តើ​ឧក្រិដ្ឋជន តុង លីឆឹង បង្កើត​បណ្ដាញ​រកស៊ី​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ដូចម្ដេច?

0
145
មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប៖ បណ្ដាញសង្គម
មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប៖ បណ្ដាញសង្គម

ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) គឺជា​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន​ទៀត​ដែល​គេច​ពី​ការ​ទទួលទោស​នៅ​ស្រុក​ចិន ដើម្បី​មក​ពូន​សម្ងំ​លាក់ខ្លួន​បន្ត​អាជីវកម្ម​បន​ល្បែង​នៅ​កម្ពុជា​។ អាជីវកម្ម​ជាច្រើន​របស់​លោក តុង លីឆឹង រួមមាន អគារ​បន​ល្បែង​កាស៊ីណូ សណ្ឋាគារ និង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជាច្រើន​នៅ​កម្ពុជា​បាន​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​គឺ​ដោយសារតែ​មានការ​គាំទ្រ និង​ការ​កាង​ការពារ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​ឧកញ៉ា​ទុច្ចរិត​មួយចំនួន​ដែល​មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​បក្ស​កាន់អំណាច។

ក្រៅពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន តើ​ឧក្រិដ្ឋជន តុង លីឆឹង មាន​បណ្ដាញ​ទំនាក់ទំនង​រកស៊ី​ជាមួយ​មន្ត្រី​ឧកញ៉ា​ណាខ្លះ?

ក្រៅពី​មេដឹកនាំ​កំពូល​នៃ​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ជា​អ្នក​កាង​ការពារ អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន លោក តុង លី​ឆឹង មាន​ដៃគូ​សហការ​យ៉ាង​រឹងមាំ​ជាមួយ​ឧកញ៉ា​ឈ្មួញ​គ្រាក់ៗ​ដែល​ល្បី​មានកេរ្តិ៍ឈ្មោះ​អាក្រក់ ដើម្បី​ពង្រីក​វិស័យ​បន​ល្បែង​កាស៊ីណូ និង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក្នុង​កម្ពុជា។

ដៃគូ​សហការ​សំខាន់ៗ​រកស៊ី​ជាមួយ​លោក តុង លីឆឹង ទាំងនោះ​រួមមាន​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច និង​ជា​ម្ចាស់​កាស៊ីណូ​ក្រោន (Crown Casino) គឺ​លោក កុក អាន ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​មេ​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​គឺ​លោក ទ្រី ភាព ជាដើម​។ ក្រុម​មនុស្ស​ទាំងនេះ​គឺជា​ឥស្សរជន​កំពូល​ដែល​រកស៊ី​ផ្ដោត​លើ​វិស័យ​អចលនទ្រព្យ កាស៊ីណូ សណ្ឋាគារ និង​ជា​ប្រភព​លុយ​សំខាន់​របស់​គណបក្សកាន់អំណាច​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

ក្រុម​ឈ្មួញ​ឧកញ៉ា​ខ្លះ​វិនិយោគ​ដោយ​ផ្ទាល់ និង​អ្នក​ខ្លះទៀត​ផ្ដល់​ជា​អគារ​កាស៊ីណូ សណ្ឋាគារ និង​អចលនទ្រព្យ ជួល​ឱ្យ​បណ្ដាញ​ដឹកនាំ​ដោយ​លោក តុង លីឆឹង ដើម្បី​បង្កើត​ជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ដំណើរការ​ដោយ​រលូន​នៅ​កម្ពុជា។

