករកម្ពុជាថ្មី ចូលប្រទេសថៃជាដាច់ខាត ព្រោះបារម្ភពីសន្តិសុខជាតិ បើទោះជាមានការព្រួយបារម្ភពីវិស័យឯកជន ចំពោះបញ្ហាកង្វះកម្លាំងពលកម្មក៏ដោយ។
បន្ថែមពីលើនោះ អ្នកស្រីក៏បានច្រានចោលព័ត៌មាន ដែលថាប្រទេសថៃអាចនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ដោយនិយាយថា ជារឿងមិនពិត។ ប្រភពដដែលបញ្ជាក់ថា សព្វថ្ងៃពលករខ្មែរ ជាង៥៣ម៉ឺន (៥៣.៨០៩)នាក់ កំពុងស្ថិតក្រោមការត្រួតពិនិត្យឱ្យត្រឡប់ទៅកម្ពុជា។
ចំណែក ពលករខ្មែរ ជាង៨៥ម៉ឺន (៨៥,១១៧) ផ្សេងទៀត ដែលកាន់ឯកសារ MOU ឬហៅថា ប្រព័ន្ធអនុស្សរណៈនៃការយោគយល់ទ្វេភាគី ដែលនឹងបញ្ចប់លក្ខខណ្ឌការងារ៤ ឆ្នាំ នៅចន្លោះខែវិច្ឆិកាឆ្នាំ 2025 ដល់ខែធ្នូ ឆ្នាំ២០២៦នោះ អាជ្ញាធរថៃ ក៏កំពុងពិចារណាពន្យាររយៈពេលបីខែបណ្ដោះអាសន្នទៀត សម្រាប់ពលករខ្មែរ ជាង ៦ម៉ឺន(៦.០៧២)ទៀតប៉ុណ្ណោះ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតប ជុំវិញរឿងនេះបាន ទេនៅថ្ងៃទី១២ ខែមិនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ យ៉ាងណាអ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១១ ខែមីនា ថា ការសម្រេចចិត្តរបស់អាជ្ញាធរថៃនោះមិនប៉ះពាល់កម្ពុជានោះទេ ព្រោះកម្ពុជា មានការងារជាច្រើនចាំទទួល ពលករខ្មែរត្រឡប់មកវិញ។ ជាមួយគ្នានោះលោកថា អតីតពលករខ្មែរ ដែលមកពីប្រទេសថៃ ជាង៨០ម៉ឺននាក់សព្វថ្ងៃកំពុងមានការងារធ្វើ។
ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែន ជាមួយថៃមកមានពលករខ្មែរជាង ៩៥ម៉ឺននាក់បានវិលត្រឡប់មកមាតុភូមិវិញ ព្រោះបារម្ភពីសុវត្ថិភាព។ របាយការណ៍របស់ក្រសួងការងារ បង្ហាញថា មុនមានជម្លោះព្រំដែន មានពលករខ្មែរ ធ្វើការនៅប្រទេសថៃជាង ១លាន២សែននាក់។
មន្ត្រីការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការ សង់ត្រាល់ លោក លឹង សុផុន សង្កេតឃើញថា ចាប់តាំងពីអាជ្ញាធរថៃបានប្រកាស ថា លែងផ្ដល់ទិដ្ឋាការការងារដល់ពលករខ្មែរទៀត មានពលករខ្មែរជាច្រើន បានត្រឡប់ទៅកម្ពុជាវិញ ទាំងផ្លូវគោក និងផ្លូវអាកាស។ លោកថា ពលករខ្មែរ ដែលនឹងផុតទិដ្ឋាការត្រឹមខែមីនានេះអាជ្ញាធរថៃ ក៏មិនផ្ដល់ទិដ្ឋាការបន្តទៀតនោះដែរ ទើបធ្វើឱ្យពលករខ្មែរ ភាគច្រើនព្រួយបារម្ភ ពីសុវត្ថិភាព ប្រសិនបើមិនទៅកម្ពុជាវិញទេ អាជ្ញាធរថៃ នឹងចាប់ខ្លួន យកទៅឃុំ ឬ ក៏ពិន័យជាប្រាក់ រួចបញ្ជូនទៅកម្ពុជាជាដើម។
លោក លឹង សុផុន៖ «បើទោះបីជាយើងធ្វើដំណើរទៅណា ក៏ប៉ូលិសមានការពិនិត្យមើលប៉ាស្ព័រ។ អ៊ីចឹងនេះជាបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរ ដែលគាត់រស់នៅដោយខុសច្បាប់។ ម្យ៉ាងទៀត ប្រសិនបើយើងធ្វើការដោយខុសច្បាប់ ភាគច្រើនគឺថៅកែគេមិនសូវទទួលខុសត្រូវទេ នៅពេលដែលយើងមានបញ្ហា។ អ៊ីចឹងហើយនេះជាបញ្ហាប្រឈម។ សូម្បីតែយើងស្នាក់នៅកន្លែងតំបន់យើងរស់នៅ កន្លែងខ្លះ ក៏ព្រួយបារម្ភផងដែរ ប្រសិនបើអាជ្ញាធរចាប់»។
បើតាម លោកស្រី ឈុំ ដាវីន បានលើកឡើងថា ប៉ុន្មានខែចុងក្រោយនេះ នៅតំបន់ ដែលលោកស្រីធ្វើការ តែងតែឃើញពលករខ្មែរជាច្រើនក្រុមបានឡើងមករកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ សឹងតែរាល់ថ្ងៃ ក្រោយពីពួកគាត់ ពិបាករកការងារធ្វើនៅក្នុងស្រុក។ លោកស្រីថា នៅពេលដែលអាជ្ញាធរថៃ ប្រកាសជាថ្មីថា លែងឱ្យពលករខ្មែរចូលទឹកដីថៃទៀតនោះ ពលករខ្មែរ ដែលទើបតែឡើងមកថៃ ថ្មីៗ នឹងរងការធ្វើទុក្ខបុកម្នេញជាខ្លាំង ពីប៉ូលិសថៃ ហើយនឹងតាមចាប់ជំរិតទារលុយជាថ្នូរ នឹងទទួលបានសេរីភាព មុនបញ្ជូនទៅកម្ពុជាវិញ៕









