អ្នកឃ្លាំមើល​សង្គម​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជនល្មើស​ជាមុន មុន​បញ្ជូន​ទៅ​ប្រទេស​កំណើត

0
24
ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) លោក លី សុង (Li Xiong) ពេលត្រូវចាប់ខ្លួន​បញ្ជូនទៅ​ប្រទេស​ចិន​វិញ កាល​ពីថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០២៦។ ​រូប៖ បណ្ដាញសង្គម
ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) លោក លី សុង (Li Xiong) ពេលត្រូវចាប់ខ្លួន​បញ្ជូនទៅ​ប្រទេស​ចិន​វិញ កាល​ពីថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០២៦។ ​រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម​កម្ពុ​ជា ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា​ជាមុន​សិន មុន​នឹង​ធ្វើ​បត្យាប័ន​ពួកគេ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ខណៈ​ក្រសួងមហាផ្ទៃ​កម្ពុជាបាន​ធ្វើ​បត្យាប័ន លោក លី សុង (Li Xiong) ដែល​ជា​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅ​ប្រទេស​ចិន​វិញ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក សឹង សែនករុណា អំពាវ​ទៅ​ដល់​អាជ្ញាធរ​កម្ពុជា ត្រូវធ្វើ​ការ​ផ្តន្ទាទោស​ជន​ល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​កម្ពុជា​ជាមុន​សិន មុន​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ បើ​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​វា​នឹង​បង្កើត​នូវ​ការ​សង្ស័យ​ថា អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ចិន​គប់គិត​គ្នា​ការពារ​ជនល្មើស។

លោក សឹង សែនករុណា បន្ថែម​ថា បើ​ក្រឡេក​មើល​ទៅលើ​ការអនុវត្ត​ច្បាប់​កន្លងមក​ដូចជា​ករណី​លោក Chen Zhi ជាដើម គឺ​តុលាការ​ពុំ​ទាន់​បាន​អនុវត្ត​នីតិវិធី​ច្បាប់​ផ្ដន្ទាទោស នឹង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ផង ប៉ុន្តែ​បែរជា​អាជ្ញាធរ​កម្ពុជា បញ្ជូន​ជន​ស្មើ​ស​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​នីតិវិធី​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចោទ​ប្រកាន់​ថា ចិន​និង​កម្ពុជា​គប់គិត​គ្នា​ការពារ​ជនល្មើស។

លោក សឹង សែនករុណា៖ «យើង​ចង់​ឲ្យ​សមត្ថកិច្ច​កម្ពុជា ជាពិសេស​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅលើ​ជនបរទេស​ទាំងឡាយ​ណា​ដែល​មក​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ជន​នោះ​ត្រូវ​ទទួល​ទោសទណ្ឌ​និង​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ជាមុន​ទើប​ចាំ​យើង​បញ្ជូន​ដោយមាន​បត្យាប័ន​ទៅតាម​ផ្លូវច្បាប់​ច្បាស់លាស់​ត្រឹមត្រូវ ប៉ុន្តែ​ករណី​ទាំងអស់​នេះ​ខ្ញុំ​ឃើញថា​ហាក់ដូច​ជា​ការ​គប់គិត​គ្នា​រវាង​ប្រទេស​ចិន​ហើយ​និង​កម្ពុជា​ដែល​ជា​រូបភាព​មួយ​ដែល​យើង​មិនអាច​ជឿជាក់​បាន»។

កា​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ឈ្មោះ លី សុង (LI XIONG) កាលពី​ថ្ងៃទី​៣១ ខែមីនា ដែល​ទើប​ផ្សព្វផ្សាយ នៅថ្ងៃ​នេះ​ថា ប្រធាន​ក្រុមហ៊ុន Huione Group ឈ្មោះ លី សុង (LI XIONG) ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)។

យោង​តាម​ក្រសួង​មហាផ្ទៃ​កម្ពុជា ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​កិច្ច​សហប្រតិបត្តិការ​ស៊ើបអង្កេត​រួមគ្នា រវាង​សមត្ថកិច្ច​កម្ពុជា និង​ចិន អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​ហើយ ប្រតិបត្តិការ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី លោក លី សុង (LI XIONG) ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២៦។

លោក លី សុង ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​ស្នូល​នៃ​ក្រុម​ឧក្រិដ្ឋជន​របស់​លោក Chen Zhi។ លោក​ជា​ប្រធាន​ក្រុមហ៊ុន Huione Group ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Group ហើយ​ត្រូវបាន​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ជាមួយ​បទឧក្រិដ្ឋ​ជាច្រើន​ដូចជា បើក​កាស៊ីណូ​អនឡាញ ការ​ក្លែងបន្លំ​ឆបោក​អនឡាញ ជាច្រើន​។ លោក លី សុង ក៏​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់​យ៉ាងតិច ៤​ពាន់​លាន​ដុល្លារ​ចន្លោះ​ពី​ខែសីហា ឆ្នាំ​២០២១ ដល់​ខែមករា ឆ្នាំ​២០២៥។

