

ទាហានខ្មែរដែលកំពុងឈរជើងនៅតាមព្រំដែនបានអះអាងថា ទាហានថៃនៅតែបន្តប្រើប្រាស់ពាក្យសម្ដីប្រមាថមើលងាយ និងបណ្ដេញទាហានខ្មែរ នៅពេលទាហានខ្មែរចុះបេសកកម្មល្បាតតាមព្រំដែន និងធ្វើការរារាំងសកម្មភាពឈ្លានពានរបស់ទាហានថៃលើទឹកដីខ្មែរ។ ជាមួយគ្នានេះ ទាហានខ្មែរបានបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលថាកម្ពុជាចល័តកម្លាំងសព្វាវុធដើម្បីត្រៀមធ្វើសង្គ្រាមជាលើកទីបីនោះផងដែរ។
ក្រោយពីបានធ្វើសង្គ្រាមឈ្លានពានចូលកាន់កាប់ទឹកដីខ្មែរនៅតាមព្រំដែនរួចមក ទាហានថៃបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីចោទប្រកាន់ក្នុងគោលបំណងបង្ករឿងជាមួយកម្ពុជាថែមទៀត។
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅព្រំដែនខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា ស្ថានការណ៍នៅតាមព្រំដែន ក្នុងតំបន់មុំបី និងជាំតែ ហាក់មានភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីទាហានថៃបានបង្ករឿង និងបណ្ដេញទាហានខ្មែរ មិនឱ្យដើរល្បាតក្បែរបន្លាលួស ដែលទាហានថៃបានពង្រាយនៅលើទឹកដីខ្មែរ។ ទាហានរូបនេះ អះអាងថា ក្រៅពីប៉ះពាក្យសម្ដីគ្នា ទាហានថៃនៅតែបន្តលួចបាញ់ឆ្មក់មកលើទីតាំងទាហានខ្មែរជាច្រើនលើក ទាំងពេលថ្ងៃ និងពេលយប់ ខណៈទាហានខ្មែរមិនបានបាញ់តដៃវិញនោះឡើយ ដោយបារម្ភពីការផ្ទុះអាវុធជាថ្មីម្ដងទៀត។
ចំណែកនៅខាងព្រំដែនខេត្តឧត្តរមានជ័យ ឯណោះវិញ ទាហានខ្មែរម្នាក់ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាក្របី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ទាហានថៃបានបង្ហោះដ្រូនចូលក្នុងតំបន់ឈរជើងរបស់ទាហានខ្មែរស្ទើររាល់ថ្ងៃ ដើម្បីតាមដានសកម្មភាពរបស់ទាហានខ្មែរ។ ទន្ទឹមគ្នានេះ លោកបានបដិសេធចំពោះការចោទប្រកាន់របស់ទាហានថៃ ដែលថាទាហានខ្មែរបានជីកលេណដ្ឋានជិតតំបន់ប្រាសាទតាក្របី ដើម្បីត្រៀមធ្វើសង្គ្រាមជាលើកទីបីនោះ គឺជារឿងមិនពិត ក្នុងចេតនាមួលបង្កាច់មកលើកម្ពុជា។
ទាហានខ្មែរបានអះអាងថា ការជីកលេណដ្ឋានរបស់នៅតំបន់ប្រាសាទតាក្របី គឺធ្វើឡើងនៅក្នុងទីតាំងរបស់កម្ពុជា និងជាយុទ្ធសាស្ត្រតាមវិជ្ជាជីវៈរបស់យោធា ដើម្បីការពារខ្លួន ដូចដែលទាហានថៃបានធ្វើនោះដែរ ដោយមិនមែនជាការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម ដូចការផ្សាយបំប៉ោងស្ថានការណ៍របស់យោធាថៃនោះឡើយ។
ទាហានរូបនេះ បានទទួលស្គាល់ថា បើផ្អែកតាមសមត្ថភាពនៃកម្លាំងយោធាបច្ចុប្បន្ន កម្ពុជាសឹងតែគ្មានលទ្ធភាពដើម្បីការពារខ្លួន ពីការឈ្លានពានរបស់ភាគីថៃនោះឡើយ ដូច្នេះការចោទប្រកាន់មកលើកម្ពុជា ថាកំពុងត្រៀមធ្វើសង្គ្រាមជាលើកទីបីនោះ គឺជាសេនារីយោរបស់មេដឹកនាំយោធាថៃ ដើម្បីបង្អើលស្ថានការណ៍ឱ្យកាន់តែអាក្រក់ ខណៈទាហានខ្មែរ តែងតែទទួលបទបញ្ជាពីថ្នាក់លើឱ្យរក្សាការអត់ធ្មត់ និងជៀសវាងពីការផ្ទុះអាវុធជាលើកទីបី ដែលធ្វើឱ្យយោធាថៃ មានលេសចូលឈ្លានពានទឹកដីកម្ពុជា កាន់តែជ្រៅ។