ក្រោយពេល​តុលាការ​ចិន​កាត់ទោស​ពី​បទ​លាងលុយកខ្វក់ និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ (Illegal Gambling) កាលពី​ឆ្នាំ​២០០៨ លោក តុង លីឆឹង (Dong Lecheng) បាន​រត់គេច​ខ្លួន​ចូល​មក​កម្ពុជា​ទិញ​សញ្ជាតិ​ខ្មែរ ហើយ​ទទួល​បាន​ដី​វិនិយោគ​ជាង ៥៥​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​ពី​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្កើត​អាណាចក្រ​កាស៊ីណូ និង​បណ្ដាញ​ភ្នាល់​ល្បែង​អន​ឡាញ (Online Gambling) ក្នុង​តំបន់​ឆៃណាថោន (Chinatown)​។ ស្របពេល​បង្កើត​បណ្ដាញ​រកស៊ី​ជាមួយ​ឈ្មួញ​ឧកញ៉ា​នៅ​កម្ពុជា លោក តុង លីឆឹង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ្នកជំនួញ​ចិន​ម្នាក់ទៀត។ ក្នុង​ឆ្នាំ​២០១៨ លោក​បាន​សហការ​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន សាន់ស៊ីធី គ្រុប (Suncity Group) គឺ​លោក អាល់វីន ចូវ (Alvin Chau) ដើម្បី​កសាង​គម្រោង ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co., Ltd.) ក្នុង​ផ្ទៃដី​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣៦០​លាន​ដុល្លារ ដោយមាន​គោលដៅ​ពង្រីក​វិស័យ​កាស៊ីណូ និង​មជ្ឈមណ្ឌល​កម្សាន្ត​ធំៗ​នៅ​ព្រះសីហនុ​។ ដៃគូ​របស់​លោក តុង លីឆឹង គឺ​លោក អាល់វីន ចូវ (Alvin Chau) មាន​រហស្សនាម​ថា ជា «​ស្ដេច​ល្បែងស៊ីសង​» នៅ​ម៉ាកាវ (Macau) និង​ត្រូវ​បាន​តុលាការ​ក្នុង​ប្រទេស​ចិន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨​ឆ្នាំ​កាលពី​ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ជាង ១០០​ករណី​រួមមាន ការរៀបចំ​ល្បែងស៊ីសង​ខុសច្បាប់ បង្កើត​បណ្ដាញ​ភ្នាល់​ល្បែង​អនឡាញ (Online Gambling Network) និង​អំពើ​លាងលុយកខ្វក់​ជាដើម។

បរិវេណ​នៃ​អគារ​ក្នុង​តំបន់​ឆៃណាថោន និង​គម្រោង​នៃ​ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេន​មិន របស់ លោក តុង លីឆឹង ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​មាន​ការរួម​ចំណែក​វិនិយោគ​ដោយ​សមាជិក​ព្រឹទ្ធសភា​លោក កុក អាន និង​កូនប្រសា​គឺ​លោក ឫទ្ធី សំណាង ដែល​ទទួលមរណភាព​កាលពី​ឆ្នាំ​២០២២​។ ក្នុង​នោះ​រួមមាន​សណ្ឋាគារ និង​កាស៊ីណូ ខេប៊ី (KB Hotel & Casino) សណ្ឋាគារ សាន់សាញ់ បេ (Sunshine Bay) និង​អគារ​ទីស្នាក់ការ​សម្រាប់​រៀបចំ​វេទិកា​ភ្នាល់​ល្បែងស៊ីសង​តាម​អនឡាញ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​ស៊ើបអង្កេត​មួយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក អ៊ីនហ្វូប្លុក (Infoblox) សហការ​ជាមួយ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ​២០២៥ លាតត្រដាង​ថា «​ស្ដេច​ល្បែងស៊ីសង​» នៅ​ម៉ា​កាវ គឺ​លោក អាល់វីន ចូវ បាន​សហការ​ជាមួយ​លោក តុង លីឆឹង បាន​នាំ​យក​ទាំង​សម្ភារៈ និង​អ្នកជំនាញ​បច្ចេកវិទ្យា​តាំងពី​ឆ្នាំ​២០១៨ ដើម្បី​ប្រែក្លាយ​តំបន់​ព្រះសីហនុ​ជា​អាណាចក្រ​បន​ល្បែង និង​ជាទី​កន្លែង​វេទិកា​ភ្នាល់​ស៊ីសង​តាម​អនឡាញ​ដ៏​ធំ​ប្រចាំ​តំបន់​ដែល​គ្រប់គ្រង និង​ដំណើរការ​ដោយ​ក្រុមហ៊ុន អា អេស អិច អ៊ីនវេសមេន (RSX Investment) របស់​កូនប្រសា​លោក កុក អាន គឺ​លោក ឫទ្ធី សំណាង និង​ប្អូនប្រុស​ឈ្មោះ ឫទ្ធី រស្មី​។ ប្រភព​ដដែល​បញ្ជាក់​ថា បណ្ដាញ​វេទិកា​ល្បែងភ្នាល់​ស៊ីសង​តាម​អនឡាញ​របស់​កូនប្រុស​លោក កុក អាន អាច​ឱ្យ​អ្នកលេង​ភ្នាល់​ចាប់ពី ៥​ម៉ឺន​ដុល្លារ​រហូតដល់​ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ដៃ និង​មាន​លំហូរ​ដក​ដាក់​ប្រាក់​ក្នុង​មួយ​ខែ​រាប់​សិប​លាន​ដុល្លារ​។ បណ្ដាញ​អាជីវកម្ម​ទាំងនេះ​បង្កើត​ឡើង​មិន​ត្រឹមតែ​ជួយ​គាំទ្រ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បណ្ដាញ​ឆបោក​តាម​អនឡាញ​នោះ​ទេ ប៉ុន្តែ​វា​គឺជា​វិធី​សាមញ្ញ​មួយ​ដែល​អាច​ឱ្យ​ពួកគេ​លាងលុយកខ្វក់​បាន។

