

កម្ពុជា និងរុស្ស៊ីប្រកាសថា ការចូលចតនាវាចម្បាំងរុស្ស៊ី ២គ្រឿង នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុគឺជាការបន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា អ្នកតាមដានកិច្ចការអន្តរជាតិព្រមានថា ការរឹតចំណងទំនាក់ទំនងយោធាជាមួយរុស្ស៊ីនៅពេលដែលប្រទេសនេះកំពុងរងទណ្ឌកម្មអន្តរជាតិ អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងការពារជាតិរវាងកម្ពុជា និងសហរដ្ឋអាមេរិក (US)។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជូនក្រុមនាវិកកងទ័ពជើងទឹករបស់ខ្លួនជាង ២រយនាក់ និងនាវាចម្បាំង ២គ្រឿងដែលមានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៊ីលចម្រុះចូលចតនៅកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែមេសា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) លើកឡើងនៅកំពង់ផែស្វយ័តព្រះសីហនុ នៅថ្ងៃទី៦ មេសា ថា ការចូលចតនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីនេះ គឺជាសញ្ញានៃមិត្តភាព និងការជឿទុកចិត្តគ្នារវាងកម្ពុជា និងរុស្ស៊ីទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងវិស័យការពារជាតិទ្វេភាគី។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងការចូលសំចតនាវាចម្បាំង ២គ្រឿងនៅកំពង់ផែស្វយ័តនេះ គឺកើតឡើងនៅក្រោយពេលដែលសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬអិលស៊ីអេស២០ (LCS-20) មកចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកាលពីចុងខែមករា កន្លងមក។ កម្ពុជា និងអាមេរិកកំពុងខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងវិស័យការពារជាតិ និងដំណើរការដែលអាចឈានទៅរៀបចំការធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញក្រោយខកខានអស់រយៈពេលជិត ១០ឆ្នាំ។ ទំនាក់ទំនងកម្ពុជា និងអាមេរិកជាពិសេសលើវិស័យការពារជាតិត្រូវបានគេមើលឃើញថា មានភាពតានតឹងជាច្រើនឆ្នាំក្រោយរដ្ឋាភិបាលត្រកូល ហ៊ុន បានបំផ្លាញគ្រឹះប្រជាធិបតេយ្យដោយរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងស្និទ្ធស្នាលខ្លាំងជាមួយចិន។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថា ការចូលចតនាវាចម្បាំងរបស់រុស្ស៊ីនៅកំពង់ផែស្វយ័តអាចជាលេសមួយសម្រាប់ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចប្រកាសពីការពង្រីកកិច្ចសហប្រតិបត្តិការយោធាពហុភាគី។ លោកបន្តថា ការបន្តបង្កើនកិច្ចសហប្រតិបត្តិការស្អិតល្មួតជាមួយរុស្ស៊ីក្នុងនាមប្រទេសកំពុងជាប់ទណ្ឌកម្មអន្តរជាតិកម្ពុជាក៏អាចបាត់បង់ផលប្រយោជន៍ និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកឱកាសស្ដារទំនាក់ទំនងវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិកដែរ។
