
ពលរដ្ឋខ្មែរមួយចំនួននៅប្រទេសបារាំង គ្រោងនឹងជួបជុំគ្នាតវ៉ាទាមទារនៅទីក្រុងលីយ៉ុង (Lyon) ស្របពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មកចូលរួមកិច្ចប្រជុំកំពូលស្ដីពី«សុខភាពតែមួយ» នៅប្រទេសបារាំង។ ពួកគាត់ថា ការជួបជុំនេះធ្វើឡើង ដើម្បីស្នើឱ្យលោក ហ៊ុន ម៉ាណែត ប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ពាក់ព័ន្ធការឈ្លានពានទឹកដីកម្ពុជា និងទាមទារឱ្យដោះលែង អ្នកទោសមនសិការ ទាំងអស់ឱ្យមានសេរីភាព រួមនឹងជំរុញឱ្យលោក ហ៊ុន ម៉ាណែត គោរពនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបង្រួបបង្រួមជាតិឡើងវិញ។
ខណៈដែលទឹកដី ជាច្រើនទីតាំងត្រូវបានយោធាថៃ ឈ្លានពានយក ដោយការបង្កសង្គ្រាម និង ការរាយលួសបន្លា ចូលដីខ្មែរ ស្ទើរតែរាល់ថ្ងៃ ពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក ចង់ឱ្យរដ្ឋាភិបាលដឹកនាំដោយគ្រួសារ«ហ៊ុន» ប្ដឹងថៃទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទាមទារយកទឹកដីដែលបាត់បង់ទាំងនោះមកវិញ។
ពលរដ្ឋខ្មែរនៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង លោកស្រី សារ៉ាំ យ៊ូ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ ខែមេសាថា លោកស្រី និងពលរដ្ឋខ្មែរជាង ១០នាក់ផ្សេងទៀត គ្រោងនឹងប្រមូលម្ដុំគ្នាលើកបដាតវ៉ានៅថ្ងៃទី៧ ខែមេសា ក្នុងថ្ងៃនៃកិច្ចប្រជុំកំពូលស្ដីពី«សុខភាពតែមួយ» នៅទីក្រុងលីយ៉ុង ព្រោះកិច្ចប្រជុំនេះ មានវត្តមានមេដឹកនាំជាច្រើន នៅលើពិភពលោកមកចូលរួម ហើយមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
លោកស្រីថា ការជួបជុំតវ៉ានេះគឺលក្ខណៈទ្រង់ទ្រាយតូច ក្នុងគោលដៅជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាព និងស្ដារប្រព័ន្ធប្រជាធិបតេយ្យ ដើម្បីផ្សះផ្សាជាតិឡើងវិញ។ មួយទៀត គឺទាមទារឱ្យលោក ហ៊ុន ម៉ាណែត យកឯកសារពាក់ព័ន្ធផែនទី ព្រំដែនកម្ពុជា-ថៃ ពីប្រទេសបារាំង ទុកជាភស្តុតាងសម្រាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទាមទារទឹកដីខ្មែរទាំងអស់យកមកវិញ។ ចុងក្រោយ លោកស្រីទាមទារឱ្យលោក ហ៊ុន ម៉ាណែត គោរពនូវ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយផ្ដោត លើការបង្រួបសង្រួមជាតិ ការផ្សះផ្សាជាតិ គោរពសិទ្ធិមនុស្ស លុបបំបាត់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងរៀបចំប្រព័ន្ធ បោះឆ្នោតដោយសេរី និង យុត្តិធម៌ ត្រឹមត្រូវឡើងវិញ។
លោកស្រី សារ៉ាំ យ៊ូ៖ «មិនមែនធម្មតាទេ ព្រោះសព្វថ្ងៃនេះយើងកំពុងតែត្រូវបានបរទេសឈ្លានពានយើង ដូច្នេះហើយ អ្វីៗដែលគេបានគ្រប់គ្រងហើយ យើងមិនត្រូវស្ងាត់ទេ។ កាលណាបើស្ងាត់គឺយើងនឹងត្រូវបាត់បង់ហើយ។ ដូច្នេះហើយ ក្នុងនាមរដ្ឋាភិបាល ក្នុងនាមមេដឹកនាំប្រទេសជាតិទាំងមូលគឺ ត្រូវគិតពីប្រយោជន៍ជាតិយើង។ យើងមានបូរណភាព ព្រំដែនទឹក គោក ត្រូវតែការពារឯករាជ្យ មិនត្រូវឱ្យនរណាគេមកឈ្លានពានបានឡើយ»។