ប្រជាពលរដ្ឋ​ខ្មែរ​បានឃើញ​ការ​ផ្សព្វផ្សាយ​ល្បែងស៊ីសង​តាម​អនឡាញ​ស្ទើរ​មិន​លុះ​ថ្ងៃ ដោយសារតែ​បណ្ដាញ​ឧក្រិដ្ឋជន​បាន​បង្កើត​គេហទំព័រ និង​គណនី​ក្លែងក្លាយ​រាប់​សិប​គណនី ដើម្បី​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​នានា​។ វេទិកា​ល្បែងភ្នាល់​តាម​អនឡាញ​ទាំងនោះ​មាន​ជាអាទិ៍​ដូចជា ចាក់​បៀ ចាក់​បាល់ ជល់​មាន់ និង​ឡូតូ ជាដើម ដែល​បណ្ដាញ​ឧក្រិដ្ឋជន​ជួល​ចាប់តាំងពី​ពលរដ្ឋ​សាមញ្ញ​ធម្មតា​រហូតដល់​តារាម៉ូដែល (Model) អ្នក​សិល្បៈ​ល្បីៗ និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​នៅ​កម្ពុជា​ក្នុង​គោលបំណង​ទាក់ទាញ និង​បង្កើន​ទំនុកចិត្ត​ឱ្យ​ជនរងគ្រោះ​ដាក់​លុយ​ភ្នាល់​លេង​។ កន្លងមក​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ផុងខ្លួន​រងគ្រោះ​នឹង​ល្បែងស៊ីសង​តាម​អនឡាញរ​ហូត​ឈាន​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង និង​សម្លាប់​សាច់ញាតិ​ក្នុង​គ្រួសារ​ថែមទៀត​ផង។

របាយការណ៍​ស៊ើបអង្កេត​ក្រុមហ៊ុន​បច្ចេកវិទ្យា អ៊ីនហ្វូប្លុក (Infoblox) រកឃើញ​ថា ចង្កោម​នៃ​វេទិកា​ល្បែងស៊ីសង​ខុសច្បាប់​តាម​អ៊ីនធឺណិត​ទាំងនោះ គឺ​ដំណើរការ​ចេញពី​បណ្ដាញ​ឧក្រិដ្ឋជន​នៅ​កម្ពុជា​ដោយ​ផ្ទាល់ និង​គ្មាន​ចំណាត់ការ​រាំង​ខ្ទប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ​។ កាន់តែ​អាក្រក់​ជាង​នេះ អ្នកជំនាញ​នៃ​ក្រុមហ៊ុន​ដដែល​ព្រមាន​ថា បណ្ដាញ​វេទិកា​ភ្នាល់​ល្បែងស៊ីសង​តាម​អនឡាញ​ទាំងនោះ​មិន​ត្រឹមតែ​ក្លែងបន្លំ​ប្លន់​លុយ​ប្រជាជន និង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិសុខ​ក្នុង​តំបន់​នោះ​ទេ បណ្ដាញ​ឧក្រិដ្ឋជន​ក៏​អាច​លួច (Hack) ចូល​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​អ្នក​ចូល​លេង​ថែម​ទៀត​ផង។

