

អ្នកឃ្លាំមើលសង្គមកម្ពុជា រំពឹងថា រដ្ឋាភិបាលកម្ពុជា នឹងចាប់ខ្លួនមេខ្លោងធំៗទាំងអស់ដែលពាក់ព័ន្ធបទល្មើសឆបោកអនឡាញយកមកអនុវត្តច្បាប់ ដើម្បីបង្ហាញថា កម្ពុជាពិតជាមានឆន្ទៈមោះមុតនៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាមួយភាគីចិន។ ការលើកឡើងនេះ គឺនៅមុនពេលជំនួបប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលគ្រោងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ដោយក្នុងនោះ ភាគីទាំងពីរក៏គ្រោងពិភាក្សាពីការបង្ក្រាបបទលើ្មសឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ មេសាថា នៅក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនដែលនឹងមកកម្ពុជានៅក្នុងពេលខាងមុខនេះលោករំពឹងថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នឹងចាត់វិធានការទៅលើអ្នកជំនួញមានឥទ្ធិពលមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ ជួញដូរមនុស្ស និងការលាងលុយកខ្វក់ ដូចជាលោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាឧកញ៉ាដ៏មានឥទ្ធិពល ដែលអាជ្ញាធរថៃបានចេញដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ដែលបានមកពីបណ្តាញឆបោកអនឡាញ និងលោក កុក អាន ដែលអាជ្ញាធរថៃចេញដីកាចាប់ខ្លួន ដោយចោទប្រកាន់ថា ជាមេខ្លោងនៅពីក្រោយមជ្ឈមណ្ឌលឆបោក ដែលស្ថិតក្នុងអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែត និង ហ៊ុន តូ ដែលជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពាក់ព័ន្ធនឹងការលាងលុយកខ្វក់តាមរយៈបណ្ដាញ Huione Group ដែលជាបណ្ដាញហិរញ្ញវត្ថុសម្រាប់ក្រុមជនល្មើសឆបោកអនឡាញជាដើម។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ទៅលើទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតែរងការរិះគន់ថា ជាចំណាត់ការបង្ក្រាបធ្វើឡើងតែមួយខ្យល់ និងមិនផ្ដល់ផលវិជ្ជមានសម្រាប់ស្ដារមុខមាត់ប្រទេសជាតិនោះឡើយ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានចាប់មេខ្លោងធំៗដែលពាក់ព័ន្ធបទល្មើសឆបោកអនឡាញយកមកអនុវត្តច្បាប់នោះទេ។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងបើសិនជាកិច្ចសហប្រតិបត្តិការហ្នឹងធ្វើឲ្យមានប្រសិទ្ធភាពក្នុងពេលបន្ទាប់ពីមានជំនួបនឹងយើងជឿជាក់ថា វាជាកិច្ចសហការមួយដ៏ខ្លាំងក្លា ដ៏ម៉ឺងម៉ាត់និងពិតប្រាកដមែន ប៉ុន្តែបើគ្រាន់តែការជួបហើយ បញ្ហាបោកប្រាស់អនឡាញហ្នឹងវានៅតែបន្តកើតមាននៅកម្ពុជា ហើយមេខ្លោងសំខាន់ៗជាប់ពាក់ព័ន្ធហ្នឹងមិនត្រូវបានចាត់វិធានការ អ៊ីចឹងយើងចាត់ទុកថាជំនួបហ្នឹង គ្មានតម្លៃអីឲ្យយើងជឿជាក់បានទេ»។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែមេសាថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នៅថ្ងៃទី២២ ខែមេសា នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា កម្ពុជា និងចិនបានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពិន នៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសអះអាងថា យន្តការថ្មីនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។