ក្នុងចំណោម​ប្រាក់​ដែល​លាង​ទាំងនោះ មាន​ប្រមាណ ៣៧​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមហ៊ុន Huione Group លាង​ជា​ទម្រង់​រូបិយប័ណ្ណ​សិប្បនិម្មិត​ដែល​មាន​ប្រភព​ចេញ​ពី​ក្រុម​ចោរលួច​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង​។ ក្រៅពីនោះ ៣៦​លាន​ដុល្លារ​បាន​មក​ពី​ការ​ឆបោក​តាមរយៈ​ការ​វិនិយោគ​រូបិយប័ណ្ណ​សិប្បនិម្មិត និង​៣០០ លាន​ដុល្លារ​ផ្សេងទៀត​បាន​មក​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការដែល​រដ្ឋាភិបាល​បញ្ជូន​ខ្លួន និង​ដក​សញ្ជាតិ​ភ្លាម​នេះ​គឺជា​យុទ្ធសាស្ត្រ​ការពារ​កុំ​ឲ្យ​រាលដាល​ទៅដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ទាំងនោះ​ពីមុន​មក។

លោក សេង វណ្ណលី៖ «​ខ្ញុំ​មើលឃើញ​ថា ការ​​​បញ្ជូន​ខ្លួន​លោក លី សុង ទៅកាន់​ស្រុក​ចិន​នេះ​គឺជា​សញ្ញា​មួយ​ច្បាស់​ណាស់​បង្ហាញ​ថា រដ្ឋាភិបាល​ភ្នំពេញ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក និង​ត្រូវ​បង្ខំចិត្ត​បោះបង់​កូន​ជញ្ជក់​ឈាម​ធំៗ​ចោល​ដើម្បី​រស់​ខ្លួនឯង​។ ខ្ញុំ​យល់​ថា មិនមែន​ជា​រឿង​ចៃដន្យ​ទេ មនុស្ស​កម្រិត​ប្រធាន​ក្រុមហ៊ុន​យក្ស​និង​មាន​ខ្សែរយៈ​ធំៗ​ក្នុងស្រុក​ដែល​ជា​ត្រូវ​អស់​លក្ខ​នៅ​ពេល​នេះ​ព្រោះ​រង​សម្ពាធ​អន្តរជាតិ ជាពិសេស​ពី​អាមេរិក​និង​ចិន​ដែល​របស់​ភ្នំពេញ​មិនអាច​ឆក​ល្វែង​មិន​ដឹង​មិន​លឺ​ទៀត​បាន»។

ជុំវិញ​ករណី Online Scam នេះ​ដែរ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២៦ កន្លង​មក​ថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្លាស់ប្ដូរ​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​ជាតិ​ពី​ការទប់ស្កាត់​ឱ្យ​ទៅ​ជា​ការ​លុបបំបាត់​ទាំងស្រុង​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦​។ លោក​ទទួលស្គាល់​ថា ឧក្រិដ្ឋកម្ម​នេះ មិន​ត្រឹមតែ​បាន​សម្អុយ​ឈ្មោះ​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ​ទេ ប៉ុន្តែ​ក៏​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ស្មោះត្រង់​ប្រទេស​ដ៏​តូច​មួយ​ក្នុង​សហគមន៍​អាស៊ាន​ដែរ។

យ៉ាង​ណាក្តី រហូត​មក​ដល់​ពេល​នេះ គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​ឧកញ៉ា ហ៊ុន តូ ត្រូវជា​បងជីដូនមួយ លោក ហ៊ុន ម៉ាណែត ឧកញ៉ា​ទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា​កុក អាន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ា​គ្រាក់ៗ​ជិត​៣០​នាក់​ផ្សេងទៀត ដែល​សិ្នទ្ធ​នឹង លោក ហ៊ុន សែន ហើយ​មាន​ឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​គប់គិត​គ្នា​រកស៊ី​ឬ​ធ្វើជា​ខ្នងបង្អែក​ឱ្យ​ឧក្រិដ្ឋជន​អនឡាញ​អន្តរជាតិ ដើម្បី​រក​ប្រាក់​ចំណូល​ឱ្យ​គ្រួសារ​ហ៊ុន និង​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ម្នាក់​នៅ​ឡើយ​ទេ។

បើ​តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយនេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អនឡាញ ដើម្បី​ផ្ដន្ទាទោស​មេ​ក្លោង​និង​បក្ខពួក​ចំនួន​៦៩៧​នាក់​។ ក្នុងចំណោម​នោះ មាន​ជនជាតិ​ចិន​ច្រើន​ជាង​គេ បន្ទាប់មក​មាន​ជនជាតិ​វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និង​ថៃ​ជាដើម រួម​ទាំង​មេ​ក្លោង​ជនជាតិ​ចិន​កាន់​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី ដែល​ជា​អតីត​ទីប្រឹក្សា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