ក្រៅពី​មាន​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​លោក កុក អាន អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​លោក តុង លីឆឹង ក៏​ត្រូវ​បាន​រាយការណ៍​ថា មាន​បណ្ដាញ​រកស៊ី​ពាក់ព័ន្ធ​វិស័យ​ល្បែងស៊ីសង​ខុសច្បាប់ (Illegal Gambling) និង​ការពង្រីក​មណ្ឌល​ឆបោក​តាម​អន​ឡាញ (Online Scam Center) នៅ​កម្ពុជា​ជាមួយ​ឧកញ៉ា​ខ្មែរ​ដែល​ស្និទ្ធ​នឹង​ត្រកូល ហ៊ុន ចំនួន ២​រូប គឺ​លោក ទ្រី ភាព និង​លោក យ៉ុង​ផាត់ (Ly Yong Phat)​។ ឧកញ៉ា​ទាំងនេះ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ត្រួសត្រាយ​ផ្លូវ និង​គាំទ្រ​ឱ្យ​លោក តុង លី​ឆឹង អាច​ពង្រីក​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​របស់​ខ្លួន​ដោយ​រលូន តាមរយៈ​ការ​ផ្ដល់ ឬ​ជួល​អចលនទ្រព្យ​ដូចជា អគារ​ពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ និង​មជ្ឈមណ្ឌល​កម្សាន្ត ដើម្បី​បម្លែង​ទៅជា​មូលដ្ឋាន​ប្រតិបត្តិការ​សម្រាប់​បណ្ដាញ​ឆបោក​អន​ឡាញ (Online Scam Operations)។

អាមេរិក​រក​ឃើញ​ថា បណ្ដា​អគារ​កាស៊ីណូ​រួម​ទាំង​អគារ​មជ្ឈមណ្ឌល​កម្សាន្ត​ជាច្រើន​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង និង​ខេត្តពោធិ៍សាត់​របស់​ក្រុមហ៊ុន អឹម.ឌី.អេស ហេង ហ៊ី អ៊ីនវេសមិន (MDS Heng He Investment) ដែល​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​គឺ​មាន​ការដឹកនាំ​ដោយ​ផ្ទាល់​ដោយ​មហាសេដ្ឋី​ខ្មែរ​គឺ​លោក ទ្រី ភាព។ អគារ​កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​ជាច្រើន​នៃ​ក្រុមហ៊ុន​នេះ​ក៏​ពាក់ព័ន្ធ និង​បាន​គាំទ្រ​បណ្ដាញ​លោក តុង លីឆឹង សម្រាប់​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​។ ជារឿយៗ​ជនរងគ្រោះ​ជា​ទាសករ​តាម​អនឡាញ​ក្នុង​អគារ​នៃ​ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ពី​ការ​បង្ខាំង​ជនរងគ្រោះ​ធ្វើ​ទារុណកម្ម​ដោយ​ឃោរឃៅ និង​អំពើ​ឃាតកម្ម​ជាដើម​។ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នេះ​ចូលក្នុង​បញ្ជីខ្មៅ​ដោយសារ​រក​ឃើញ​ថា ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ តាមរយៈ​ការ​ក្លែងបន្លំ​រូបិយប័ណ្ណ​គ្រីបតូ (Crypto)។

ជាមួយ​គ្នា​នេះ លោក លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​អ្នកជំនួញ​ស្ករអំពៅ​ឈាម ក៏​ជា​បណ្ដាញ​ដ៏​សំខាន់​លើ​អាជីវកម្ម​ខុសច្បាប់​របស់​លោក តុង លីឆឹង ក្នុង​ការ​ផ្គត់ផ្គង់​ជា​អគារ​សណ្ឋាគារ និង​ផ្ដល់​ជា​ទ្រព្យសម្បត្តិ​មហាសាល​សម្រាប់​រៀបចំ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចំណាយ​ដើមទុន​ធំ​ភ្នាល់​ល្បែង​តាម​កាស៊ីណូ​។ អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន​សំខាន់ៗ​របស់​លោក​យ៉ាង ៥ ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​បង្ខំ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ក្រៅ​ពី​នេះ ឧក្រិដ្ឋជន ចេន ហ្ស៊ី លោក តុង លីឆឹង គឺជា​មនុស្ស​មាន​ឥទ្ធិពល​មួយ​រូប​ដែល​បាន​សហការ​ជាមួយ​ក្រុម​ឧកញ៉ា​ទុច្ចរិត​រកស៊ី​អំពើ​ឧក្រិដ្ឋកម្ម ដើម្បី​ផ្ដល់​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។

លោក គឹម សុខ៖ «តុង លីឆឹង នេះ គឺជា​បុគ្គល​ក្នុងចំណោម​អ្នកដឹកនាំ​យុទ្ធសាស្ត្រ​ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ប្រទេស​កម្ពុជា​ជាមួយ ចេន ហ្ស៊ី លោក ហ៊ុន សែន ជាដើម​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ចាប់ តុង លីឆឹង ទេ លុះត្រាតែ​មានការ​បង្ខំ​ពី​ភាគី​ចិន​ដូច​ករណី​លោក ចេន ហ្ស៊ី អ៊ីចឹង»។