ការគ្រោងតវ៉ានេះធ្វើឡើង ស្របពេលលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពី «សុខភាពតែមួយ» ឬហៅជាភាសាអង់គ្លេសថា One Hearth Summit ដែលនឹងធ្វើឡើងនៅទីថ្ងៃទី០៧ខែមេសា នៅទីក្រុងលីយ៉ុង។ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ ខែមេសា បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា ការដែលលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចទៅកាន់ប្រទេសបារាំង គឺធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON)។
ដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត គ្រោងនឹងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតី បារាំង អំពីការពង្រឹង និងពង្រីក នូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បារាំងក្នុងគោលបំណង លើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ក្រសួងបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី៩នេះ គឺជាកិច្ចប្រជុំកំពូលស្ដីពី ភពផែនដីតែមួយ ក្នុងនាមប្រទេសបារាំង ជាប្រធានប្ដូរវេននៃ ក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ ក្នុង កិច្ចប្រជុំនេះ ជាវេទិកា សម្រាប់ ជួបជុំប្រមុខរដ្ឋ រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាពីបញ្ហាពាក់ព័ន្ធ នឹងសុខភាព មនុស្ស សត្វ និង ប្រព័ន្ធអេកូឡូស៊ី។
បើទោះបីជាកិច្ចប្រជុំនេះ ពុំពាក់ព័ន្ធ បូរណភាពទឹកដី និងសិទ្ធិ មនុស្សនៅកម្ពុជាក្ដី លោកស្រី សារ៉ាំ យ៊ូ យល់ឃើញថា ជារឿងដែលពលរដ្ឋខ្មែរ នៅបារាំង ត្រូវក្រោកឈរទាមទារឱ្យលោក ហ៊ុន ម៉ាណែត គិតគូរពីបញ្ហាបូរណភាពទឹកដី ដែលត្រូវបានយោធាថៃ ឈ្លានពានយក។ លោកស្រីព្រួយបារម្ភជាខ្លាំង ដែលជាច្រើនខែមកនេះ លោក ហ៊ុន ម៉ាណែត ហាក់ពុំអើពើ ក្នុងការទាមទារទឹកដី ពីថៃ តាមរយៈការប្ដឹង ទៅកាន់តុលាការអន្តរជាតិ។ ទន្ទឹមគ្នានោះ លោកស្រីស្នើឱ្យរដ្ឋាភិបាល គួរតែលុបបំបាត់របៀបដឹកនាំយកខ្មែរគ្នាឯង ជាសត្រូវ តាមលំនាំចាស់របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិកាន់តែដុនដាបគ្រប់វិស័យ។
លោកស្រី សារ៉ាំ យ៊ូ៖ «ខ្មែរគ្មានទេសន្តិសុខ សន្តិភាពយូរអង្វែងគឺនឹងមានបញ្ហារហូត។ គ្មានទេសន្តិភាព គ្មានទេយុត្តិធម៌សម្រាប់ពលរដ្ឋ។ បើគាត់នៅតែចាប់ពលរដ្ឋដែលបញ្ចេញមតិជាស្ថាបនាដាក់គុក ចោទថាញុះញង់ គឺប្រទេសជាតិអត់អាចមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដបាននោះឡើយ។ ត្រូវតែប្ដូរផ្នត់គំនិតក្នុងនាមជាមេដឹកនាំល្អ។ បើនៅតែដឹកនាំតាមលំនាំឪពុករបស់គាត់ ប្រទេសជាតិមិនអាចរីកចម្រើន ទៅរួចឡើយ»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកដឹកនាំរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតប ជុំវិញរឿងនេះ បានទេនៅថ្ងៃទី៦ ខែមេសា។ យ៉ាងណា គេសង្កេតឃើញថា ក្រសួងការបរទេសកម្ពុជា បានចេញលិខិតថ្កោលទោសជាបន្តបន្ទាប់ប្រឆាំងនឹងអំពើឈ្លានពាន និងការសាងសង់សំណង់ រឹងជាច្រើន របស់យោធាថៃ នៅលើដីខ្មែរ។ ទន្ទឹមគ្នានោះ ភាគីថៃក៏កំពុងតែ បន្តពង្រីកការ ចូលកាន់កាប់ទឹកដីខ្មែរជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី០៤ ខែមេសា យោធាថៃបានឈូសឆាយដីព្រៃ ក្បែរប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគិរីស្វារៈ និងរាយលួសបន្លាចូលដីខ្មែរជាង ១០០ម៉ែត្រក្នុងតំបន់បុស្សស្បូវ-ជាំតែ ខេត្តព្រះវិហារ ជាដើម។
បើទោះបីជាភាគីថៃបន្តគឃ្លើនឈ្លានពានទឹកដីខ្មែរមិនចេះឈប់ឈរ និងប្រមាថមើលងាយទាហានខ្មែររាប់សិបដង ក្ដី ភាគីកម្ពុជាបានត្រឹមតែចេញលិខិតថ្កោលទោស តវ៉ាភាគីថៃលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ុណ្ណោះ។ អ្នកឃ្លាំមើល និងពលរដ្ឋ រិះគន់ថា បើទោះបីជា កម្ពុជាចេញលិខិតថ្កោល ១ពាន់ ឬ១ម៉ឺនដងទៀត ក៏កម្ពុជាមិនអាចទាមទារទឹកដីទាំងនោះ បានមកវិញដែរ ដរាបណា កម្ពុជាមិនប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឱ្យបានឆាប់ទេនោះ។
ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការប្រមូលម្ដុំតវ៉ារបស់ពលរដ្ឋខ្មែរនៅប្រទេសបារាំងនេះ ជារឿងល្អ ដើម្បីជំរុញឱ្យរដ្ឋាភិបាលត្រូវប្ដឹងថៃទៅកាន់តុលាការអន្តរជាតិឱ្យបានឆាប់។ លោកថា បច្ចុប្បន្ននេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការតវ៉ា លើឆាកអន្តរជាតិ តាមរយៈកំណត់ទូត និងការប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJនោះឡើយ ព្រោះកម្ពុជា គ្មានសមត្ថភាពទាមទារទឹកដីដែលបាត់បង់ទាំងនោះតាមរយៈកម្លាំងយោធា តទល់ជាមួយថៃ និងលិខិតថ្កោលទោស នោះឡើយ។ លោកថា លោក ហ៊ុន ម៉ាណែត គួរតែគិតពីផលប្រយោជន៍ជាតិជាធំ ហើយស្ដាប់មតិពលរដ្ឋ។
លោក ម៉ែន ណាត៖ «ដូចសព្វថ្ងៃនេះការតវ៉ារឿងថៃឈ្លានពាន គឺជាការតវ៉ាងាប់ក្រឡា អត់មានការវិវដ្ដអ្វីនោះទេ ហើយថៃ ក៏មិនស្ដាប់ដែរ។ អ៊ីចឹងកម្ពុជាត្រូវតែមានជម្រើសច្រើនទៀត ដូចជាជម្រើសប្ដឹងថៃ ទៅកាន់តែ តុលាការអន្តរជាតិ ជម្រើសការការពារខ្លួន ជម្រើសតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជម្រើសតាម យន្តការអន្តរជាតិដទៃទៀត ដើម្បីដាក់សម្ពាធថៃ ឱ្យដកកងទ័ពចេញពីទឹកដី កម្ពុជា និងទាមទារយុត្តិធម៌ពីថៃត្រឡប់មកវិញ ទល់តែអ៊ីចឹងបានអាចបាន។ បើធ្វើដូចសព្វថ្ងៃ យើងមិនសង្ឃឹមថាថៃនឹងប្រគល់ទឹកដីមកឱ្យកម្ពុជាវិញ ដោយស្រួលៗនោះទេ»។
ក្នុងសង្គ្រាមវាយប្រហារឈ្លានពានរបស់យោធាថៃចំនួន២លើកមកលើកម្ពុជា យោធាថៃបានវាយរុលចូលកាន់កាប់ទឹកដីខ្មែរតាមព្រំដែនជាង៥០ទីតាំង និង បំផ្លិចបំផ្លាញ ផ្ទះសម្បែងអ្នកភូមិអស់រាប់ពាន់ខ្នង ហើយ រារាំង ពលរដ្ឋខ្មែររាប់ម៉ឺននាក់ មិនឱ្យចូលទៅរស់នៅក្នុងលំនៅឋានវិញបាន។ ករណីនេះពលរដ្ឋ និងអ្នកវិភាគថា កម្ពុជាត្រូវតែប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ទើបអាចរារាំងមហិច្ឆតាឈ្លានពានរបស់ថៃបន្តទៀត៕