លោក សេង វណ្ណលី៖ «ជាពិសេសនៅក្នុងកាលៈទេសៈដែលរុស្ស៊ីកំពុងជាប់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរពីសំណាក់លោកខាងលិច ដូច្នេះការបង្ហាញភាពជិតស្និទ្ធជាមួយរុស្ស៊ីក្នុងវិស័យយោធា អាចធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានមន្ទិលសង្ស័យកាន់តែខ្លាំង ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តជាមួយទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ។ កម្ពុជាអាចប្រឈមនឹងការរិះគន់ផ្នែកច្បាប់ ឬក៏នយោបាយពីសំណាក់ក្រុមប្រទេសប្រជាធិបតេយ្យ ដែលមើលឃើញថា សកម្មភាពនេះជាការផ្ដល់ការគាំទ្រដោយប្រយោលដល់រុស្ស៊ី។ បញ្ហានេះតម្រូវឱ្យកម្ពុជាប្រើប្រាស់ការទូតយ៉ាងប៉ិនប្រសប់ ដើម្បីបញ្ចៀសការធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់សាជាថ្មី ឬការក្លាយជាទីលាននៃជម្លោះមហាអំណាចដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ច និងរូបភាពកម្ពុជាលើឆាកអន្តរជាតិ»។
កម្ពុជាបានបោះឆ្នោតនៅអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងការវាយប្រហារឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន (Ukraine) កាលពីឆ្នាំ២០២២។ អ្នកឃ្លាំមើលយល់ថា ការបន្តកិច្ចសហប្រតិបត្តិការយោធាស្អិតល្មួតជាមួយកម្ពុជា គឺរុស្ស៊ីចង់រក្សាឥទ្ធិពលយោធារបស់ខ្លួនមកលើកម្ពុជាដូចទសវត្សឆ្នាំ៨០។ លើសពីនេះ ពួកគាត់ថា ការបន្តចូលចតនាវាចម្បាំងរុស្ស៊ីលើទឹកដីកម្ពុជាក៏ជាយុទ្ធសាស្ត្រសំខាន់ក្នុងការរក្សាផលប្រយោជន៍ជាមួយសម្ពន្ធមិត្តរបស់ខ្លួនគឺប្រទេសចិន ដើម្បីប្រឆាំងនឹងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយជាមួយលោកសេរីនៅក្នុងតំបន់។
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ថ្លែងថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងបន្តរងការរិះគន់ចំពោះការផ្ដេកផ្ដួលទៅលើមហាអំណាចកុម្មុយនិស្ត និងស្ថិតក្រោមការឃ្លាំមើលរបស់បណ្ដាប្រទេសលោកសេរីកាន់តែខ្លាំង។ លោកថា កិច្ចសហប្រតិបត្តិការក្នុងការជជែកស្វែងរកឱកាសស្ដារទំនាក់ទំនងជាមួយអាមេរិកកន្លងមក គ្រាន់តែជាល្ខោនសម្ដែងរបស់របបដឹកនាំត្រកូល ហ៊ុន ដើម្បីបញ្ចៀសពីការដាក់សម្ពាធពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត រឿងបំផ្លាញប្រជាធិបតេយ្យ និងការឱបក្រសោបចិនតែម្ខាង។
លោក គឹម សុខ៖ «ការព្យាយាមទទួលឥទ្ធិពលរុស្ស៊ីដោយរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន វាមិនមែនជារឿងដែលរកផលប្រយោជន៍ជូនប្រទេសកម្ពុជា ដោយការបង្ហាញនូវអព្យាក្រឹត្យភាពរបស់កម្ពុជានោះទេ។ រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនក្នុងពេលបច្ចុប្បន្ន គឺកំពុងតែរាវផ្លូវ ដើម្បីរកឥទ្ធិពលការពារអំណាចតែប៉ុណ្ណោះ មិនមែនកំពុងតែប្រើយុទ្ធសាស្ត្រឱ្យកម្ពុជាអព្យាក្រឹត្យ ដើម្បីទាញរកផលប្រយោជន៍ពីអាមេរិក និងសម្ព័ន្ធមិត្តផ្សេងៗឡើយ»។
អ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា កម្ពុជាកំពុងធ្លាក់ចូលកាន់តែជ្រៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប្លុកសេរី និងកុម្មុយនិស្ត ដោយសារតែនយោបាយដឹកនាំប្រទេសរបស់រដ្ឋាភិបាលត្រកូល ហ៊ុន គ្មានជំហរឯករាជ្យ អព្យាក្រឹត្យ និងលម្អៀងជ្រុលទៅបណ្ដាប្រទេសប្លុកកុម្មុយនិស្តតែម្ខាង។ អ្នកឃ្លាំមើលព្រមានថា ប្រសិនបើមានករណីផ្ទុះជម្លោះប្រដាប់អាវុធ ឬសង្គ្រាមរវាងមហាអំណាចក្នុងតំបន់ កម្ពុជាមិនត្រឹមតែប្រឈមនឹងហានិភ័យសន្តិសុខ និងបាត់បង់សមត្ថភាពការពារខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ រីឯទឹកដីកម្ពុជាក៏អាចក្លាយជាគោលដៅឱ្យប្រទេសជិតខាងឆ្លៀតឱកាសបន្តវាយប្រហារឈ្លានពានបន្ថែមទៀត៕