ក្រៅពី​ការ​ចោទប្រកាន់​ថា មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឧកញ៉ា​ខ្មែរ​ដែល​មាន​ប្រវត្តិ​អាស្រូវ លោក តុង លីឆឹង ដែល ជា​ឧក្រិដ្ឋជន​រត់គេច​ពី​ការ​ទទួលទោស​នៅ​ប្រទេស​ចិន​នោះ ក៏​ទទួល​បានការ​កាង​ការពារ​តាមរយៈ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ពី​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមគ្នា​នេះ​ដែរ បណ្ដាញ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​លោក​ទទួល​បាន​ការ​គាំទ្រ និង​ជ្រោមជ្រែង​ពី​មន្ត្រី​រដ្ឋាភិបាល​ចាប់ពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ។

ទោះបីជា​កន្លងទៅ លោក តុង លីឆឹង ធ្លាប់​ចេញ​សេចក្ដីប្រកាស​ច្រានចោល​ចំពោះ​ការចោទប្រកាន់ ក៏​ភស្តុតាង​ជាច្រើន​បង្ហាញ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំៗ និង​ស្ថាប័ន​ស៊ើបអង្កេត​ជំនាញ​លើ​ជនរងគ្រោះ​រាប់​សិប​នាក់​រង​ការ​បង្ខាំង ធ្វើ​ទារុណកម្ម​ឃោរឃៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​អគារ​កាស៊ីណូ​របស់​ក្នុង​ខេត្ត​ព្រះសីហនុ។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក (US) និង​ចក្រភព​អង់គ្លេស (UK) បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​ឧក្រិដ្ឋជន ដុង លីឆេង និង​បណ្ដាញ​ក្រុមហ៊ុន​ធំៗ​ចំនួន ៦​ក្នុង​នោះ​រួម​ទាំង​ក្រុមហ៊ុន ធី​.​ស៊ី ខាប់ពីតូល (T.C Capital Co. Ltd) ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co.Ltd) និង​ធនាគារ អេច​.​អេ​ច ខេ​បូ​ឌា (H.H Bank Cambodia) ចូលក្នុង​បញ្ជីខ្មៅ ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ លាងលុយកខ្វក់ និង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​។ អាមេរិក និង​អង់គ្លេស​រកឃើញថា បណ្ដា​អគារ​កាស៊ីណូ​នៃ​ក្រុមហ៊ុន​របស់​ឧក្រិដ្ឋជន តុង លីឆេង ត្រូវ​បាន​បម្លែង​ទៅជា​មូលដ្ឋាន​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​បាន​ជួញដូរ និង​បង្ខំ​ឱ្យធ្វើ​ការងារ​បោកប្រាស់​តាម​អនឡាញ​ក្រោម​រូបភាព​ទទួលរង​ការ​ធ្វើ​ទារុណកម្ម​ដោយ​អមនុស្សធម៌។

ទោះបី​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​អំពី​ចំណូល​សរុប​របស់​លោក តុង លីឆឹង និង​បណ្ដាញ​ពាក់ព័ន្ធ​របស់​លោក ក៏​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បី​សន្តិភាព (USIP) បាន​ប៉ាន់​ស្មានថា បណ្ដាញ​ឧក្រិដ្ឋជន​រកស៊ី​លើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​អាច​លួច​ប្លន់​លុយ​ពិភពលោក​យ៉ាងហោចណាស់​ប្រមាណ ១២​ពាន់ ៥​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

ករណី​ដែល​ក្រុម​ឧក្រិដ្ឋជន​ម៉ាហ្វីយ៉ា​ចិន (Mafia) និង​ឥស្សរជន​នយោបាយ​រង​ការ​ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ (Online Scam) អាច​ដំណើរការ​ដោយ​សេរី គ្មាន​ប្រព័ន្ធ​ច្បាប់​ស៊ើបអង្កេត​ត្រឹមត្រូវ​បែបនេះ អាច​ជា​ហេតុផល​ចម្បង​មួយ​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ គ្មាន​ទំនុកចិត្ត​ចំពោះ​ការអនុវត្ត​ច្បាប់ និង​វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែល​តែងតែ​ប្រកាស​ពី​យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