កន្លងទៅ មេទ័ពអាកាសថៃលោក រ៉ាវីន ថាណមស៊ីង (Rawin Thanomsing) បានផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានរបស់ថៃថា កម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើសង្គ្រាមជាមួយថៃទៀតនោះទេ ដោយសារវិស័យការពារជាតិរបស់ប្រទេសទាំងពីរ មានលំដាប់ខុសគ្នាខ្លាំង ជាពិសេសចំពោះទ័ពអាកាសរបស់កម្ពុជា ដែលមានភាពទន់ខ្សោយ និងចាស់ទ្រុឌទ្រោម។
មេទ័ពអាកាសថៃរូបនេះ បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់កម្ពុជា រួមមានកាំជ្រួច KS-1C និង PHL-03 ដែលលោក ហ៊ុន សែន ដាក់ឈ្មោះថា សំណាញ់មេឃនោះ ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបាញ់កម្ទេចយន្តហោះចម្បាំង ស៊េរីទំនើបរបស់ថៃ ដែលបានអភិវឌ្ឍ និងធ្វើទំនើបកម្មបច្ចេកវិទ្យាថ្មីបាននោះឡើយ ដោយយន្តហោះចម្បាំងថៃ អាចបាញ់គ្រាប់ភ្លើងកម្ទេចគ្រាប់កាំជ្រួចទាំងនេះ នៅលើអាកាសបាន។
ងាកមករឿងបញ្ហាព្រំដែនវិញ នៅតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់ អ្នកជាតិនិយម និងយោធាថៃ បានយកទង់ជាតិថៃបាំងពីមុខទូកុងតឺន័រ និងបានស្រែកបណ្ដេញទាហានខ្មែរ ដែលបានចុះទៅពិនិត្យទីតាំងក្នុងទឹកដីកម្ពុជា។
ដូចគ្នានេះដែរ ក្នុងពេលដែល រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានដឹកនាំតំណាងទូតអន្តរជាតិ និងតំណាងបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ នៅឃុំថ្មដា នៅថ្ងៃទី២៧ ខែមីនា នេះ យោធាថៃបានតម្រង់កាណុងកាំភ្លើងមកកាន់ភាគីកម្ពុជា ខណៈអ្នកជាតិនិយមថៃ បានសរសេរនៅលើបណ្ដាញសង្គម ដោយប្រមាថអាយុជីវិតមកលើតំណាងកម្ពុជាទៀតផង។
រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានថ្លែងក្នុងជំនួបជាមួយពលរដ្ឋភៀសសឹកនៅក្នុងខេត្តពោធិ៍សាត់ ថា ក្នុងថ្ងៃដដែលនេះថា កម្ពុជាចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីជាមួយថៃ ក៏ប៉ុន្តែដោយហេតុថា ប្រទេសនេះពិបាកនិយាយគ្នាណាស់ដោយសារតែអាងលើអំណាចយោធារបស់ខ្លួន។
លោក ប្រាក់ សុខុន៖ «អ្វីដែលយើងចង់ដោះស្រាយគឺដោះស្រាយដោយសន្តិវិធីដោយផ្លូវច្បាប់។ ប៉ុន្តែពិបាកនិយាយគ្នាណាស់ ពិបាកនិយាយគ្នាជាមួយអ្នកដែលមានអំណាចកាំភ្លើង មានអំណាចយោធា មានអំណាចអាវុធនេះគឺគេមិនចង់ស្ដាប់ទេ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក មែន ណាត លើកឡើងថា មូលហេតុដែលប្រទេសថៃ អាចឈ្លានពានមកលើកម្ពុជា និងកូរស្ថានការណ៍បានបែបនេះ គឺដោយសារកត្តាធំៗចំនួនពីរ គឺទីមួយកត្តាខាងក្រៅ បណ្ដាលមកពីសណ្ដាប់ធ្នាប់ពិភពលោកកំពុងមានភាពច្របូកច្របល់ ដោយសារសង្គ្រាម និងទីពីរគឺកត្តាខាងក្នុង ដោយកម្ពុជាខ្លួនឯងផ្ទាល់មានកម្សោយវិស័យការពារជាតិ និងមានកេរ្តិ៍ឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ។
លោក ម៉ែន ណាត៖ «បើយើងនិយាយពីភាគីថៃ គឺថៃជាអ្នកញុះញង់បង្កឱ្យមានភ្លើងសង្គ្រាមរាល់ថ្ងៃ តាមរយៈការពង្រីកលេណដ្ឋានទ័ព រាយបន្លាលួស ជីកប្រឡាយ និងធ្វើសំណង់រឹង ចាក់ផ្លូវបេតុង ដែលទាំងនេះគឺជាសកម្មភាពញុះញង់ បង្កឱ្យកម្ពុជាមានកំហឹង រួចតដៃ»។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរនៅជួរមុខជំរុញឱ្យរដ្ឋាភិបាលប្រញាប់ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ថៃ ព្រោះស្ថិតក្នុងស្ថានភាពផុយស្រួយបែបនេះ ការប្រើប្រាស់អាវុធ មិនមែនជាជម្រើសល្អនោះឡើយ៕