ក្រៅពីជំនួបទ្វេភាគីនេះ រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិនក៏គ្រោងមានជំនួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំខាងលើនឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យសន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
យ៉ាងណាក៏ដោយ នៅមុនដំណើរទស្សនកិច្ចនេះ ប្រទេសចិនកុម្មុយនិស្តបានផ្ដល់ជំនួយនាវាចម្បាំងខ្នាតមធ្យម ចំនួន៣គ្រឿង ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ នាវាចម្បាំងចិន ខ្នាតមធ្យម ប្រភេទ (056C) និងប្រភេទ (056) ៣គ្រឿង កំពុងមានវត្តមាននៅ កំពង់ផែកងទ័ពជើងទឹករាម។ នាវាចម្បាំងខ្នាតមធ្យមនេះ មានប្រព័ន្ធការពារអាកាស អេចអេចឃ្យួ-១០ (HHQ-10) សម្រាប់ការពារពីមីស៊ីល យន្តហោះចម្បាំង និងមានបំពាក់អាវុធកាំភ្លើងធំ ប្រព័ន្ធប្រឆាំងនាវាមុជទឹក និងមីស៊ីលប្រឆាំងនាវាវាយប្រហារសត្រូវក្នុងចម្ងាយឆ្ងាយ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ ខែមេសា ថា មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជាលើកនេះគឺទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយ និង លុយឧក្រិដ្ឋជនអនឡាញរាប់សិបលានដុល្លារ។ និងចិនចង់មកស្ទាបស្ទង់ជំហររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាក់ទងទៅនឹងជម្លោះសមុទ្រចិនខាងត្បូង ថាតើកម្ពុជាត្រៀមខ្លួនជួយចិនបែបណាប្រសិនបើមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងកើតឡើង។
លោក គឹម សុខ៖ «ទី១ថាតើលុយរាប់រយពានលានដុល្លារនៃបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញរបស់ជនជាតិចិននៅកម្ពុជានោះទៅទីណាខ្លះ ហើយទី២ ភាគីចិនអាចរកការបញ្ជាក់ត្រៀមខ្លួនរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា តើជួយចិនកម្រិតណាប្រសិនបើមានជម្លោះប្រដាប់អាវុធនៅសមុទ្រចិនខាងត្បូង»។
កាលពីដើមខែមីនា លោក ហ៊ុន ម៉ាណែត បានប្រកាសថា នឹងលុបបំបាត់ទាំងស្រុងទីតាំងឆបោកអនឡាញនៅត្រឹមខែមេសានេះ ក្រោយពីរដ្ឋាភិបាលបើកយុទ្ធនាការទ្រង់ទ្រាយធំ ឆ្មក់ចូលបង្ក្រាបទីតាំងឆបោកបានប្រហែល ២.៥០០កន្លែង។ ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ក៏ធ្លាប់អះអាងកាលពីខែកុម្ភៈថា មានជនបរទេសរាប់ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា និងប្រហែលជាង ២សែននាក់ទៀត បានចាកចេញពីកម្ពុជាដោយខ្លួនឯង ដោយសារការបង្ក្រាបលើទីតាំងឆបោកអនឡាញ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត នឹងមិនទទួលបានជោគជ័យឡើយ ពីព្រោះឧកញ៉ានិងថ្នាក់ដឹកនាំសំខាន់ៗ ពាក់ព័ន្ធមុខជំនួញកខ្វក់នេះ មិនត្រូវបានស៊ើបអង្កេតតាមច្បាប់នៅឡើយ។
ទាក់ទងទៅនឹងបទល្មើសឆបោកអនឡាញនេះ កន្លងមក អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ (UN) ផង បានអំពាវនាវជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ចាត់វិធានការតឹងរ៉ឹង និងមានប្រសិទ្ធភាពដោយបង្ក្រាប ឱ្យចំមេខ្លោងធំៗពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដោយសារតែឧក្រិដ្ឋកម្មនេះបានផ្សារភ្ជាប់នឹងបទល្មើសអំពើជួញដូរមនុស្ស ការបង្ខំឱ្យជនរងគ្រោះធ្វើការខុសច្បាប់ និងបង្កការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕









